អង្គការ ការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមក្នុងស្រុក និងក្រៅស្រុក បានស្នើឲ្យអាជ្ញាធរកម្ពុជាកុំចាប់បញ្ជូនខ្មែរក្រោម ដែលជាជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស ទៅឲ្យអាជ្ញាធរវៀតណាម។ សំណើរបស់អង្គការសមាគមខ្មែរក្រោមនេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា និងវៀតណាម នឹងចាប់ផ្ដើមអនុវត្តសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងវៀតណាម ចាប់ពីនៅថ្ងៃទី១ ខែតុលានេះ តទៅហើយ។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សំដែងក្ដីបារម្ភថា ពលរដ្ឋខ្មែរក្រោម ដែលគេចចេញពីការធ្វើបាបរបស់អាជ្ញាធរវៀតណាមមកកម្ពុជា នឹងអាចត្រូវអាជ្ញាធរខ្មែរ សហការនឹងវៀតណាមបញ្ជូនពួកគេ ទៅជាប់ពន្ធនាគារនៅវៀតណាមវិញ។ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា កន្លងមកមានពលរដ្ឋខ្មែរក្រោម រួមទាំងយុវជន និងព្រះសង្ឃនាំគ្នារត់មកជ្រកកោនរស់នៅ នៅកម្ពុជា ដើម្បីសុវត្ថិភាព ដោយសារតែពួកគេបានរិះគន់អាជ្ញាធរវៀតណាម ពាក់ព័ន្ធករណីរំលោភសិទ្ធិមនុស្ស និងដីធ្លី៖ «មានច្រើនណាស់ ទាំងព្រះសង្ឃ យុវជន និងពលរដ្ឋខ្មែរក្រោមហ្នឹងបញ្ហាដីធ្លី បញ្ហារិះគន់ និងបញ្ហាប្រើបណ្ដាញសង្គម អ៊ីនធឹណិត ឬរឿងទាមទារសិទ្ធិសេរីភាពហ្នឹង ត្រូវវៀតណាមចាប់ដាក់គុក និងគំរាមរហូតដល់រត់ចោលទឹកដីកំណើត។"
ក្តីបារម្ភរបស់សមាគម និងអង្គការសិទ្ធិមនុស្សខ្មែរក្រោមនេះ ដោយសារតែ សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាម នឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះតទៅ ដូច្នោះមានន័យថា កម្ពុជា អាចស្នើសុំយកទណ្ឌិត ជាជនជាតិខ្មែរ ដែលជាប់ពន្ធនាគារនៅវៀតណាម មកបន្តឃុំនៅកម្ពុជាវិញ ហើយទណ្ឌិតជាជនជាតិវៀតណាម ដែលជាប់ពន្ធនាគារនៅកម្ពុជា ក៏នឹងអាចវៀតណាម ស្នើសុំយកទៅបន្តឃុំនៅវៀតណាម។
ភិក្ខុ ស៊ឺង យ៉ឹងរតនាបន្ថែមទៀតថា កន្លងមកវៀតណាម ចាប់បានមកចាប់ព្រះសង្ឃខ្មែរក្រោមដល់កម្ពុជា ទាំងមិនទាន់មានសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតផង ដូច្នោះពេលដែលមាន សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងវៀតណាម អាជ្ញាធរខ្មែរអាចងាយចាប់បញ្ជូនពលរដ្ឋខ្មែរក្រោមទៅឲ្យវៀតណាមបន្ថែមទៀត។ កាលពីឆ្នាំ២០០៧ អាជ្ញាធរខេត្ត តាកែវ បានចាប់ផ្សឹក ព្រះសង្ឃខ្មែរក្រោម ទឹម សាខន