សង្គមស៊ីវិលរិះគន់រដ្ឋាភិបាល ដែលមិនដាក់បញ្ចូលថ្ងៃ ២៣តុលា និង ១០ធ្នូ ក្នុងប្រតិទិនឈប់សម្រាក ថាមិនខ្វល់ខ្វាយពីសិទ្ធិមនុស្ស
2023.12.13

សកម្មជនសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់ព្យាយាមបំភ្លេច ពីសិទ្ធិមនុស្ស តាមរយៈការដកចេញនូវថ្ងៃរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលគិតគូរឡើងវិញ លើការដាក់ទិវាទាំងនោះជាថ្ងៃឈប់សម្រាកទូទៅ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួម និងរំឭកនូវអត្ថន័យសំខាន់ៗ ក្នុងថ្ងៃទាំងនោះ។
សកម្មជនសង្គម រិះគន់ទៅលើរដ្ឋាភិបាលថ្មី ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលនៅតែមិនដាក់បញ្ចូល ថ្ងៃ ២៣ តុលា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងថ្ងៃ ១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ចូលទៅក្នុងប្រតិទិនឈប់សម្រាកប្រចាំឆ្នាំឡើងវិញ ថា ជាការមិនខ្វល់ខ្វាយអំពីសិទ្ធិមនុស្ស និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ធ្នូ ថា ការលុបចោលថ្ងៃសម្រាកនៃការរំឭកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រៀបបានទៅនឹងការជាន់ឈ្លីច្បាប់កំពូលៗ និងកតិកាសញ្ញាសំខាន់ៗដទៃទៀត ដែលកម្ពុជាផ្ដល់សច្ចាប័ន ដើម្បីបញ្ចប់សង្គ្រាម។ លោកលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា គឺជាថ្ងៃប្រវត្តិសាស្ត្រ និងមានសារសំខាន់ជាង ថ្ងៃ ៧ មករា ដែលរដ្ឋាភិបាលយកធ្វើជាទិវា ជ័យជម្នះ លើរបបខ្មែរក្រហម។
លោក ស្រ៊ុន ស្រ៊ន៖ «អ៊ីចឹងរដ្ឋធម្មនុញ្ញខ្មែរ គឺកើតចេញពីកិច្ចព្រមព្រៀងប៉ារីស ចុះបើទុកកិច្ចព្រមព្រៀងប៉ារីស ចោល (គឺ)ស្មើនឹងរំលោភរដ្ឋធម្មនុញ្ញ ស្មើនឹងរំលោភក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណីហើយ ហើយនឹងច្បាប់សិទ្ធិមនុស្សដទៃទៀត ដែលខ្មែរចុះសច្ចាប័ន ដូចជាកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសង្គម សេដ្ឋកិច្ច វប្បធម៌ និងច្បាប់សិទ្ធិមនុស្សជាសកលដទៃទៀត ព្រោះឯកសារកិច្ចព្រមព្រៀងប៉ារីស នេះគឺបានសរសេរតម្រូវឱ្យចុះសច្ចាប័នទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងារ សម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២៤ ខាងមុខ មានចំនួន ២២ថ្ងៃ។ ក៏ប៉ុន្តែ នៅក្នុងប្រតិទិនឈប់សម្រាកនោះ រដ្ឋាភិបាល បានដកពិធីបុណ្យជាតិ និងអន្តរជាតិ សំខាន់ៗចំនួន ៥ មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក រួមមាន បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ ទិវាកុមារអន្តរជាតិ ជាពិសេសគឺទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដែលសង្គមស៊ីវិល និងប្រជាពលរដ្ឋ ចាត់ទុកថា ជាថ្ងៃសំខាន់ ដែលពួកគេតែងតែប្រារព្ធកម្មវិធីជួបជុំជារៀងរាល់ឆ្នាំ និងយកឱកាសនោះ ស្នើទៅរដ្ឋាភិបាល ឱ្យគោរពនីតិរដ្ឋ សិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ ព្រមទាំងដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ ដែលរដ្ឋាភិបាលចាប់ខ្លួនទាំងបំពាន។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ការសម្រេចមិនបញ្ចូលថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្ស ១០ ធ្នូ ទៅក្នុងពិធីបុណ្យជាតិ និងប្រតិទិននេះ មិនប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្សឡើយ។
