អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើរដ្ឋមន្រ្តី​ការបរទេសជប៉ុន​លើក​ពីបញ្ហារំលោភសិទ្ធិមនុស្ស​ពេលមក​ទស្សនកិច្ច​កម្ពុជា

អង្គការ​ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ(Human Rights Watch) ស្នើអោយ​រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ(Motegi Toshimitsu) អោយលើកឡើងពី​បញ្ហារំលោភសិទ្ធិមនុស្ស​នៅក្នុងប្រទេសមួយចំនួន ដែល​លោកនឹងបំពេញទស្សនកិច្ច​ក្នុងនោះក៏មាន​កម្ពុជាដែរ។

ក្នុងលិខិត​មួយកាលពីថ្ងៃទី២០ ខែ​សីហា​ម្សិលម៉ិញ ដែលផ្ញើទៅរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ បញ្ជាក់ថា​នៅពេល​ដែល លោក ម៉ូតេហ្គី តូស៊ីមីត្សឹ​នៅ​ក្នុងប្រទេសកម្ពុជានៅថ្ងៃទី២២ នោះ​លោកគួរតែលើកឡើងពីក្ដីបារម្ភចំពោះការយាយី ការបំភិតបំភ័យ ការធ្វើទុកបុកម្នេញ ការវាយដំរាងកាយ និង​ការចាប់ខ្លួន​តាមទំនើងចិត្ត​មេដឹកនាំ​សហជីព សកម្មជនដីធ្លី អ្នកការកាពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​អ្នកនយោបាយប្រឆាំង។

នាយកប្រចាំតំបន់អាស៊ី​នៃ​អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ប្រេដ អាដាំស៍(Brad Adams)បានលើកឡើងថា ទំនុកចិត្តទៅលើប្រទេសជប៉ុន​ពីបញ្ហា​សិទ្ធិមនុស្ស​នឹង​បង្ហាញ​អោយ​ឃើញ​នៅពេលនេះហើយ ដូច្នេះ​រដ្ឋមន្រ្តីការបរទេសជប៉ុន​គួរតែ​បានលើកឡើង​ជាសាធារណៈ​ពីបញ្ហាសិទ្ធិមនុស្ស​នៅតាមបណ្ដា​ប្រទេស ដែល​លោក​ធ្វើទស្សនកិច្ច។ លោកបន្តថា រដ្ឋមន្រ្តីការបរទេសជប៉ុន​គួរតែប្រើដំណើរនេះ​បង្ហាញ​អោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ​បានយល់ដឹងថា​ជំនួយហិរញ្ញវត្ថុ និងអភិវឌ្ឍន៍​របស់​ប្រទេសជប៉ុន​ចាំបាច់ត្រូវតែដើរទន្ទឹមជាមួយការប្តេជ្ញាចិត្ត និងសកម្មភាព​ការពារសិទ្ធិមនុស្ស។ លោកបន្តទៀតថា​ការធានាទាំងនេះ​មាន​នៅក្នុងបទដ្ឋានសិទ្ធិមនុស្ស​របស់​ប្រទេសជប៉ុន ដែលបានបង្កើត​កាលពីឆ្នាំ២០១៩។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេសជប៉ុនអោយដឹង​ថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹង​បំពេញទស្សនកិច្ចទៅ​ប្រទេស​មួយចំនួន​ចាប់​ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែ​សីហា។ ក្នុងនោះលោកនឹងទៅប្រទេស ​ប៉ាពួ ញូវហ្គីណេ(Papua New Guinea) ឡាវ(Laos) មីយ៉ាន់ម៉ា ឬភូមា(Myanmar) និង​កម្ពុជា។ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ​នឹងមកដល់​កម្ពុជា​នៅថ្ងៃទី២១ ខែសីហានេះ។ តាមគម្រោងលោកនឹងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា​នៅថ្ងៃទី២២ ស្អែកនេះ បន្ទាប់មកនឹងបញ្ចប់ទស្សនកិច្ច ដោយចាកចេញបន្តទៅប្រទេសឡាវនៅថ្ងៃទី២៣ ខែ​សីហា។ ក្នុងដំណើរទស្សនកិច្ចនេះ​រដ្ឋមន្រ្តីការបរទេសជប៉ុន​គ្រោងនឹងជជែកពី​កង្វល់ និងផលប្រយោជន៍រួម​ទៅលើ​កិច្ចសហប្រតិបត្តិការ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​សេរី និងបើកចំហ និង​បញ្ហា​ក្នុងតំបន់​ទាក់ទងនឹង​សមុទ្រចិន​ខាងត្បូង។ ចំពោះប្រទេសទាំង៣ ដែលស្ថិតក្នុង​តំបន់ទន្លេមេគង្គ លោករដ្ឋមន្រ្តី​នឹងផ្លាស់ប្ដូរ​ទស្សនៈ​ទៅលើ​កិច្ចសហប្រតិបត្តិការ​សម្រាប់បន្តការធ្វើដំណើរឆ្លងកាត់ព្រំដែន និង​វិស័យផ្សេងៗទៀត​រួមទាំងវិធានការ​ឆ្លើយតបនឹង​វិបត្តិ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។