មន្រ្តីសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសុំអន្តរាគមន៍ពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិ មួយចំនួនឲ្យដាក់គំនាបទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមកំណើត ដោះលែងកសិករខ្មែរក្រោម និងឈប់ធ្វើទុក្ខបុកម្នេញលើកសិករ និងយុវជនខ្មែរក្រោមផ្សេងទៀត។
សំណើសុំអន្តរាគមន៍ពីប្រទេសលោកខាងលិចនិងស្ថាប័នអន្តរជាតិនេះ ធ្វើឡើងដោយសារតែ អាជ្ញាធរវៀតណាមនៅខេត្ត ក្រមួនស កាលពីថ្ងៃទី៨ ខែមិថុនាបានចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប ជាកសិករខ្មែរក្រោមពីបទ «ប្រើអំពើហិង្សាមកលើកងកម្លាំងសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ»។ តុលាការខេត្តនេះ បានកាត់ទោសលោកឲ្យជាប់ពន្ធនាគារពីរឆ្នាំ បន្ទាប់ពីអាជ្ញាធរវៀតណាម ប្រមាណជាង ១០០ នាក់ បានចុះទៅរឹបអូសយកដីកសិករខ្មែរក្រោមជាង ៣.០០០ ហិកតារ ប៉ុន្តែប្រជាពលរដ្ឋខ្មែរក្រោមមិនព្រមរហូតដល់ផ្ទុះអំពើហិង្សា បណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមជាង ១០ នាក់រងបួស។ បន្ទាប់ពីការបង្ក្រាបនោះមក ខ្មែរក្រោមបួននាក់ រួមទាំងលោក ហ្វិន វ៉ាំងឌែបផង ត្រូវបានតុលាការកាត់ឲ្យជាប់ពន្ធនាគារម្នាក់ៗចាប់ពី ៦ ខែ ទៅ ២ ឆ្នាំ ប៉ុន្តែកសិករខ្មែរក្រោមបីនាក់ទៀតត្រូវសាលាឧទ្ធរណ៍វៀតណាមអនុញ្ញាតឲ្យនៅក្រៅឃុំ ៦ ខែ តែតុលាការមិនអនុញ្ញាតឲ្យលោក ហ្វិន វ៉ាំងឌែប នៅក្រៅឃុំនៅទេ។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរដីកាថា ការឃាត់កសិករខ្មែរក្រោមដាក់ពន្ធនាគារនេះ គឺវៀតណាមមានចេតនាបំបាក់ស្មារតីខ្មែរក្រោម មិនឲ្យហ៊ានងើបឡើងតវ៉ារឿងដីធ្លី និងទាមទារសិទ្ធិជាជនជាតិដើមកំណើត៖ «អាជ្ញាធរវៀតណាមហ្នឹងប្លន់យកដីស្រែចំការនៅខេត្តក្រមួនសហើយនៅពេលដែលកសិករខ្មែរក្រោមទាមទារដីស្រែចំការមកវិញហ្នឹង គឺត្រូវបានអាជ្ញាធរវៀតណាមរារាំងហាមឃាត់ ហើយនៅពេលកសិករខ្មែរក្រោមក្រោកឡើងតវ៉ាទាមទារមកវិញ ត្រូវបានគេចោទប្រកាន់ថា ខ្មែរក្រោមទៅយកដី របស់រដ្ឋវិញ។ ចំណុចរួមដែលអាជ្ញាធរវៀតណាមចោទប្រកាន់កសិករខ្មែរក្រោមហើយចាប់ដាក់ពន្ធនាគារដើម្បីសំឡុតបំភ័យមិនឲ្យខ្មែរក្រោមហ្នឹងទាមទារ នៅដីធ្លីរបស់ខ្លួន និងដើម្បីកុំឲ្យខ្មែរក្រោមងើបតវ៉ារឿងសិទ្ធិមនុស្ស»។
ទោះបីជាលោក ហ្វិន វ៉ាំងឌែប ត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគារ ប៉ុន្តែតុលាការកាលពីខែឧសភា មិនទាន់ចាប់ខ្លួនលោកនោះទេ ប៉ុន្តែសមត្ថកិច្ចវៀតណាម ចាប់ខ្លួនលោកជាបន្ទាន់ បន្ទាប់ពីលោកបានចូលរួមប្រារព្ធខួប ៧២ ឆ្នាំនៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោម។ លោក ហ្វិន វ៉ាំងឌែប បានចូលរួមទេវិកាជជែកតាមបណ្តាញសង្គម ពីបញ្ហាបាត់បង់ទឹកដី និងរឿងសាលក្រមតុលាកាកាត់ទោសកសិករខ្មែរទាំងអយុត្តិធម៌ជាដើម។ មុនពេលចាប់ខ្លួន លោក ហ្វិន វ៉ាំងឌែប ក៏ទើបបង្កើតទំព័រ (Facebook) ដោយដាក់រូប (Profile) លោកមានភ្ជាប់នឹងសញ្ញា ៧២ ឆ្នាំ នៃបាត់បង់ទឹកដីរបស់ខ្មែរក្រោម។ លោកក៏បានផ្សព្ធផ្សាយបន្តព័ត៌មានរបស់សហព័ន្ធខ្មែរក្រោម និងការប្រារព្ធខួបបបាត់បងទឹកដី។ លោកក៏ធ្លាប់ប្រាប់អាស៊ីសេរីថា លោកមិនបានបង្កអំពើហិង្សា និងស្នើឲ្យវៀតណាមកុំធ្វើទុក្ខបុកម្នេញលោក។
