សកម្មជន​សង្គម កញ្ញា សូ មេត្តា ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ជួប​ការ​លំបាក​ក្នុង​ជីវភាព

ដោយ យ៉ង ចាន់តារា
2023.03.18
សកម្មជន​សង្គម កញ្ញា សូ មេត្តា ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ជួប​ការ​លំបាក​ក្នុង​ជីវភាព (ពីឆ្វេង) លោក ហ៊ុន វណ្ណៈ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា និងលោកស្រី ឈឿន ដារ៉ាវី សមាជិក​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ថត​នៅ​មុខពន្ធនាគារ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​សង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែល​កំពុង​រស់នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ ជាមួយ​ប្អូន​ស្រី​ពីរ​នាក់  ដើម្បី​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ  ពី​សំណាក​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នោះ កំពុង​ប្រឈម​​នឹង​ការ​លំបាក​ជាច្រើន​ក្នុង​ជីវភាព​រស់នៅ។ ទោះ​ជា​យ៉ាងណា កញ្ញា​នៅតែ​ចេញ​មុខ​តវ៉ា​តាម​បណ្ដាញ​សង្គម ដើម្បី​ប្រឆាំង​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សកម្មជន​សង្គម កញ្ញា សូ មេត្តា និង​ប្អូនស្រី​ពីរ​នាក់​ទៀត គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់​ចំណូល គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​ ព្រោះ​ពុំ​មាន​ឯកសារ​រស់​នៅ​ស្របច្បាប់។ សព្វថ្ងៃ កញ្ញា សូមេត្តា និង​ប្អូន​ស្រី​រស់នៅ​ដោយ​ពឹង​អាស្រ័យ​លើ​ព្រះសង្ឃ ដែល​ជា​អ្នក​ផ្ដល់​បាយ​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ។

សកម្មជន​សង្គម​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១ឆ្នាំ​រូប​នេះ បាន​សម្រេច​រត់​ទៅ រស់នៅ​ប្រទេស​ថៃ រយៈពេល​ជាង ៤ខែ​មក​ហើយ ក្រោយ​ពី​នាង​ទទួល​បាន​សារ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ចំនួន ៣លើក។

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា រៀប​រាប់​អំពី​ជីវិត​លំបាក​ពេល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង ១ឆ្នាំ ==>អានលម្អិត

អតីត​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​នេះ​ កញ្ញា មិន​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ​ទេ ព្រោះ​បារម្ភ​ពី​ការ​ចាប់ខ្លួន ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ហាក់​ឡើង​កម្ដៅ​ខ្លាំង ហើយ​រដ្ឋាភិបាល លោក ហ៊ុន សែន​បន្ត​គំរាមកំហែង​មក​លើ​សកម្មជន​នយោបាយ និង​អ្នក​ធ្វើ​ការងារ​សង្គម ព្រមទាំង​ដើរ​បញ្ចុះ​បញ្ចូល​ឱ្យ​ពួកគេ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច ជា​ថ្នូរ​នឹង​ការ​មិន​ចាប់ខ្លួន ឬ​មិន​ធ្វើទុក្ខបុកម្នេញ​តាម​រូបភាព​ផ្សេងៗ​ជាដើម

កញ្ញា សូ មេត្តា «បើសិន​ជា​មក​បញ្ចុះបញ្ចូល​ហៅ គឺ​ខ្ញុំ​អត់​ទេ ខ្ញុំ​អត់​ចុះ​ចូល​អត់​លក់ ឧត្តមគតិ​ទេ ខ្ញុំ​សុខ​ចិត្ត​មាន​ឈ្មោះ​ថា​រត់​ចោល​ស្រុក ក៏​ខ្ញុំ​មិន​លក់​ឧត្តមគតិ​បម្រើ​ជន​ផ្ដាច់ការ បំផ្លាញ​ជាតិ​យើង​ទេ។ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ប្រសើរ​ជាង​ដែរ​ ទៅ​ធ្វើការ​ឱ្យ​អ្នក​ដែល​បំផ្លាញ​ជាតិ»

កញ្ញា សូ មេត្តា ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាល​ពី​ថ្ងៃទី​៧ កញ្ញា ឆ្នាំ២០២០  ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​​​ធ្ងន់ធ្ងរ​​ ដល់​សន្តិសុខ​សង្គម  ក្រោយ​ពេល​នាង និង​យុវជន​ដទៃទៀត តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​សម្ដែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​យុត្តិធម៌​សង្គម។ ក្រោយ​អនុវត្ត​ទោស​អស់​រយៈពេល ១៤​ខែ ក្នុង​ពន្ធនាគារ កញ្ញា ត្រូវ​បាន​តុលាការ​ដោះលែង នៅ​ថ្ងៃទី​៨ ខែ​តុលា​ ឆ្នាំ២០២១។ ក្រោយ​ដោះលែង​មក កញ្ញា​នៅតែ​បន្ត​ចូល​រួម​ការងារ​សង្គម​ជា​បន្ត​បន្ទាប់​រហូត​ដល់​មាន​សារ​គំរាម​កំហែង និង​មាន​អ្នក​មិន​ស្គាល់​មុខ ជិះឡាន​មក​បុក​ពី​ក្រោយ​ឱ្យ​រង​របួស ពេល​ដែល​កញ្ញា បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​សហជីព​ណាហ្គា វើល៍ (NagaWorld) នៅ​រាជធានី​ភ្នំពេញ។

