អ្នកគាំទ្រ​លោក សឺន សាន ត្រូវ​សមត្ថកិច្ច​ហាម​ឃាត់​ធ្វើ​ពិធី​បង្សុកូល​ជូន​យុទ្ធជន​តស៊ូ​តាម​ព្រំដែន

ដោយ សេក បណ្ឌិត
2019-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ចលនា​តស៊ូ​ភាគី​លោក សឺន សាន (រ.ជ.រ.ប.ខ) នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ។
ស្តូប​អនុស្សាវរីយ៍​យុទ្ធជន​ចលនា​តស៊ូ​ភាគី​លោក សឺន សាន (រ.ជ.រ.ប.ខ) នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ។
រូបថត៖ ប្រជាពលរដ្ឋ​ថត​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០១៩

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ហាមឃាត់​មិន​អ្នកគាំទ្រ​លោក សឺន សាន អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​យុទ្ធជន​តស៊ូ​នៅ​តំបន់​ជាយដែន​កម្ពុជា​ថៃ ដែល​គ្រោង​រៀបចំ​នៅ​ស្តូប​អនុស្សាវរីយ៍​តំបន់​ព្រំដែន ក្នុងស្រុក​ថ្មពួក​នៅ​ថ្ងៃ​ទី​៥ មីនា។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ហាមឃាត់​នេះ ថា ជា​ការ​បិទ​សិទ្ធិ​សេរី​ខាង​សាសនា​របស់​ពលរដ្ឋ។

ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​ប្រវត្តិ​ជូរចត់​ជាមួយ​លោក សឺន សាន គឺ​លោក រ័ត្ន សុធី ថ្លែងប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មីនា​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អភិបាល​បាល​ស្រុក​ថ្មពួក​បាន​ហាមឃាត់​​លោក​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​យុទ្ធជន ដែល​ពលី​ជីវិត​ដោយសារ​ការ​តស៊ូ​ដើម្បី​ជាតិ​នៅ​តាម​ព្រំដែន​ខ្មែរ ថៃ​នា​ពេល​កន្លងមក​។ លោក​អះអាង​ទៀត​ថា ពួកគាត់​បាន​សុំច្បាប់​ពី​មេភូមិ និង​មេឃុំ​ក្នុងស្រុក​ថ្មពួក​រួចហើយ ដើម្បី​ធ្វើ​ពិធី​នេះ នៅ​ថ្ងៃ​ទី​៥ មីនា នៅ​ស្តូប​អនុស្សាវរីយ៍​ស្ថិត​ក្នុង​ភូមិ​បន្ទាយមានរិទ្ធិ ឃុំ​គោករមៀត ស្រុក​ថ្មពួក៖ «តាម​គោលបំណង​ខ្ញុំ​ទី​រំលឹក​អនុស្សាវរីយ៍​អ្នក​បូជាជីវិត​ដើម្បី​ជាតិ និង​ទី​២​ដោយសារតែ​អ្នក​រួមការ​ងារ​ដែល​គាត់​ពលី​ជីវិត​នឹង ហើយ​កន្លែង​ស្តូប​ក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​បង្ហាញ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដឹង​ថា នេះ​គឺជា​សម័យ​ឆ្នាំ​១៩៧៩​ដែល​ខ្មែរ​យើង​តស៊ូ​ប្រឆាំង​នឹង​បរទេស​ឈ្លានពាន ទាមទារ​សិទ្ធិ​សេរីភាព​ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស និង​មានការ​អភិវឌ្ឍន៍​ឱ្យ​ខ្មែរ​សម្បូរ​សប្បាយ​ទាំងអស់​គ្នា»

