ជនជាតិ​ដើម​ភាគតិច​ខេត្ត​ភាគ​ឦសាន​ចង់​ឲ្យ​សារព័ត៌មាន​ឯករាជ្យដំណើរការ​ពេញ​លេញ

ដោយ សេក បណ្ឌិត
2018.12.05
អាស៊ីសេរី វិអូអេ ៦២២ និមិត្តសញ្ញា​វិទ្យុអាស៊ិសេរី (ឆ្វេង) និង​វិទ្យុ​សំឡេងសហរដ្ឋអាមេរិក (VOA)។
Screenshot

ជនជាតិ​ដើម​ភាគតិច​ខេត្ត​ភាគឦសាន​ចង់​ឃើញ របប​ក្រុង​ភ្នំពេញ​មាន​ឆន្ទៈ​នយោបាយ​ស្មោះត្រង់​ក្នុង​ការ​លើក​តម្កើង​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​លទ្ធភាព បំពេញ​ភារកិច្ច​បាន​ពេញលេញ និង​គ្មាន​ការ​គំរាមកំហែង។

ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី ពុំ​សូវ​មាន​ជំនឿ​ចិត្ត​លើ សេចក្ដី​សម្រេច​របស់​របប​ក្រុង​ភ្នំពេញ ដែល​អនុញ្ញាត​ឲ្យ​វិទ្យុ​និង​កាសែត​ឯករាជ្យ បើក​ការិយាល័យ របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ ដោយសារ​ពួកគេ​មើល​ឃើញ​ថា សេចក្ដី​សម្រេច​នោះ អាច​ជា​ការ​បញ្ចៀស​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អឺរ៉ុប​តែ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​ស្ទឹងត្រែង​លោក ថាន់ វ៉ន សង្កេត​ឃើញ​ថា ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ មាន​តួនាទី​សំខាន់​ជួយ​សង្គម និង​ប្រជាពលរដ្ឋ ជា​ពិសេស​បាន​លាត​ត្រដាង​ក្តី​កង្វល់​របស់​ពលរដ្ឋ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ ក្នុង​បំណង​ស្វែងរក​ដំណោះស្រាយ​ដោយ​យុត្តិធម៌។ លើស​ពី​នេះ សារព័ត៌មាន​ឯករាជ ក៏​ជួយ​តម្រង់​ទិស​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ដែរ។ លោក​ថា ពលរដ្ឋ​នឹង​ចាំ​អ៊ុត​មើល តើ​សេចក្ដី​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ជាតិ ជា​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ឬ​គ្រាន់តែ​សរសេរ​ក្នុង​ក្រដាស​ឲ្យ​ល្អ​មើល​បន្លំ​ភ្នែក​ពលរដ្ឋ៖ «ខ្ញុំ​មិន​ជឿ​ថា គាត់​អនុវត្ត​បាន គាត់​គ្រាន់តែ​ឲ្យ​ផ្សាយ​ដើម្បី​បំភ័ន្ត​ភ្នែក​អន្តរជាតិ​ទេ ឲ្យ​គេ​ថា គាត់​លើក​ស្ទួយ​ប្រជាធិបតេយ្យ​ឡើងវិញ តែ​ការ​ពិត​មិនមែន​ទេ។ ក៏​ប៉ុន្តែ​បើ​គាត់​បាន​ធ្វើ​មែន លទ្ធិប្រជាធិបតេយ្យ​អាច​កើត​ឡើង​វិញ​បាន»

ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត​រស់នៅ ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា យល់​ថា ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជួយ​សង្គមជាតិ​ច្រើន ដោយ​ពាំនាំ​ក្តី​កង្វល់​របស់​ពលរដ្ឋ ផ្សព្វផ្សាយ​ជា​សាធារណៈ បំណង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។ លោក​មើល​ឃើញ​ថា ច្រើន​ឆ្នាំ​មក​ហើយ​កាសែត​ក្នុង​ស្រុក​ស្ទើរ​គ្រប់​ស្ថាប័ន ហាក់​ទទួល​រង​ការ​កៀប​សង្កត់ ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ជា​ហេតុ​នាំ​ឲ្យ ពលរដ្ឋ​គ្មាន​ជំនឿ​ចិត្ត។ ហេតុនេះ ពួកគេ​ចង់​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ មាន​សេរីភាព​ពេញ​លេញ ចុះ​យក​ព័ត៌មាន​ជាក់ស្ដែង​នៅ​មូលដ្ឋាន​ផ្ទាល់៖ «កាសែត​ឯករាជ្យ​ជួយ​ច្រើន ទី១ គាត់​យក​សារ​របស់​ពលរដ្ឋ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ទី២ គាត់​ចាក់​អាជ្ញាធរ​ខិលខូច​ឲ្យ​ភ្ញាក់​ខ្លួន។ នេះ​ហើយ​ឃើញ​ថា កាសែត​ឯករាជ្យ​ជួយ​ច្រើន​មែន ពាក់ព័ន្ធ​បញ្ហា​សង្គម»

សេចក្ដីថ្លែងការណ៍​របប​លោក ហ៊ុន សែន ចេញ​កាល​ពី​ថ្ងៃ​ទី៣ ឆ្នូ បញ្ជាក់​ថា វិទ្យុ​អាស៊ីសេរី និង​វិទ្យុសម្លេងសហរដ្ឋអាមេរិក​ដែល អាច​បើក​ការិយាល័យ​ខ្លួន នៅ​កម្ពុជា​ឡើង​វិញ​បាន។ ចំណែក​ព្រឹត្តិបត្រ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី ក៏​អាច​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​បាន​ដែរ ក្នុង​ករណី​ដោះស្រាយ​បំណុល​ពន្ធដារ រួចរាល់​ហើយ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ គិត​ថា សេចក្ដី​សម្រេច​របស់​ថ្នាក់​ដឹកនាំ​ជាតិ អាច​ជា​សិល្បៈ​នយោបាយ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​រាល់​ទម្រង់​ការ​ដឹកនាំ​បច្ចុប្បន្ន និង ស្តារ​មុខ​មាត់​ប្រជាធិបតេយ្យ បែប​បន្លំ​ភ្នែក​ពលរដ្ឋ និង​អន្តរជាតិ​ប៉ុណ្ណោះ។ លោក​មើល​ឃើញ​ថា ទម្រង់​ដឹកនាំ​ក្នុង​អាណត្តិទី៦ នេះ ហាក់​ពុំ​មែន​ជា​ដំណោះស្រាយ​បម្រើ​ប្រយោជន៍​ជាតិ និង លើក​ស្ទួយ​ប្រជាធិបតេយ្យ​ពេញលេញ​នោះ​ទេ៖ «ក្នុង​ដំណើរ​ការ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ស្ថានភាព​បច្ចុប្បន្ន បើ​នៅ​បន្ត​ពុំ​មាន​ស្មោះត្រង់ ទាំង​អ្នកសារព័ត៌មាន អ្នកនយោបាយ សង្គម​ស៊ីវិល និង​ឲ្យ​ពលរដ្ឋ​ចូលរួម​ដំណើរ​ការ​អភិវឌ្ឍន៍ សកម្មភាព​នយោបាយ និង​ទម្រង់​នយោបាយ​ផ្សេងៗ​នោះ​ទេ ការ​ដឹកនាំ​ប្រភេទ​នេះ​នឹង​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ខ្មែរ និង​អនាគត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ»

ពលរដ្ឋ ក្រុម​យុវជន និង​សង្គម​ស៊ីវិល ទទូច​ដល់​របប​លោក ហ៊ុន សែន ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ស្មោះត្រង់ រូមគ្នា​ស្ការ​ប្រជាធិបតេយ្យ​ឡើង​វិញ ព្រោះ​ការ​រារាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​គឺ​ជា​ការ​ខាតបង់​ធំធេង​សម្រាប់​សង្គម​ជាតិ ជា​ពិសេស​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។