អ្នក​ច្បាប់​ថា​ការ​ចាប់​ឃាត់​ខ្លួន​​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ជា​រឿង​ខុស​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2017-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។
Photo: RFA

អ្នក​ច្បាប់ និង​អ្នក​ធ្វើការ​លើក​ស្ទួយ​វិស័យ​ព័ត៌មាន​អះអាង​ថា សេរីភាព​សារព័ត៌មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​ទទួល​ស្គាល់​ផង។

ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ច្បាប់​ពន្យល់​ថា អ្វី​ដែល​រដ្ឋាភិបាល​ឃាត់​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​នោះ គឺ​រដ្ឋាភិបាល​ចង់​ចាត់ការ​ស្ថាប័ន​របស់​អាស៊ីសេរី ទាំង​មូល​ទៅ​វិញ​ទេ មិន​មែន​អតីត​បុគ្គលិក​ទាំង​ពីរ​នាក់​នោះ​ទេ។

​អ្នក​ធ្វើ​ការ​លើកស្ទួយ​វិស័យ​ព័ត៌មាន និង​អ្នក​ច្បាប់​ចាត់​ទុក​ការ​ចាប់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ពីរ​នាក់​យក​ទៅ​ឃុំឃាំង​នោះ គឺ​ជា​ទង្វើ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ដែល​បាន​ធានា​ឲ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ចែក​រំលែក​ព័ត៌មាន និង​ទទួល​ព័ត៌មាន​ដោយ​សេរី។

​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា គ្មាន​ច្បាប់​ណា​មួយ​ហាម​មិន​ឲ្យ​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​បុគ្គលិក​អាស៊ីសេរី បាន​ឈប់​ពី​ការងារ ឬ​មិន​ឈប់​ក៏ដោយ គឺ​ពួកគេ​មាន​សិទ្ធិ​ពេញ​លេញ​នៅ​ក្នុង​ការ​ប្រមូល​ព័ត៌មាន ឬ​ថត​រូបភាព​ផ្សេងៗ នៅ​ទីតាំង​សាធារណៈ លើក​លែង​តែ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​ត្រូវ​បាន​ហាមឃាត់៖ «»។

អតីត​បុគ្គលិក​អាស៊ីសេរី ២​រូប គឺ​លោក អ៊ួន ឈិន និង​លោក  សុជាមេត្តា មក​ទល់​ពេល​នេះ អាជ្ញាធរ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​នៅ​ឡើយ ក្រោយ​ពី​ឃាត់​ខ្លួន​ពួកគេ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នៅ​ក្នុង​បន្ទប់​ជួល​នៃ​សណ្ឋាគារ ម៉ារ៉ាឌី ស្ថិត​ក្នុង​ខណ្ឌមានជ័យ ជិត​គល់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។

ការ​ចុះ​ចាប់​ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ ដឹកនាំ​ដោយ​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ សុភ័ក្រ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក អ៊ុំ សុភ័ក្រ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ ក៏ប៉ុន្តែ​កាសែត​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ុំ សុភ័ក្រ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៥ វិច្ឆិកា ថា គិត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​ដាក់​ការ​សង្ស័យ។ ព្រះរាជអាជ្ញា​រង​រូប​នេះ​ត្រូវ​បាន​កាសែត​ចុះផ្សាយ​ថា រឿង​ដែល​នៅ​មាន​មន្ទិល​សង្ស័យ​ថា គ្រាន់តែ​ជួល​ស្ទូឌីយោ​ថត​សំឡេង​ចាំបាច់​អ្វី​ជួល​បន្ទប់​ដល់​ជាង ២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​នៅ​ជាន់​ទី​៧ ផង។

អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។
អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។ Photo: RFA

មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​បាន​រក​ភស្តុតាង​ខ្លះ​នៅ​ក្នុង​បន្ទប់​ស្ទូឌីយោ​របស់​លោក អ៊ួន ឈិន ដែល​មាន​ចំណុច​មួយ​ចំនួន​ធ្វើ​ឲ្យ​សង្ស័យ​ទាក់ទង​នឹង​ការធ្វើ​ព័ត៌មាន​បញ្ជូន​ទៅ​ក្រៅ​ប្រទេស តែ​លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ថា ភស្តុតាង​អ្វី​ច្បាស់លាស់​នោះ​ទេ៖ «»។

​ទាក់ទង​នឹង​កា​លើក​ឡើង​នេះ  លោក ប៉ា ងួនទៀង បាន​ឆ្លើយ​តប​ហាក់បីដូចជា​អស់​សំ​សំណើច​ទៅ​លោក ខៀវ សុភ័គ វិញ​ថា សមត្ថកិច្ច​ត្រូវតែ​បង្ហាញ​ពី​តម្លាភាព និង​ផ្ដល់​ភាព​យុត្តិធម៌​ជូន​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ មិន​មែន​យក​បញ្ហា​ការ​បង្កើត​ស្ទូឌីយោ​នេះ​ជា​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​នោះ​ឡើយ៖ «»។