លោក​ឱ្យ​ដឹង​ទៀត​ថា គម្រោង​ក្នុង​ពិធី​នេះ នឹង​មាន​អ្នក​ចូល​ដែល​គាំទ្រ​លោក សឺន សាន អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា និង​ជា​សមាជិក​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​កាលពី​ទសវត្ស​ឆ្នាំ​១៩៩៧ ចូលរួម​ជាង ២០០​នាក់ និង​មាន​ការចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​បាន​ចូលរួម​ចំនួន​២០០​នាក់​ផង​ដែរ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម និង​អភិបាល​ស្រក​ថ្ម​ពួកលោក ដៀប ឈួន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​៣ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​លោក រ័ត្ន សុធី អះអាង​ថា ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ បាន​ហៅ​លោក​ទៅ​ជួប​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ហើយ​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​មិន​អនុញ្ញាត​នោះ​ថា ដោយសារ​ស្ថានការណ៍​នយោបាយ​មិន​អំណោយផល។

លិខិត​របស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​អាស៊ីសេរី​ទទួល​បាន​ជូនដំណឹង​ទៅ​លោក រ័ត្ន សុធី សុំ​ផ្អាក​ការ​ធ្វើ​ពិធី​បង្សុកូល​នៅ​ស្តូប​អនុស្សាវរីយ៍​ក្នុង​ភូមិ​បន្ទាយមានរិទ្ធិ មួយរយៈ​ដោយ​រង់ចាំ​សម្រេច​នៅ​ពេល​ក្រោយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ការ​ធ្វើ​បុណ្យ​តាម​បែប​សាសនា​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា ពិធី​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ ព្រោះ​ជា​ការ​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ដើម្បី​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​ពួកគាត់​ទៅកាន់​សុគតិភព​។ លោក​ថា សកម្មភាព​នេះ​ជា​ទង្វើ​ល្អ​របស់​មនុស្ស​ទៅវិញ ដែល​មាន​ចិត្ត​ស្រលាញ់​អ្នក​ដែល​ស្នេហា​ជាតិ៖ «បុណ្យ​ប្រពៃណី​អី​គេ​អត់​មាន​យក​កាំភ្លើង គ្រាប់បែក ឬ​អាវុធ​ធុន​ធ្ងន់ សម្រាប់​បង្កើត​អបគមន៍​សម្រាប់​វាយប្រហារ​រដ្ឋាភិបាល​ទេ គ្រាន់តែ​ប្រើ​ដើម្បី​ធ្វើ​រំលឹក​ដល់​បុព្វបុរស​ដល់​អ្នក​ស្លាប់​ទៅ មិន​គួរណា​រមាស់​ខ្នង​មិន​គួរ​ណា​ល្ហើយ មិន​គួរណា​ខ្លាច​អី​ទៅ​ឃាត់​ទៅ​ឃាំង​ពួកគាត់​ទេ គឺ ឱ្យ​គេ​ធ្វើ​ទៅ​បើ​មិន​ដូច្នេះ​ទេ​ប៉ូលិស​ទាហាន​អី​ទៅ​ចូល​ទៅ​បាន​បុណ្យ​ផង។ កុំ​ឱ្យ​ខ្លាច​គ្រាន់តែ​ស្តូប​អនុស្សាវរីយ៍​មួយ​នឹង​ជា​ដង្កូវ​ឬក៏​ជា​ទីងមោង ឬ​ជា​យក្ស​ដែល​ដុសធ្មេញ​តាម​ខាំ​ឯណា?»

ទោះជា​យ៉ាងណា លោក រ័ត្ន សុធី អះអាង​ថា បើ​ទោះ​បី​ជា​មិនបាន​ធ្វើ​ពិធី​នេះ​នៅ​ទីតាំង​ដែល​បាន​កំណត់​ក្ដី ក៏​លោក​នឹង​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​វត្ត ឧទ្ទិស​កុសល​ដល់​យុវជន​ទាំង​នោះ​ដែរ ព្រោះ​ពិធីបុណ្យ​នេះ​ពួកគាត់​តែង​នាំគ្នា​ធ្វើ​មួយ​ឆ្នាំ​ម្ដង ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​នេះ ដោយ​មិនដែល​អាក់ខាន​ដូច​ឆ្នាំ​នេះ​ទេ។

រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៤៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ពេញទី​ខាង​ជំនឿ សេរីភាព​ខាង​ជំនឿ និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ត្រូវ​បាន​រដ្ឋ​ធានា ក្នុង​លក្ខខណ្ឌ ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃ ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល