សហព័ន្ធខ្មែរកម្ពុជាក្រោមពន្យារពេលប្រជុំមហាសន្និបាតដោយសារតែជំងឺ Covid-19
2020.08.23
សហព័ន្ធខ្មែរកម្ពុជាក្រោម បាន សម្រេចពន្យារពេល ប្រជុំមហាសន្និបាតដែលគ្រោងនឹងធ្វើឡើងនៅដើមខែកញ្ញា ខាងមុខនេះ ដោយសារតែជំងឺ covid-19 កំពុងរាតត្បាត។ តាមគំរោងកិច្ចប្រជុំនេះ នឹងធ្វើការបោះឆ្នោតជ្រើសរើស គណៈកម្មការនាយក រួមទាំងជ្រើសរើសប្រធានប្រតិបត្តិថ្មីសម្រាប់រយៈពេល៤ឆ្នាំម្តង។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម មានថេរដីកាថា ការពន្យារពេលនេះ នឹងធ្វើរហូតដល់ជំងឺ Covid-19 បានធូរស្រាល។ ព្រះអង្គបន្ថែមទៀតថា សហព័ន្ធកំពុងបន្តធ្វើការងារ ការពារសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម មិនឲ្យមានការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរវៀតណាម ទោះបីវិបត្តិនៃជំងឺ Covid-19 កំពុងរាតត្បាតក៏ដោយ។ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានបង្កើតឡើងដោយសហគមន៍ខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស កាលពីឆ្នាំ ១៩៨៥ ដើម្បីបំរើខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត និងតស៊ូមតិដោយអហិង្សា មិនឲ្យអាជ្ញាធរវៀតណាម រំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមកំណើត។
ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាបន្តទៀតថា ទោះបីកន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើការតស៊ូមតិលើកឆាកអន្តរជាតិ យ៉ាងខ្លាំងក្លា ក៏ដោយ ប៉ុន្តែអាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម រួមមានការចាប់ចងពលរដ្ឋខ្មែរក្រោមក្រីក្រម្នាក់ដាក់ពន្ធនាគារ និងហាមឃាត់យុវជនខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្តាញសង្គមដើម្បីចែកចាយព័ត៌មានពីប្រវត្តិសាស្ត្រ ខ្មែរក្រោមជាដើម។ ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ជាព្រះចៅអធិការ វត្ត ខេមរង្ស៊ីផងនោះ បន្តទៀតថា វត្តមានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានភាពចាំបាច់ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជាក្រោម៖ «សហព័ន្ធខ្មែរកម្ពុជាក្រោមបង្កើតឡើងដើម្បីបំរើខ្មែរក្រោម ហើយតួនាទីសំខាន់ក្នុងការជំរុញឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិ ខ្មែរក្រោមជាម្ចាស់ស្រុក ជាជាតិដើម»។
ទឹកដីខ្មែរក្រោមរួមមាន ២១ខេត្ត ត្រូវបានបារាំងកាត់ឲ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់អស់រយៈ ៧២ឆ្នាំមកហើយ។ បច្ចុប្បន្នខ្មែរក្រោមនៅទូទាំងពិភពលោក កំពុងធ្វើយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។