ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុក​ការ​ផ្សឹក​ព្រះសង្ឃ និង​ចាប់ខ្លួន​សកម្មជន​ពីរ​អង្គ​នាក់​ជា​អំពើ​រំលោភច្បាប់ និង​អមនុស្សធម៌

ដោយ ហ៊ុំ ចំរើន
2024.03.27
ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុក​ការ​ផ្សឹក​ព្រះសង្ឃ និង​ចាប់ខ្លួន​សកម្មជន​ពីរ​អង្គ​នាក់​ជា​អំពើ​រំលោភច្បាប់ និង​អមនុស្សធម៌ ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គល​បូរី ឬ​ហៅថា​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និង​សកម្មជន​សិទ្ធិ​ខ្មែរក្រោម​ពីរ​នាក់ លោក គឹម ឃីម លោក ថាច់ វាសនា ដែលត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤។។
Photo Courtesy of Congan.vinhlong.gov.vn

ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុក​ការ​ផ្សឹក​សកម្មជន​សង្ឃ និង​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ពីរ​នាក់​ជា​អំពើ​រំលោភច្បាប់ និង​អមនុស្សធម៌​។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុក​ចំណាត់ការ​របស់​ប្រទេស​វៀតណាម​នេះ គឺ​ការរំលោភ​លើ​សិទ្ធិ​ជំនឿ​សាសនា​ធ្ងន់ធ្ងរ ហើយ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​គួរ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​វៀតណាម​លើ​ករណី​ទាំងនេះ។

ប្រតិកម្ម​របស់​ពលរដ្ឋ​ខ្មែរក្រោម និង​មន្ត្រី​សិទ្ធិមនុស្ស​នេះ ក្រោយ​អាជ្ញាធរ​វៀតណាម​ខេត្ត​លង់​ហោ ​ដែល​វៀតណាម​ហៅថា​ ខេត្ត វិញ ឡុង (Vinh Long) បាន​ចាប់​ផ្សឹក​ព្រះចៅ​អធិការ​វត្ត​ប្រជុំ​ពល​មង្គល​បូរី ឬ​ហៅថា​វត្ត​ទ្រនំ​សេក ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និង​សកម្មជន​សិទ្ធិ​ខ្មែរក្រោម​ពីរ​នាក់ លោក គឹម ឃីម លោក ថាច់ វាសនា ក្រោយពី​ត្រឡប់​មក​ពី​ធ្វើ​ពិធីសូត្រមន្ត កាលពី​រសៀល​ថ្ងៃទី​២៦ ខែ​មីនា។

ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ វិញឡុង (Vinh Long) បាន​ចោទ​ប្រកាន់​ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និង​សកម្មជន​សិទ្ធិ​ខ្មែរក្រោម លោក គឹម ឃីម តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ដោយ​ចោទ​ពី​បទ «​កេង​ផលប្រយោជន៍​ពី​សេរីភាព ប្រជាធិបតេយ្យ ដើម្បី​រំលោភ​លើ​ផលប្រយោជន៍​រដ្ឋ សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អង្គការ និងបុគ្គល​»​។ អាជ្ញាធរ​វៀតណាម​ក៏បាន​ចោទប្រកាន់ លោក ថាច់ វាសនា តាម​មាត្រា ១៥៧ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ពី​បទ «​ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខណៈដែល​លោក​ចេញ​អន្តរាគមន៍​មក​លើ​ក្រុម​ក្មេង​ទំនើង និង​ជនខិលខូច​ដែល​ចូល​មក​លុកលុយ​វត្ត​អារាម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ចេញ​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៧ ខែ​មីនា ថ្កោលទោស​ចំពោះ​អាជ្ញាធរ​វៀតណាម​ដែល​ចាប់ខ្លួន និង​ផ្សឹក​ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និង​សកម្មជន​សិទ្ធិ​ខ្មែរក្រោម​ទាំងពីរ​រូប​នេះ​គឺជា​ទង្វើ​របស់​អាជ្ញាធរ​នគរបាល នៃ​រដ្ឋាភិបាល​វៀតណាម​កំពុងតែ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សិទ្ធិ​ជនជាតិ​ដើម នៃ​អង្គការ​សហប្រជាជាតិ។

សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម​ព្យាយាម​កេង​ចំណេញ​ពី​ខ្លឹមសារ​នៃ​មាត្រា​ច្បាប់ ព្រហ្មទណ្ឌ​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ គំរាមកំហែង បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដើម្បី​កុំឱ្យ​មាន​ស្មារតី​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុង​នាម​ជនជាតិ​ដើម។

កូនសិស្ស​របស់​ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា គឺ​ព្រះ​ភិក្ខុ យឿង ខាយ មាន​ថេរ​ដីកា​ថា​ ព្រះអង្គ​មិនអាច​ទទួល​យក​បាន​អំពើ​ព្រៃផ្សៃ​របស់​អាជ្ញាធរ​វៀតណាម​ ដែល​បាន​បាន​ចាប់ខ្លួន និង​ចាប់​ផ្សឹក​ដក​ស្បង់​ចីពរ​កណ្ដាលផ្លូវ​មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​។ ព្រះ​ភិក្ខុ យឿង ខាយ អះអាង​ថា ព្រះតេជព្រះគុណ ថាច់ ច័ន្ទដារ៉ា និង​ពលរដ្ឋ​ខ្មែរក្រោម​ពីរ​រូប​ទៀត​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​នោះ​ទេ ក្រៅពី​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដើម្បី​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម។

ព្រះភិក្ខុ យឿង ខាយ៖ «បង្ហាត់បង្រៀន​សិទ្ធិមនុស្ស បង្ហាត់បង្រៀន​សិទ្ធិ​ជនជាតិដើម​ដោយ​ព្រះសង្ឃ​អ៊ីចឹង​គេ​មិន​សប្បាយចិត្ត គេ​មាន​គំនុំគំកួន ដូច្នេះ​គេ​ចាប់​យើង​ទាំង​អត្តនោម័តិ គេ​ចាប់​យើង​តាមផ្លូវ ហើយ​គេ​លាត់​ស្បង់​យើង ហើយ​គេ​ផ្សឹក គេ​ថា​អំណាច​នៅ​លើ​គេ គេ​ចង់​ធ្វើ​អី ធ្វើ​ទៅ នេះ​គឺជា​អំពើ​ដែល​ព្រៃផ្សៃ​ឃោរឃៅ​បំផុត​របស់​មនុស្សជាតិ​ដែល​យួន​ធ្វើ​មក​លើ​ជនជាតិ​ខ្មែរ​ក្រោម​យើង»

ព្រះភិក្ខុ យឿង ខាយ ស្នើ​ដល់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ អង្គការសហប្រជាជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ឱ្យ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​មកវិញ និង​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ទង្វើ​គាបសង្កត់​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម។

ព្រះភិក្ខុ យឿង ខាយ៖ «និង​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ​នានា ជួយ​អន្តរាគមន៍​ដល់​ខ្មែរក្រោម​ពួក​ខ្ញុំ​ផង ខ្មែរក្រោម​ពួក​ខ្ញុំ​ជា​ជនជាតិ​ដើម​ហើយ​រស់នៅ​ក្រោម​អាណានិគម​យួន​ហ្នឹង គេ​ធ្វើ​បាន​គេ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់សព្វ ហើយ​គេ​ចោទ​យើង​ពី​បទ​អីចេះ​បទ​ចុះ ពេល​យើង​និយាយ​ការពិត​គេ​ចោទ​ពី​បទ​កុហក​ភូតភរ​កេង​ចំណេញ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ​ទៅ​វិញ ពេល​ដែល​យើង​និយាយ​ការពិត​គេ​ខឹង​ណាស់ គេ​មិន​សប្បាយ​ចិត្តនឹង​យើង គេ​រក​វិធី​ដើម្បី​កម្ចាត់​យើង​ចាប់​យើង»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មីនា។ ជុំវិញ​រឿង​នេះ នាយករង​ប្រចាំ​តំបន់​អាស៊ី​ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម​មាន​ចេតនា​យាយី​រើសអើង និង​បំពាន​លើ​មេដឹកនាំ​ខ្មែរក្រោម​ដែល​ក្រោក​ឈរឡើង​ដើម្បី​ការពារ ភាសា វប្បធម៌ និង​ព្រះពុទ្ធសាសនា​ថេរវាទ​។ លោក ហ្វីល រ៉ូប៉ឺតសុន បន្ថែម​ថា ការ​បង្ក្រាប​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​កាន់​តែ​ខ្លាំង​រហូត​ឈាន​ដល់​ដល់​ការ​ចាប់ខ្លួន​ព្រះចៅ​អធិការ​បង្ហាញ​ថា រដ្ឋាភិបាល​វៀតណាម មិន​គោរព​ជំនឿ​សាសនា​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម។

