សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ទេ នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ដោយ​សារ​ជំងឺ​កូវីដ១៩

ដោយ ទីន ហ្សាការីយ៉ា
2020.12.17
សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ទេ នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ដោយ​សារ​ជំងឺ​កូវីដ១៩ ស្លាក​សញ្ញា​សាលារាជធានី​ភ្នំពេញ
រូប៖ ពលរដ្ឋ

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី២០ ធ្នូ​ខាង​មុខ ដោយ​លើក​ឡើង​ពី​ហេតុ​ផល​រីក​រាលដាល​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍។ ទោះ​បី​ជា​យ៉ាងណា សង្គម​ស៊ីវិល​ប្រកាន់​រក្សា​ជំហរ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ធ្វើ​ ដោយ​បំបែក​គ្នា​ធ្វើ​ទៅ​តាម​កន្លែង​រៀង​ខ្លួន។

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ៥៣ស្ថាប័ន ឲ្យ​ផ្អាក​ការ​ជួបជុំ និង​រៀប​ចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ មួយ​រយៈ​ពេល​សិន ដោយ​សារ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍ ចាប់​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា នៅ​មិន​ទាន់​ចប់​នៅ​ឡើយ។

អភិបាល​រង​ក្រុង​រូប​នេះ តម្រូវ​ឲ្យ​គណៈកម្មការ​រៀបចំ​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដាក់​លិខិត​ជូន​សាលា​រាជធានី​ភ្នំពេញ​ស្នើ​សុំ​ជាថ្មី​ ក្រោយ​ពេល​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ត្រូវ​រដ្ឋាភិបាល​ដោះ​ស្រាយ​ចប់។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ឲ្យដឹង​ថា សមាគម សហជីព អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ដដែល ដោយ​ធ្វើ​ទៅ​តាម​ស្ថាប័ន​រៀង​ខ្លួន​ ចាប់​ពី​ថ្ងៃ​ទី១៨ រហូត​ចុង​ខែ​ធ្នូ​ ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី២០ ធ្នូ ក៏​នឹង​មាន​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​លើក​ឡើង​ពី​សកម្មភាព និង​ទុក្ខ​កង្វល់​របស់​សង្គម​ស៊ីវិល​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​កំឡុង​ឆ្នាំ២០២០ នេះ។

លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​សម្រេច​យក​​ខែ​ធ្នូ​ គឺជា​ខែ​រំលឹក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​លុប​ទិវា​នេះ​ចេញ​ពី​ថ្ងៃ​ឈប់​សម្រាប់​របស់​ប្រទេស​កម្ពុជា​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់​ ដោយ​គ្មាន​លក្ខខ័ណ្ឌ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ៖ «យើង​នៅ​តែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​បើក​លំហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ឡើង​វិញ ដើម្បី​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​ ឲ្យ​មាន​សន្តិភាព​ពេញ​លេញ​ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ពេញ​លេញ។ យើង​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​កុំ​យល់​ហេតុផល​ កូវីដ ដើម្បី​រឹតត្បិត​នៅ​ក្នុង​ការ​ជួបជុំ​ និង​ការ​ប្រមូល​ផ្ដុំ នៅ​ការ​សម្ដែង​មតិ​នៅ​ក្នុង​សកម្មភាព​ស្រប​ច្បាប់​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​យើង​នោះ»

កាល​ពី​ថ្ងៃ​ទី១៤ ធ្នូ ក្រុម​សមាគម​ សហជីព​ និង​សង្គម​ស៊ីវិល​ចំនួន ៥៣ស្ថាប័ន បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​ក្រុង​ភ្នំពេញ ​ដើម្បី​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ១០ធ្នូ ថ្ងៃ​ទី២០ ធ្នូ ខាង​មុខ ​មាន​អ្នក​ចូលរួម​ប្រមាណ ១ពាន់ ៥រយ​នាក់ (.៥០០) នៅ​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឫស្សីកែវ និង​ដង្ហែ​ក្បូន​ទៅកាន់​រដ្ឋសភា ​ដើម្បី​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ទីនោះ។

នេះ​ជា​លើក​ទី​២​ហើយ​ ដែល​សាលា​រាជធានី​ភ្នំពេញ​ពន្យារ​ពេល​ការ​ជួបជុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ដោយ​មិន​កំណត់​ពេល បន្ទាប់​ពី​សង្គម​ស៊ីវិល​ដាក់​លិខិត​ស្នើ​សុំ​សាលា​រាជ​ធានី​ភ្នំពេញ​រៀប​ទិវា​នេះ កាល​ពី​ថ្ងៃ​ទី៦ ធ្នូ ម្ដង​រួច​មក​ហើយ​ ប៉ុន្តែ​ខាង​សាលា​ក្រុង​សម្រេច​ឲ្យ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ​វិញ ដោយ​សារ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ។

ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដើម្បី​ក្រើន​រំឭក​រដ្ឋាភិបាលឱ្យ​មាន​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស​តាម​កាតព្វកិច្ច​របស់​ខ្លួន​ឡើង​វិញ ស្រប​ពេល ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។