ពាក់ព័ន្ធរឿងនេះ ព្រះ ភិក្ខុ សឺង យ៉ឹងរតនា សង្ស័យថា អាជ្ញាធរវៀតណាមចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប ដើម្បីសងសឹកចំពោះលោកដែលហ៊ានធ្វើការតស៊ូមតិ និងផ្សព្ធផ្សាយព័ត៌មានស្តីពីការបាត់បងទឹកដីខ្មែរកម្ពុជាក្រោម៖ « ហ្នឹងមូលហេតុដែលចាប់ខ្លួនលោក ហ្វិន វ៉ាំងឌែប ដោយសារតែគាត់ហ៊ានផ្សព្វផ្សាយរឿងពិត គាត់ហ៊ាន មិនទទួលស្គាល់អាជ្ញាធរវៀតណាមហ្នឹងចោទប្រកាន់ចំពោះគាត់រឿងដីធ្លី ហើយគាត់ហ៊ានដាក់ ប្រ៊ូហ្វាល (Profile) សញ្ញាខួប៧២ឆ្នាំខ្មែរក្រោមនៅក្រោមអាណានិគមយួនហ្នឹង»។
ព្រះភិក្ខុ សឺង យ៉ឹងរតនា ឲ្យដឹងថា សមត្ថកិច្ចវៀតណាមបានបញ្ជាឲ្យសាច់ញាតិ លោក ហ្វិន វ៉ាំងឌែប លុបចោលព័ត៌មានទាំងអស់នៅក្នុងទំព័រ (Facebook) របស់លោក។ អាស៊ីសេរីបានពិនិត្យ ទំព័រ (Facebook) របស់លោក ហ្វិន វ៉ាំងឌែប ឃើញថា ព័ត៌មានទាំងអស់ ដែលលោកបានផ្សព្វផ្សាយមុនពេលចាប់ខ្លួនត្រូវបានគេ លុបចោលទាំងអស់។
អាជ្ញាធរវៀតណាម ក៏បានសំឡុតបំភ័យ យុវជនខ្មែរក្រោមម្នាក់ទៀត ដោយសារតែលោកបង្ហោះព័ត៌មានតាមបណ្តាញសង្គមជុំវិញរឿងបាត់បង់ទឹកដី។ យុវជនខ្មែរក្រោមលោក ថាច់ កឿង ដែលកំពុងនៅក្រោមការត្រួតត្រារបស់វៀតណាម នៅខេត្តព្រះត្រពាំងថា ក្នុងថ្ងៃរំលឹកខួបបាត់បង់ទឹកដីខ្មែរក្រោម លោកបានបង្ហោះរូបទង់ជាតិ និងផែនទីខ្មែរក្រោម តាមបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែ ត្រូវបានអាជ្ញាធរវៀតណាមបញ្ជាឱ្យលុបរូបនោះចោល និងព្រមានថា ពួកគេនឹងទៅសួរនាំលោកដល់កន្លែងស្នាក់នៅ។ លោកថា ទោះបីមានការគំរាមគំហែងដូច្នោះក្តី លោកនៅតែរក្សាស្មារតីរក្សាការទាមទារសិទ្ធិជាជនជាតិដើមកំណើត។
ខ្មែរកម្ពុជាក្រោមទើបបានប្រារព្ធខួបបាត់បង់ទឹកដីលើកទី ៧២ ឆ្នាំ កាលពីថ្ងៃទី៤ ខែមិថុនា។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានជ្រើសរើសយកសារឲ្យខ្មែរក្រោមទាំងអស់ងើបឡើងដើម្បីទាមទារសិទ្ធិជាជនជាតិដើមកំណើត។ សារនេះ ក៏ដើម្បីរំលឹករដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិមនុស្សជនជាតិដើមកំណើត។
របាយការណ៍សហព័ន្ធខ្មែរក្រោមប្រចាំឆ្នាំឲ្យដឹងថា កាលពីឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាជ្ញាធរវៀតណាម បានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងយុវជនខ្មែរក្រោម មិនឲ្យផ្សព្វផ្សាយប្រវត្តិសាស្ត្រពិតនៃការបាត់បង់ទឹកដី និងសិទ្ធិចែកចាយព័ត៌មានតាមបណ្ដាញសង្គម។ យុវជនខ្មែរក្រោមមួយចំនួន ត្រូវបានអាជ្ញាធរវៀតណាមចាប់ផាកពិន័យរាប់រយដុល្លារ និងបានរឹបអូសសៀវភៅ ស្ដីពីសិទ្ធិជនជាតិដើមកំណើតជាដើម។ ចំណែកកសិករខ្មែរក្រោមដែលត្រូវអាជ្ញាធររឹបអូសយកដីស្រែកេរ្តិ៍ដូនតា ក៏ត្រូវតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំទាំងអយុត្តិធម៌ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។