អង្គការលីកាដូ ចេញផ្សាយរបាយការណ៍ទាមទារ ឲ្យស៊ើបអង្កេត និងរកយន្តការដោះស្រាយជាបន្ទាន់ ក្រោយពេលទារិកាអាយុ៥ខែម្នាក់ ដែលរស់នៅជាមួយម្ដាយ ក្នុងពន្ធនាគារ «ម២» ស្លាប់ ដោយសាររលាកសួត និងខ្វះអាហារូបត្ថម្ភ នៅពេលយកទៅសង្គ្រោះ នៅមន្ទីររុស្ស៊ី និងមន្ទីរពេទ្យកុមារជាតិ។
របាយការណ៍អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី១៨ កុម្ភៈ ឱ្យដឹងថា ទារកអាយុ ៥ខែម្នាក់ រស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) បានស្លាប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ អង្គការលីកាដូ ថា ការស្លាប់ដ៏ខ្លោចផ្សារនេះ បង្ហាញពីតម្រូវការចាំបាច់ សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាព សិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។
អង្គការលីកាដូ បង្ហាញថា កាលពីថ្ងៃទី១៨ ខែមករា ទារិកាអាយុ ៥ខែ ក៏មានរងរបួសជាទម្ងន់ដោយការបាក់ឆ្អឹងភ្លៅ។ បុគ្គលិកពេទ្យ នៅមណ្ឌលអប់រំកែប្រែទី២ បានពិនិត្យស្ថានភាពជំងឺរបស់នាង និងបានបញ្ជូននាង និងម្ដាយ ទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។ បុគ្គលិកពេទ្យ បានថតកាំរស្មីអ៊ិច និងបានរកឃើញថា ទារកនេះ បានបាក់ឆ្អឹងភ្លៅ។ លីកាដូ បានដាក់ឈ្មោះក្រៅទារិកានោះថា ទេវី ដើម្បីរក្សាឯកជនភាពរបស់គ្រួសាររងគ្រោះ។
ទេវី និងម្ដាយជាស្ត្រីជាប់ឃុំ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកុមារជាតិ ដោយខាងមន្ទីរពេទ្យរុស្ស៊ី លើកហេតុផលថា មិនមានអ្នកជំនាញ ដើម្បីព្យាបាលអ្នកជំងឺក្មេងបែបនេះទេ។ មន្ទីរពេទ្យកុមារជាតិបានព្យាបាលទេវីរួចហើយក៏បញ្ជូននាងត្រឡប់ទៅពន្ធនាគារវិញ បើទោះជាបុគ្គលិកពន្ធនាគារបានស្នើសុំ ឲ្យទារិការងគ្រោះ និងម្ដាយនាង ស្នាក់នៅពេទ្យមួយយប់ ដើម្បីតាមដានស្ថានភាពជំងឺក៏ដោយ។ តែបុគ្គលិកមន្ទីរពេទ្យបានបដិសេធដោយហេតុផលគ្មានបន្ទប់ទំនេរ។
អំឡុងពេលមួយសប្ដាហ៍ក្រោយមក ស្ត្រីជាម្ដាយបានកត់សម្គាល់ឃើញថា ទេវី មានអាការៈក្ដៅខ្លួន និងក្អកជាប្រចាំ។ មន្រ្តីពន្ធនាគារបាននាំ ទេវី ត្រឡប់ទៅមន្ទីរពេទ្យកុមារជាតិវិញ។ វេជ្ជបណ្ឌិតនៅទីនោះបានជួបជាមួយ ទេវី និងម្ដាយរយៈពេលខ្លីប៉ុណ្ណោះ មុនពេលកំណត់ការណាត់ជួបតាមដានជំងឺនៅ៣សប្ដាហ៍ក្រោយ។ ស្ត្រីជាម្ដាយបានប្រាប់វេជ្ជបណ្ឌិតថា នាងអស់ថ្នាំ ដែលបានផ្ដល់ឱ្យ ទេវី លេបកាលពីលើកមុនហើយ ប៉ុន្តែវេជ្ជបណ្ឌិតមិនបានឱ្យថ្នាំលេបបន្ថែមសម្រាប់ ទេវី ទេ។
ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ទេវី មានការពិបាកដកដង្ហើម។ ម្ដាយរបស់នាង បានកត់សម្គាល់ឃើញថា ទេវី ចាប់ផ្ដើមបាត់បង់ស្មារតី និងបានប្រាប់ទៅមន្ត្រីពន្ធនាគារភ្លាមៗ។ បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២ ឬគុកព្រៃស បានដាក់សេរ៉ូមឱ្យ ទេវី និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ជាកន្លែង ដែលគ្រូពេទ្យនៅទីនោះសម្អាតស្លេស្ម និងថតកាំរស្មីអ៊ិច សួតរបស់នាង។ ទេវី និងម្ដាយ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលមួយយប់នៅក្នុងមន្ទីរពេទ្យ។
