អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជូន​មន្ត្រី​របស់​ខ្លួន ២នាក់​ទៅ​តុលាការ​​ រឿង​​ពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ឃុំ​ខ្លួន

0:00 / 0:00

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សម្រេច​បញ្ជូន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​២នាក់​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​​ច្បាប់​ក្នុង​សំណុំរឿង​ការ​វាយ​ដំ​ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​​ម្នាក់​​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ​​ កាល​ពី​ថ្ងៃ​ទី១មករា​​​។ មន្ត្រី​សង្គម​ស៊ីវិល​ និង​ជនរងគ្រោះ ​ទទូច​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។

គណៈកម្មការ​ចំពោះ​កិច្ច​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ស្រាវជ្រាវ​រក​ឃើញ​មន្ត្រី​អាវុធហត្ថ ២នាក់ ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយ​ដំ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ឃុំ​ខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​​បន្ទាយ​មាន​ជ័យ។ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩​មករា​ថា មន្ត្រី​ទាំង ២រូប​នោះ​រួម​មាន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង និង​ ជំនួយ​ការ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ គឺ​លោក ឆយ រដ្ឋនា។ កង​រាជ​អាវុធហត្ថ​អះអាង​ថា មន្ត្រី​ទាំងពីរ​រូប​​ធ្វេស​ប្រហែស​ក្នុង​ការ​បំពេញ​មុខងារ ដោយ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ឃុំ​ជា​មួយ​ក្រុម​ក្មេង​ដែល​កំពុង​បន្សាប​ថ្នាំ​ញៀន និង​បណ្ដាល​ឱ្យ​ជន​ទាំង​នោះ​វាយ​ធ្វើ​បាប​​ពលរដ្ឋ​ដែល​បាន​ចាប់​ខ្លួន​នោះ ធ្វើ​ឱ្យ​​​ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់។គណៈកម្មការ​ចំពោះ​កិច្ច​​ បាន​បញ្ជូន​​ជនសង្ស័យ​ទាំង​២​នាក់​ ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ចោទ​ប្រកាន់​តាម​ច្បាប់​កាល​ពី​ថ្ងៃ​ទី​១៨​មករា​ ហើយ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ក្នុង​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី១៩ មករា។ តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ បាន​ចោទ​ប្រកាន់​មន្ត្រី​ប៉េអឹម​ទាំងពីរ​រូប​នេះ​​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​តែ​២នាក់​មិន​ទាន់​គ្រប់គ្រាន់​ទេ ហើយ​លោក​ទាមទារ​ឱ្យ​តុលាការ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត។​ លោក​ថា អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បាន​ធ្វើ​របាយការណ៍​ខុស​ពី​ការ​ពិត ដើម្បី​ដោះសា​យក​រួច​ខ្លួន​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដែរ៖ «ពិនិត្យ​មើល​ទៅ​លើ​សមត្ថភាព​នឹង​រួម​គ្នា​ក្នុង​ការ​ធ្វើ​របាយការណ៍​​កុហក ដែល​មិន​ត្រឹម​ត្រូវ​ទាំង​អស់​ហ្នឹង​ គួរ​តែ​មាន​វិធានការ​ បើ​សិន​ជា​មាន​បទល្មើស​ច្បាប់ គួរ​តែ​ដាក់​ទោស​តាម​ច្បាប់ បើ​សិន​ជា​ពាក់ព័ន្ធ​ផ្នែក​វិន័យ​រដ្ឋបាល​គួរ​តែ​ដាក់​ទោស​រដ្ឋបាល ដើម្បី​កុំ​ឱ្យ​មន្ត្រី​ដែល​ខ្ជីខ្ជា​ទាំង​អស់​ហ្នឹង​បន្ត​ការងារ​របស់​ខ្លួន​ចេះ​តែ​ធ្វើ​របាយការណ៍​បែប​ហ្នឹង​ទៀត »

