មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិយាយថា មន្ត្រីពន្ធនាគារខេត្តកំពតកំពុងរំលោភច្បាប់ និងរបស់សិទ្ធិជនជាប់ចោទ ដោយមិនអនុញ្ញាតឲ្យក្រុមគ្រួសារបានសួរសុខទុក្ខពេលកំពុងជាប់ឃុំឃាំង។ កូនប្រុសសកម្មជនគណបក្សប្រឆាំងបានបញ្ជាក់ថា ខាងអនុរក្សពន្ធនាគារកំណត់រយៈពេលមួយខែទៀត ដើម្បីអនុញ្ញាតសមាជិកក្រុមគ្រួសារបានសួរសុខទុក្ខឪពុករបស់លោក ដែលកំពុងជាប់ឃុំឃាំង។
នាយករងនៃអង្គការ លីកាដូ ទទួលបន្ទុកសិទ្ធិមនុស្សលោក អំ សំអាត ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៩ សីហាថា អាជ្ញាធរមានសមត្ថកិច្ចនៃរបបក្រុងភ្នំពេញកំពុងរំលោភច្បាប់ផ្ទួនៗ រាប់ទាំងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង រហូតទៅដល់ការនាំខ្លួនទៅដាក់នៅក្នុងមន្ទីរឃុំឃាំង។
ការលើកឡើងរបស់មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនេះ បានកើតមានឡើងក្រោយពីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងខេត្តកំពតកាលពីថ្ងៃទី១៧ សីហា បានចាប់ខ្លួន លោក នុត ពេជ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតស្រុកឈូក ខេត្តកំពត ដោយចាប់វាយខ្នោះនៅកណ្ដាលវាលស្រែពេលកំពុងដកស្ទូង ហើយបណ្ដើរចេញមកដោយគ្មានពាក់ស្បែកជើងរហូតដល់ពន្ធនាគារ ហើយបន្ទាប់មកសមត្ថកិច្ចចាប់កោរសក់ ហើយហាមមិនឱ្យក្រុមគ្រួសារចូលជួបសួរសុខទុក្ខក្នុងរយៈពេលមួយខែថែមទៀតផង។
ចាប់តាំងពីលោក នុត ពេជ ត្រូវចាប់ដាក់ក្នុងពន្ធនាគារខេត្តកំពតមក រហូតមកដល់ថ្ងៃទី១៩ ខែសីហា នេះមិនមានសមាជិកក្រុមគ្រួសារណាម្នាក់បានទៅសួរសុខទុក្ខជនសង្ស័យឡើយ។
លោក អំ សំអាត បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានរំលោភច្បាប់ទៅលើសិទ្ធិជនជាប់ចោទដែលត្រូវបានធានាដោយច្បាប់ពីព្រោះគ្មានច្បាប់រារាំងណាមួយមិនឲ្យសមាជិកក្រុមគ្រួសារបានចូលសួរសុខទុក្ខជនសង្ស័យនៅក្នុងមន្ទីរឃុំឃាំងនៅក្នុងដំណាក់កាលសាកសួររបស់តុលាការទេ។
លោកឲ្យដឹងទៀតថា បើក្នុងអំឡុងពេលនៃការឃុំខ្លួនប្រសិនបើមានរឿងមិនប្រក្រតីអ្វីមួយកើតឡើងទៅលើជនជាប់ចោទ នោះអាជ្ញាធរត្រូវទទួលត្រូវ៖ « បើសិនជាក្នុងអំឡុងហ្នឹងស្រាប់តែមានបញ្ហាអ្វីកើតជាមួយក្រុមគ្រួសារគេ។ អាហ្នឹង គេចោទប្រកាន់ខាងពន្ធនាគារ កុំថាគេ ពីព្រោះថាគេអត់បានជួបក្រុមគ្រួសារគេ។ ពីព្រោះថាប់មានជំងឺឈឺធ្ងន់ ឬក៏មានហេតុការណ៍កើតឡើងអាហ្នឹងគេចោទប្រកាន់ទៅលើពន្ធនាគារ បើសិនគេមិនបានជួបក្នុងរយៈពេលហ្នឹង » ។
លោក នុត ពេជ អាយុ ៦៤ឆ្នាំ ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ចេញដីកាចាប់ខ្លួនដោយចោទប្រកាន់ពីបទ «ប្រឆាំងសាលដីកាតុលាការកំពូល» ដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នា២០១៧។
លោក នុត ពេជ គឺជាមនុស្សទី១៥ ដែលរបបក្រុងភ្នំពេញ ចាប់ខ្លួនក្នុងយុទ្ធនាការបង្ក្រាប ដើម្បីទប់ស្កាត់ការប្រមូលផ្ដុំគ្នារបស់សកម្មជនគណបក្សប្រឆាំងគាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
លោក សន់ ធានី កូនប្រុសរបស់លោក នុត ពេជ បញ្ជាក់ថា ចាប់តាំងពីការចាប់ឃុំខ្លួនរហូតមកដល់ថ្ងៃទី១៩ ខែសីហា សមាជិកក្រុមគ្រួសារមិនត្រូវបានអនុញ្ញាតឲ្យទៅសួរសុខទុក្ខឪពុករបស់លោកនៅក្នុងពន្ធនាគារទេ។
លោកបញ្ជាក់ថា ខាងអនុរក្សពន្ធនាគារខេត្តប្រាប់ថា ត្រូវការរយៈពេលមួយខែទៀតទើបអនុញ្ញាតឲ្យសមាជិកក្រុមគ្រួសារបានសួរសុខទុក្ខលោក នុត ពេជ។
លោកបញ្ជាក់ថា ឪពុករបស់លោកកំពុងមានជំងឺ នៅមុនពេលចាប់ខ្លួនដាក់ក្នុងមន្ទីរឃុំឃាំង។ ដូច្នេះលោកបារម្ភថាសុខភាពរបស់លោក នុត ពេជ អាចនឹងមានផលប៉ះពាល់៖ « កាលគាត់នៅជាមួយខ្ញុំហ្នឹងគាត់ចេះតែអស់កម្លាំង ហើយគាត់មានជំងឺទល់លាមក ឈឺក្រពះ។ ខ្ញុំព្រួយបារម្ភខ្លាចថា ការហូបចុកមិនដិតដល់ការមើលថែទាំ អញ្ចឹងទៅខ្លាចគាត់កាន់តែទ្រុឌទ្រោមទៅៗ ពីគ្រោះគាត់វ័យចំណាស់ អាយុកាន់តែច្រើនហើយ ៦០ឆ្នាំជាងហើយ » ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោក ចាន់ គឹម សេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃបានទេដោយលោកមិនលើកទូរស័ព្ទ។
ស្នងការនគរបាលខេត្តកំពតកាលពីថ្ងៃទី១៩ សីហា បានចេញលិខិតបំភ្លឺថា សមត្ថកិច្ចតែងតែអនុវត្តច្បាប់យ៉ាង ហ្មត់ចត់នូវតួនាទីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្លាប់សង្គម។ លិខិតដដែលនោះក៏បានចោទវិទ្យុអាស៊ីសេរីថា បានផ្សាយបំពុលបរិយាកាសសង្គម និង គ្មានសីលធម៌វិជ្ជាជីវៈ។
តែទោះបីជាមានការបំភ្លឺពីស្នងការខេត្តកំពតបែបនេះក្តី ក៏មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងសមាជិកក្រុមគ្រួសារជនជាប់ចោទ បានស្ដីបន្ទោសសមត្ថកិច្ចរបបក្រុងភ្នំពេញថា កំពុងរំលោភសិទ្ធិជនជាប់ចោទដែលធានាដោយរដ្ឋធម្មនុញ្ញ ដោយរាប់ចាប់តាំងតែពីការចាប់ខ្លួនដោយបំពានគ្មានដីកា រហូតដល់ការបញ្ជូនខ្លួនទៅឃុំឃាំងនៅក្នុងពន្ធនាគារ និងមិនអនុញ្ញាតឲ្យគ្រួសារបានសួរសុខទុក្ខជនជាប់ចោទទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។