មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​មាន​ការ​បញ្ជូន​សំណុំ​រឿង​ក្រុម​មន្ត្រី​ប៉ូលិស​ខេត្ត​ព្រៃវែង​ដែល​ប្រព្រឹត្ត​បទល្មើស

ដោយ អាស៊ីសេរី
2020-08-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង។
មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង។
រូប​ពី​ហ្វេសប៊ុក​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង។

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​ក្រសួង​មហាផ្ទៃ ឬ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជូន​សំណុំរឿង​ក្រុម​មន្ត្រី​នគរបាល​ដែល​ប្រើ​ហិង្សា និង​យក​លុយ​ពី​ជនសង្ស័យ ពេល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន ទៅ​តុលាការ ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស។ សំណើ​នេះ​ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ សម្រេច​ដក​តំណែង ផ្ទេរ​ភារកិច្ច និង​ដាក់​វិន័យ​លើ​មន្ត្រី​នគរបាល​មួយ​ក្រុម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​។ អ្នកនាំពាក្យ​នគរបាល​ជាតិ​អះអាង​ថា ក្នុងចំណោម​មន្ត្រី​ទាំងនោះ​ក៏​មាន​មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការ​សម្រេច​ដក​តំណែង ផ្ទេរ​ភារកិច្ច និង​ដាក់​វិន័យ​លើ​មន្ដ្រី​នគរបាល​ពេលនេះ គឺ​អាច​បញ្ជាក់​ថា ក្រុម​មន្ត្រី​នគរបាល​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស ដូច​ការ​ចោទ​ប្រកាន់ ។ លោក​បន្ត​ថា ត្រឹម​ការ​ដាក់​វិន័យ​ផ្នែក​រដ្ឋបាល​គឺ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ដោយ​ក្រសួង​គួរតែ​បញ្ជូន​ក្រុម​នគរបាល​ទាំងនោះ​ទៅ​តុលាការ​ថែម​ទៀត៖ «បាទ​ការ​ដាក់​ពិន័យ ការ​ផ្អាក​ទាំងអស់​នេះ​ហើយ​ជា​ការ​បើកផ្លូវ​សម្រាប់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ដូច​តុលាការ​ដំណើរការ​នីតិវិធី​របស់​ខ្លួន​សម្រាប់​អង្កេត​រក​យុត្តិធម៌»

កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចេញ​លិខិត​ដក​តំណែង ផ្ទេរ​ភារកិច្ច និង​ដាក់​វិន័យ​លើ​មន្ដ្រី​នគរបាល​មួយក្រុម​ក្នុង​ខេត្ត​ព្រៃវែង។ ក្នុង​នោះ ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ខេត្ត​ព្រៃវែង លោក ថោង វណ្ឌី ត្រូវ​ប្ដូរ​មក​ជា​ស្នងការ​រង ដោយ​មិន​ទទួល​ផែន​អ្វី​ទាំងអស់ និង​ត្រូវ​ទទួល​ការ​ព្រមាន។ ចំណែក នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក ទូច ធារ៉ា ព្រមទាំង​នាយ​ផ្នែក​ស្រាវជ្រាវ និង​ស៊ើបអង្កេត នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន លោក ស៊ី បូ ត្រូវ​បាន​ដកហូត​ពីមុខ​តំណែង និង​ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។ រីឯ​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ខេត្ត​នេះ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ក្រសួង​ដាក់​ពិន័យ និង​បន្ថយ​ឋានន្តរសក្ដិ​ផង​ដែរ។

ក្រុម​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ទាំង ៧​នាក់ រង​ការ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​។ ក្រៅ​ពី​នេះ ពួកគេ​បាន​បង្ក​ឲ្យ​មាន​របួស​ស្នាម​ដល់​ជនសង្ស័យ និង​ជំរិត​ទារ​លុយ​ប្រមាណ​មួយ​ពាន់​ដុល្លារ ឬ​បួន​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះលែង​ជនសង្ស័យ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់​ថា ទង្វើ​របស់​ក្រុម​នគរបាល​ដូច្នេះ ជា​ការ​រំលោភច្បាប់​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម​ធ្ងន់ធ្ងរ។ លោក​ថា ប្រសិន​បើ​រក​ឃើញ​ថា អ្នក​ទាំងនោះ បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ គួរ​ដាក់ទោស​តាមច្បាប់ និង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ៖ «យើង​ចង់​ឃើញ​ថា មន្ត្រី​ទាំងអស់​ហ្នឹង​មិន​ត្រឹម​បញ្ឈរជើង​ទេ​បាទ! ត្រូវ​ដាក់​ទោស​ទណ្ឌ​គាត់​បាទ​ហើយ​ម្យ៉ាងទៀត​ការ​ដាក់​ទោស​ទណ្ឌ​ហ្នឹង មិន​គួរ​ដល់​ពេល​គាត់​អនុវត្តន៍​ចប់​សព្វគ្រប់​មិន​គួរ​ឱ្យ​គាត់​មក​ធ្វើ​មន្ត្រី​វិញ​ទេ​បាទ»

ជុំវិញ​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឱ្យ​ដឹង​ថា ក្នុង​ស៊ើបអង្កេត​លើ​ក្រុម​មន្ត្រី​នគរបាល​ទាំងនោះ មានការ​ចែង​បែង និង​ដាក់​ទោស​ទណ្ឌ​ត្រឹមត្រូវ​ទៅតាម​ការ​រក​ឃើញ​នៃ​ការប្រព្រឹត្ត​កំហុស​របស់​មន្ត្រី​នគរបាល​ម្នាក់ៗ​។ លោក​ឱ្យ​ដឹង​ទៀត​ថា បើ​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​ខុស​ប៉ុន្តែ​មិនទាន់​ប៉ះពាល់​ដល់​ច្បាប់​គឺ​ត្រូវ​រង​វិន័យ​ផ្នែក​រដ្ឋបាល​ក្នុង​អង្គភាព។ ដោយឡែក ចំពោះ​មន្ត្រី​ប្រព្រឹត្ត​ល្មើសច្បាប់​គឺ​ត្រូវ​បញ្ជូន​ទៅ​តុលាការ។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​មន្ត្រី​នគរបាល​ទាំងនោះ​មាន​មន្ត្រី​នគរបាល​ម្នាក់​ជា​អនុប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឈ្មោះ ទូច ធារ៉ា ត្រូវ​បញ្ជូន​ទៅ​តុលាការ៖ «ក្នុង​នាម​សមត្ថកិច្ច​យើង​ខ្មាសអៀន ដោយសារ​មន្ត្រី​គាត់​ប្រព្រឹត្ត​ផ្ដេសផ្ដាស ប៉ុន្តែ​យើង​ក៏​មិន​បាក់​ទឹកចិត្ត​ដែរ ព្រោះ​នេះ​មិនមែន​ជា​រឿង​របស់​ស្ថាប័ន ឬ​អង្គភាព​ទេ នេះ​ជា​កំហុស​របស់​បុគ្គល​បាន​ន័យ​ថា មន្ត្រី​នគរបាល​គាត់​ប្រព្រឹត្ត​ខុស យើងខ្ញុំ​សូម​អំពាវ​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ឱ្យ​ខិត​ខំ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​គុណធម៌ មនសិការ និង​វិជ្ជាជីវៈ»

លោក ឆាយ គឹមខឿន បន្ថែម​ថា ទង្វើ​របស់​ក្រុម​មន្ត្រី​នគរបាល​ទាំងនេះ​ថា ជា​ទង្វើ​គួរ​ឱ្យ​ខ្មាសអៀន​ក្នុងនាម​ជា​សមត្ថកិច្ច​អនុវត្ត​ច្បាប់។ លោក​ស្នើ​ទៅ​សាធារណជន បើ​ដឹង និង​ឃើញ​ថា មន្ត្រី​នគរបាល​រូប​ណា បំពេញការងារ​ខុសឆ្គង ឬ​ប្រព្រឹត្ត​កំហុស​អាច​ទូរស័ព្ទ​មក​លេខ​បន្ទាន់​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​មាន​លេខ​<<១១៧>>

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល