ក្រុម​អង្គការ​សមាគម​ខ្មែរ​ក្រោម​ស្នើ​ក្រុម​ប្រឹក្សា​អង្គការ​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ បញ្ជូន​សំណូមពរ​ខ្មែរ​ក្រោម​ក្នុង​របាយការណ៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​ស្រាយ

0:00 / 0:00

ក្រុម​អង្គការ​សមាគម​ខ្មែរក្រោម បាន​ស្នើ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ និង​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បញ្ចូល​របាយការណ៍​ ស្ដីពី​ស្ថានភាព​របស់​ខ្មែរ​ក្រោម រស់នៅ​កម្ពុជា និង​ប្រទេស​វៀតណាម ក្នុង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​​ជួយ​ដោះស្រាយ។ ឆ្លើយតប​នឹង​សំណើ​របស់​អង្គការ​ខ្មែរ​ក្រោម​នេះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា អះអាង​ថា កម្ពុជា​មិន​មាន​ការ​រើសអើង​​ប្រឆាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ ហើយ​កម្ពុជា​ក៏​មិន​អាច​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​វៀតណាម ដើម្បី​ជួយ​ខ្មែរ​ក្រោម​បាន​ដែរ។​

តំណាង​ក្រុម​អង្គការ​ខ្មែរ​ក្រោម និង​អង្គការ​ក្នុង​ស្រុក​ចំនួន ១០ បាន​អាន​សេចក្ដីថ្លែងការណ៍​របស់​ពួក​គេ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​សប្ដាហ៍​មុន។ របាយការណ៍​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ដី​កំណើត ដែល​បច្ចុប្បន្ន វៀតណាម កំពុង​ត្រួតត្រា និង នៅ​កម្ពុជា កំពុង​ជួបប្រទះ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​រើសអើង​មិន​ចេះ​ចប់ មិន​ចេះ​ហើយ។ ​របាយការណ៍​ដាក់​ទៅ​ប្រជុំ​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា នៅ​កម្ពុជា​ក្រោម ដោយសារ​តែ​ខ្មែរ​ក្រោម មាន​វប្បធម៌ និង​ប្រតិបត្តិ​សាសនា​ផ្សេង​គ្នា​ពី​ជន​ជាតិ​វៀតណាម​ទើប​បណ្ដាល​ឲ្យ​មាន​គំនាប​បង្ខំ​ឲ្យ​ខ្មែរ​ក្រោម បញ្ចប់​អត្តសញ្ញាណ​ជា​ខ្មែរ ហើយ​ប្រែ​ក្លាយ​ពូជសាសន៍ និង​វប្បធម៌​​ទៅ​ជា​ជន​ជាតិ​វៀតណាម​វិញ។ អាជ្ញាធរ​វៀតណាម​ក៏​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​និង​ការ​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ហើយ​ការ​តវ៉ា​របស់​ខ្មែរ​ក្រោម​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បង្ក្រាប ដោយ​អំពើ​ហិង្សា​ថែម​ទៀត​ផង។​ របាយការណ៍​បន្ត​ទៀត​ថា ទោះ​បី​បើ​វៀតណាម​អះអាង​ថា រដ្ឋាភិបាល​នេះ បាន​សន្យា និង​ជួយ​លើក​តម្កើង និង​គាំពារ​ខ្មែរ​ក្រោម​រួម​មាន​អក្សរ និង​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា ក៏​ដោយ​ចុះ តែ​ធាតុ​ពិត​ខ្មែរ​ក្រោម​ថា វៀតណាម​បាន​បដិសេធ​ផ្តល់​សិទ្ធិ និង​ភាព​ស្មើ​គ្នា ទើប​បណ្ដាល​ឲ្យ​ខ្មែរ​ក្រោម​ជា​ច្រើន ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត​ទៅ​រស់​កម្ពុជា និង​អ្នក​ខ្លះ​ទៀត​រត់​ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ថៃ។

របាយការណ៍​អង្គការ​ខ្មែរ​ក្រោម​បញ្ជាក់​ទៀត​ថា ដោយ​ឡែក​ខ្មែរ​ក្រោម​នៅ​កម្ពុជា​វិញ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្មែរ​ក្រោម​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ហើយ​ការ​អនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម មាន​លក្ខណៈ​មិន​ច្បាស់លាស់។ រដ្ឋាភិបាល​កម្ពុជា​កន្លងមក​អះអាង​ថា រដ្ឋាភិបាល​នឹង​ផ្តល់ សញ្ជាតិ​ឲ្យ​ខ្មែរ​ក្រោម ប្រសិន​បើ​ពួក​គេ​មក​រស់​នៅ​កម្ពុជា ប៉ុន្តែ​ការ​សន្យា​របស់ រដ្ឋាភិបាល​នេះ មិន​ទាន់​បាន​គេ​អនុវត្ត​ត្រឹមត្រូវ​នៅ​ឡើយ ហើយ​បន្ត​នៅ​តែ​មាន​​បញ្ហា​ដដែល។​ របាយ​ការណ៍​បន្ត នៅ​ពេល​ខ្មែរ​ក្រោម​គ្មាន​សញ្ជាតិ​ខ្មែរ ពួក​គេ​មិន​អាច​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ ប្លង់​ដី និង​ឯកសារ​ផ្សេងៗ បណ្ដាល​ឲ្យ​ពួក​គេ​មិន​ទទួល​បាន​សិទ្ធិ​ពេញលេញ និង​បាត់បង់​ផល​ប្រយោជន៍។

