សហគមន៍ដីធ្លីនៅតំបន់បឹងកក់ និងបុរីកីឡា នៅថ្ងៃទី១៨ ខែធ្នូ នាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែង អ្នកបកប្រែភាសាឱ្យសារព័ត៌មានរុស្ស៊ីដែលផលិតខ្សែភាពយន្ត "ម្ដាយខ្ញុំលក់ខ្ញុំ" ឱ្យមានសេរីភាពឡើងវិញ។ ក្រុមស្ត្រីមានជម្លោះដីធ្លីថា មន្ត្រីខុទ្ទកាល័យ បដិសេធទទួលញត្តិពួកគាត់ ដោយលើកហេតុផលថា លិខិតស្នាមសរសេរខុស និងគ្មានដីកាតុលាការភ្ជាប់មកជាដើម។
តំណាងបណ្ដាញអតីតស្ត្រីនៅតំបន់បឹងកក់ កញ្ញា អ៊ីម ស្រីទូច រៀបរាប់ថា លោក គង់ ចំរើន ដែលជាមន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន ហាក់បង្ហាញអាកប្បកិរិយារើសអើង ដោយមិនព្រមទទួលញត្តិពួកគាត់ ដែលដាក់ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងលោក លោក រ៉ាត់ រត្នមុនី នោះឡើយ។
កញ្ញាបន្តថា ទោះបីជាពួកគាត់ខិតខំពន្យល់និងស្នើដល់មន្ត្រីខុទ្ទកាល័យរូបនេះឱ្យទទួលយកញត្តិក៏ដោយ ក៏លោក គង់ ចំរើន នៅតែមិនទទួលយកដែរ ដោយលើកឡើងថា សំណើនោះមានកំហុសរដ្ឋបាល និងគ្មានលិខិតស្នាមភ្ជាប់មកជាមួយ។ ស្ត្រីសកម្មជនដីធ្លីរូបនេះ នៅតែទទូចស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាព ដើម្បីបានជួបជុំក្រុមគ្រួសារវិញ ព្រោះលោកជាមនុស្សល្អ ដែលតែងតែជួយជាគំនិតតស៊ូមតិដោយអហិង្សា ដល់សហគមន៍ដីធ្លី ក្នុងពេលចេញតវ៉ារកដំណោះស្រាយដីធ្លី៖ «យើងសូមសំណូមពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមលោកមេត្តាជួយអន្តរាគមន៍ដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពឆាប់ៗនេះមក។ ទោះបីជាពួកយើងមិនបានដាក់ញត្តិទៅខុទ្ទកាល័យ សម្ដេចមិនបានទទួលញត្តិពួកយើង ប៉ុន្តែយើងសូមផ្ញើសំឡេងពួកយើង ឱ្យគាត់បានឮបានដឹងហើយ សូមឱ្យគាត់បានយល់អំពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលត្រូវការគាត់ឱ្យគាត់ជួយ។ ពួកយើងទាំងគ្នា ជាប្រជាពលរដ្ឋរងគ្រោះដីធ្លី ទាំងបឹងកក់ ទាំងបុរីកីឡាហ្នឹង សូមសំណូមពរ សូមឱ្យសម្ដេចជួយអន្តរាគមន៍ដោះលែង លោក រត្នមុនី ក្នុងពេលឆាប់ៗនេះផង»។
ចំណែក តំណាងសហគមន៍បុរីកីឡា លោកស្រី ភោគ សុភិន ឱ្យដឹងថា លោក រ៉ាត់ រត្នមុនី គឺជាមនុស្សស្លូតត្រង់ និងបំពេញការងារតាមវិជ្ជាជីវៈ ពោលគឺគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកស្រី បញ្ជាក់ថា រឿងខ្សែភាពយន្ត "ម្ដាយខ្ញុំលក់ខ្ញុំ" គឺជារឿងពិតរបស់គ្រួសារមួយនៅតំបន់បឹងកក់ ហេតុនេះ តុលាការគួរទម្លាក់ចោលការចោទប្រកាន់លើលោក រ៉ាត់ រត្នមុនី ដើម្បីឱ្យគាត់មានសេរីភាពវិញ៖ «លោក រ៉ាត់ រត្នមុនី គាត់មិនត្រូវការជាប់ពន្ធនាគារអីដល់ទៅ ២ឆ្នាំ ហើយពិន័យលុយរាប់ម៉ឺនដុល្លារទៀត។ គាត់មិនមែនជាជនក្បត់ជាតិ គាត់គ្រាន់តែជួយសកម្មជនដីធ្លីដែលតវ៉ាដីធ្លីហ្នឹង គាត់ជួយឱ្យយោបល់តស៊ូមតិ ដោយអហិង្សា។ ហើយរឿង ម្ដាយខ្ញុំលក់ខ្ញុំ ហ្នឹង គឺជារឿងពិតសម្រាប់អ្នកស្រី កែវ ម៉ាល័យ គាត់ជាអ្នករងគ្រោះការបណ្ដេញចេញពីតំបន់បឹងកក់។ គាត់មិនទាន់បានដំណោះស្រាយទេ ហើយគាត់ក៏ធ្លាក់ខ្លួនក្រីក្រ។ គាត់មិនហ៊ានឆ្លើយនៅក្រសួងមហាផ្ទៃថា គាត់លក់កូនក្រមុំ ព្រោះអី តែគាត់ឆ្លើយរឿងពិតអ៊ីចឹងទៅ គឺគេឃុំដោយទាំងគាត់ទៀត។ ម្ល៉ោះហើយ គាត់ក្រឡាស់សាច់រឿងហ្នឹងហើយ។ លោក រ៉ាត់ រត្នមុនី ជាមនុស្សស្លូតត្រង់ម្នាក់ នេះជារឿងពិតសម្រាប់គាត់ ហើយគាត់ជាប់ពន្ធនាគារដោយអយុត្តិធម៌»។
ក្រុមស្ត្រីសកម្មជនដីធ្លី ថាពួកគាត់នឹងដាក់ញត្តិជាថ្មីទៀត នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្ដាហ៍ក្រោយ។
អាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺរឿងនេះពីលោក គង់ ចំរើន មន្ត្រីទទួលញត្តិនៃខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ បាននៅឡើយទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ត្រូវតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល២ ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដោយសារលោកជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មានរុស្ស៊ី RT (Russia Today)។ អាជ្ញាធរកម្ពុជាបានចាត់ទុកភាពយន្តឯកសារនោះថា ជារឿងប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។
គិតមកដល់ពេលនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃអស់រយៈពេល ១ឆ្នាំមកហើយ។ សហគមន៍ជាតិ និងអន្តរជាតិនៅតែទទូចឱ្យអាជ្ញាធរទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យមានសេរីភាពវិញ ព្រោះលោកមិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។ ជាពិសេសក្នុងសវនាការសាលាឧទ្ធរណ៍នាពេលកន្លងទៅ ភាគីដើមបណ្ដឹង និងអ្នកពាក់ព័ន្ធផ្សេងទៀត មិនបានចូលរួមក្នុងអង្គសវនាការនោះឡើយ ប៉ុន្តែសាលាឧទ្ធរណ៍នៅតែសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសលោក រ៉ាត់ រត្នមុនី ទុកជាបានការដដែល៕
(លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាំមី ជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ លើកបដាទាមទារអាជ្ញាធរដោះលែងលោក រ៉ាត់ រត្នមុនី សកម្មជនសិទ្ធិការងារ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ)
តំណាងសហគមន៍បឹងកក់ អតីតបឹងកក់ និងតំណាងសហគមន៍បុរីកីឡា ដាក់ញត្តិនៅខុទ្ទកាល័យលោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីរកអន្តរាគមន៍ឱ្យជួយដោះលែងលោក រ៉ាត់ រត្នមុនី ដែលជាប់ពន្ធនាគារ ដោយសារជួយផលិតវីឌីអូឯកសាររឿង "ម្ដាយខ្ញុំលក់ខ្ញុំ"។ រូប៖ ពលរដ្ឋ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។