មន្ត្រី​សិទ្ធិមនុស្ស​យល់ស្រប​គ្នា​ថា ការ​ចាប់​លោក រ៉ុង ឈុន កំពុង​ធ្វើ​ឲ្យ​កម្ពុជា​បាក់​មុខ​​លើ​ឆាក​អន្តរជាតិ

ដោយ មាន ឫទ្ធិ
2020-08-22
Share
 រ៉ុង ឈុន លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។
រូប៖ កម្មករ

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ អះអាង​ដូចៗ​គ្នា​ថា ចំណាត់​ការ​ចុងក្រោយ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ចាប់ និង​បន្ត​ឃុំខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា គឺ​លោក រ៉ុង ឈុន កំពុងតែ​ធ្វើ​ឲ្យ​កម្ពុជា​បាក់​មុខមាត់​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ។ ពួកគេ​ថា ហេតុការណ៍​នេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​កំពុងតែ​ល្អក់កករ​ស្រាប់ បន្ត​ធ្លាក់​ចុះ​ដុនដាប​មួយ​កម្រិត​ថែមទៀត​។ ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​សង្គម​ស៊ីវិល និង​សហជីព​ជាតិ និង​អន្តរជាតិ​រាប់​រយ​ស្ថាប័ន​បន្ត​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ផ្ញើ​លិខិត​រួមគ្នា​ទៅ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ឲ្យ​ប្រញាប់​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន និង​ដោះលែង​លោក​ជាបន្ទាន់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បារម្ភ​ថា ការ​ចាប់ និង​បន្ត​ឃុំខ្លួន លោក រ៉ុង ឈុន រួម​ទាំង​ក្រុម​អ្នក​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ផង​នោះ នឹង​រឹតតែ​ធ្វើ​ឲ្យ​កំណត់ត្រា​រំលោភ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ កាន់តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ថែមទៀត​។ លោក​ថា ការ​ធ្លាក់​ចុះ​នេះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក រួម​ទាំង​អង្គការ​អន្តរជាតិ​នានា កំពុង​តែ​បន្ត​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្តារ និង​កែលំអ​ស្ថានភាព​សិទ្ធិមនុស្ស ហើយ​កម្ពុជា​កំពុង​ជាប់​ចំណាត់ថ្នាក់​ជាប់​បាត​តារាង​ជា​ប្រទេស​ល្បី​ខាង​មិន​គោរព​ច្បាប់​៖ «ចំណាត់ថ្នាក់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​។ អ៊ីចឹង​ហើយ​បានជា​យើង​ឃើញ​ថា បញ្ហា EBA ក៏​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឲ្យ​មានការ​ស្តារ​ឡើងវិញ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ក៏​យើង​ឃើញ​ថា អង្គការ​យុត្តិធម៌​អន្តរជាតិ ក៏​គេ​វាយតម្លៃ​អំពី​រឿង​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង ក៏​មាន​ចំណាត់ថ្នាក់​ទាប​ដែរ​។ អ៊ីចឹង គឺ​យើង​គ្រាន់តែ​មានការ​បារម្ភ​ក្រោយពី​បញ្ហា​ចាប់ខ្លួន​ជា​បន្តបន្ទាប់​លើ​យុវជន ក៏ដូចជា​បញ្ហា​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ អាច​នឹង​ធ្វើ​ឲ្យ​គេ​វាយតម្លៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាន់​តែ​មាន​កម្រិត​ទាប​ថែមទៀត»

