អ្នកឃ្លាំមើល​​សិទ្ធិមនុស្ស​ថា ការ​ចាប់​ខ្លួន​អ្នក​រិះគន់​កន្លង​មក គឺ​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ទេ

ដោយ ហេង រស្មី
2021-07-02
Share
អ្នកឃ្លាំមើល​​សិទ្ធិមនុស្ស​ថា ការ​ចាប់​ខ្លួន​អ្នក​រិះគន់​កន្លង​មក គឺ​កម្ពុជា​មិន​បាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ទេ ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​អ្នករាយការណ៍​ពិសេស ថ្មី​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក វីទិត មុនតាប៊ន ( Vitit Muntarbhorn) តាមអនឡាញ កាល​ពីថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០២១។
Photo Courtesy of MoFAIC

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ចាត់ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​អ្នក​រិះគន់​កន្លង​មក​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ គឺជា​រឿង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី២ កក្កដា ថា កម្ពុជា​កំពុង​មាន​បញ្ហា​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌ ដោយសារ​ទាំង​ស្ថាប័ន​អនុវត្ត​ច្បាប់ គឺ​ស្ថិត​នៅ​ក្រោម និន្នាការ​នយោបាយ របស់​គណបក្សកាន់អំណាច ហើយ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​យុត្តិធម៌​ទាំងអស់​នេះ ទៅលើ​សំឡេង​អ្នក​រិះគន់​គឺជា​រឿង​មួយ​ដែល​គេ​មើលឃើញ​ថា វា​មិនមែន​ជា​រឿង​អនុវត្តន៍​ច្បាប់​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​ទេ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើន​ជាង៖ «អ្វី​ទាំងអស់​នេះ​យើង​ធ្លាប់​សង្កេត​មើល​ហើយ​ថា នៅ​ពេល​ស្ថានភាព នយោបាយ​មាន​ភាព​ល្អ​ប្រសើរ​គឺ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស ទាំងអស់​ហ្នឹង​ក៏​មាន​ភាព​ល្អ​ប្រសើរ ឡើងវិញ​ដែរ ហេតុដូច្នេះ​ហើយ​បានជា​យើង​តែងតែ​លើកឡើង​ថា ការអនុវត្ត​ច្បាប់​ទៅលើ​សកម្មជន​នយោបាយ សកម្មជន​សង្គម​គឺជា​រឿង​នយោបាយ​ជាង​ការអនុវត្ត​ច្បាប់»

ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃទី​២ កក្កដា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​ក្រោយ​ពី​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន និង​អ្នករាយការណ៍​ពិសេស ថ្មី​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក វីទិត មុនតាប៊ន ( Vitit Muntarbhorn)

នៅក្នុង​ជំនួប​នោះ លោក​ប្រាក់ សុខុន បាន​បកស្រាយ​លើ​បញ្ហា​មួយចំនួន ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​កន្លង​មក​នោះ ថា​គឺ​កម្ពុជា អនុវត្ត​តាម​វិធានការ​ច្បាប់ និង​ការគ្រប់គ្រង​រដ្ឋបាល ដែល​ត្រូវ​បាន​ពង្រឹង និង​អនុវត្ត​នៅក្នុង​ព្រំដែន​ច្បាប់​។ លោក​បន្ថែម​ទៀត​ថា ការ​ចោទប្រកាន់​ទាំងនោះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​តុលាការ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ និង​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ។

លោក​ថា ជន​ជាប់ចោទ មានឱកាស​ពេញលេញ ក្នុង​ការ​ស្ដាប់ និង​បដិសេធ​រាល់​ការចោទប្រកាន់ ដែល​ជា​ផ្នែក​មួយ នៃ​ការ​ទទួល​បាន​នីតិវិធី​ត្រឹមត្រូវ។

ចំណែក ក្រុម​ស្ត្រី​គ្រួសារ​អ្នក​ជាប់ឃុំ អះអាង​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ជាច្រើន​នាក់​បាន​រារាំង​ក្រុម​សាច់ញាតិ និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មិន​ឱ្យ​ពួកគាត់​ឃ្លាំមើល​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​សកម្មជន​គណបក្សប្រឆាំង​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១ កក្កដា នេះ​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា កម្ពុជា​មាន​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន​ឆ្នាំ មក​ហើយ ៗ ដោយសារ​បញ្ហា​នេះ ហើយ​បានជា​ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប បាន​កាត់បន្ថយ​ការ​អនុគ្រោះ​ពន្ធ ២០ % ដែល​ទាមទារ​ឱ្យ​កម្ពុជា ស្ដារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ៖ «បើ​មើល​ទៅ​លើ​អ្នកជំនាញ​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក៏ដូចជា​អង្គការសហប្រជាជាតិ​គេ​មើល​ឃើញ​ថា ការ​ចាប់​នឹង​ការ​ឃុំ​ខ្លួន​នេះ​វា​បាន​រំលោភ​ទៅលើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ទាក់ទង​នឹង​សេរីភាព​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួបជុំ​ជាដើម។ អីចឹង​ហើយ​បានជា​គេ​នៅ​លើកឡើង​អំពី កង្វល់ នឹង​ការ​ចាប់​ឃុំខ្លួន​ទៅ​លើ​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ការពារ​បរិស្ថាន ក៏ដូចជា​សកម្មជន​នយោបាយ​កន្លង​មក​នោះ»

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០ មក​ដល់​ខែ​មិថុនា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​សង្គម និង​ក្រុម​យុវជន​ចំនួន​ប្រមាណ ៨០​នាក់​ហើយ​ដាក់​ពន្ធនាគារ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ ញុះញង់ និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ ដែល​ជា​បទ​ចោទ​ពេញនិយម​របស់​ព្រះរាជអាជ្ញា ហើយ​ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​មើលឃើញ​ថា ជា​ការ​ចោទប្រកាន់​តាម​ទំនើងចិត្ត​។​

សហគមន៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ផង បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​ករណី​ទាំងនេះ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ជាប់ឃុំ​ក្នុង​សំណុំរឿង​នយោបាយ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល