អាជ្ញាធរ​ ហាម​​​​​​សម្ដែង​មតិ​​ទាមទារ​ដោះលែង​​គ្រូ​បង្រៀន​ នៅ​ថ្ងៃ​​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ៥ តុលា

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​ឯករាជ្យ មិន​ឲ្យ​ថ្លែង​សារ​ទាមទារ​ដោះ​លែង​សមាជិក​ខ្លួន នៅ​ថ្ងៃ​​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ៥​ តុលា ខាង​មុន​នេះ​​ទេ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ ខក​ចិត្ត ចំពោះ​ការ​កម្រិត​សេរីភាព​សម្ដែង​មតិ​នេះ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដាក់​​​លក្ខ​ខណ្ឌ​ច្រើន​ទៀត​ ដែល​ជា​ការ​រឹតត្បិត​សេរីភាព​សម្ដែង​មតិ​របស់​គ្រូ​បង្រៀន ដូច​ជា ​កំណត់​ចំនួន​មនុស្ស​ចូលរួម​ និង​ហាម​ហែ​ក្បួន ​ជាដើម។ អ្នក​ស្រី បន្ត​ថា សមាគម​​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បង្ខំ​ចិត្ត​ទទួល​យក​លក្ខខណ្ឌ​ដ៏​តឹងតែង​របស់​អាជ្ញាធរ​ទេ ​តែ​ទោះ​ជា​យ៉ាង​ណា អ្នកស្រី ហៅ​ការ​រឹតត្បិត​​​សេរីភាព និង​ការ​សម្ដែង​មតិ​របស់​គ្រូ​បង្រៀន​ ជា​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​បញ្ញវន្ត៖ « អ្វី​ដែល​គេ ( អាជ្ញាធរ ) កំណត់​ឲ្យ​យើង​ធ្វើ​​ប៉ុណ្ណា បើ​យើង​ធ្វើ​លើស​ ជា​ការ​ដែល​យើង​ប្រឈម ( វិធានការ ) ។ យើង​ឃើញ​ហើយ ក្នុង​ស្ថានភាព​សព្វ​ថ្ងៃ​នេះ គេ​កំណត់​ទិសដៅ​ឲ្យ​យើង​ដើរ តាម​អ្វី​ដែល​គេ​កំណត់។ អ៊ីចឹង យើង​អស់​ជម្រើស​ក្នុង​ការ​ដែល​ធ្វើ​ហើយ។ ប៉ុន្តែ​អា​ការណ៍​កំណត់ (​ ចំនួន ) ​ របស់​អ្នក​គ្រូ លោក​គ្រូ​ចូលរួម​ហ្នឹង ប្រហែល​ជា​ឆន្ទៈ​ លោកគ្រូ អ្នក​គ្រូ​យើង​ចូលរួម​បាន​ច្រើន​ជាង​អ្វី ដែល​គេ​បាន​កំណត់»

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៨ កញ្ញា បាន​​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រារព្ធ​ទិវា​​គ្រូ​បង្រៀន​ពិភពលោក ថ្ងៃ​ទី៥ តុលា ខាង​មុខ​នេះ​បាន នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​សួន​ច្បារ​ជាប់​មាត់​ទន្លេ ជាប់​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ខណ្ឌ​ឫស្សីកែវ។ តែ​អាជ្ញាធរ ដាក់​កម្រិត​សិទ្ធិ​សេរីភាព និង​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង​មួយ​ចំនួន ភ្ជាប់​ជាមួយ​ ដូច​ជា ឲ្យ​មាន​អ្នក​ចូលរួម​ត្រឹម ៥០នាក់ ហាម​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ ទៅ​ដាក់​នៅ​ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី តែ​អាច​ស្នើសុំ​ឲ្យ​តំណាង​ស្ថាប័ន​ មក​ទទួល​ញត្តិ​ដល់​ទីលាន​ប្រជាធិបតេយ្យ។

សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ ចំពោះ​ការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ផ្ទៃ​ក្នុង​នៃ​ការ​រៀបចំ​ពិធី។ អាជ្ញាធរ បន្ត​ហាម​​មិន​​យក​ទិវា​គ្រូ​បង្រៀន​វាយ​ប្រហារ​រដ្ឋាភិបាល ឬ​ញុះញង់​ឲ្យ​កើត​​ហិង្សា បំបែក​បំបាក់​សាមគ្គី​ជាតិ ហាម​ប្រើ​សារ​នយោបាយ​ ហាម​កុំ​ឲ្យ​អ្នក​ធ្វើ​នយោបាយ និង​ត្រូវ​ហាម​អ្នក​ដែល​​បាន​ហាម​ឃាត់​សិទ្ធិ​នយោបាយ ចូលរួម​ទិវា​គ្រូ​បង្រៀន ជាដើម។

តែ​យ៉ាង​ណា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​​លើក​បដា​បាន​ ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ៥ តុលា តែ​​ កំណត់​អត្ថន័យ​លើ​បដា និង​ត្រូវ​កម្រិត​ការ​ឡើង​ថ្លែង​​មតិ​ មិន​ត្រូវ​ឲ្យ​ប្រាសចាក​ ពី​គោល​បំណង​ នៃ​ទិវា​គ្រូ​បង្រៀន​ឡើយ។ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​​បន្ថែម​ពី​ភាគី​អាជ្ញាធរ បាន​ទេ ដោយ​សារ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​ទី២៩ កញ្ញា។