លុះដល់ព្រឹកថ្ងៃទី២៦ ខែមករា ទេវី ពិបាកដកដង្ហើមជាខ្លាំង។ នាងត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យរុស្ស៊ី ជាកន្លែង ដែលវេជ្ជបណ្ឌិតបានព្យាយាមយកស្លេស្មចេញពីសួតរបស់នាង និងបានធ្វើចលនាបេះដូង ប៉ុន្តែនាងនៅតែមិនដឹងខ្លួន។ បន្ទាប់មក ទេវី ត្រូវបានដាក់នៅក្នុងទូកញ្ចក់ បំពាក់អុកស៊ីហ្សែន។ ៣នាទីក្រោយមក នាងក៏បានស្លាប់បាត់បង់ជីវិត។ ការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី ស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហារូបត្ថម្ភ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត និយាយថា ការស្លាប់របស់ទារិកាអាយុ ៥ខែ ដែលរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ បង្កើតឲ្យមានមន្ទិលសង្ស័យច្រើន។លោកថា ខាងមន្ទីរពេទ្យ ហាក់គ្មានការសហការល្អ ជាមួយមន្ត្រីពន្ធនាគារ និងបានបញ្ចូលទារិកាចុះឡើង ពីមន្ទីរពេទ្យមួយទៅមួយ និងការបញ្ជូនទៅក្នុងពន្ធនាគារវិញ៖ « ទទូចថា ឲ្យមានការសិក្សាឲ្យបានច្បាស់លាស់ ទៅលើការស្លាប់របស់ទារកហ្នឹង ហើយរកយន្តការក្នុងការទប់ស្កាត់ ហើយបង្កើនធ្វើម្ដេច ឲ្យមានការសហប្រតិបត្តិការរវាងមន្ទីរពេទ្យ ជាមួយនឹងការទទួលទារក ក្នុងការព្យាបាល។ ជាពិសេស ជាមួយមន្ទីរពេទ្យកុមារជាតិហ្នឹងថា យ៉ាងហោច ក៏បានសម្រាក ២៤ម៉ោង ក្នុងការតាមដាន»។
បើទោះជា ទារិការងគ្រោះស្លាប់ជិត ១ខែមកហើយ តែអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ថា មិនទាន់ទទួលបានព័ត៌មានពីការស្លាប់របស់ទារិកានេះទេ។ លោកថា មន្ត្រីពន្ធនាគារ បានផ្ញើរបាយការណ៍ទៅអគ្គនាយកដ្ឋានពន្ធនាគារ តែលោកថា លោកផ្ទាល់ ទើបបានទទួលដំណឹងតាមរយៈរបាយការណ៍អង្គការលីកាដូ នៅថ្ងៃទី១៨ កុម្ភៈ នេះទៅវិញ ដូច្នេះលោកថា លោកមិនទាន់អាចធ្វើការអត្ថាធិប្បាយបានទេ។ លោកស្នើសុំពេលវេលា ដើម្បីស៊ើបអង្កេត និងបញ្ជាក់ករណីនេះ៖ « ខ្ញុំកំពុងស្រាវជ្រាវរឿងហ្នឹងដែរ ហើយកំពុងទាក់ទងទៅខាងមណ្ឌលកែប្រែម២ហ្នឹងដែរ ហើយយ៉ាងណាៗ ខ្ញុំទាល់តែស៊ើប។ ខ្ញុំទើបបានទទួលព័ត៌មានហ្នឹងដែរ ព្រោះព័ត៌មានហ្នឹង ទើបចេញថ្មីៗហ្នឹងទេ។ អ៊ីចឹង ក៏ខ្ញុំកំពុងទាក់ទងទៅ ម២។ យ៉ាងណាៗ ខ្ញុំសុំទទួលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយសិន បានខ្ញុំអាចបកស្រាយកើតរឿងហ្នឹងណា»។
ម្ដាយរបស់ទារិការងគ្រោះ ត្រូវបានគេបញ្ជូន ទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន កាលពីពាក់កណ្ដាលឆ្នាំ២០១៩។ អាជ្ញាធរបានចោទប្រកាន់ថា ស្ត្រីពពោះ ៨ខែរូបនោះ បានកាន់កាប់កញ្ចប់ថ្នាំញៀន ប្រភេទមេតាហ្វេតាមីន ដែលមានតម្លៃមួយម៉ឺនរៀល ឬ ២.៥ដុល្លារអាមេរិក។ ជាងកន្លះឆ្នាំមកនេះ តុលាការមិនទាន់បើកសវនាការជម្រះក្ដី លើស្ត្រី ជាម្ដាយទារិការងគ្រោះនេះទេ។ អ្នកស្រី ក៏មិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំផងដែរ។
ការអូសបន្លាយសំណុំរឿងរបស់មន្ត្រីតុលាការ ត្រូវបានសង្គមស៊ីវិល រិះគន់ជារឿយ ប៉ុន្តែហាក់គ្មានការកែប្រែឡើយ។ លោក អំ សំអាត យល់ថា តុលាការ មិនគួរឃុំខ្លួនមនុស្ស ដោយសារតែហេតុផលតូចតាចទេ។ លោកថា ក្រៅពីនេះ តុលាការគួរតែពន្លឿននីតិវិធីឲ្យបានឆាប់ គឺគ្រប់សំណុំរឿងទាំងអស់ និងត្រូវឲ្យជនជាប់ចោទ យល់ដឹងពីសិទ្ធិតាមផ្លូវច្បាប់។
អង្គការលីកាដូ អះអាងថា បច្ចុប្បន្នមានកុមារចំនួន ១០៣នាក់ និងស្ត្រីមានផ្ទៃពោះចំនួន ៤៣នាក់ កំពុងជាប់ឃុំ នៅក្នុងពន្ធនាគារចំនួន ១៨កន្លែង ហើយអង្គការលីកាដូ កំពុងធ្វើការឃ្លាំមើល។ តួលេខនេះកើនឡើងស្ទើរតែ ២ដង គិតចាប់តាំងពីដើមឆ្នាំ២០១៧ មក។ ចំពោះមណ្ឌលអប់រំកែប្រែទី២ ដែលជាពន្ធនាគារតែមួយគត់សាងសង់ឡើងសម្រាប់ដាក់អ្នកទោស ជាស្ត្រី និងកុមារ និងអាចផ្ទុកអ្នកជាប់ឃុំ ជាផ្លូវការត្រឹមតែ ៣៥០នាក់ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកជាប់ឃុំក្នុងពន្ធនាគារនេះរហូតជិតពីរពាន់ (១.៨៥០)នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អំពាវនាវឱ្យបង្កើតគណៈកម្មាធិការ ដើម្បីផ្ដល់ការលើកលែងទោសដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាប់ពន្ធនាគារ ដែលមានកូនតូចរស់នៅជាមួយ។ លោក ក៏ធ្លាប់បញ្ជាឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យឡើងវិញពីស្ថានភាពស្ត្រីជាប់ឃុំក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ ប៉ុន្តែ នោះទំនង គ្រាន់តែជាសំដីនិយាយឱ្យតែពីរោះស្ដាប់ប៉ុណ្ណោះ។
ថ្មីៗ នេះទៀត ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៅថ្ងៃទី១៧ កុម្ភៈ លោក ហ៊ុន សែន ក៏ជំរុញម្ដងទៀត ឲ្យអាជ្ញាធរពាក់ព័ន្ធ សហការជាមួយក្រសួងមហាផ្ទៃ តាមដានរឿងស្ត្រីជាប់ឃុំ ដើម្បីពន្លឿនការកាត់ទោសឱ្យបានឆាប់ ហើយស្នើឱ្យជួលសណ្ឋាគារ ដើម្បីបើកសវនាការជំនុំជម្រះក្ដីស្ត្រីមានផ្ទៃពោះ និងមានកូនតូចរស់នៅក្នុងពន្ធនាគារ ប្រសិនបើសាលសវនាការមិនគ្រប់។
លោក អំ សំអាត សង្កេតឃើញថា ការអនុវត្តជាក់ស្ដែង មានភាពយឺតយ៉ាវ ក្នុងការជួយសម្រួលដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ជាប់ឃុំជាមួយគ្នា។ លោកថា ភាពយឺតយ៉ាវនេះ កើតឡើង ដោយសារនីតិវិធី និងការស៊ើបអង្កេតរបស់តុលាការ៖ « យើងឃើញថា ការអនុវត្តជាក់ស្ដែង វាស្ថិតនៅក្នុងភាពយឺតយ៉ាវ។ អ៊ីចឹងហើយ បានម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី សម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានរំលឹកពីរឿងហ្នឹងទៀត ហើយថា បើខ្វះសាលសវនាការ លោកថា អាចជួលបន្ទប់សណ្ឋាគារធ្វើសវនាការហ្នឹងណា ទាក់ទងរឿងសវនាការរឿងស្ត្រី នៅក្នុងពន្ធនាគារហ្នឹង ជាពិសេសស្ត្រីដែលពពោះ ស្ត្រីដែលមានកូនរស់នៅតាមម្ដាយហ្នឹង»។
បើទោះជាយ៉ាងណា អង្គការលីកាដូ ទទូចឱ្យអាជ្ញាធរចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីធានា ថា មិនឲ្យកើតមានករណីកុមាររស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ស្លាប់ ឬរងគ្រោះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
