អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​សរសេរ​លិខិត​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ករណី​លោក រ៉ុង ឈុន

អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន ២០ បាន​រួម​គ្នា​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​អ្នកស្រី ដាយអាន់ ហ្វាញស្តាញ (Dianne Feinstein) ដោយ​ស្នើសុំ​ឱ្យ​អ្នកស្រី ជួយ​អន្តរាគមន៍ ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

នៅ​ក្នុង​លិខិត​រួមគ្នា​មួយ ដែល​តំណាង​ដោយ​អង្គការ​មូលនិធិ​ខ្មែរ​សាមគ្គី ចុះ​ថ្ងៃ​ទី៤ ខែ​សីហា ដែល​អាស៊ីសេរី ទើប​ទទួល​បាន កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា អង្គការ​ទាំង ២០ ដែល​ភាគច្រើន​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​មួយ​ចំនួន​នៅ​ប្រទេស​កាណាដា និង​អូស្ត្រាលី ថា លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ដោយសារតែ​លោក​ឈឺឆ្អាល​បញ្ហា​ជាតិ ជាពិសេស​បញ្ហា​ដែល​វៀតណាម​រំលោភ​ចូល​ដី​ខ្មែរ​។ អង្គការ​ទាំងនេះ ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា​ជា​រឿង​នយោបាយ និង​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ ពួកគេ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​បញ្ឈប់​ការ​ចាប់​ខ្លួន​តាមតែ​អំពើ​ចិត្ត​បែបនេះ។

ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ កន្លង​មក​សមាជិកសភា​សហរដ្ឋអាមេរិក បាន​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០២០ ដែល​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​អនុម័ត​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏បាន​ចាត់វិធានការ​ទណ្ឌកម្ម​មួយ​ចំនួន រួមមាន​ការ​ដក​ជំនួយ​ទាំងស្រុង​ពី​កម្ពុជា លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​ទណ្ឌកម្ម​បុគ្គល លើ​មន្ត្រី​គ្រាក់ៗ​នៃ​របប​ក្រុងភ្នំពេញ ដោយ​អនុវត្ត​ច្បាប់​ដាក់ទណ្ឌកម្ម​សាកល ឬ the Global Magnitsky Act៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។