ជាសង្គ្រាជវត្តភ្នំដិន ខេត្តតាកែវ រួចបញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាម ដោយចោទប្រកាន់ថា ព្រះអង្គបានបង្កឲ្យមានការបែកបាក់ចំណងមិត្តភាពកម្ពុជាវៀតណាម ក្រោយពីព្រះសង្ឃអង្គនេះ ឧស្សាហ៍ទំនុកបម្រុងពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួនចេញពីកម្ពុជាក្រោម មកដល់កម្ពុជា ហើយសុំស្នាក់អាស្រ័យនៅក្នុងទីអារាម។ ក្រោយមក ព្រះអង្គ ទឹម សាខន ក៏ត្រូវបានអាជ្ញាធរវៀតណាម កាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។ ពេលនេះ ព្រះអង្គ ទឹម សាខន បានលាចាកសិក្ខាបទ ហើយកំពុងរស់នៅជាជនភៀសខ្លួននៅប្រទេស ស៊ុយអែត (Sweden)។
បច្ចុប្បន្នមានពលរដ្ឋខ្មែរក្រោម បានភៀសខ្លួនមកកម្ពុជាជាច្រើន ដោយសារតែពួកគេរងការសំឡុតបំភ័យពីអាជ្ញាធរវៀតណាម ករណីរៀនអក្សរ និងប្រវត្តិសាស្ត្រ ខ្មែរ ការប្រើប្រាស់បណ្តាញសង្គមរិះគន់វៀតណាមជាដើម។ ពេលមកដល់កម្ពុជាពលរដ្ឋខ្មែរក្រោមខ្លះទៀត ក៏រងការធ្វើទុក្ខបុកម្នេញពីសំណាក់ អាជ្ញាធរខ្មែរធ្វើឲ្យពួកគាត់មិនអាចរស់នៅកម្ពុជា ហើយបានភៀសខ្លួនបន្តទៅរស់នៅប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសទី៣ បន្តទៀត។ បច្ចុប្បន្នមានពលរដ្ឋខ្មែរក្រោមរាប់រយនាក់ កំពុងជាប់ផុងនៅប្រទេសថៃ ដើម្បីសុំសិទ្ធិទៅរស់នៅប្រទេសទីបី គេចឲ្យផុតពីកណ្ដាប់ដៃវៀតណាម។
ភិក្ខុ ស៊ឺង យ៉ឹងរតនា ស្នើឲ្យអាជ្ញាធរខ្មែរ កុំរើសអើង និងជួយយកអាសា ខ្មែរក្រោមដែលរងទុក្ខនៅស្រុកកំណើត ដែលវៀតណាមកំពុងគ្រប់គ្រង ហើយភៀសខ្លួនមករស់នៅកម្ពុជា៖ «រដ្ឋាភិបាលកម្ពុជាហ្នឹង ត្រូវយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម ដែលរត់ភៀសខ្លួនពីប្រទេសវៀតណាម ដែលត្រូវអាជ្ញាធរវៀតណាម ធ្វើបាបធ្វើទុក្ខបុកម្នេញផ្សេងៗ ហើយពួកគាត់ទៅរស់នៅកម្ពុជាហ្នឹង សូមឲ្យរដ្ឋាភិបាលធ្វើអត្តសញ្ញាណប័ណ្ណឲ្យគាត់ស្របច្បាប់។"
ចំពោះក្តីបារម្ភរបស់អង្គការសមាគមខ្មែរក្រោមនេះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ថា សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងវៀតណាមនឹងអនុវត្តចំពោះ អ្នកទោសទូទៅ ទៅតាមច្បាប់ និងធ្វើឡើងបានតាមការយល់ព្រមរបស់អ្នកទោសតែប៉ុណ្ណោះ៖ «លក្ខខណ្ឌផ្ទេរអ្នកទោសរវាងកម្ពុជា និងវៀតណាមហ្នឹងលុះត្រាតែ ឯកភាពពីភាគីប្រទេសបញ្ជូន និងប្រទេសទទួល និងសាមីខ្លួន ទាល់តែមានការឯកភាព»។
លោក កុយ គួង មិនធ្វើអត្ថាធិប្បាយចំពោះសំណួរថាតើ អាជ្ញាធរខ្មែរអាចនឹងចាប់ពលរដ្ឋខ្មែរក្រោមឲ្យវៀតណាមនោះទេ។ សន្ធិសញ្ញាផ្ទេរអ្នកទោសនេះ ត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចុះព្រះហស្តលេខា ដើម្បីដាក់ឲ្យប្រើប្រាស់ ហើយនឹងចូលជាធរមាននៅខែ១០ ខាងមុខនេះ។ ឯកសារសន្ធិសញ្ញាផ្ទេរអ្នកទោសបញ្ជាក់ថា សន្ធិសញ្ញានេះធ្វើឡើងដើម្បី ផ្តល់ឱកាសដល់ទណ្ឌិត ធ្វើសមាហរណកម្មក្នុងសង្គម និងគោលបំណង ធ្វើសហការគ្នា ដើម្បីអនុវត្តសាលក្រម។ ឯកសារបញ្ជាក់ទៀតថា ភាគីអាចបដិសេធផ្ទេរអ្នកទោស ប្រសិនបើ មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ថា ទណ្ឌិតអាចត្រូវគេយកទៅធ្វើទារុណកម្ម សងសឹក ឬទទួលរងទណ្ឌកម្មសាហាវព្រៃផ្សៃ និងអមនុស្សធម៌ ក្នុងដែនដីនៃភាគីទទួល ឬការផ្ទេរអាចបង្កឲ្យមានការអន្តរាយដល់អធិបតេយ្យ សន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ ឬផលប្រយោជន៍សំខាន់ផ្សេងទៀតរបស់ភាគី។
ទាក់ទងនឹងសន្ធិសញ្ញាផ្ទេរអ្នកទោសនេះដែរ អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍លោក សឺន ជុំជួន មានប្រសាសន៍ថា ខ្មែរក្រោមជាពលរដ្ឋខ្មែរដូច្នោះអាជ្ញាធរខ្មែរ មិនត្រូវចាប់បញ្ជូនខ្មែរក្រោមទៅឲ្យវៀតណាមនោះទេ។ លោក សឺន ជុំជួន បន្តថា ខ្មែរក្រោមរត់ចេញពីការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរវៀតណាមមកកម្ពុជានោះ មិនបានប្រព្រឹត្តទោសនោះទេ។ លោកថា ការណ៍ដែលខ្មែរក្រោមរស់មកកម្ពុជា គឺដោយសារតែ ពួកគេបានធ្វើការតវ៉ាទាមទារសិទ្ធិសេរីភាព ដែលបណ្ដាលឲ្យពួកគេ មានបញ្ហានឹងអាជ្ញាធរវៀតណាម៖ «ពេលក្រោកឡើងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស ផ្តល់សិទ្ធិផ្សេងៗ ទៅ វាអាចប្រឈមនឹងផ្លូវច្បាប់ហើយ។"
ពលរដ្ឋខ្មែរក្រោមទើបប្រារព្ធខួបបាត់បង់ទឹកដី លើកទី ៧១ឆ្នាំ កាលពីខែមិថុនា កន្លងទៅ។ ពលរដ្ឋខ្មែរក្រោមប្តេជ្ញាថា ពួកគេនឹងធ្វើការតស៊ូមតិដោយអហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចទៅថ្ងៃអនាគត។ តាមរយៈយុទ្ធនាការនេះ ធ្វើឲ្យពលរដ្ឋខ្មែរក្រោម ចាប់ផ្ដើមបញ្ចេញមតិ និងទាមទារសិទ្ធិ ជាជនជាតិដើមកំណើត និងដីធ្លី ទើបបណ្ដាលឲ្យអាជ្ញាធរវៀតណាមចាប់ផ្ដើម ប្រើប្រាស់ច្បាប់ប្រឆាំងនឹងបទល្មើសអ៊ីនធឹណិត ដើម្បីសងសឹកខ្មែរក្រោម ដោយធ្វើការផាកពិន័យលើយុវជនខ្មែរក្រោមជាច្រើននាក់ ដែលហ៊ាននិយាយរឿងប្រវត្តិសាស្ត្របាត់បង់ទឹកដីខ្មែរជាបន្តបន្ទាប់៕