សកម្មជន ពលករ និងប្រជាពលរដ្ឋរិះគន់ចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលក្រុងភ្នំពេញដែលធ្វើឲ្យបាត់បង់ EBA ២០% និងការរឹតត្បឹតសេរីភាពប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ គំរាមកំហែង ដោយប្រើអំពើហិង្សា និងចាប់ដាក់ពន្ធនាគារថា បានបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពួកគេស្នើឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ហើយយក EBA ២០% មកវិញ ដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជា។
ពលរដ្ឋខ្មែរ ជាជាងជួលជុលកុំព្យូទ័រ និងកាមេរ៉ាសុវត្ថិភាព នៅខេត្តសៀមរាប លោក នង ធារ៉ា លើកឡើងថា លោកសោកសង្រេងដែលរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះ EBA២០% ដែលធ្វើឲ្យពលរដ្ឋមួយចំនួនរងទុក្ខ បាត់បង់ការងារ និងធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពលើប្រជាពលរដ្ឋ នៅពេលពួកគេងើបតវ៉ាទាមទារ សិទ្ធសេរីភាព លទ្ធិបប្រជាធិបតេយ្យឡើងវិញ៖ « យើងមិនគួរណាធ្វើបែបនេះទេ ដោយសារយើងរងគ្រោះដោយសារកូវីដមួយជាន់ហើយ ហើយយើងរងគ្រោះដោយសារ EBA ២០ % ទៀត ហើយបើរដ្ឋាភិបាលមិនស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ តើកម្ពុជាអាចធ្លាក់ទៅដល់ណាមួយទៀតដែរឬអត់ អ៊ីចឹងសូមរដ្ឋាភិបាលគិតសាជាថ្មី។ ទាក់ទងនឹងបាត់បង់ EBA ២០ % អ្នកដែលរងគ្រោះពិតប្រាកដគឺប្រជាពលរដ្ឋក្រីក្រ ដែលមានជីវភាពលំបាកវេទនាទៅវិញ ជាពិសេសបងប្អូនកម្មករ កម្មការិនីរោងចក្រ ហើយយើងមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យ នៃប្រទេសកម្ពុជាយើងទៀតវាអាចនឹងរងគ្រោះខ្លាំងជាងហ្នឹង »។
ចំណែក ពលករខ្មែរនៅប្រទេសថៃ លោកស្រី ដាំ ស្រីធាន ថ្លែងថា លោកស្រីសោកស្ដាយចំពោះស្ថានភាពអាក្រក់ដែលកើតមាននៅប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ដែលមិនបានគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងបង្កើនការបង្ក្រាបកាន់តែខ្លាំង លើពលរដ្ឋ៖ « ខ្ញុំនៅតែស្នើសុំដល់រាជរដ្ឋាភិបាល គួរតែងាកក្រឡែកមកមើលជីវភាព ក៏ដូចជាប្រជាពលរដ្ឋយើងដែលពួកគាត់កំពុងតែរងការពិបាក គួរតែដោះស្រាយបញ្ហា EBA ឲ្យបានដាច់ស្រេចដែលគេទុកឱកាសមកជិតកន្លះឆ្នាំមកនេះ។ ខ្ញុំនៅតែស្នើសុំដល់រាជរដ្ឋាភិបាលក៏ដូចជាកម្លាំងកងអាវុធ សមត្ថកិច្ចទាំងអស់ គួរតែយោគយល់ក្នុងនាមយើងខ្មែរជាខ្មែរដូចគ្នា មិនគួរធ្វើបាបគ្នារហូតដល់ការវ៉ៃដំច្រំធាក់មកលើយុវជន ក៏ដូចជាស្ត្រីចាស់ទុំដែលគាត់ទាមទារ ព្រោះគាត់ធ្វើហ្នឹង ធ្វើដើម្បីទាមទារយុត្តិធម៌ ហើយធ្វើដោយចិត្តស្អាតស្អំ ដោយបាតដៃទទេ គ្មានអាវុធ គ្មានអ្វីទេ ប៉ុន្តែខ្ញុំមើលឃើញថា សមត្ថកិច្ចទាំងអស់បានប្រើអំពើហិង្សាមកលើពួកគាត់ »។
