អ្នកឃ្លាំមើល​រិះគន់​របាយការណ៍​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​រដ្ឋាភិបាល​ថា គ្មាន​តម្លាភាព

0:00 / 0:00

សង្គម​ស៊ីវិល​រិះគន់​ថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ធ្វើ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ គ្មាន​តម្លាភាព​។ ពួកគេ​ថា ការ​ធ្វើ​របាយការណ៍ ដែល​មាន​លក្ខណៈ​ប្រជាភិថុតិ​បែបនេះ មិន​បាន​ជួយ​តម្រង់​ទិស ឱ្យ​រដ្ឋាភិបាល​ដើរ​ផ្លូវត្រូវ​នោះ​ឡើយ។

ប្រធាន​គណៈ​ប្រតិបត្តិ​គណបក្ស ភ្លើងទៀន​ខេត្ត​ប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ថា របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ នេះ មិនបាន​ឆ្លុះបញ្ចាំង​ការពិត​នោះ​ទេ ព្រោះ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្រៀប​ដូច​ទៅ​នឹង មែកឈើ​ថ្មី ដែល​ដុះ​ចេញពី​ដើមឈើ​ចាស់ ដោយ​រដ្ឋាភិបាល​របស់​ពីរ​នាក់​ឪពុក និង​កូន​នេះ នៅតែ​បន្ត​រំលោភសិទ្ធិ​មនុស្ស និង​នីតិរដ្ឋ ឥត​ស្រាកស្រាន្ត។

លោក ខឹម មុនីកុសល៖ «រដ្ឋាភិបាល ជា​ធម្មតា​គាត់​តែងតែ​ការពារ​នូវ​ទង្វើ​របស់​គាត់​។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ជាពិសេស​គឺ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ក៏​គេ​មាន​គេ​ហៅ​ថា ភស្តុតាង ទឡ្ហីករណ៍​របស់​គេ​គ្រប់គ្រាន់​យក​មក​សំអាង​។ ដូច្នេះ​បើ​យើង​មើល​ពី​ភាព​សុក្រឹតភាព​នៃ​របាយការណ៍​ដែល​អាច​ទទួល​យក​បាន គឺ​មាន​តែ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ទាំង​UN ទាំង​អង្គការ​ផ្សេងៗ​ទៀត មាន​ទាំង យូមែន រ៉ៃត៍ (Human Right) អីហ្នឹង​គឺ​គេ​មាន​មូលដ្ឋាន​របស់​គេ​ត្រឹមត្រូវ»។

ការរិះគន់​របស់​មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក) នៅ​ថ្ងៃទី​៣ ខែឧសភា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី​របាយការណ៍​សង្ខេប​ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នា​ដើមឆ្នាំ​២០២៤ ដោយ​អះអាង​ថា កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ ឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង និង​សម្រេច​បាន​សមិទ្ធផល​ធំៗ លើ​គ្រប់​វិស័យ ទាំង​នយោបាយ សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

ថ្លែង​នៅ​ពីមុខ​កាមេរ៉ា និង​ក្បាល​មេក្រូ​របស់​ស្ថាប័ន​សារព័ត៌មាន ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​និយាយ​ការពារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ដាច់​ពី​មាត់ និង​ចោទប្រកាន់​មក​លើ​អង្គការ​ជាតិ និង​អន្តរជាតិ​ឯករាជ្យ ដែល​ធ្វើ​ការ​លើ​សិទ្ធិមនុស្ស។

