ក្រុម​សង្គម​ស៊ីវិល​ខកចិត្ត​ដែល​មន្ត្រី​ខុទ្ទកាល័យ​មិន​ទទួល​ញត្តិ​សុំ​ដោះលែង​លោក រ៉ុង ឈុន

ដោយ អាស៊ីសេរី
2020.12.30
ក្រុម​សង្គម​ស៊ីវិល​ខកចិត្ត​ដែល​មន្ត្រី​ខុទ្ទកាល័យ​មិន​ទទួល​ញត្តិ​សុំ​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី (ខាងនៅ​ឆ្វេង) នៃ​លោក​ រ៉ុង ឈុន​ ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូប​ពី​ហ្វេសប៊ុក

ក្រុម​សង្គម​ស៊ីវិល​តំណាង​ឱ្យ​គ្រូបង្រៀន កម្មករ សិស្ស​-​និស្សិត និង​ពលរដ្ឋ​ដែល​គោរព​ស្រឡាញ់​លោក រ៉ុង ឈុន បាន​ធ្វើ​ញត្តិ​រួមគ្នា​មួយ ស្នើ​សុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ​។ ពួកគេ​បាន​យក​ញត្តិ​នោះ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុម នៅ​ថ្ងៃ​ទី​៣០ ធ្នូ​នេះ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ខុទ្ទកាល័យ​នៅ​ទីនោះ​បដិសេធ​មិន​ទទួល​យក ក្រោម​ហេតុផល​ថា ញត្តិ​នោះ​ធ្វើ​ខុស​បែប​បទ​រដ្ឋបាល។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ឱ្យ​ដឹង​ថា ក្រុម​សង្គម​ស៊ីវិល​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការ​មិន​ទទួលយក​ញត្តិ​នេះ​។ អ្នកស្រី​យល់​ថា មន្ត្រី​ខុទ្ទកាល័យ​ទំនងជា​មិន​ចង់​ទទួលយក​ញត្តិ​នេះ​ទេ ទើប​លើក​ហេតុផល​រឿង​ខុស​បែប​ប​រដ្ឋបាល​ទៅវិញ​។ តែ​យ៉ាងណា អ្នកស្រី​បញ្ជាក់​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​កែតម្រូវ​ញត្តិ​នោះ រួច​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ម្តង​ទៀត៖ «​នេះ​ខ្ញុំ​គិត​ថា ជា​ចេតនា​មិន​ហ៊ាន​ទទួលយក​នូវ​អ្វី​ដែល​ជា​ការ​ទាមទារ​សុំ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ព្រោះ​លោក រ៉ុង ឈុន អត់​មាន​កំហុស ហើយ​ចាត់ទុកថា នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ»

ក្រុម​សង្គម​ស៊ីវិល​ទាំង​៤ ស្ថាប័ន ដែល​ធ្វើ​ញត្តិ​រួមគ្នា​នេះ រួមមាន សហភាព​សហជីព​កម្ពុ​ជា សហព័ន្ធ​សហជីព​កម្ពុជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ​។​

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ប្រមាណ​៥ ខែ​មក​ហើយ ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយសារតែ​លោក​រិះគន់​រឿង​ព្រំដែន​កម្ពុជា​វៀតណាម។

ក្រុម​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន តាម​គ្រប់​មធ្យោបាយ ពីព្រោះ​ពួកគេ​ចាត់ទុកថា លោក​ជា​បុគ្គល​ដ៏​ឆ្នើម​ដែល​តែង​ហ៊ាន​ចេញមុខ​ការពារ​ផលប្រយោជន៍ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់​ជូន​កម្មករ និយោជិក និង​សង្គមជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។