ជុំវិញ​ការ​ទុក្ខ​លំបាក​នៅ​ឯ​ប្រទេស​ថៃ​វិញ ប្អូនស្រី កញ្ញា សូ មេត្តា ដែល​បាន​ភៀស​ខ្លួន​មក​ជា​មួយ​បងស្រី​ដែរ​នោះ​គឺ  កញ្ញា អេង ចាន់ឌី លើកឡើង​ថា មាន​ពេល​ខ្លះ កញ្ញា​ដេក​យំ​នឹកស្រុក ចង់​ត្រឡប់​ទៅ​ខ្មែរ​វិញ ប៉ុន្តែ​ស្ថានភាព​ពុំ​មិន​អាច​ត្រឡប់​ទៅ​វិញ​បាន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។ កញ្ញា ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព ជូន​ពួក​គាត់​ ហើយ​កុំ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គ្រួសារ និង​ពួកគាត់​តទៅ​ទៀត

កញ្ញា អេង ចាន់ឌី «ខ្ញុំ​ចង់​ទៅ​ខ្មែរ​ខ្លាំង ព្រោះ​ពុក​ឈឺ ខ្ញុំ​ចង់​ទៅ​អើត​គាត់ ប៉ុន្តែ​អត់​មាន​ឱកាស​ទៅ ព្រោះ​អី​ខ្លាច​ពី​សុវត្ថិភាព​ខ្លួន​ឯង។ សូម​ពរ​ឱ្យ​រាជរដ្ឋាភិបាល​កុំ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​នាង​ខ្ញុំ និងគ្រួសារ សូម​ឱ្យ​ត្រឡប់​ទៅវិញ​សុវត្ថិភាព​ កុំ​ឱ្យ​ពួកគាត់​ធ្វើ​បាប»

កន្លង​មក កញ្ញា អេង ចាន់ឌី ក៏​តែងតែ​ចូលរួម​សកម្មភាព​នានា​ទាមទារ​ឱ្យ​ដោះលែង​បង​ស្រី និង​អ្នក​ទោស​មនសិការ​ជា​ច្រើន​ទៀត​ដែរ។ កញ្ញា​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង មិន​ឱ្យ​សរសេរ​ពី​ទុក្ខ​លំបាក​របស់​បងស្រី នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​កន្លង​ទៅ​ ហើយ​ថែម​ទាំង​ប្រាប់​ឱ្យ​កញ្ញា បញ្ឈប់​សកម្មភាព​តវ៉ា ដែល​អាជ្ញាធរ​ថា ជា​ទង្វើ​ខុស​ច្បាប់

ទោះបីជា​ពួកគាត់​បាន​ភៀសខ្លួន​មក​ដល់​ប្រទេស​ថៃ​ក៏ដោយ ក៏​ពួកគាត់​នៅ​បន្ត​សកម្មភាព​តស៊ូ​មតិ​ជា​ហូរហែ ដូច​ជា​យុទ្ធនាការ​បង្អត់​អាហារ​ពេញ​មួយ​ថ្ងៃ​ ដើម្បី​ទាម​ទារ​​ឱ្យ​បើក​វិទ្យុ វីអូឌី (VOD) និង​ដោះលែង​អ្នក​ទោស​នយោបាយ​ជាដើម។

យុវជន​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ពេញ​មួយ​ថ្ងៃ ទាមទារ​ឱ្យ​លោក ហ៊ុន សែន បើក​វិទ្យុ VODឡើង​វិញ 

==>អានលម្អិត

ព្រះតេជព្រះគុណ វ័ន្ត សំបាន់ គង់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដែល​តែង​តែ​ឧបត្ថម្ភ​ម្ហប​អាហារ​ខ្លះ​ដល់​សកម្មជន​សង្គម និង​អ្នក​នយោបាយ​ដែល​បាន​ភៀស​ខ្លួន​មក​ប្រទេស​ថៃ មាន​ថេរដីកា​ថា ព្រះអង្គ​បាន​ផ្ដល់​អាហារ​ហូបចុក​ខ្លះ​ដល់ កញ្ញា សូ មេត្តា និង​សកម្មជន​នយោបាយ​ទៀត ដោយសារ​តែ​ពួកគាត់​ជួប​ការ​លំបាក គួរ​ឲ្យ​អាណិត​អាសូរ

