សមាជិក​បក្ស​បក្ស​ប្រឆាំង រិះគន់​មេ​ប៉ូលិស លោក ឆាយ គឹមខឿន រឿង​ថ្លែង​សារ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព

សមាជិក​បក្ស​បក្ស​ប្រឆាំង​ លោក​ គង់ ​ម៉ាស់​ រិះគន់​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ​ឆាយ ​គឹមខឿន ដែល​​បញ្ចេញ​សារ​បែប​លើក​ទឹក​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព របស់​ប្រជាពលរដ្ឋ ​ជាពិសេស​សកម្មជន​គណបក្ស​ប្រឆាំង។ ប្រតិកម្ម​នេះ គឺ​បន្ទាប់​ពី​មេ​ប៉ូលិស​ផ្កាយ៣ រូប​នេះ បដិសេធ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​តាម​ឃ្លាំមើល​សកម្មភាព​របស់​លោក គង់ ម៉ាស់ ​នោះ​ទេ តែ​គឺ​ជា​ការ​ចុះ​ល្បាត​​ការពារ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​តាម​ភូមិ-ឃុំ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​ថា ​សកម្មជន​នយោបាយ​រូប​នេះ ​ព្រួយ​បារម្ភ​ជ្រុល​ហួស​ហេតុ ​និង​ប្រៀប​បី​ដូចជា​គោ​មាន​ដំបៅ​ខ្នង។

សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ​លោក​ គង់ ​ម៉ាស់ ​ប្រាប់​អាស៊ីសេរី​ថា លោក​សោក​ស្ដាយ​ដែល​នគរបាល​ជាតិ​ជាន់​ខ្ពស់ ​លោក ​ឆាយ​ គឹមខឿន ​មិនបាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ក្រោម​បង្គាប់​ឱ្យ​​បញ្ឈប់​ការ​តាម​ឃ្លាំ​មើល​គ្រប់​សកម្មភាព​របស់​លោក​ និង​ពលរដ្ឋ​ផ្សេង​ទៀត​នោះ​ទេ​ តែ​បែរ​កាន់​ជើង​មន្ត្រី​របស់​ខ្លួន ​ហើយ​បន្ត​ចោទ​ប្រកាន់​លោក​ទាំង​បំពាន​ថា ​ជា​មនុស្ស​មាន​កំហុស​​ឬ​ដូច​គោ​មាន​ដំបៅ​ខ្នង​ទៅវិញ។ អតីត​អ្នក​ទោស​នយោបាយ​រូប​នេះ​ ចាត់ទុកថា ​ការ​លើក​ឡើង​របស់ លោក ​ឆាយ​ គឹមខឿន ​នេះ​ គឺជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ការពារ​ភូមិ ​និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ​កាន់តែ​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជួបជុំ ​និង​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ​ និង​អន្តរជាតិ៖ «រដ្ឋបាល​របស់​លោក​ គឺ​ការពារ​តែ​ក្នុង​វត្ត​ទីអារាម​ កន្លែង​បុណ្យទាន មិនមែន​ចូល​មក​ក្នុង​ផ្ទះ​គេ​គ្រប់​តែ​រឿង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ផ្ទះ​គេ​ទេ តែ​ក្រុម​នោះ​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​នោះ គឺ​គាត់​មក​ចូល​សួរ​នាំ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​ផ្ទះ​រហូត​ទៅ​គំរាម​អ្នកផ្ទះ​ទៀត ។ដូច្នេះ​សូម​ឲ្យ​អ្វី​ដែល​ពលរដ្ឋ​ព្រួយ​បារម្ភ​នោះ​ លោក ( ឆាយ គឹមខឿន ) ​ ជួយ​មើល​ទៅ​លោក​តាមដាន​ទៅ ​មិនមែន​មក​ការពារ​ណា​ដល់​ក្នុង​ផ្ទះ​គេ​ទេ​ ហើយ​ផ្ទះ​គេ​ដែល​មាន​បញ្ហា​មក​ពី​ណា។នៅ ពេល​ពលរដ្ឋ​មាន​បញ្ហា​មែនទែន​ មានទុក្ខ​លំបាក​មែនទែន ​បែរជា​អត់​ឃើញ​មុខមន្ត្រី​ណា​ ឬ​កង​កម្លាំង ណា​សកម្ម​សោះ »

កាល​ពី​សប្ដាហ៍​មុន ​លោក​ គង់ ​ម៉ាស់​ បាន​អះអាង​ថា ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយរៀង​ តែងតែ​ជិះ​ម៉ូតូ​តាមដាន​ និង​ថតរូប​លោក ​នៅ​ពេល​លោក ​ជួបជុំ​បងប្អូន​ មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​ជាដើម។ លោក​ចោទ​ប្រកាន់​ថា សូម្បី​តែ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ​លោក​ទៅ​លេង​ផ្ទះ​ឪពុក​ម្ដាយ​ក្មេក និង​ឪពុក​ម្ដាយ​បង្កើត ក៏​មាន​ប្រជា​ការពារ​ភូមិ​ និង​ប៉ូលិស​ប៉ុស្តិ៍ ​តាម​ឃ្លាំមើល​លោក​ដែរ ​និង​ថែម​ទាំង​គំរាម​កំហែង ​ម្ដាយ​ក្មេក​របស់​លោក​ មិន​ឲ្យ​ទទួល​លោក​ស្នាក់នៅ​ក្នុង​ផ្ទះ​ទៀត​ផង។

ក្រោយ​ការ​លើកឡើង​បែបនេះ​ អគ្គស្នងការ​រង ​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក ឆាយ ​គឹមខឿន ​បាន​បក​ស្រាយ​ប្រាប់​ប្រព័ន្ធឃោសនា​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ​គ្រាន់ តែ​ចុះ​ល្បាត​ដើម្បី​ការពារ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​តាម​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ ​មិន​បាន​ចុះ​តាមដាន ​ឬ​រឹតត្បិត​សេរីភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ។ លោក​ថែម​ទាំង​ចោទ​ប្រកាន់​បែប​​ប្រៀបធៀប​ថា ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន ​មិន​ខុស​ពី​គោ​មាន​ដំបៅ​ខ្នង​ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ​នោះ​ទេ​ ព្រោះ​បើ​ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ មិន​គួរ​មានការ​ព្រួយ​បារម្ភ​អំពី​ការ​ចុះ​តាម​ដាន​នោះ​ទេ ​គួរ​តែ​មាន​ភាព​កក់​ក្ដៅ​ទៅ​វិញ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (ADHOC) លោក ​ស៊ឹង ​សែនករុណា ​មាន​ប្រសាសន៍​ថា មិនមែន​តែ​លោក ​គង់ ​ម៉ាស់ ​នោះ​ទេ ​ពោល​គឺ​សកម្មជន​ផ្សេង​ទៀត ​ក៏បាន​រាយការណ៍​ប្រាប់​សមាគម អាដហុក ​អំពី​ករណី​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ចំពោះ​សកម្មភាព​ជួបជុំ​ញាតិមិត្ត​របស់​ពួកគេ​ដែរ។ លោក​យល់​ថា ​ទង្វើ​របស់​អាជ្ញាធរ​ គឺ​មាន​គោលដៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​ច្រើន​ ជាង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពួក​គាត់។​ លោក​ ស៊ឹង ​សែនកុរណា ​ឲ្យ​ដឹង​ដែរ​ថា​ សូម្បីតែ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃ្លាំមើល ​ថតរូប​និង​ថត​បញ្ជី​ព័ត៌មាន​ នៅ​ពេល​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​ច្បាប់​ជូន​ប្រជា​ពលរដ្ឋ​ម្តងៗ៖ «ថ្នាក់​ជាតិ​ គួរតែ​ពិនិត្យមើល​ទៅលើ​កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន​ហើយ​ធ្វើ ការស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​សមត្ថកិច្ច​របស់​ខ្លួន​ប្រាកដ​ថា​ទៅ​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ​ឬ​ក៏​ទៅ​គំរាម​កំហែង​ឬ​ក៏​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ដើម្បីកុំឲ្យ​មានការ​ចេះ​តែ​មាន​ការ​លើក​ឡើង​ដោយ​មិន​មាន​អំណះអំណាង​ច្បាស់លាស់ ​និង​ចេះ​តែ​ ធ្វើការ​ការពារ​ទៅ​លើ​សកម្មភាព​ដែល​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ គឺ​ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​ធ្វើអំពើ​ខុសច្បាប់​ទៅ​វិញ​ទេ​ ហើយ​អ្វី​ដែល​ធ្វើ​បែប​នេះ​​​ ក៏​កាន់​តែ​បង្ហាញ​ឲ្យ​ច្បាស់​ថា ​ប្រទេស​កម្ពុជា​យើង ​គឺ​សេរីភាព​វា​កាន់​តែ​រួម​តូច​មែន​ទែន »

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ ព្រួយ​បារម្ភ​ថា ​នៅ​ពេល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី​ ប្រកាស​វិល​ចូល​ស្រុក​ជា​ថ្មី​ម្តង​ទៀត​នេះ ​គឺ​អាជ្ញាធរ​រដ្ឋាភិបាល​ នឹង​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង ​កាន់តែ​ធ្ងន់ធ្ងរ​ដូច​កាលពី​លើក​មុន​ដែរ។

ទោះ​យ៉ាង​ណា ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក​ គង់ ​ម៉ាស់ ​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ទង្វើ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក​តទៅទៀត ​ព្រោះ​លោក​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ដោយ​អយុត្តិធម៌​រយៈពេល​១៨ ខែ​ និង ១៥ថ្ងៃ​រួច​មក​ហើយ​ ដូច្នេះ​លោក​ត្រូវការ​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ​ដើម្បី​ជួបជុំ​មិត្ត​ភក្តិ​សាច់ញាតិ​បងប្អូន ​និង​បញ្ចេញ​មតិ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ស្រប​ទៅ​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។