អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders) អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ រាល់ដំណើរការក្ដីក្ដាំប្រឆាំងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ការអំពាវនាវធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការនេះ ចេញផ្សាយកាលពីថ្ងៃទី៣ តុលា ភ្លាមៗ ក្រោយពេលចៅក្រមនៃតុលាការរបបក្រុងភ្នំពេញ បានសម្រេចមិនទម្លាក់ចោលសំណុំរឿង ឬបទចោទប្រឆាំងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបនេះ ហើយតម្រូវឱ្យមានការស៊ើបអង្កេតឡើងវិញលើភស្តុតាងក្នុងសំណុំរឿងនេះ។
នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ដដែលថា ចៅក្រមជំនុំជម្រះខ្លួនឯងបានទទួលស្គាល់ថា សំណុំរឿងក្ដីក្ដាំនេះ មានភាពចន្លោះប្រហោងច្រើន។ ក៏ប៉ុន្តែ ចៅក្រមជំនុំជម្រះនៅតែបដិសេធ ការទម្លាក់ចោលបទចោទប្រឆាំងនឹងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដដែល។
លោកសង្កត់ធ្ងន់ៗ ថា ការណ៍នេះជាការបញ្ជាក់យ៉ាងច្បាស់ណាស់ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កំពុងតែស្តាប់បង្គាប់តាមបញ្ជារបស់រដ្ឋាភិបាល។ លោកបន្តថា ការបន្តធ្វើទុក្ខបុកម្នេញមកលើអតីតអ្នកកាសែតទាំងពីររូបនេះ និងការបន្ទច់បង្អាក់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ គឺជាការបន្តបំភិតបំភ័យដល់អ្នកកាសែតគ្រប់រូបទាំងអស់នៅកម្ពុជា។ លោកបន្តថា ឆ្លើយតបទៅនឹងអំពើរំលោភបំពានលើសេរីភាពសារព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ យើងជំរុញឱ្យដៃគូពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ធ្វើសេចក្ដីសន្និដ្ឋានចាំបាច់នានា និងធ្វើការពិនិត្យសើរើមើលឡើងវិញ នូវរាល់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទាំងអស់ជាមួយកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។