ក្រៅ​ពី​ការ​បារម្ភ​អំពី​ការវាយតម្លៃ​អំពី​ការ​បន្ត​ធ្លាក់​ចុះ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​លោក អំ សំអាត នេះ អ្នក​ជំនាញ​វិស័យ​សិទ្ធិ​ការងារ និង​ជានា​យក​ប្រតិបត្តិ​នែ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ក៏​យល់ស្រប​ដែរ​ថា ហេតុការណ៍​ចាប់ និង​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ដ៏​សកម្ម​ម្នាក់​ក្នុង​ការងារ​ដឹកនាំ​សហជីព ក៏​នឹង​រឹតតែ​ធ្វើ​ឲ្យ​មុខមាត់​កម្ពុជា​ខាង​គោរព​សិទ្ធិ​ការងារ​កាន់តែ​យ៉ាប់យ៉ឺន​ថែម​​​​​​​​​​​​​​​​​​​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ក្នុង​វិស័យ​នេះ កាល​ពី​ពេល​កន្លងមក​ក៏ដោយ​៖ «ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ធ្វើ​ឲ្យ​នៅ​លើ​ឆាក​អន្តរជាតិ គឺ​មុខមាត់ ឬ​កេរ​ឈ្មោះ​ខាង​សិទ្ធិ​ការងារ វា​កាន់តែ​យ៉ាប់​ទៀតហើយ​ក្នុងពេលដែល​យើង​មាន​បញ្ហា​រឿង​បាញ់សម្លាប់ រឿង​ច្បាប់​សហជីព រឿង​ការ​ធ្វើ​ច្បាប់​អី​ផ្សេងៗ​ដែល​ធ្វើ​ថត​ធាក់​ថយ ឬក៏​ទន់ខ្សោយ​នូវ​ប្រព័ន្ធ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​។ ដូច្នេះ ការ​ចាប់​លោក រ៉ុង ឈុន នេះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពាក់ព័ន្ធ​នឹង​រឿង​ភាព​កេរ​ឈ្មោះ​វិស័យ​ការងារ​របស់​យើង​នៅ​លើ​ឆាក​អន្តរជាតិ​ខ្លាំង​មែនទែន​។ ត្រង់​នេះ​ហើយ​ដែល​ខាង​សហគមន៍​អឺរ៉ុប​ក៏​គេ​អត់​ដកថយ​ដែរ​ក្នុង​ការ​ដក ២០​ភាគរយ​នោះ»

មិន​ខុសគ្នា​ពី​លោក មឿន តុលា អ្នក​ប្រឡូក​ក្នុង​វិស័យ​សិទ្ធិ​ការងារ​មួយ​រូប​ទៀត​ដែល​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា គឺ​លោក អាត់ ធន់ ក៏​យល់ស្រប និង​បារម្ភ​ពី​ការ​បន្ត​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​ការងារ​នេះ​ដែរ ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​អនុវត្ត​ការ​រឹតត្បិត​សិទ្ធិ​សហជីព​ក្នុង​ការ​ចូលរួម​ដឹកនាំ​សកម្មភាព​តវ៉ា និង​ធ្វើជា​តំណាង​របស់​កម្មករ​និយោជិក​ស្រាប់​តាមរយៈ​ច្បាប់​ថ្មី​ស្ដីពី​សហជីព​៖ «​ជា​ការ​ពិត ទោះបីជា​មិន​មាន​ការ​ចាប់ខ្លួន​គាត់ ក៏​បញ្ហា​សិទ្ធិ​ការងារ​នេះ ក៏​មាន​បញ្ហា​ស្រាប់​។ ឥឡូវនេះ គឺថា​សិទ្ធិ​ក្នុង​ការ​តវ៉ា សិទ្ធិ​ធ្វើជា​តំណាង​អី​ហ្នឹង គឺ​វា​មានការ​ធ្លាក់​ចុះ​ហើយ ដោយសារតែ​ច្បាប់​សហជីព​ថ្មី គឺ​គេ​អត់​ឲ្យ​ខាង​សហជីព​តំណាង​កម្មករ​ក្នុង​ការ​តវ៉ា ហែ​ក្បួន ឬក៏​ធ្វើ​អី​ទេ​។ គឺថា មានតែ​កម្មករ ឬក៏​សហជីព​មូលដ្ឋាន​តែប៉ុណ្ណោះ​ទេ​។ នៅ​ពេល​ដែល​គាត់​ចាប់​ផ្តើម​ចេញ ចូលរួម​ជាមួយ​ពួក​ខាង​កម្មករ​ហើយ​មានការ​ចាប់ខ្លួន​ហ្នឹង គឺ​រឹតតែ​ធ្វើ​ឲ្យ​មានការ​ចេះតែ​បារម្ភ​ខ្លាំង​ទៅ​ៗ​ក្នុង​វិស័យ​ការងារ»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន មិនទាន់​ឆ្លើយតប​នឹង​សំណួរ​អាស៊ីសេរី តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម WhatsApp ជុំវិញ​ក្តីបារម្ភ​ក្រោយ​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន អំពី​ការ​បន្ត​ធ្លាក់​ចុះ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ និង​ប្រតិកម្ម​ជា​ហូរហែ​ពី​សំណាក់​សង្គម​ស៊ីវិល និង​សហជីព​ជាតិ និង​អន្តរជាតិ​ធំៗ​នៅ​លើ​ពិភពលោក នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២១ សីហា​។ ក៏ប៉ុន្តែ កន្លងមក លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​ទាំងនោះ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន គឺ​ដើម្បី​ការពារ «​កូនជឹង​» របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​នៅ​កម្ពុជា តែប៉ុណ្ណោះ។

