អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែនទាមទារ​ឲ្យ​តុលាការ​ខេត្តបាត់ដំបង​ដោះលែង​អ្នកសារពត៌មាន​ដោយ​ឥតលក្ខខណ្ឌ​ជុំវិញ​ការរិះគន់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩

0:00 / 0:00

អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន (RSF) អំពាវនាវ​ឲ្យ​តុលាការ​ខេត្តបាត់ដំបង​ដោះលែង​អ្នកសារពត៌មាន​មួយ​រូបគឺ​លោក កៅ ពិសិដ្ឋ ជាបន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ​ជុំវិញ​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ​៥ឆ្នាំពីបទ​រិះគន់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​អ្នកសារព័ត៌មាន​គ្មានព្រំដែន (RSF) នៅថ្ងៃទី២១ ខែកក្កដានេះ សង្កត់​ធ្ងន់​ថាការផ្តន្ទាទោស​ដល់​អ្នកកាសែត​រូបនេះបង្ហាញ​ឲ្យឃើញ​ថារដ្ឋាភិបាល​កម្ពុជាកំពុង​ប្រើ​លេស​ចាប់​ខ្លួន​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាលអំពីវិធានការ​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺកូវីដ១៩។

លោក កៅ ពិសិដ្ឋ ត្រូវបាន​សមត្ថកិច្ច​ខេត្តបាត់ដំបងចាប់ខ្លួន​កាលពីថ្ងៃទី១៤ ខែកក្កដា និង​រង​ការ​ចោទ​ប្រកាន់​ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជា​អាទិ៍​ក្រោយពី​បាន​បង្ហោះ​សារ​នៅតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុកកាលពី​ថ្ងៃទី១២ ខែកក្កដា។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោកក្រោយពី​លោក​បាន​សរសេរ​សារ​នៅលើ​ហ្វេសប៊ុក​រិះគន់​របប​ឯកបក្ស​អំពី​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ១៩​ និង​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ប្រឆាំង​នឹង​របបលោក ហ៊ុន សែន ព្រមទាំង​ផ្ដាច់​ជំនួយ​ផងដែរ។ រហូត​មក​ដល់​ពេល​នេះ លោក កៅ ពិសិដ្ឋ នៅមិន​ទាន់​មាន​មេធាវី​ការពារក្តី​ឲ្យខ្លួន​នៅ​ឡើយ​ទេ។

អង្គការ​អ្នកសារ​ព័ត៌មាន​គ្មាន​ព្រំដែន​លើក​ឡើង​ថាការផ្តន្ទាទោស​លោក កៅ ពិសិដ្ឋ នេះ​គឺ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយក្រោម​ប្រព័ន្ធដឹកនាំ​របស់​លោក ហ៊ុន សែន ដើម្បី​យក​លេស​បង្ក្រាប​ក្រុម​អ្នក​រិះគន់ដែល​ហ៊ាន​ផ្សព្វផ្សាព័ត៌មានអំពី​ជំងឺកូវីដ១៩។

កន្លងទៅ អ្នកកាសែត​២រូបដែល​ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៨ខែ ពីបទ​ចោទ​ញុះញង់​បង្កឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម រួមមាន​ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ លោក រស់ សុឃិត បន្ទាប់ពី​លោក​បាន​សរសេរ​ដក​ស្រង់​សំដី​របស់​លោក ហ៊ុន សែន ដែល​ប្រកាស​លើក​ទឹកចិត្ត​ឲ្យ​ធនាគារនិង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រឹបអូស​ទ្រព្យ​សម្បត្តិចំពោះ​ពលរដ្ឋក្រីក្រដែលជឿទៅ​លើការ​ឃោសនារបស់​ពួកក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេសហើយ​មិន​ព្រមសងលុយ​ទៅ​ឲ្យ​ធនាគារក្នុងអំឡុង​ការរាតត្បាត​នៃជំងឺ​កូវីដ១៩ (Covid-19)។ ក្រៅពី​លោក រស់ សុឃិត សមត្ថកិច្ច​ក៏បាន​ចាប់​ឃុំខ្លួននាយក​ទូរទស្សន៍​អនឡាញ​ធីវីអ្វេហប៊ី(TVFB)​លោក សុវណ្ណ រឹទ្ធី ប៉ុន្តែ​ក្រោយ​មកបាន​ដោះលែង​វិញបន្ទាប់ពី​លោកបាន​ដក​ស្រង់​សំដី​ផ្ទាល់​របស់​លោក​ ហ៊ុន សែន ដែល​ថ្លែង​ថា រដ្ឋាភិបាល​មិន​មាន​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​អ្នក​រត់​ម៉ូតូ​ឌុប​ទេ ហើយ​លោក​ណែនាំ​ឱ្យ​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប ដែល​ក្ស័យធន លក់​យាន​ជំនិះ ឬ​ម៉ូតូ​ចាយ​សិន​ទៅ។

ចំណែក​និពន្ធនាយក​កាសែត​អង្គរ​ថ្ងៃនេះឈ្មោះ សេន កៃដុង (Shen Kaidong) ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជាក្រោយ​ដែល​រាយការណ៍​អំពី​ជំនួយ​វ៉ាក់សាំងចិនត្រូវបាន​គេ​យក​លក់​ទៅ​ឲ្យ​ឯកជន។

របាយការណ៍​របស់​ក្រុម​អង្គការ​ស៊ីវិល​ឱ្យ​ដឹង​កន្លង​ថា យ៉ាង​ហោច​ណាស់ ​មាន​អ្នក​សារ​ព័ត៌មាន​ជាង ១០នាក់ ត្រូវ​បាន​សមត្ថកិច្ច​កោះ​ហៅ និង​សាក ដោយសារ​តែ​ការ​រាយការណ៍​ព័ត៌មាន​របស់​ពួក​គេកាលពី​ឆ្នាំ២០២០នេះ។ អង្គការ​សិទ្ធិមនុស្ស​ថា ការ​បន្ត​ចាប់ និង​ឃុំ​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ច្បាប់ ចំពោះ​អ្នក​សារ​ព័ត៌មាន ដែល​ហ៊ាន​សរសេរ​រិះគន់ គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ជាង ១៣០ស្ថាប័ន ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​លែង​អ្នក​សារ​ព័ត៌មាន​កំពុង​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​វិញ ដោយ ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​អ្នក​សារ​ព័ត៌មាន​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។