លោក កែវ រ៉េមី៖ «រឿង​ការ​ខ្វែងគំនិត​គ្នា រវាង​អ្នក​រាយការណ៍ ឬ​ធ្វើ​កិច្ចការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប ទៅលើ​សិទ្ធិមនុស្ស ខ្វែងគំនិត​គ្នា​ជាមួយ​យើង គឺ​នៅត្រង់​ទាក់ទង​នឹង​រឿង​នយោបាយ​ទេ និយាយ​ឱ្យ​មែនទែន។ លំហ​ប្រជាធិបតេយ្យ​គឺ​គណបក្ស​ប្រឆាំង​។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា គឺ​យើង​កុំ​ឈ្លោះ​ជាមួយ​បងប្អូន​ជនបរទេស ដែល​ធ្វើ​កិច្ចការ​រឿង​សិទ្ធិមនុស្ស ឬក៏​ជា​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​។ ទាក់ទង​ទៅ​នឹង​ការងារ​សិទ្ធិមនុស្ស ស្អី​ក៏​លើក​បាន​ដែរ ក៏ប៉ុន្តែ​ការ​គ្រប់គ្រង​សង្គម គឺ​ខុសគ្នា»។

ផ្ទុយ​ពី​របាយការណ៍ របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត កាន់តែ​អាក្រក់​ជាង​សម័យ​ឪពុក​របស់​លោក ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​សំណាក់ ពី​ក្រុម​អ្នក​លែងដៃ​ឆៅ​របស់​លោក ហ៊ុន ម៉ាណែត ដោយ​បាន​ប្រើប្រាស់​អំពើ​ហិង្សា គំរាមកំហែង និង​ចាប់​ឃុំ​ឃាំង​ទៅលើ​អ្នកប្រឆាំង ទាំង​នៅក្នុង​ស្រុក នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​មិន​លើកលែង សូម្បី​អ្នក​ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ស្រុក។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា របាយការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ហាក់​មិន​មាន​តម្លាភាព​គ្រប់គ្រាន់ ដែល​អាច​ទទួល​យក​បាន​នោះ​ទេ ព្រោះ​របាយការណ៍​នេះ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​របស់​រដ្ឋាភិបាល មិន​សមស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង និង​មិន​មាន​លើក​យក​នូវ​ចំណុច​ទិតៀន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​កែ​លម្អ​ឡើយ។

លោក នី សុខា៖ «រឿង​ការ​សរសេរ​របាយការណ៍ គឺជា​រឿង​មួយ ប៉ុន្តែ​របាយការណ៍​ត្រូវ​ឆ្លុះ​បញ្ចាំង​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម នោះ​ទើប​ជា​របាយការណ៍​មួយ ដែល​អាច​ជួយ​ដល់​រដ្ឋាភិបាល​។ ប៉ុន្តែ​ប្រសិនបើ​របាយការណ៍​មួយ គ្រាន់​តែ​សរសេរ​ដើម្បី​ឱ្យ​តែ​ពីរោះ​ស្ដាប់ ខ្ញុំ​គិត​ថា របាយការណ៍​ហ្នឹង មិន​ជួយ​អ្វី​ដល់​រដ្ឋាភិបាល​ទេ។ ពីព្រោះ​ថា នៅ​ពេល​ដែល​យើង​អត់​មាន​ឆ្លុះបញ្ចាំង​អ្វី​ទាំងអស់ មាន​ន័យ​ថា រដ្ឋាភិបាល នៅតែ​មិនបាន​កែទម្រង់​អ្វី​ទេ ពីព្រោះ​រដ្ឋាភិបាល​យល់ថា ធ្វើ​ហ្នឹង​ល្អ​ហើយ»។

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ធ្វើទុក្ខបុកម្នេញ និង​យាយី​ទៅលើ​គណបក្ស​នយោបាយ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស សង្គម​ស៊ីវិល​និង​សកម្មជន​ការពារ​បរិស្ថាន​ជាច្រើន​ទៀត​។ ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​អង្គការសហប្រជាជាតិ ក៏បាន​អំពាវនាវ​ឱ្យ​កម្ពុជា​បញ្ចប់​រាល់​ទង្វើ​នៃ​ការ​យាយី និង​ការ​កាត់ទោស​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម ហើយ​អនុញ្ញាត​ឱ្យ​ពួកគេ​អនុវត្ត​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ដោយ​សេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។