ព្រះតេជព្រះគុណ វ័ន្ត សំបាន់ «ពេល​ព្រះសង្ឃ​បិណ្ឌបាត្រ​បាន​មក ក៏​ចែក​រំលែក​ដល់​ពួកគាត់ អាច​ថា ប្រចាំ​ថ្ងៃ​ក៏​បាន ប៉ុន្តែ​ក៏​មិន​ជា​រៀងរាល់​ថ្ងៃ ពេល​ណា​ក៏​ខ្វះខាត​ដែរ។ តែ​ក៏​អាច​ជួយ​បាន​មួយ​ចំណែក ជា​ការ​ហូបចុក របស់ប្រើប្រាស់ ដូចជាអង្ក សាប៊ូ និងថ្នាំដុះធ្មេញមួយចំនួនអ៊ីចឹងទៅ។​ នេះជាចូលរួមចំណែកខ្លះ មិនជាច្រើន ឬក៏​គ្រប់គ្រាន់​នោះ​ទេ​»

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​រត់​ភៀស​របស់​ក្រុម​អ្នក​ប្រឆាំង​មួយ​ចំនួន ហើយ​ជួប​ការ​លំបាក​នេះ គឺ​ជា​រឿង​របស់​គាត់​ ដោយសារ​តែ​អ្នក​ទាំងនោះ​ជ្រើសរើស​ផ្លូវ​ហ្នឹង។

លោក សុខ ឥសាន ៖ «គាត់​រត់​ទៅ​ខ្លួនឯង​អត់​មាន​នរណា​ដេញ​ទេ ផ្អើល​ខ្លួន​ឯង ប្រព្រឹត្ត​ល្មើស​ច្បាប់​ខ្លួនឯង រត់​ទៅ​ខ្លួន​ឯង​ ហើយ​សមត្ថកិច្ច​គេ​មិន​ទៅ​ទាន់​ធ្វើ​អី​ផង ហើយ​ចេះ​តែ​ថា ស្មានៗ។ គាត់​អត់​មាន​ទោស​អី គាត់​ត្រឡប់​ទៅ​វិញ​ទៅ ប្រកប​របរ​រក​ស៊ី ប្រកប​មុខ​របរ​ឡើង​វិញ។ មក​ពី​គាត់​រត់​ខ្លួន​ឯង​ដល់​ពេល​ពិបាក​បន្ទោស​គេ អាហ្នឹង​ខ្លួន​ឯង​តើ អាណា​ចិញ្ចឹម​ខ្លួន​ឯង រត់​ទៅ​ខ្លួន​ឯង ហើយ​ទៅ​បន្ទោស​អ្នកណា

ទោះ​បែប​នេះ​ក្ដី អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​ជួប​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ គឺ​ជា​រូបភាព​មិន​ល្អ ខណៈ​កម្ពុជា​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ធានា​នូវ​សុវត្ថិភាព​ជូន​ពលរដ្ឋ លោក​ស្នើ​ថា អាជ្ញាធរ​គួរ​តែ​ធានា​សុវត្ថិភាព​ដល់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិត ពី​បញ្ហា​សង្គម ហើយ​ត្រូវ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ទាំង​នោះ ដើម្បី​ពួកគាត់​អាច​ត្រឡប់​ទៅ​មាតុភូមិ​វិញ​បាន​ដោយ​សុវត្ថិភាព

លោក ស៊ឹង សែនករុណា៖ «ពលរដ្ឋ​យើង​ចេះ​តែ​មាន​ការ​ភ័យ​ខ្លាច​ដោយសារ​តែ​ការ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន ហើយ​ចេះ​តែ​ចាកចេញ​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស ទាំងនេះ​វា​មិនមែន​ជា​រឿង​មួយ​ល្អ​ប្រសើរ​ទេ។ មាន​ផល​ប៉ះពាល់​ច្រើន​ សកម្មជន​ខ្លួន​ឯង​ហ្នឹង​ក៏​ពិបាក​រស់​នៅ ហើយ​បែក​បាក់​គ្រួសារ​ទាំង​នេះ សុទ្ធ​សឹងតែ​ជា​រឿង​មួយ​ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ហ្នឹង​ទេ»

ដ្បិត​ថា ជីវភាព​បច្ចុប្បន្ន​ជួប​ការ​លំបាក កញ្ញា សូ មេត្តា ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​សកម្មភាព​ការពារ​សិទ្ធិមនុស្ស និង​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន រហូត​ដល់​ជីវិត​ចុង​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។