អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំងបានកោះហៅឲ្យយុវជនខ្មែរកម្ពុជាក្រោមម្នាក់ ក្នុងចំណោមពីរនាក់ ឲ្យបង់ប្រាក់ពិន័យ ដោយសារតែគេបង្គោះអត្ថាធិប្បាយតាមបណ្ដាញសង្គមរឿងប្រវត្តិសាស្ត្រខ្មែរក្រោម។ យុវជនខ្មែរក្រោមនៅតែរក្សាជំហរថា ពួកគេនឹងមិនបង់ប្រាក់ ពិន័យឲ្យអាជ្ញាធរវៀតណាមនោះទេ ដោយសារតែពួកគេ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែជំងឺ Covid-19 និងពួកគេយល់ថា ពួកគេមិនបានប្រព្រឹត្តកំហុស។
យុវជនខ្មែរកម្ពុជាក្រោម តោ ហ្វាងចឿង ដែលត្រូវអាជ្ញាធរវៀតណាមបន្តបង្ខំឲ្យបង់ពិន័យរាប់រយដុល្លារនោះ អះអាងថា លោកនឹងមិនបង់ប្រាក់ពិន័យនោះទេ ទោះបីលោកត្រូវអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារក៏ដោយចុះ។ ការប្ដេជ្ញាចិត្តមិនចុះចាញ់ អាជ្ញាធរវៀតណាមនេះ ដោយសារតែអាជ្ញាធរវៀតណាមនៅខេត្ត ព្រះត្រពាំង បានផ្ញើលិខិត រម្លឹកឲ្យលោកសងប្រាក់ពិន័យចំនួន ៣០០ដុល្លារ កាលពីសប្ដាហ៍មុន ប៉ុន្តែមិនបានកំណត់ពេលវេលាឲ្យលោក សងប្រាក់ពិន័យច្បាស់លាស់នោះទេ។
កាលពី ខែ មិថុនា អាជ្ញាធរវៀតណាមបានផាកយុវជននេះ ចោទប្រកាន់ករណីប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការបាត់បង់ទឹកដីខ្មែរក្រោម ក្នុងខួបបាត់បង់ទឹកដីលើកទី ៧១ឆ្នាំ។ ក្រោយការចែកចាយព័ត៌មាននេះ ភ្លាមអាជ្ញាធរបានផ្ញើលិខិតកោះហៅ យុវជន តោ ហ្វាងចឿង ទៅជួបដោយបញ្ចុះបញ្ចូលលោក ឲ្យធ្វើជាភ្នាក់ងារសម្ងាត់វៀតណាមដើម្បីតាមដានខ្មែរក្រោមណា ដែលហ៊ានរិះគន់អាជ្ញាធរវៀតណាម ប៉ុន្តែ លោកបានបដិសេធទើបអាជ្ញាធរវៀតណាមសម្រេចផាកពិន័យ។ យុវជន តោ ហ្វាងចឿង បានបដិសេធមិនសងប្រាក់ពិន័យនោះទេ ដោយសារតែលោកគ្មានប្រាក់ ដើម្បីបង់ដោយសារតែលោកជួបប្រទះបញ្ហាជីវភាពបណ្ដាលមកពីវិបត្តិជំងឺ Covid-19។ យុវជន តោ ហ្វាងចឿង បានសុំពន្យារពេល មិនសងប្រាក់ពិន័យ មកទល់សព្វថ្ងៃនេះ។
យុវជន តោ ហ្វាងចឿង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២៧ កញ្ញាថា អាជ្ញាធរវៀតណាមចិញ្ចឹមចិត្តសងសឹកលោក ទើបមិនព្រមទទួលសំណើផ្អាកបង់ប្រាក់ពិន័យនេះ៖ «ករណីត្រូវបង់លុយពិន័យ ពួកប្អូនប្ដេជ្ញាថា មិនបង់ទេ ពីព្រោះគេរំលោភសិទ្ធិសេរីលើយើង យើងមិនត្រូវបង់ទេ។ រឿងការចាប់ខ្លួនយើងមិនខ្លាចជាដាច់ខេត្ត»។
យុវជន តោ ហ្វាងចឿង មិនមែនត្រូវអាជ្ញាធរពិន័យមួយករណីនោះទេ។ កាលពីដើមខែកញ្ញានេះ វៀតណាមក៏បានពិន័យលោក ប្រាំរយដុល្លារ ដោយចោទប្រកាន់លោកថា លោកបើកលក់ហ្គាស សម្រាប់ចម្អិនអាហារដោយគ្មានការអនុញ្ញាត។ ទោះបីយ៉ាងណាយុវជន តោ ហ្វាងចឿង អះអាងថា នេះជាលេសសងសឹកលោករបស់អាជ្ញាធរវៀតណាម តែប៉ុណ្ណោះ ពីព្រោះលោកមានច្បាប់អនុញ្ញាតឲ្យលក់ដូរត្រឹមត្រូវ។
អាជ្ញាធរវៀតណាម បានចាប់ផ្ដើមរឹតបណ្ដឹងសេរីភាពខ្មែរក្រោមខ្លាំងឡើងវិញម្ដងទៀតនៅឆ្នាំ ២០២០ នេះ។ អាជ្ញាធរវៀតណាម បានចាប់ពលរដ្ឋខ្មែរក្រោម ម្នាក់ដាក់ពន្ធនាគារ ដោយសារតែពលរដ្ឋខ្មែរក្រោមបានងើបឡើងតវ៉ាប្រឆាំងនឹងការរឹបអូសដីស្រែចម្ការរបស់ពួកគេ ដោយគ្មានដំណោះស្រាយ និងសំណង។ បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមរូបនោះ ត្រូវអាជ្ញាធរវៀតណាម ដោះលែងហើយ បន្ទាប់ពីត្រូវជាប់ឃុំក្នុងពន្ធនាគារអស់ជាច្រើនខែមក។
វៀតណាម ក៏បានផាកយុវជនខ្មែរក្រោមម្នាក់ទៀត ឈ្មោះ ថាច់ កឿង ចំនួន បីរយដុល្លារ ដោយសារតែលោកប្រើប្រាស់បណ្ដាញសង្គម ដើម្បីសំដែងមតិ ប៉ុន្តែអាជ្ញាធរវៀតណាមចាត់ទុកទង្វើទាំងនោះជាការ ល្មើសច្បាប់សន្តិសុខអ៊ិនធឹណិតវៀតណាមទៅវិញ។ ការចាប់ផ្ដើមគាបសង្កត់ខ្មែរក្រោមនេះ ដោយសារតែសហព័ន្ធខ្មែរក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងពលរដ្ឋក្រោមនៅក្រៅប្រទេស បានរួបរួមគ្នាធ្វើការតស៊ូមតិដោយអហិង្សា ដើម្បីទាមទារសិទ្ធិស្វ័យសម្រេចវាសនា ដោយខ្លួនឯងទៅថ្ងៃអនាគត។
យុវជន ថាច់ កឿង ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៧ កញ្ញាថា ដោយសារតែលោកជួបបញ្ហា ជីវភាពទើបលោក ស្នើសុំឲ្យអាជ្ញាធរវៀតណាមពន្យារពេលប្រាក់ពិន័យ។ យុវជន ថាច់ កឿង ត្រូវវៀតណាមផាកដោយសារតែលោក រិះគន់គុណភាពអក្សរវៀតណាម ដែលចែកចាយឲ្យខ្មែរក្រោមណាដែលរងផលប៉ះពាល់ដោយសារតែ ជំងឺcovid-19។ យុវជន ថាច់ កឿង បច្ចុប្បន្នជាអ្នកនិពន្ធបទចម្រៀងខ្មែរក្រោម និងលក់សំលៀកបំពាក់ប្រពៃណីខ្មែរ។ លោកថា ថ្មីៗ នេះ សមត្ថកិច្ចវៀតណាម បានព្រមានមិនឲ្យលោកនិពន្ធចម្រៀងឲ្យខ្មែរក្រោមច្រៀង ដែលបង្កប់អត្ថន័យស្នេហាជាតិ៖ «ដូច្នោះវាប្រាប់ថា កុំឲ្យនិពន្ធបទចម្រៀងស្នេហាជាតិ មានជម្រៅពេក ព្រោះបើមានជម្រៅពេកខ្លាចមានពាក់ព័ន្ធ » ។
ពាក់ព័ន្ធនឹងការបន្តទាមទារឲ្យខ្មែរក្រោមសងប្រាក់ពិន័យទាំងពលរដ្ឋខ្មែរក្រោម កំពុងជួបវិបត្តិ សេដ្ឋកិច្ចនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ថ្កោលទោសទង្វើរបស់អាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម។ ព្រះអង្គបន្តថា យុវជនខ្មែរក្រោម គ្មានកំហុសអ្វីនោះ ពីព្រោះពួកគេនិយាយការពិត ដើម្បីទាមទារសិទ្ធិជាជនជាតិដើមកំណើត៖ «រដ្ឋាភិបាលវៀតណាម គួរតែពិចារណាឡើងវិញ ហើយគួរតែទម្លាប់ចោលបទចោទទាំងអស់នោះ ហើយមិនត្រូវផាកពិន័យយុវជនខ្មែរក្រោម ប្រើបណ្ដាញសង្គម (Facebook) ផ្សព្វផ្សាយ រឿងទឹកដីកម្ពុជាក្រោមឡើយ»។
ឆ្លើយតបទៅនឹងការបន្តតាមយាយីខ្មែរក្រោមពីសំណាក់អាជ្ញាធរវៀតណាមនេះ អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងនៅក្រៅស្រុក ធ្លាប់ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលជាអាណាព្យាបាលពលរដ្ឋខ្មែរ ឲ្យជួយអន្តរាគមន៍ទៅវៀតណាមឲ្យឈប់ធ្វើបាបខ្មែរក្រោមនោះ មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរីថា កម្ពុជាមិនអាចជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់វៀតណាមបាននោះទេ។ កន្លងមកទោះបីកម្ពុជាមិនចង់ជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុង វៀតណាមក៏ដោយ ប៉ុន្តែវៀតណាម តែងតែបង្គាប់ឲ្យរដ្ឋាភិបាលកម្ពុជា មើលពលរដ្ឋរបស់គេឲ្យបានត្រឹមត្រូវ។ កាលពីពេលថ្មីៗ រដ្ឋាភិបាលខ្មែរសុខចិត្តទិញដីចែកជូនពលរដ្ឋវៀតណាមជាច្រើនរយគ្រួសារនៅខេត្ត កំពង់ឆ្នាំង ដើម្បីឲ្យជនជាតិវៀតណាមទាំងនោះឈប់រស់នៅលើទឹក បំពុលបរិស្ថាននទន្លេសាប។ អង្គការការពារសិទ្ធិមនុស្សខ្មែរក្រោមធ្លាប់លើកឡើង ដោយសារតែ រដ្ឋាភិបាលមិនជួយដល់ពលរដ្ឋខ្មែរក្រោមនេះហើយទើប ធ្វើឲ្យពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែវៀតណាម ធ្វើបាបរាប់រយនាក់ មិនអាចស្នាក់នៅកម្ពុជាបាន ទើបពួកគេបន្តដំណើរទៅប្រទេសថៃ ដើម្បី សុំសិទ្ធិជ្រកកោននៅប្រទេសទីបី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។