អ្នក​ការពារ​សិទ្ធិមនុស្ស​៥នាក់​ជាប់​ជម្រើស​ទទួល​ពានរង្វាន់​សិទ្ធិមនុស្ស​អន្តរជាតិ

ដោយ អាស៊ីសេរី
2017-10-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA/Brach Chev

អង្គការ​អន្តរជាតិ​ធំៗ​ចំនួន​១០ កំពុង​វាយតម្លៃ ក្នុង​ការ​ប្រគល់​ពានរង្វាន់​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ទៅ​អ្នកការពារ​សិទ្ធិមនុស្ស​៤នាក់ នៃ​សមាគម​អាដហុក (ADHOC) និង​មន្ត្រី​អគ្គលេខាធិការ​រង​គ..ប ម្នាក់ ដែល​ធ្លាប់​ជាប់ពន្ធនាគារ ជាង​មួយ​ឆ្នាំ ដោយ​សារ​ករណី​នយោបាយ។

អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់ ដែល​អង្គការ​អន្តរជាតិ​ធំៗ​ទាំងនោះ វាយតម្លៃ​ក្នុង​ការ​ប្រគល់​ពាន រង្វាន់ ម៉ាទីន អេណល (Martin Ennals) មាន លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា លោក នី សុខា អ្នកស្រី លឹម មុនី និង​មន្ត្រី​គ..ប គឺ លោក នី ចរិយា។

លោក យី សុខសាន្ដ ថា ពានរង្វាន់​នេះ គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ស្នើ​ទៅ​អង្គការ​អន្តរជាតិ​ដើម្បី​ប្រគល់​ពានរង្វាន់​នេះ ជូន​ពួក​លោក ដែល​ជា​អ្នកការពារ​សិទ្ធិមនុស្ស។ លោក​ចាត់​ទុក​ពានរង្វាន់​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់គុក ព្រោះតែ​ការពារ​ជនរងគ្រោះ ដោយ​អយុត្តិធម៌។ ចំពោះ លោក យី សុខសាន្ដ ពានរង្វាន់​នេះ គឺជា​មោទនភាព​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស និង​ជា​ការ​ឆ្លុះ​បង្ហាញ​ពី​ការ​ទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ដោយ​អហិង្សា ដើម្បី​សេរីភាព និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

ពានរង្វាន់ Martin Ennals នឹង​ត្រូវ​ប្រគល់​ជូន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​គ..ប គឺ​លោក នី ចរិយា នៅ​ទីក្រុង​ហ្សឺណេវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី​១០ តុលា។ ប្រទេស​ចំនួន​៣ ដែល​នឹង​ត្រូវ​គេ​ប្រគល់​ពានរង្វាន់​នេះ ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស គឺ​មាន ប្រទេស​កម្ពុជា ប្រទេស​Savader និង ប្រទេស​អេស៊ីប (Egypt)។ ក្រុម​អង្គការ​សង្គម​ស៊ីវិល មិនបាន​ទៅ​ទទួល​ដោយ​ផ្ទាល់​នោះ​ទេ គឺ​តំណាង​ដែល​មាន​កូនស្រី​របស់​លោក យី សុខសាន្ដ និង​កូនស្រី​របស់​អ្នកស្រី លឹម មុនី ទៅ​ទទួល​ជំនួស​នៅ ទីក្រុង ទីក្រុង​ហ្សឺណេវ។

អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​៤​នាក់ និង មន្ត្រី​គ..ប​ម្នាក់ ត្រូវ​បាន​ជាប់​ពន្ធនាគារ​រយៈពេល ៤២៧​ថ្ងៃ ក្រោយ​ពេល​ដែល​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល បាន​ចោទ​ប្រកាន់​ថា ក្រុម​អ្នក​ទាំង​៥ បាន​សូកប៉ាន់​សាក្សី ឈ្មោះ ខុម ចាន់តារាទី ដែល​ល្បី​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ហើយ​បច្ចុប្បន្ន លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ក្បត់ជាតិ។

លោក យី សុខសាន្ដ យល់​ថា ក្នុងនាម​លោក ជា​ពលរដ្ឋ និង​ជា​អតីត​អ្នក​ជាប់​ពន្ធនាគារ ដែល​គ្មាន​ទោស​គឺ ពាន​រង្វាន់ Martin Ennals គឺជា​មោទនភាព របស់​អ្នកការពារ​សិទ្ធិមនុស្ស។ ទន្ទឹម​នឹង​មោទនភាព នៃ​ពានរង្វាន់​នេះ លោក យី សុខសាន្ដ ថា ពាន​រង្វាន់​នេះ ក៏​បាន​រំលឹក​ដល់​ការឈឺចាប់​ក្នុង​អារម្មណ៍ ផ្លូវចិត្ត​របស់​អ្នកការពារ​សិទ្ធិមនុស្ស ដែល​រងគ្រោះ​ដោយសារ​ការពារ​សិទ្ធិមនុស្ស​ដែរ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា អ្នក​ទាំង​៤ ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ក្លាហាន និង​សក្ដិសម នឹង​ទទួល​បាន​ពានរង្វាន់ Martin Ennals នេះ​ណាស់។ ពានរង្វាន់​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​បុគ្គល និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នោះ​ទេ តែ​ក៏​ពានរង្វាន់​មោទនភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងមូល។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​បង្ហាញ​ការ​អបអរសាទរ ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង​៤ និង​មន្ត្រី​គ..ប​ម្នាក់ តាមរយៈ​ហ្វេសប៊ុក (Facebook) របស់​លោក។

អ្នកការពារ​សិទ្ធិមនុស្ស មិន​ចង់​ឃើញ​កម្ពុជា ត្រូវ​បាន​អន្តរជាតិ​ចោទ​ថា ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។ លោក យី សុខសាន្ដ ថា នៅ​ពេល​ដែល​អន្តរជាតិ​ចោទ​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស លោក​មានការ​ឈឺចាប់​នៅ​ក្នុង​ចិត្ត​ណាស់។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អ្នក​កាន់អំណាច ត្រូវ​ចេះ​ជួយ​ខ្មែរ​ដូចគ្នា ព្រោះ​ជា​ជាតិ​សាសន៍​តែមួយ។ សង្គម​ស៊ីវិល អះអាង​ថា ការងារ​ផ្នែក​សិទ្ធិមនុស្ស​ប្រៀប​ដូច​ជា កាកបាទក្រហម និង​គ្រូពេទ្យ ដែល​ជួយ​មនុស្ស​មិនបាន​ប្រកាន់​បក្សពួក ឬ​ខ្មាំងសត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

How about Sok Iisan, Phay Siphan, Hun Sen what kind of TROPHY should they get ?

Oct 10, 2017 10:41 AM

អ្នក​អាន​អនាមិក

CNRP leader of Mr Kem Sokha will take encouragement Award soon He and His party always threat them all the time by Hun Sen.

Oct 10, 2017 03:35 AM

អ្នក​អាន​អនាមិក

Mr. Kim-Sok deserves to get one.

Oct 09, 2017 03:02 PM

គេហទំព័រ​ទាំងមូល