លោក សុខ ឥសាន៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬសិទ្ធិមនុស្ស មិនមែនអនុវត្តមួយថ្ងៃ ថ្ងៃ ១០ ធ្នូ ឬថ្ងៃ ២៣ ខែតុលា នោះទេ។ រាល់ថ្ងៃនេះ រដ្ឋាភិបាលដែលដឹកនាំប្រទេស ប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយនេះ គឺផ្អែកទៅលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហ្នឹងឯង»។
ទោះជាយ៉ាងនេះក្ដី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ស្នើឱ្យរដ្ឋាភិបាលពិចារណា ដាក់បញ្ចូលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ទៅក្នុងបុណ្យជាតិ ឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋចងចាំ និងយល់ពីសារៈសំខាន់ នៃថ្ងៃប្រវត្តិសាស្ត្រ ដែលគូជម្លោះខ្មែរគ្រប់ភាគី ព្រមបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងជំរុញឱ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោក អំ សំអាត៖ «ប្រសិនបើនៅក្នុងប្រតិទិននៃថ្ងៃឈប់សម្រាក ពលរដ្ឋដែលឈប់សម្រាក គាត់ដឹងថា ថ្ងៃនេះជាថ្ងៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទិវាសិទ្ធិមនុស្ស ធ្វើឱ្យគាត់ចងចាំ។ ប៉ុន្តែ នៅពេលមិនបានដាក់នៅក្នុងថ្ងៃឈប់សម្រាក ពួកគាត់ដល់ថ្ងៃ ប៉ុន្តែអត់ដឹង មានន័យថាភ្លេចយូរៗ ទៅ អាចនឹងភ្លេចថ្ងៃទាំងពីរនេះ (រហូត)»។
កាលពីអំឡុងឆ្នាំ២០០៥ រដ្ឋាភិបាលកម្ពុជា ដែលកាលនោះ ដឹកនាំដោយលោក ហ៊ុន សែន បានសម្រេចដកថ្ងៃ២៣ តុលា ចេញពីបុណ្យជាតិម្ដងរួចមកហើយ។ លុះមកដល់ឆ្នាំ ២០១២ រដ្ឋាភិបាល បានកំណត់យកថ្ងៃ ២៣ តុលា ដាក់ជាថ្ងៃបុណ្យជាតិឱ្យមានឈប់សម្រាកឡើងវិញ ដោយមន្ត្រីរដ្ឋាភិបាល កាលនោះអះអាងថា ដើម្បីឧទ្ទិសដល់ព្រះវីរភាព របស់សម្ដេចព្រះមហាវីរក្សត្រ សម្ដេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន ដែលជាស្ថាបនិក នៃការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ ប៉ុន្តែ នៅឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចដកដកទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ជាថ្មីម្ដងទៀត រួមជាមួយនឹងទិវាសិទ្ធិមនុស្ស ១០ធ្នូ បុណ្យមាឃបូជា ទិវាជាតិនៃការចងចាំ និងទិវាកុមារអន្តរជាតិ។
សកម្មជនសង្គម ពលរដ្ឋ យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាល ដាក់ថ្ងៃសំខាន់ទាំងពីរនេះ ចូលទៅក្នុងប្រតិទិនឈប់សម្រាកឡើងវិញ ដើម្បីបង្ហាញថា រដ្ឋាភិបាលពិតជាមានឆន្ទៈគោរពគោលការណ៍សិទ្ធិមនុស្ស និងដឹកនាំប្រទេសទៅតាមបែបប្រជាធិបតេយ្យពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។