ក្រុមគ្រួសារជនរងគ្រោះ ស្រ្តីខ្មែរក្រោមបានដាក់ពាក្យបណ្តឹងទាមទារយុត្តិធម៌ ក្រោយជនជាតិវៀតណាមបាញ់ឲ្យត្រូវរបួសជើងក្នុងករណីជម្លោះដីធ្លី
2022.10.05

ក្រុមគ្រួសារជនរងគ្រោះស្រ្តីខ្មែរក្រោមដែលត្រូវជនសង្ស័យជាជនជាតិវៀតណាមបាញ់ឲ្យត្រូវរបួសជើងក្នុងករណីជម្លោះដីធ្លីបានដាក់ពាក្យបណ្តឹងទាមទារយុត្តិធម៌ និងជំងឺចិត្ត។ ការដាក់បណ្តឹងនេះ ធ្វើឡើងស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្កោលទោសអាជ្ញាធរវៀតណាម ដែលបណ្តែតបណ្តោយឲ្យជនសង្ស័យបាញ់ប្រហារពលរដ្ឋខ្មែរក្រោម។
ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅការិយាល័យប៉ូលិសខេត្តក្រមួនសហើយ កាលពីសប្តាហ៍មុន។ ប៉ុន្តែសមត្ថកិច្ចវៀតណាម មិនទាន់បានបង្ហាញព័ត៌មានលំអិតអំពីជនសង្ស័យ និងអ្នកនៅពីក្រោយអំពើហិង្សាដែលបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារទៅលើហ្វូងបាតុករខ្មែរក្រោម បណ្តាលឲ្យស្រ្តីខ្មែរក្រោមម្នាក់របួសជើងនៅឡើយទេ។
លោក ចៅ ផល្លា បងប្រុសជនរងគ្រោះ ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី យ័ញ ធីចាន់ផៃ បានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចវៀតណាម យកជនល្មើសទៅតុលាការដើម្បីផ្តន្ទាទោស និងផ្តល់សំណងជំងឺចិត្ត ក្រោយចេញពីមន្ទីរពេទ្យ ព្យាបាលជំងឺរួចមក។
កាលពីថ្ងៃទី២៧ ខែកញ្ញា ជនរងគ្រោះត្រូវជនជាតិវៀតណាមម្នាក់ បានប្រើប្រាស់អាវុធខ្លី បាញ់ទៅលើក្រុមបាតុករខ្មែរក្រោម ដែលងើបឡើងប្រឆាំងការបង្ខំបណ្តេញពីសំណាក់អាជ្ញាធរ និងជនជាតិវៀតណាម ដើម្បីយកដីដែលពួកគេបានអាស្រ័យផល និងរស់នៅប្រមាណ ៣០ឆ្នាំមកហើយ។ ពេលតវ៉ានោះ ក៏មានផ្ទុះអំពើបង្កឡើងដោយក្រុមជើងកាងជនជាតិវៀតណាម ដែលពលរដ្ឋអះអាងថា បានសហការនឹងអាជ្ញាធរវៀតណាម ប្រមាណ ២០នាក់ ដែលបាននាំគ្រឿងចក្រមកឈូសឆាយដីរបស់ពលរដ្ឋរងគ្រោះ ដើម្បីហ៊ុំព័ទ្ធរបងយកដី។ កន្លងមកពលរដ្ឋខ្មែរក្រោមបានព្យាយាមសុំអាជ្ញាធរវៀតណាមឲ្យចេញប្លង់ដីដើម្បីទទួលបានកម្មសិទ្ធិដែរ ប៉ុន្តែវៀតណាមបានបដិសេធ រហូតដល់អាជ្ញាធរនិងជនជាតិវៀតណាមបានលើកគ្នាមកបណ្តេញពលរដ្ឋខ្មែរក្រោមចេញដើម្បីយកដីដោយគ្មានសំណងតែម្តង។ សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក យឿង ខាយ ដែលបានតាមដានករណីអំពើហិង្សានេះ បានថ្កោលទោសអាជ្ញាធរវៀតណាមដែលតែងតែប្រើប្រាស់អំពើហិង្សាលើពលរដ្ឋខ្មែរក្រោម នៅពេលពួកគេងើបឡើងតវ៉ាទាមទារសិទ្ធិនិងដីធ្លី៖ «ខ្មែរកម្ពុជាក្រោមដែលអាជ្ញាធរវៀតណាមសហការនឹងជើងកាងបាញ់ឲ្យត្រូវរបួសហ្នឹងជាអំពើព្រៃផ្សៃមកលើពលរដ្ឋខ្មែរក្រោមយើងយ៉ាងធ្ងន់ធ្ងរប្អូនមិនអាចទទួលយកបានទេ»។