សាក្សី​និង​ជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​ត្រូវ​អាវុធហត្ថ​ឃុំ​ខ្លួន​ គឺ​ លោក ហ៊ឹម គីរី ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​មករា​ថា មន្ត្រី​អាវុធហត្ថ​បាន​វាយ​ដំ​ពួក​លោក​រហូត​ដល់​ជនរងគ្រោះ​ម្នាក់ គឺ​លោក ទុយ ស្រស់ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ រួច​ក៏​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​​កាល​ពី​ថ្ងៃ​ទី​៣១​ធ្នូ។លោក​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​មន្ត្រី​អាវុធហត្ថ​និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ហើយ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​លោក ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​​គ្រាំ​ក្នុង​ ដោយសារ​តែ​ការ​វាយ​ដំ​នេះ៖ «ទាត់​គ្នា​សុទ្ធតែ​ដើមទ្រូង​ភឹង​មក​សន្លប់​នៅ​កន្លែង មាន​ថ្ងៃ​ទី​៣០​នោះ​មួយ​យប់​សន្លប់​៣ដង។បញ្ជូន​ទៅ​តុលាការ​ខ្ញុំ​អត់​ព្រម​ទេ​បង​ ទាល់​តែ​ចាប់​វា​វ៉ៃ​ខ្នោះ​​ដាក់​គុក​វា​ដូច​គេ​ធ្វើ​បាប​ខ្ញុំ​ដែរ​បាន​ខ្ញុំ​សុខចិត្ត​។ខ្ញុំ​មិន​ដែល​ទៅ​ឆក់​ភ្លន់​អ្នក​ណា គ្រាន់​តែ​ខ្ញុំ​ទៅ​ចាប់​ដី​ដើម្បី​រស់​នៅ​មក​ធ្វើ​បាន​ខ្ញុំ​វាយ​ដំ​រហូត​ដល់​គ្នា​ខ្ញុំ​ស្លាប់​ម្នាក់​។ សូម​ឱ្យ​សម្ដេច​ហ៊ុន សែន ដាក់​ទោស​ជនល្មើស​ដូច​គេ​ធ្វើ​បាន​ខ្ញុំ​ដែរ កុំ​វា​ធ្វើ​បាប​គេ​នៅ​ថ្ងៃ​ក្រោយ​ទៀត ព្រោះ​ពួក​នេះ​សម្លាប់​រាស្ត្រ​ដែល​មិន​ចេះ​ច្បាប់ » ​​​​

សាក្សី​ឃើញ​ហេតុការណ៍​​ផ្ទាល់​ភ្នែក​អះអាង​ថា លោក ទុយ ស្រស់ ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ដែល​ជាប់​ឃុំ​ជា​មួយ​ពួក​គាត់ នៅ​កន្លែង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ស្លាប់​នៅ​ថ្ងៃ​ទី១ មករា គឺ​ដោយសារ​ការ​វាយ​វាយដំ ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​គ្រាំគ្រា​ឈឺ​ចុក​ចាប់​ក្នុង​ខ្លួន​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩។ សាក្សី​បន្ត​ថា ដោយសារ​ជនរងគ្រោះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ ទើប​កងរាជអាវុធហត្ថ​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត ហើយ​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។ រី​ឯ​ជនរងគ្រោះ ៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី៣ មករា។

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ចាប់​ពលរដ្ឋ​ទាំង​ ៥នាក់​យក​ទៅ​ឃុំ​និង​វាយដំ​ បន្ទាប់​​ពី​ពលរដ្ឋ​ជាង ១០០នាក់ បាន​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ស្នើសុំ​រក​ដំណោះស្រាយ​​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​នៅ​ស្រុក​ស្វាយ​ចេក​ កាល​ពី​ថ្ងៃ​ទី​២៨​ធ្នូ​ឆ្នាំ​២០១៩។

​លោក ស៊ឹង សែន​ករុណា​ ទទូច​ឱ្យ​តុលាការ​ពន្លឿន​នីតិ​វិធី​ឱ្យ​បាន​ឆាប់​ ដើម្បី​រក​អ្នក​ពាក់ព័ន្ធ​ឱ្យ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​។លោក​បន្ត​ថា អង្គការ​របស់​លោក​នឹង​តាម​ដាន​សំណុំ​រឿង​នេះ​បន្ត​ទៀត​ ដើម្បី​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ និង​ដើម្បី​កុំ​ឱ្យ​មន្ត្រី​មាន​អំណាច​ចាប់​ពលរដ្ឋ​វាយ​ធ្វើ​បាប​​តាម​អំពើ​ចិត្ត​ត​ទៅ​​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។