ភ្លាមៗ​ក្រោយពី​អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​៣១ កក្កដា ពោល​គឺ​នៅ​មិន​ដល់​មួយ​ម៉ោង​ក្រោយ​លោក​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​អាជ្ញាធរ​វៀតណាម​មក ហើយ​បាន​ចោទប្រកាន់​និង​បន្ត​ឃុំខ្លួន​លោក​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស​សហជីព​អន្តរជាតិ​ធំៗ​ដល់​ទៅ​រាប់​រយ​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក រ៉ុង ឈុន ជាបន្ទាន់។

អង្គការ​ទាំងនោះ មាន​ដូចជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ក្នុងស្រុក មិន​តិច​ជាង​១៤០​ស្ថាប័ន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អង្គការ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR អង្គការ Front Line Defenders អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស FIDH និង​អង្គការ​សហព័ន្ធ​អន្តរជាតិ​នៃ​អ្នកសារព័ត៌មាន (IFJ) ជាដើម​។ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ទាំងនេះ ភាគច្រើន គូស​បញ្ជាក់​ដូច​ៗ​គ្នា​ថា បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន ជា «​បទ​ចោទ​ប្រឌិត​» និង​ថា​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​នេះ ជា​ការ​ចាត់​ទុក​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ជា «​សត្រូវ​»​។ អង្គការ​អន្តរជាតិ​ទាំងនោះ បាន​ចាត់​ទុក​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ថា ជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ការ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សង្គម​ស៊ីវិល ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​។​

អ្វី​ដែល​រឹតតែ​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​សហព័ន្ធ​សហជីព​សាកល (Global Union Federations) ដែល​តំណាង​ឲ្យ​សហជីព​ធំៗ​លើ​ពិភពលោក​មកពី​វិស័យ​ឧស្សាហកម្ម និង​ការងារ និង​សហព័ន្ធ​សហជីព​អន្តរជាតិ ITUC ដែល​តំណាង​ឱ្យ​កម្មករ​និយោជិត​ក្នុង​វិស័យ​ការងារ​ជាង ២០០​លាន​នាក់ មកពី​១៦៣ ប្រទេស អង្គការ​អប់រំ​អន្តរជាតិ (Education International) សហជីព​ឧស្សាហកម្ម​សាកល (IndustrialAll Global Union) រួម​ទាំង​អង្គការ​អ្នកសង្កេតការណ៍​ដើម្បី​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស (OBS) អង្គការ​ពិភពលោក​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម (OMCT) និង​ក្រុមប្រឹក្សា​សហជីព​អាស៊ាន (ATUC) ក៏​សុទ្ធតែ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ឬ​សរសេរ​លិខិត​រួមគ្នា​ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ផង​ដែរ ជាមួយ​នឹង​ការ​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