នេះមិនមែនជាករណីទីមួយដែលអាជ្ញាធរបានប្រើប្រាស់អំពើហិង្សា វាយនិងបង្ក្រាប យកដីស្រែ និងផ្ទះសម្បែងពលរដ្ឋខ្មែរក្រោមដោយខុសច្បាប់ និងមិនផ្តល់សំណងនោះទេ។ កាលពីខែឧសភា ឆ្នាំ២០២០ អាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស ទាហាន ប្រមាណជាង ១០០នាក់ បានចុះទៅរឹបអូសយកដីកសិករខ្មែរក្រោម អស់ជាច្រើនពាន់ហិកតារដោយគ្មានសំណង។ ពលរដ្ឋខ្មែរក្រោមបានធ្វើការតវ៉ា រហូតដល់ អាជ្ញាធរវៀតណាមប្រើអំពើហិង្សាលើពលរដ្ឋខ្មែរក្រោមបណ្តាលឲ្យមនុស្សប្រមាណ ១០នាក់រងបួស។ អាជ្ញាធរវៀតណាមក្រោយវាយពលរដ្ឋខ្មែរក្រោម ឲ្យរងរបួសហើយ ក៏បានចាប់ពលរដ្ឋខ្មែរក្រោមបីនាក់ដាក់ពន្ធនាគារជាច្រើនឆ្នាំ ដោយចោទខ្មែរក្រោមថា «ប្រើអំពើហិង្សាលើសមត្ថកិច្ច និងបទប្រឆាំងនឹងអាជ្ញាធរសាធារណៈ»។
បច្ចុប្បន្នពលរដ្ឋខ្មែរក្រោមទាំងបីនាក់ កំពុងជាប់ពន្ធនាគារនៅឡើយទេ។ ជុំវិញ ការបន្តប្រើប្រាស់អំពើហិង្សាលើពលរដ្ឋខ្មែរក្រោមឥតស្រាកស្រាន្តនេះ ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ភិក្ខុ សឺង យ៉ឹងរតនា ក៏ថ្កោលទោសអាជ្ញាធរវៀតណាម និងស្នើឲ្យវៀតណាម ត្រូវតែវែកមុខរកជនសង្ស័យដើម្បីផ្តល់យុត្តិធម៌ដល់ខ្មែរក្រោម ដែលជាជនរងគ្រោះ៖ «នៅប្រទេសវៀតណាមប្រជាជនមិនអាចកាន់កាំភ្លើងបានទេប៉ុន្តែអាជ្ញាធរសហការនៅពីក្រោយជើងកាងវៀតណាម បង្ក្រាបកសិករខ្មែរក្រោមហើយ ប្រើអំពើហិង្សាហើយធ្វើឲ្យកសិករខ្មែរក្រោមរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះជាអំពើព្រៃផ្សៃរបស់វៀតណាមដែលបានបំបិទសិទ្ធិសេរីភាពរបស់កសិករខ្មែរក្រោម»។
របាយការណ៍ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ២០២២ រកឃើញ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបង្កឡើងដោយរដ្ឋាភិបាលកុម្មុយនីសវៀតណាម។ បញ្ហាទាំងនោះរួមមាន ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ការធ្វើទារុណកម្ម ចាប់ខ្លួន និងឃុំឃាំងមនុស្ស យ៉ាងអាណាធិបតេយ្យ ពីសំណាក់អាជ្ញាធរនិងភ្នាក់ងាររដ្ឋាភិបាល ហើយសិទ្ធិកាន់កាប់ដីធ្លីក៏រងការរំលោភបំពានដែរ។ច្បាប់វៀតណាមកំណត់ថា ដីជាសម្បត្តិរបស់រដ្ឋ ហើយរដ្ឋមានសិទ្ធិសម្រេច រួមទាំងតម្លៃ ការបែងចែក និងការរឹបអូសដីដើម្បីប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដែលបញ្ហានេះបណ្តាលឲ្យមានអំពើពុករលួយនិងអយុត្តិធម៌។ជម្លោះដីធ្លីតែងកើតមានឡើងនៅពេលមានការបែងចែកដីដើម្បីបង្កើតជាគំរោងអភិវឌ្ឍន៍ដែលបណ្តាលឲ្យមានការមិនសប្បាយចិត្តពីសាធារណៈជន។
ក្រសួងការបរទេសក៏រកឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍បានជួលប៉ូលិសស្លៀកពាក់ស៊ីវិល និងក្រុមជើងកាងទៅគំរាមកំហែងពលរដ្ឋ ដើម្បី រឹបអូសដីធ្លីនិងផ្ទះសម្បែងពលរដ្ឋ។ អាជ្ញាធរ និងតុលាការវៀតណាម ក៏តែងតែ ចោទប្រកាន់ពលរដ្ឋដែលហ៊ានតវ៉ា ការបណ្តេញចេញពីបទ ប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងបង្កសកម្មភាពអសណ្តាប់ធ្នាប់សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។