​លោក​មេធាវី ហុង គឹម សួន ធ្លាប់​បាន​បញ្ជាក់​ថា គ្មាន​ច្បាប់​ណា​មួយ​ដែល​ហាមឃាត់ និង​ផ្ដន្ទាទោស​អ្នក​សារព័ត៌មាន ឬ​ពលរដ្ឋ​ដែល​រាយការណ៍​រឿង​ពិត​នៃ​ទិដ្ឋភាព​ជាក់ស្តែង​កើត​ឡើង​នៅ​ក្នុង​សង្គម​នោះ​ទេ។ នៅ​ត្រង់​ចំណុច​នេះ លោក​ចង់​បញ្ជាក់​ថា ទោះបីជា​អតីត​បុគ្គលិក​អាស៊ីសេរី ទាំង​ពីរ​រូប​នេះ​​បាន​ឈប់​ពី​ការងារ ឬ​នៅ​បន្ត​ការងារ​ក្ដី គឺ​គ្មាន​ច្បាប់​ណា​មួយ​ដើម្បី​ចាប់​ខ្លួន​ពួកគេ​ដោយ​គ្រាន់តែ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ឡើយ៖ «ដូចជា​រាល់ថ្ងៃ​អ៊ីចឹង ប៉ុស្តិ៍​វិទ្យុ FM នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រជាពលរដ្ឋ​រាប់​រយ​រាប់ពាន់ ប្រហែល​រាប់ម៉ឺន​នាក់​ណាស់ ដូច​នៅ​ក្នុង​ប៉ុស្តិ៍​វិទ្យុ ABC ជាដើម មិន​ចាំបាច់​ថា​ពួកគាត់​ចុះ​បញ្ជី​ជា​អ្នក​កាសែត​ទេ គាត់​ផ្ដល់​ព័ត៌មាន​ទៅ​វិទ្យុ​ផ្សាយ​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់​អ្នក​ណា​ដូចជា​អត់​មាន​ទោសពៃរ៍​អ៊ី​ទេ ព្រោះ​គាត់​មើល​ឃើញ​ការពិត​ជាក់ស្តែង»

​មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ស្ថាប័ន​បរទេស​ណា​មួយ​នោះ ក៏​គ្មាន​ច្បាប់​ណា​មួយ​ហាមប្រាម​ដែរ។ លោក​បញ្ជាក់​ថា សារព័ត៌មាន​ច្រើន​កំពុងតែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​កម្ពុជា មិន​មែន​មាន​តែ​វិទ្យុ​អាស៊ីសេរី នោះ​ទេ។ លើសពីនេះ​ទៀត អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី ក៏​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ជាក់ស្ដែង​នោះ​ដែរ៖ «»។

​បន្ថែម​ពីនេះ​ទៀត លោក ហុង គឹមសួន ក៏​ធ្លាប់​អះអាង​ដែរ​ថា ចំពោះ​អ្នក​សារព័ត៌មាន​ដែល​យក​ព័ត៌មាន​នៅ​ក្នុង​ស្រុក​ឱ្យ​ស្ថាប័ន​ព័ត៌មាន​នៅ​ក្រៅ​ប្រទេស​ដើម្បី​ផ្សព្វផ្សាយ​បន្ត​នោះ ក៏​គ្មាន​ទោស​អ្វី​ដែរ​ឱ្យ​តែ​អ្នក​ទាំង​នោះ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន ប៉ុន្តែ​អ្នក​សារព័ត៌មាន​ទាំង​នោះ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិនបើ​រាយការណ៍​អំពី​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ៖ «យក​ព័​ត៍​មាន​ពី​សន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេស​ជាតិ​នោះ យក​ទៅ​ផ្សព្វផ្សាយ​ឱ្យ​បែក​ការណ៍​រឿង​ការពារ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេសជាតិ​របស់​គេ អាហ្នឹង​គេ​ចាប់ ឬ​ក៏​គេ​ហាមឃាត់ ច្បាប់​គេ​តឹងតែង​ណាស់ ប៉ុន្តែ​បើសិនជា​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ស្រុក​នោះ គេ​បញ្ចូន​ទុក​អ្វី​ដែល​វា​កើត​ឡើង វា​មិន​មែន​ជា​ទាក់ទិន​ជាមួយ​នឹង​សន្តិសុខ​ផ្ទៃក្នុង​ដែល​នាំ​ឱ្យ​ប្រទេសជាតិ​ក្រឡាប់ចាក់ ឬ​ក៏​ចលាចល​នោះ​ទេ  អា​ហ្នឹង​គឺ​ខ្ញុំ​មិន​ដឹង​ថា​ខុស​ច្បាប់​អ្វី​ទេ»