រីឯ ពលករខ្មែរនៅប្រទេសជប៉ុន លោក ណុល វណ្ណៈ រិះគន់ថា ទង្វើរបស់រដ្ឋាភិបាលដែលចាប់ចងប្រជាពលរដ្ឋ គឺជាការផ្គើនទៅនឹងសហភាពអឺរ៉ុប និងប្រជាពលរដ្ឋខ្លួនឯង បន្ទាប់ពីសហភាពអឺរ៉ុបបានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA២០%។ លោកបន្តថា លោក ហ៊ុន សែន មិនខ្វល់ខ្វាយចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងនោះទេ ដោយសំងំយកសុខតែខ្លួនឯង៖ « ខ្ញុំមើលឃើញថា លោក ហ៊ុន សែន អត់បានខ្វល់ពីឆ្នាំងបាយរបស់ប្រជាពលរដ្ឋទេ។ ហ៊ុន សែន គាត់ខ្វល់តែពីអំណាចរបស់ខ្លួនតែប៉ុណ្ណោះទេ ហើយគាត់បែរជាទៅចាប់ប្រជាពលរដ្ឋ អ្នកដែលហ៊ានទាមទារតវ៉ាពីរឿងប្រាក់ខែ រឿងព្រំដែន ចាប់ពួកគាត់ដាក់គុកទៀត។ ប្រព័ន្ធ EBA នេះ គឺយើងដឹងស្រាប់ហើយថា ជាឆ្នាំបាយរបស់ប្រជាពលរដ្ឋ ១៦លាននាក់ អ៊ីចឹងបើសិនជាកាត់ប្រព័ន្ធ EBA នេះទៅ ប្រជាពលរដ្ឋគឺគាត់នឹងបាត់បង់ការងារធ្វើ បាត់បង់អ្វីដែលជាកំណើនប្រាក់ចំណូលរបស់គាត់ប្រចាំខែ »។
ស្រដៀងគ្នានេះ ពលរដ្ឋខ្មែរមួយរូបទៀតរស់នៅប្រទេសកូរ៉េ លោកស្រី ផាន់នី ធារី លើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានគោរពសិទ្ធិមនុស្ស និងមិនបានគិតគូរដល់ប្រជាពលរដ្ឋនៅពេលបាត់បង់ EBA២០% ដែលធ្វើឲ្យកម្មករជាច្រើនបាត់បង់ការងារ និងជំពាក់បំណុលធនាគារជាដើម។ លោកស្រីរិះគន់ថា រដ្ឋាភិបាលជាអ្នកបង្កើតច្បាប់ តែមិនបានអនុវត្តតាមច្បាប់ឡើយ ហើយថែមទាំងបំពានច្បាប់ទៀតផង៖ « ខ្ញុំថា បើសិនជាមើលព្រឹត្តិការណ៍ទាំងអស់ហ្នឹង គឺខ្ញុំមើលឃើញថា គាត់ធ្វើហ្នឹង គឺធ្វើជាទម្លាប់របស់គាត់ហើយក្នុងការទប់ស្កាត់ហ្នឹង មិនមែនយកច្បាប់យកមកគ្រប់គ្រងប្រជាពលរដ្ឋទេណា៎ ! ហើយប្រជាពលរដ្ឋគាត់បានដឹងច្បាស់អំពីសិទ្ធនៃការតវ៉ាទាមទាររបស់ពួកគាត់ អ៊ីចឹងខ្ញុំមើលឃើញថា កន្លែងនេះ វាពិតណាស់ថា វាជាការរឹតត្បិតមួយដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ ព្រោះអីយើងបានដឹងថា ប្រទេសកម្ពុជាយើងកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវតែឲ្យប្រជាពលរដ្ឋគាត់ទាមទារអ្វីដែលជាសិទ្ធិរបស់គាត់ ប៉ុន្តែរដ្ឋាភិបាលកំពុងអនុវត្តទៅតាមបទបញ្ជា អនុវត្តទៅតាមទម្លាប់ក្នុងការទប់ស្កាត់របស់គាត់ទេ »។
