មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក របាយការណ៍​របស់​រដ្ឋាភិបាល​ករណី​ទារិកា​ស្លាប់​ក្នុង​ពន្ធនាគារ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត

0:00 / 0:00

មន្ត្រី​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា របាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ពី​ករណី​ទារិកា​អាយុ ៥​ខែ​ស្លាប់ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ទាំងស្រុង និង​មាន​ចំណុច​សង្ស័យ​ជាច្រើន ដែល​រដ្ឋាភិបាល​មិន​បាន​ស៊ើប​​អង្កេត​និង​លាតត្រដាង​ពី​មូលហេតុ​ពិតប្រាកដ ដែល​នៅ​ពីក្រោយ ធ្វើ​ឱ្យ​ទារិកា​នេះ​ស្លាប់។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា មេធាវី​និង​រៀបចំ​នីតិវិធី ស្នើសុំ​ទៅ​តុលាការ ឱ្យ​ស្ត្រី​ជា​ម្ដាយ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឆាប់ៗ​នេះ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ពី​ករណី​ធ្វើ​ឱ្យ​កូន​គាត់​ស្លាប់​។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ស្នើ​ឱ្យ គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស៊ើបអង្កេត​ករណី​ទារិកា​អាយុ​៥​ខែ​ស្លាប់​នេះ ចំនួន​ពី​ករណី ទី​១ ត្រូវ​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​ធ្វើ​ឱ្យ​ទារិកា​នេះ បាក់ឆ្អឹង​ភ្លៅ និង​ទី​២ ត្រូវ​ស៊ើបអង្កេត​ពី​ករណី​ក្រុម​គ្រូពេទ្យ​កុមារ​ជាតិ​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល។

នាយករង​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ទារិកា​អាយុ ៥​ខែ ដែល​ស្លាប់​នោះ មិនមែន​សណ្ដក​ឆ្អឹង​១ ដូចដែល​របាយការណ៍​សិទ្ធិមនុស្ស​រដ្ឋាភិបាល​រក​ឃើញ​នោះ​ឡើយ​។ លោក​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ពីព្រោះ​ថា ខាង​ក្រុម​គ្រូពេទ្យ​ដែល​បាន​ថត​កាំ​រស្មីអ៊ិច​ឃើញ​ថា ទារិកា​នេះ បាក់​ឆ្អឹង​ភ្លៅ ហើយ​ពុំ​មាន​ការ​យកចិត្ត​ទុក​ព្យាបាល​ត្រឹមត្រូវ​៖ «របាយការណ៍​នេះ​ថា សណ្ដក​ឆ្អឹង តែ​គ្រូពេទ្យ​ថា បាក់ឆ្អឹង យើង​មិន​ចង់​ឱ្យ​ករណី​ដូច្នេះ​ទេ គឺ​ត្រូវតែ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់»។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ ចេញប្រកាស​ព័ត៌មាន​ថា ទារិកា​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ថត​ឃើញ​ថា សណ្ដក​ឆ្អឹង និង​មានការ​យកចិត្តទុកដាក់​ព្យាបាល ដោយ​គ្មាន​ការ​ធ្វើ​ប្រហែស​ម្ដងណា​ឡើយ ប៉ុន្តែ​ដោយ​អាការៈ​របស់​ទារិកា​រូប​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ទើប​មិន​អាច​ជួយ​សង្គ្រោះ​បាន ហើយ​ខាង​ពន្ធនាគារ​ពិតជា​មានការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​ទារិកា​នេះ។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ខាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​បាន​ផ្ដល់​មេធាវី​ជូន​ម្ដាយ​ទារិកា​រងគ្រោះ ដើម្បី​ដាក់ពាក្យ​ប្ដឹង​ពីរ​ណី​នេះ​។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ កុម្ភៈ មេធាវី​នឹង​រៀបចំ​ឯកសារ ដាក់ពាក្យ​ស្នើសុំ​ឱ្យ​នារី​ម្ដាយ​ទារិកា​ដែល​ស្លាប់​នេះ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជាមុន​សិន មុននឹង​បន្ត​នីតវិធី​ដាក់ពាក្យ​ប្ដឹង​នេះ​៖ «យើង​បាន​ផ្ដល់​មេធាវី​ពីររូប​ឱ្យ​ស្ត្រី​ជា​ម្ដាយ តែ​សុំ​មិន​បង្ហាញ​មេធាវី​ទេ ពួកគាត់​មិន​ឆ្លងឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​ទេ អ្នកកាសែត​អាច​ទាក់ទង​មក​អ្នកនាំពាក្យ​បាន»។

លោក អំ សំអាត មានប្រសាសន៍ថា ជា​រឿង​ល្អ​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស រដ្ឋាភិបាល ផ្ដល់​មេធាវី​ជូន​ស្ត្រី​ជា​ម្ដាយ​ដាក់ពាក្យ​ប្ដឹង​ពី​ករណី​ពន្ធនាគារ និង​ក្រុម​គ្រួសារ​ពេទ្យ ធ្វើ​ស​ប្រហែស​បណ្ដាល​ឱ្យ​ទារិកា​អាយុ​៥​ខែ ដែល​រស់នៅ​ជាមួយ​ម្ដាយ​ជាប់ឃុំ ក្នុង​មណ្ឌល​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃ​ស ស្លាប់ ទាំង​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​បែបនេះ​។ លោក អំ សំអាត រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ទារិកា​អាយុ ៥​ខែ រងរបួស​ជា​ទម្ងន់​ដោយ​ការ​បាក់​ឆ្អឹងភ្លៅ​។ បុគ្គលិក​ពេទ្យ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ បាន​ពិនិត្យ​ស្ថានភាព​ជំងឺ​របស់​នាង និង​បាន​បញ្ជូន​នាង និង​ម្ដាយ ទៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូវៀត។ បុគ្គលិក​ពេទ្យ បាន​ថត​កាំ​រស្មីអ៊ិច និង​បាន​រក​ឃើញ​ថា ទារក​នេះ បាន​បាក់​ឆ្អឹងភ្លៅ​។ ក្រោយពី​ពិនិត្យ​ឃើញ​បាក់ឆ្អឹង​ភ្លៅ មន្ទីរពេទ្យ មិត្តភាព​ខ្មែរ សូវៀត បាន​បញ្ជូន​ទារិកា​នេះ​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ប៉ុន្តែ​មន្ទីរពេទ្យ​កុមារ​ជាតិ​ធ្វេសប្រហែស ដោយ​គ្រាន់តែ​ពិនិត្យ​ម្ដង​ជា​ពីរ​ដង ដោយ​មិន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ទេ​៖ «មិន​បាន​ឱ្យ​គេង​នៅ​កុមារ​ជាតិ​ទេ គ្រាន់តែ​ឱ្យ​ថ្នាំ ពេទ្យ​ថា​គ្មាន​ថ្នាំ ក្រោយ​មក​ក្មេង​នោះ​ឈឺ គេ​ឈប់​បញ្ជូន​ទៅ​កុមារ​ជាតិ គឺ​បញ្ជូន​ទៅ​ពេទ្យ​រុស្សី​វិញ ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក្មេង​នេះ​ក៏​ស្លាប់​នៅ​ទីនោះ​ទៅ»។

ទារិកា​អាយុ ៥​ស្លាប់​នេះ ក្រៅពី​មាន​បញ្ហា​បាក់ឆ្អឹង​ភ្លៅ​នោះ អង្គការ​លីកាដូ​ក៏​រក​ឃើញ​ថា ទារិកា​រស់នៅ​ជាមួយ​ម្ដាយ ក្នុង​ពន្ធនាគារ «​ម​២» នេះ ស្លាប់​ដោយសារ​រលាកសួត និង​ខ្វះ​អាហារូបត្ថម្ភ​ផង កាល​ពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​មករា នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​រាជធានី​ភ្នំពេញ​។ អង្គការ​លីកាដូ ថា ការ​ស្លាប់​ដ៏​ខ្លោច​ផ្សារ​នេះ បង្ហាញ​ពី​តម្រូវការ​ចាំបាច់ សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ផ្ដល់​អាទិភាព សិទ្ធិ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដទៃ​ទៀត ដែល​មាន​កូន​តូច​នៅ​ជាមួយ។

ទារិកា​រងគ្រោះ​កើត​នៅ​ក្នុង​ពន្ធនាគារ “ ម​២” នៅ​ក្រោយ​ពេល​ម្ដាយ​នាង ត្រូវ​បាន​គេ​បញ្ជូន ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន​បាន​ចំនួន​៥​ខែ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩​។ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា ស្ត្រី​ពពោះ ៨​ខែ​រូប​នោះ បាន​កាន់កាប់​កញ្ចប់​ថ្នាំញៀន ប្រភេទ​មេតាហ្វេតាមីន ដែល​មាន​តម្លៃ​មួយ​ម៉ឺន​រៀល ឬ ២.៥​ដុល្លារ​អាមេរិក​។ ជាង​កន្លះ​ឆ្នាំ​មកនេះ តុលាការ​មិនទាន់​បើក​សវនាការ​ជម្រះក្ដី លើ​ស្ត្រី ជា​ម្ដាយ​ទារិកា​រងគ្រោះ​នេះ​នៅឡើយ​ទេ​។ អ្នកស្រី ក៏​មិន​ត្រូវ​បាន​ផ្ដល់​មេធាវី​ការពារ​ក្ដី​ទេ ហើយក៏​មិនបាន​ដឹង​ពី​សិទ្ធិ​ក្នុង​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ដែរ។

លោក អំ សំអាត យល់​ថា តុលាការ មិន​គួរ​ឃុំខ្លួន​មនុស្ស ដោយសារតែ​ហេតុផល​តូចតាច​ទេ​។ តុលាការ​គួរតែ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ គឺ​គ្រប់​សំណុំរឿង​ទាំងអស់ និង​ត្រូវ​ឱ្យ​ជនជាប់ចោទ យល់ដឹង​ពី​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​។ លោក អំ សំអាត បន្ថែម​ថា ការ​ឃុំខ្លួន​ស្ត្រី ដែល​មាន​កូន​នៅ​ជាមួយ​នេះ គឺជា​ការរំលោភ​សិទ្ធិ​កុមារ​ធ្ងន់ធ្ងរ ពិសេស​នៅ​ស្រប​ពេល​ពន្ធនាគារ​ឃុំខ្លួន​នេះ​ណែន​ចង្អៀត​ផង​នោះ​៖ «ពន្ធនាគារ​នេះ ចង្អៀត​ពេក​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អនីតិជន​ងាយ​រងគ្រោះ​ណាស់ ហើយ​សូម្បីតែ​បុគ្គលិក​ក៏​មិន​សមាមាត្រ​អ្នក​ជាប់ឃុំ​ដែរ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ដេក​មិន​គ្រប់​ជាដើម ពន្ធនាគារ​ចង្អៀត​នេះ គ្មាន​អនាម័យ ខ្វះ​អាហារូបត្ថម្ភ និង​អ្នកខ្លះ​មាន​ជំងឺ​ផ្លូវចិត្ត​»។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ទាមទារ​ឱ្យ​ដោះលែង​ស្ត្រី ដែល​មាន​កូន និង​មាន​គត៌ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ និង​ទោស​មិន​ឃុំខ្លួន​។ ការ​ធ្វើ​ដូច្នេះ​គឺ​ស្របតាម​វិធាន​សហប្រជាជាតិ​សម្រាប់​គ្រប់គ្រង​អ្នកទោស​ជា​ស្ត្រី និង​វិធាន​ការ​មិន​ឃុំខ្លួន សម្រាប់​ជនល្មើស​ជា​ស្ត្រី។

របាយការណ៍​របស់​អង្គការ​លីកាដូ បង្ហាញ​ថា បច្ចុប្បន្ន​មាន​កុមារ​ចំនួន ១០៣​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤៣​នាក់ កំពុង​ជាប់ឃុំ នៅ​ក្នុង​ពន្ធនាគារ​ចំនួន ១៨​កន្លែង​។ តួលេខ​នេះ​កើន​ឡើង​ស្ទើរតែ ២​ដង គិត​ចាប់​តាំងពី​ដើម​ឆ្នាំ​២០១៧ មក​។ ចំពោះ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដែល​ជា​ពន្ធនាគារ​តែមួយគត់​សាងសង់​ឡើង​សម្រាប់​ដាក់​អ្នកទោស ជា​ស្ត្រី និង​កុមារ និង​អាច​ផ្ទុក​អ្នក​ជាប់ឃុំ ជា​ផ្លូវការ​ត្រឹមតែ ៣៥០​នាក់​ប៉ុណ្ណោះ​។ ឥលូវ​នេះ មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នេះ​រហូត​ជិត​ពីរ​ពាន់ (១.៨៥០)​នាក់ ដែល​ធ្វើ​ពន្ធនាគារ​ចង្អៀត​ណែន ដែល​រំលោភ​ទៅ​លើ​សិទ្ធិ​ឃុំខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។