មាត្រា​១៩ នៃ​សេចក្តី​ប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចែង​ថា មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​យោបល់។ សេរីភាព​នេះ​រួម​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រារាំង និង​សិទ្ធិ​ដើម្បី​ស្វែង​រក ទទួល និង​ផ្តល់ព័ត៌មាន និង​គំនិត​តាមរយៈ​ផ្សព្វផ្សាយ​បែប​ណា​ក៏​បាន​ដោយ​មិន​គិត​ពី​ព្រំដែន។

​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ កឋាខ័ណ្ឌ​ទី​១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ។

​រីឯ​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ​វិញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ។

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ការ​បោះឆ្នោត​ជិត​មក​ដល់ ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​តែងតែ​កើត​មាន​ឡើង តែ​លោក​សង្ឃឹម​ថា ស្ថានភាព​រឹតត្បិត​នេះ​នឹង​បន្ធូរ​ឡើង​វិញ​ក្រោយ​ពី​ការ​បោះឆ្នោត៖ «»។

​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​តែង​តែ​រង​ការ​គំរាមកំហែង ការ​ចាប់​ខ្លួន និង​ការ​បាញ់​សម្លាប់​ជាដើម។ គិត​ពី​ឆ្នាំ​១៩៩៣ មក អ្នក​សារព័តមាន​ប្រមាណ ១៤​នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ហើយ​មក​ទល់​ពល​នេះ ករណី​ទាំង​នោះ​រដ្ឋាភិបាល​មិន​ទាន់​ចាប់​ឃាតក​បាន​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ បាន​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន ពិសេស​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក(VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជាង ៣០​ស្ថានីយ បិទ​កាសែត​បរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បិទ​អង្គការ​អន្តរជាតិ NDI និង​ការ​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ទីក្រុង​ភ្នំពេញ ជាដើម។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក​មេធាវី សេក សោភ័ណ អះអាង​ពន្យល់​ថា ចំពោះ​ករណី​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ឬ​បុគ្គលិក​កាសែត ខេមបូឌា ដេលី ដែល​បន្ត​យក​ព័ត៌មាន​ឱ្យ​សា្ថ​ប័ន​ទាំង​ពីរ​នេះ គ្មាន​ខុស​ច្បាប់​អ្វី​ទេ បើទោះបីជា​ស្ថាប័ន​ទាំងពីរ​នេះ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា រួច​ហើយ​​ក៏ដោយ។ លោក​មេធាវី​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ​បង្កើត​អង្គហេតុ​ណា​មួយ​ចោទ​ប្រកាន់​បុគ្គលិក​ទាំង​នេះ គឺ​ជា​អំពើ​ល្មើសច្បាប់​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ ហើយ​បុគ្គលិក​ទាំង​នោះ​អាច​ប្តឹង​អាជ្ញាធរ​វិញ​បាន។ លោក​មេធាវី​ក៏​បាន​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​អាច​ចាប់​ចង​បុគ្គលិក​ទាំង​នេះ​បាន លុះត្រាតែ​បុគ្គលិក​ទាំង​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់។

​មក​ទល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​ក្រុង​ភ្នំពេញ វិញ​ភ្លាមៗ បន្ទាប់​ពី​សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​មក​ពិនិត្យ​ស្វែង​រក​ភស្តុតាង​សា​ជា​ថ្មី​ឡើង​វិញ នៅ​ក្នុង​បន្ទប់​ជួល​នៃ​សណ្ឋាគារ​ម៉ារ៉ាឌី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ដដែល។ នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ ជា​ថ្ងៃ​ទី​៣ ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ហើយ​ក៏​នឹង​ហួស​រយៈពេល ៤៨​ម៉ោង ដែល​នឹង​ហួស​ដែន​សមត្ថកិច្ច​បន្ត​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក៏ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​សមត្ថកិច្ច​នឹង​ដោះលែង​វិញ ឬ​យ៉ាង​ណា?

​ចំពោះ​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ​ក៏​បាន​ពឹង​ពាក់​មេធាវី ដើម្បី​សុំ​ជួប និង​ការពារ​ក្ដី​ចំពោះ​ការ​ឃាត់​ខ្លួន​នេះ​ដែរ។ រី​ឯ​វិទ្យុ​អាស៊ីសេរី​វិញ ក៏​មិន​ទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​ណា​មួយ​ពី​ករណី​ចាប់​ខ្លួន​អតីត​បុគ្គលិក​របស់​ខ្លួន​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​និង​តាម​ដាន​ចំណាត់ការ​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

OrsChar

ពី ភ្នំពេញ

មតិ៖
ខុសនឹងច្បាប់របស់ក្រុម អ្នកមិនយល់ពីអំពើទុរយស់រស់
ខ្លួន។ មិនខុសអីពីសមយ័ប្រលយ័ពូជសាសន៌

Nov 16, 2017 01:13 AM

អ្នក​អាន​អនាមិក

ចង់​អោយត្រូវច្បាប់​ឡើងវិញទាំងអស់ ទាល់តែ ស.ម ហ៊ុន សែន ស្លាប់ ឬ អស់អំណាច !​

Nov 16, 2017 12:22 AM

គេហទំព័រ​ទាំងមូល