លោក ហ្វីល រ៉ូប៉ឺតសុន បន្ត​ថា ក្រសួង​ការបរទេស​អាមេរិក​ត្រូវតែ​ទទួលស្គាល់​​ជា​ចុងក្រោយ​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​រលក​ការគាបសង្កត់​នេះ ហើយ​កំណត់​ជា​ផ្លូវការ​ថា​វៀតណាម​ជា​ប្រទេស​ ដែល​មាន​ការ​ព្រួយបារម្ភ​ជាជា​ពិសេស ចំពោះ​ការរំលោភ​លើ​សេរីភាព​សាសនា​។ លោក​ថា មានតែ​ការ​ដាក់ទណ្ឌកម្ម​ពី​ម្ចាស់​ជំនួយ​របស់​ប្រទេស​វៀតណាម​រួមមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ទេ ទើប​អាច​បញ្ឈប់​របស់​ការ​ធ្វើ​ទុក្ខ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម។

លោក ហ្វីល រ៉ូប៉ឺតសុន៖ «រលក​នៃ​ការគាបសង្កត់​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ខ្មែរក្រោម​កំពុង​ឈាន​ដល់​កម្រិត​ថ្មី​មួយ ដែល​គួរតែ​ជំរុញ​ឱ្យ​មាន​ចំណាត់ការ​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋាភិបាល ​ដែល​អះអាង​​ថា មិន​យកចិត្តទុកដាក់​ចំពោះ​សិទ្ធិមនុស្ស។ វា​មិន​អាច​ទទួលយក​បានទេ​ សម្រាប់​ដៃគូ​ពាណិជ្ជកម្ម និង​ម្ចាស់​ជំនួយ​របស់​វៀតណាម​អង្គុយ​ក្បែរ ហើយ​មិន​ធ្វើ​អ្វី​ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ឡើយ»

កន្លងមក​អាជ្ញាធរ​វៀតណាម​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ព្រះសង្ឃ ពុទ្ធបរិស័ទ​ខ្មែរក្រោម​វត្ត​ទ្រនំ​សេក​។ ជាក់ស្ដែង​ កាល​ជាក់ស្ដែង​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ សមាគម​ពុទ្ធសាសនា​របស់​រដ្ឋាភិបាល​វៀតណាម បាន​ចេញ​លិខិត​ចោទប្រកាន់​ព្រះអង្គ ថាច់ ច័ន្ទដារ៉ា ថា បាន​រំលោភ​ធម៌​វិន័យ​ ហើយ​គ្រោង​នឹង​ដក​តួនាទី​។ ប៉ុន្តែ​ ដោយមាន​ការ​ប្រឆាំង​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម ក្រុម​មន្ត្រី​សង្ឃ​នៃ​សមាគម​ពុទ្ធសាសនា​វៀតណាម​បាន​ដកថយ​ទៅវិញ​។ ចំណែក​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា អាជ្ញាធរ និង​ក្រុម​ជើងកាង​វៀតណាម​ជាង ៥០នាក់​ បាន​លើកគ្នា​មក​អុកឡុក​វត្ត​ទ្រនំ​សេក ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​បាន​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​រារាំង រហូតដល់​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ ៣អង្គ​/​នាក់ ត្រូវ​ទទួលរង​នូវ​អំពើ​ហិង្សា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។