ដោយឡែក សកម្មជនគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោកស្រី ទ្រី ស៊ាងអ៊ី ថ្កោលទោសការដឹកនាំរបស់លោក ហ៊ុន សែន ថា អសមត្ថភាព និងគ្មានការទំនួលខុសត្រូវ ដែលធ្វើឲ្យបាត់បង់ EBA២០% ប៉ះពាល់ដល់ជីវភាពកម្មករ។ លោកស្រីថ្កោលទោសទង្វើរំលោភសិទ្ធិមនុស្ស ការប្រើអំពើហិង្សា និងការគំរាមកំហែងដែលប្រព្រឹត្តដោយអាជ្ញាធររបបក្រុងភ្នំពេញ៖ « នាងខ្ញុំមានតែការទទូច និងសុំការចូលរួមពីបងប្អូនជនរួមជាតិ តស៊ូ ដើម្បីឲ្យលោក ហ៊ុន សែន ហ្នឹងផ្លាស់ប្ដូរគំនិតបែរត្រលប់មកគិតពីផលប្រយោជន៍ជាតិ ហើយនិងសង្គមទាំងមូលដែលកំពុងតែរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពលរដ្ឋអត់ឃ្លាន ពលរដ្ឋគ្មានការងារធ្វើ ហើយចំណុចទាំងអស់នេះ គឺលោក ហ៊ុន សែន គាត់គ្រាន់តែស្បថការពារតំណែងរបស់គាត់ទេ។ គាត់មិនបានបង្កើនការអនុវត្តសន្តិភាព រាជាធិបតេយ្យ ឬក៏ប្រជាធិបតេយ្យពិតប្រាកដទេ។ គាត់គ្រាន់តែបំបិទបំបាំងយកលទ្ធិប្រជាធិបតេយ្យមកបិទបាំង ហើយគាត់អនុវត្តបែបកុម្មុយនិស្ត។ គាត់ចង់បានតែអំណាចរបស់ខ្លួន »។
ប្រតិកម្មធ្ងន់ៗពីក្រុមប្រជាពលរដ្ឋ និងពលករនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានប្រកាសជាផ្លូវការអំពីការចូលជាធរមាននៃការចាប់ផ្តើមគិតពន្ធលើទំនិញមួយចំនួនពីកម្ពុជា ចាប់ពីថ្ងៃទី១២ សីហា តទៅ។ គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរថា ការដកជាបណ្ដោះអាសន្ននេះ គឺដោយសារតែមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធយ៉ាងជាក់ច្បាស់នៅក្នុងប្រទេសកម្ពុជា។ របបលោក ហ៊ុន សែន រងការស្តីបន្ទោស ដោយសារតែមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ តាមសំណើរបស់សហភាពអឺរ៉ុប ដើម្បីបន្តទទួលបាន EBA ទាំងស្រុង។ ជាងនេះទៅទៀត របបបនេះបានបង្កើនការចាប់ចងមេសហជីព អ្នកនយោបាយ សកម្មជន និងយុវជន ដាក់ពន្ធនាគារបន្តបន្ទាប់ ដោយសារពួកគេបញ្ចេញមតិរិះគន់ និងទាមទារឱ្យអាជ្ញាធរអនុវត្តវិធានការទាំងឡាយឱ្យត្រឹមត្រូវតាមច្បាប់។
ទោះជាយ៉ាងណា របបលោក ហ៊ុន សែន បកស្រាយថា វិធានការទាំងនេះជាការអនុវត្តច្បាប់ មិនមែនជាការបង្ក្រាបលើសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំនោះឡើយ។ ចំណែក រឿងបាត់បង់ EBA ចំនួន២០% វិញ របបនេះអះអាងថា ជាសិទ្ធិសម្រេចរបស់សហភាពអឺរ៉ុប។
ក្រុមសកម្មជន ពលករ និងប្រជាពលរដ្ឋ ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងអំពើរំលោភច្បាប់តទៅទៀត ហើយត្រូវប្រញាប់ស្តារប្រជាធិបតេយ្យ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងមកវិញ។ ពួកគេព្រមានថា បើរបបក្រុងភ្នំពេញនៅតែបង្ក្រាបលើពលរដ្ឋ និងបំបិទសិទ្ធិសេរីភាពដោយបំពានបែបនេះតទៀត នោះនឹងមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងតបតនឹងរបបនេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។