របាយការណ៍​បន្ថែម​ទៀត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​បន្ត​ជួប​ប្រទះ​ការ​រើសអើង ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ចាត់​ទុក​ខ្មែរ​ក្រោម​ថា ជា​ជន​ជាតិ​វៀតណាម ទោះ​បី​ខ្មែរ​ក្រោម ជាខ្មែរ​ក៏ដោយ។ ​ការ​រើសអើង​នេះ ជា​បញ្ហា​ចម្បង​របស់​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ​នៅ​កម្ពុជា។

អង្គការ​សមាគម​ខ្មែរ​ក្រោម​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួល​បាន​សិទ្ធិ​ពេញលេញ និង​មាន​អត្តសញ្ញាណប័ណ្ណ។ រដ្ឋាភិបាល​គួរ​បញ្ជាក់​គោល​ជំហរ ឲ្យ​ច្បាស់លាស់​ពី​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ ដល់​ខ្មែរ​ក្រោម​មក​រស់​នៅ​កម្ពុជា។ បញ្ឈប់​នូវ​សកម្មភាព​ឃ្លាំ​មើល សកម្មភាព​ស្រប​ច្បាប់ របស់​ពលរដ្ឋ និង​សមាគម​ខ្មែរ​ក្រោម និង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​អាច​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​តាម​ច្បាប់។

ប្រធាន​សាខា​សហព័ន្ធ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​កម្ពុជា លោក តាំង សារៈ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៤ តុលា​ថា ខ្មែរ​ក្រោម​នៅ​កម្ពុជា កំពុង​ទទួល​រង​ការ​រើសអើង និង​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ហើយ​ពួក​គេ​មិន​ទាន់​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​មក​ដល់​រស់​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ទៀត​ថា បើ​តាម​ច្បាប់​សញ្ជាតិ​ខ្មែរ​ក្រោម​អាច​ទទួល​បាន​សញ្ជាតិ​ជា​ខ្មែរ៖ «ច្បាប់​សញ្ជាតិ​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ខ្មែរ​កម្ពុជា​ក្រោម ជា​សញ្ជាតិ​ខ្មែរ។ តែ​ម្យ៉ាង​ទេ អាជ្ញាធរ​មូលដ្ឋាន គាត់​អនុវត្ត​ច្បាប់​គាត់​ខ្លាច​ខុស​អ៊ីចឹង ដូច្នោះ​ជា​ភារកិច្ច​របស់​ក្រសួង​មហាផ្ទៃ សូម​ណែនាំ​ឲ្យ​ច្បាស់ ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន រឿង​បញ្ហា​ខ្មែរ​ក្រោម​ហ្នឹង»

ចំណែក​ប្រធាន​សហគមន៍​ខ្មែរ​ក្រោម​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ក៏​សង្កេត​ឃើញ​ថា ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា ពិបាក​ទទួល​បាន​លិខិត​ស្នាម​ចាំបាច់​មួយ​ចំនួន​ពី​អាជ្ញាធរ​មូលដ្ឋាន។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន ហាក់​នៅ​ក្រោម​សំពាធ​វៀតណាម មិន​ព្រម​ទទួល​ស្គាល់​ខ្មែរ​ក្រោម និង​ផ្តល់​ប្រយោជន៍ៗ ផ្សេង​ដល់​ខ្មែរ​ក្រោម ដូច​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត«បញ្ហា​ដែល​ខ្មែរ​ក្រោម កំពុង​ប្រឈម​ហ្នឹង គឺ​រឿង​លិខិត​ស្នាម ជា​ឯកសារ​សំខាន់​សម្រាប់ ការប្រើប្រាស់​ពេល​បច្ចុប្បន្ន ដូចជា ប័ណ្ណ គ្រួសារ អត្តសញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន​ជា​ដើម។ ពួក​គេ​ជួប​ការ​លំបាក ហាក់​បី​ដូច​ជា​ជួប​ការ​រើសអើង​ពី​អាជ្ញាធរ។"

ពាក់ព័ន្ធ​នឹង​របាយការណ៍ អង្គការ​សមាគម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស លោក​ កុយ គួង ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា កម្ពុជា​មិន​អាច​លូក​ចូល​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​វៀតណាម​បាន​ទេ។ ចំណែក​នៅ​កម្ពុជា​វិញ លោក​បដិសេធ​ថា គ្មាន​ការ​រើសអើង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឡើយ។

ក្រោយ​តំណាង​ក្រុម​អង្គការ​ខ្មែរ​ក្រោម និង​អង្គការ​ក្នុង​ស្រុក​ចំនួន ១០ បញ្ចប់​ថ្លែង​សេចក្ដី​ថ្លែង​ការណ៍ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ​រួច​មក ពួកគេ​ក៏​បាន​ស្នើ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ អ្នកស្រី​ (Rhona Smith) និង​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ បញ្ចូល​របាយការណ៍​របស់​សមាគម​ខ្មែរ​ក្រោម​ទៅ​ក្នុង អនុសាសន៍​អង្គការ​សហប្រជាជាតិ ដើម្បីជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួល​បាន​​សិទ្ធិ​សេរីភាព​ឡើង​វិញ ស្រប​ទៅ​តាម​កាតព្វកិច្ច​របស់​កម្ពុជា ចំពោះ​ច្បាប់​អន្តរជាតិ និង​អនុសាសន៍ របស់​របាយការណ៍​អង្កេត​ប្រចាំ​របស់​អង្គការ​សហប្រជាជាតិ សម្រាប់​ឆ្នាំ២០១៩ កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។