អ្នក​ជំនាញ​សិទ្ធិ​ការងារ លោក មឿន តុលា គូស​បញ្ជាក់​ថា សហព័ន្ធ​សហជីព​ធំៗ​ពីរ​របស់​ពិភពលោក គឺ ITUC និង IndustrialAll កម្រ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ ប្រសិនបើ​ស្ថាន​ភាព​មិន​ធ្ងន់ធ្ងរ​។ លោក​ព្រមាន​ថា នៅ​ពេល​ដែល​សហជីព​ទាំងពីរ​នេះ ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ពី​ក្តី​បារម្ភ​លើ​ស្ថានភាព​សិទ្ធិ​ការងារ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ហើយ នោះ​វា​នឹង​មាន​ឥទ្ធិពល​ដល់​អ្នកបញ្ជា​ទិញ និង​ក្រុមហ៊ុន​ឯកជន ឲ្យ​ពិចារណា​កាន់តែ​ខ្លាំង​ពី​បញ្ហា​កម្ពុជា​៖ «​យើង​ដឹង​ហើយ​ថា ILO មាន​ត្រីភាគី មាន​តំណាង​ខាង​រដ្ឋាភិបាល មាន​តំណាង​ខាង​និយោជក ហើយ​នឹង​តំណាង​ខាង​កម្មករ​និយោជិក​។ តំណាង​កម្មករ​និយោជិក គឺ​តំណាង​មកពី​ITUC ហ្នុ​ង​ឯង​។ អ៊ីចឹង កាលណា​សហជីព​ផ្សេងៗ​ប្រតិកម្ម​ហ្នឹង ខ្ញុំ​ថា​វា​មាន​ទម្ងន់​ហើយ​។ ប៉ុន្តែ បើ​សហជីព​ពីរ​ហ្នឹង មាន​ប្រតិកម្ម​គឺ​វា​មាន​ទម្ងន់​ខ្លាំង​។ កាលណា​បើ​សហជីព​ពីរ​ហ្នឹង​ប្រតិកម្ម​ហើយ គឺ​ធ្វើ​ឲ្យ​ចលនា​របស់​វិស័យ​ឯកជន​ហ្នឹង មាន​ន័យថា អ្នកបញ្ជា​ទិញ ក្រុមហ៊ុន​ឯកជន​អី​ផ្សេងៗ​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យ​អី​ផ្សេងៗ ក៏​មាន​ចំណាប់អារម្មណ៍​ដែរ​។ អ៊ីចឹង សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា បន្ទាប់ពី​មានការ​ចាប់​លោក រ៉ុង ឈុន នេះ​មក គឺមាន​ប្រតិកម្ម​ច្រើន​ពី​ខាង​បណ្ដា​សហជីព​សំខាន់ៗ​នៅ​​លើ​ពិភពលោក»

មិនមែន​មានតែ​សង្គម​ស៊ីវិល និង​សហជីព​ជាតិ និង​អន្តរជាតិ​ទាំងនេះ​ទេ ដែល​ប្រតិកម្ម​នឹង​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​។ ប្រទេស​និយម​ប្រជាធិបតេយ្យ​ធំៗ ក៏បាន​សម្ដែង​ក្តី​កង្វល់​ស្រដៀង​គ្នា​នេះ​ដែរ​។ ជាក់ស្ដែង ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លើក​ឡើង​ថា ខ្លួន​ក៏​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ហើយ​ថា ជា​ទៀងទាត់ សហរដ្ឋអាមេរិក តែងតែ​លើក​យក​ពី​កង្វល់​នានា ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចាត់វិធានការ​ប្រកបដោយ​អត្ថន័យ​ក្នុង​ការ​បើក​ចំហ​ឡើងវិញ​នូវ​លំហ​នយោបាយ និង​សង្គម​ស៊ីវិល​។ រីឯ អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប ក៏​ធ្លាប់​សម្ដែង​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​បន្ត​យុទ្ធនាការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​មក​លើ​ក្រុម​អ្នក​រិះគន់​នៅ​កម្ពុជា​នេះ​ដែរ​។ ប្រភព​ពី​គណៈកម្មការ​អឺរ៉ុប ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា សហភាព​អឺរ៉ុប កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ស្ថានភាព និង​ដំណើរ​វិវត្តន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិ​ការងារ ដូចជា​ករណី ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នេះ​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល