ប្រពន្ធ​សកម្មជន​បក្ស​សង្គ្រោះជាតិ ៧​នាក់​ចូល​ជួប​មន្ត្រី​ទូត​សហភាព​អឺរ៉ុប​តាម​ការ​អញ្ជើញ

0:00 / 0:00

តំណាង​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ ចូល​ជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ តាម​ការ​អញ្ជើញ​របស់​ស្ថានទូត នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា បន្ទាប់ពី​ពួកគាត់ បាន​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះលែង​អ្នក​ជាប់ឃុំ ដោយ​មូលហេតុ​នយោបាយ​ទាំងនោះ។ នៅ​ក្នុង​ជំនួប​នោះ​មន្ត្រី​ស្ថានទូត​បាន​ផ្ដល់​ចម្លើយ​ថា ស្ថានទូត​នឹង​ជួយ​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​ស្ត្រី​ទាំងនោះ។

ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ឃឹម ភាណា គឺ​លោកស្រី សុខ បូលីម៉ា ថ្លែង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បាន​ប្រាប់​ពួក​លោក​ស្រី​ថា សហភាព​អឺរ៉ុប​នឹង​សម្រេច​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ សីហា ដោយសារតែ​រដ្ឋាភិបាល​បាន​អនុវត្ត​ផ្គើន​នឹង​សហភាព​អឺរ៉ុប ជាពិសេស​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ៖ «គាត់​ថា គោលការណ៍​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន នៅ​ដដែល ចាប់​ដាក់គុក​វាយដំ​ដដែល​អត់​មាន​កែ​អត្តចរិត​របស់​គាត់​ទេ ដល់​អីចឹង​សហភាព​អឺរ៉ុប​គេ​ធ្វើតាម​ច្បាប់​របស់​គេ។ ពួក​ខ្ញុំ​នៅតែ​តវ៉ា​លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​នយោបាយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ពេញលេញ​បំពេញការងារ​របស់​ខ្លួន»។

លោក​ស្ត្រី​បន្ថែម​ថា ក្រៅ​ពី​នេះ​ពួក​លោក​ស្រី​ក៏បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​ជួយ​អន្តរាគមន៍​ដោះលែង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​លោក រ៉ុង ឈុន និង​អ្នក​ទោស​នយោបាយ​ព្រមទាំង​សកម្មជន​សង្គម​ជាង ២០​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ឱ្យ​មាន​សេរីភាព​និង​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ មន្ត្រី​ស្ថានទូត បាន​សន្យា​ថា នឹង​បន្ត​តាម​ឃ្លាំមើល​រឿង​នេះ​បន្ថែម​ទៀត។

ការ​ចូល​ជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​នេះ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​សន្តិសុខ​ប្រមាណ ២០​នាក់​អុកឡុក​រំខាន​ដល់​ក្រុម​យុវជន​ដែល​ទៅ​ផ្ដល់​កម្លាំងចិត្ត​ដល់​ក្រុម​ស្ត្រី​ទាំងនោះ នៅ​ម្ខាង​ផ្លូវ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប​ផង​ដែរ​។​ក្រុម​កង​សន្តិសុខ​ទាំងនោះ បាន​គំរាម​ឲ្យ​យុវជន​ឈប់​ឡាយ​វីដេអូ​ផ្ទាល់ និង​បណ្ដេញ​ពួកគេ​ឲ្យ​ចាកចេញ​ពីមុខ​ស្ថានទូត។ ទោះ​យ៉ាងណា ក្រុម​យុវជន ប្រកែក​ដាច់ អហង្ការ​ថា ពួកគេ​មិន​អាច​ចាក​ចេញពី​ទីនោះ​ឡើយ ព្រោះ​ពួកគេ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់ ហើយ​ពួកគេ​សុខចិត្ត​ឲ្យ​អាជ្ញាធរ​ចាប់​ទៅ​ដាក់គុក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​គណបក្ស​របស់​លោក​មិន​ខ្វល់​ចំពោះ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០% របស់​សហភាព​អឺរ៉ុប​នោះ​ទេ​។​លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​សកម្មជន​គណបក្សប្រឆាំង​ដាក់​ពន្ធនាគារ ដោយសារតែ​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព វឹកវរ​នៅ​ក្នុង​សង្គម៖ «បញ្ហា​សំខាន់​ត្រូវ​ណែ​នាំ​ឱ្យ​ប្រពន្ធ​ហ្នឹង​ណែនាំ​ប្ដី​កុំ​ឱ្យ​ធ្វើ​ខុសច្បាប់ ហើយ​បើ​ថា​ប្ដី​និង​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​ធ្វើ​ខុសច្បាប់​វា​ជា​រឿង​របស់​គាត់​ទេ មិនមែន​ជា​កំហុស​របស់​រដ្ឋាភិបាល​ទេ បើ​គាត់​ធ្វើ​ត្រូវ​ច្បាប់​រួចខ្លួន បើ​គាត់​មិន​ត្រូវ​ច្បាប់​ទេ គេ​ចាប់​រឿង​តែ​ប៉ុណ្ណឹង»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នេះ​ប្រធាន​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់។ លោក​បន្ថែម​ថា ប្រសិន​រដ្ឋាភិបាល​នៅតែ​មិន​គោរព​សិទ្ធិមនុស្ស និង​ចាប់ចង​សកម្មជន​នយោបាយ​តាម​អំពើ​ចិត្ត​ទៀត​នោះ កម្ពុជា​នឹង​ខាត​បង់​សេដ្ឋកិច្ច​កាន់តែ​ច្រើន​នៅ​ពេល​ខាង​មុខ៖ «ការ​ព្រួយ​បារម្ភ​របស់​យើង​នៅ​ក្នុង​សង្គម​របស់​យើង​បើ​សិន​ជា​មាន​បញ្ហា​តទៅ​មុខ ហើយ​មិនមែន​មានតែ​ពន្ធ​អ៊ី​ប៊ី​អេ តែមួយ​ទេវា​អាច​មាន​កត្តា​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ជាពិសេស​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​អីហ្នឹង។ យើង​ពិតជា​មាន​រង​ផល​ប៉ះពាល់​អំពី​បញ្ហា​ហ្នឹងហើយ​ពិភពលោក​កំពុងតែ​រងគ្រោះ​រឿង​ជំងឺ​កូវីដ​១៩ ផង»។

ចាប់​តាំង​ពី​ខែ​មករា មក មាន​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា និង​សកម្មជន​សង្គម​ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២១​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស។តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ខ្លះ​ទៀត​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។

ក្រុម​ស្ត្រី​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​បាន​ចាត់​ទុក​ការចោទប្រកាន់​របស់​តុលាការ​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​ដែល​គ្មាន​កំហុស។ ពួកគាត់​គ្រោង​ប្រមូល​គ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ នៅ​ថ្ងៃ​សុក្រ ទី​១៤ សីហា ហើយ​បន្ត​តវ៉ា​ទៅ​មុខ​ទៀត រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។