​​​​​​​​​​​​​​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក​ ស៊ឹង សែន​ករុណា សោកស្ដាយ ចំពោះ​កម្រិត​សិទ្ធិ​សេរីភាព​​​គ្រូ​បង្រៀន​យ៉ាង​តឹងរ៉ឹង​ ក្នុង​ការ​សម្ដែង​មតិ​ ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភព​លោក។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ និយាយ​ថា ក្រុម​គ្រូ​បង្រៀន​ មាន​សិទ្ធិ​សេរីភាព​ពេញ​ទី ក្នុង​ការ​សម្ដែង​​មតិ ទាមទារ​ផល​ប្រយោជន៍​ និង​ទាមទារ​​ឲ្យ​ដោះលែង​​​គ្រូ​បង្រៀន​ផ្សេង​ទៀត។ លោក ស៊ឹង សែន​ករុណា ជំរុញ​ឲ្យ​អាជ្ញាធរ បើក​សិទ្ធិ​សេរីភាព​ពេញ​លេញ​តាម​ច្បាប់​កំណត់ ដើម្បី​ឲ្យ​ក្រុម​គ្រូ​បង្រៀន​ បាន​សម្ដែង​មតិ​​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច៖ « ជា​ការ​រឹតត្បិត​ទៅ​លើ​សេរី​ភាព​របស់​ពួកគេ ( គ្រូ​បង្រៀន ) ដែល​ធ្វើ​ការ​​ជួបជុំ។ ធម្មតា ការ​ជួប​ជុំ​ក្នុង​គោល​បំណង​ណាមួយ​ជា​សេរីភាព​របស់​​អ្នក​ដែល​គាត់​ជួបជុំ ក្នុង​ការ​ទាមទារ​ទៅ​លើ​អ្វី ​ដែល​ជា​ការ​មិន​ពេញ​ចិត្ត នូវ​ការ​ចង់​បាន​ ដែល​ពួកគេ​ចង់​រៀបចំ​ឡើង ហើយ​បើ​សិន​ជា​ការ​​រៀបចំ ជួបជុំ​គ្នា​ ទាមទារ​តវ៉ា ដោយ​មាន​កំណត់​នូវ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​បែប​នេះ វា​កាន់​តែ​បង្ហាញ​ឲ្យ​ច្បាស់​ថា សេរីភាព​នៅ​កម្ពុជា គឺជា​សេរីភាព​មួយ​ ដែល​ដាក់​កំហិត​ដោយ​ខាង​រដ្ឋាភិបាល។ អា​ហ្នឹង គឺ​ជា​ភស្តុតាង ដែល​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ កាន់​តែ​ខ្លាំង​ទៅ​ទៀត​ណា»

អ្នកស្រី អ៊ុក ឆាយាវី សង្កេត​ឃើញ​ថា ស្ថានភាព​គ្រូ​បង្រៀន​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​​ការ​​វិវត្តន៍​ទៅ​រក​ភាព​​អាក្រក់ ហើយ​គ្រូ​បង្រៀន ដែល​មាន​ឆន្ទៈ និង​គោលការណ៍​ឯករាជ្យ ​រង​ការ​ចាប់​ដាក់​ពន្ធនាគារ រង​ការ​លប​វាយ​ប្រហារ​ពី​ជន​មិន​ស្គាល់​មុខ និង​រង​ការ​សម្លុត​គំរាម​ ជា​បន្ត​បន្ទាប់។ តែ​យ៉ាង​ណា ក្រុម​គ្រូ​បង្រៀន​ដែល​រង​ការ​សម្លុត​គំរាម ដោយ​សារ​ការ​តវ៉ា​កន្លង​មក ក៏​គ្រោង​នឹង​នាំ​គ្នា​មក​ ចូល​រួម​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ៥ តុលា ខាង​មុខ​នេះ​ដែរ។ អ្នកស្រី អ៊ុក ឆាយាវី​ ចង់​ឲ្យ​​រដ្ឋាភិបាល​ យក​ចិត្ត​ទុក​ដាក់​ចេញ​មុខ​ការពារ​គ្រូ​បង្រៀន​ កុំ​ឲ្យ​រង​ការ​ចាប់​ខ្លួន រំលោភ​បំពាន​ត​ទៅ​ទៀត​ ដើម្បី​ជា​​​ការ​លើក​កម្ពស់ ​ស្ថានភាព​គ្រូ​បង្រៀន​នៅ​កម្ពុជា។

រាល់​ឆ្នាំ ក្នុង​ទិវា​គ្រូ​បង្រៀន​​ពិភពលោក ៥ តុលា ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន តែង​ឆ្លៀត​ឱកាស​ថ្លែង​សារ ​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ចូល​តុ​ចរចា​គ្នា ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា និង​​ទាមទារ​ឲ្យ​រដ្ឋាភិបាល រក​យន្តការ​ទប់ស្កាត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ព្រម​ទាំង​ទាមទារ​ឲ្យ​ដោះ​លែង​គ្រូ​បង្រៀន និង​សមាជិក​សហភាព​សហជីព​កម្ពុជា​ទាំង​អស់ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។