ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​​បុគ្គល​ដែល​រក​ស៊ី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ជុំវិញ​ពិភពលោក

ដោយ យន់ សាមៀន
2023.12.09

ចក្រភព​អង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) និង​កាណាដា (Canada) ប្រកាស​ដាក់​ទណ្ឌកម្ម​ជា​កញ្ចប់​ដ៏​ធំ​មួយ​ទៅ​លើ​បុគ្គល​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក នៅ​មុន​ខួប​លើក​ទី​៧៥ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ។

ទណ្ឌកម្ម​ទាំងនោះ​មាន​ចំនួន​៤៦ រួម​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ​និង​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ជា ពីរ​ប្រភេទ។ ប្រភេទ​ទីមួយ កំណត់​គោលដៅ​លើ​បុគ្គល​ចំនួន​៩ និង​អង្គភាព​ចំនួន​៥ ដែល​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា (ភូមា) ដោយ​បង្ខំ​ឲ្យ​ជនរងគ្រោះ​ធ្វើ​ការ សម្រាប់​«​កសិដ្ឋាន​បោកប្រាស់​» តាម​អ៊ីនធឺណិត ដែល​បណ្តាល​ឱ្យ​មាន​ការ​ក្លែងបន្លំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

ជនរងគ្រោះ​ត្រូវ​បាន​គេ​សន្យា​ថា នឹង​ឲ្យ​ការងារ​ដែល​មាន​ប្រាក់ខែ​ល្អ ប៉ុន្តែ​ត្រូវ​ទទួល​រងការ​ធ្វើ​ទារុណកម្ម​មាន​លក្ខណៈ​ឃោរឃៅ អមនុស្សធម៌ ឬ​មើលងាយ​មើល​​ថោក​ជាដើម។ ក្រុមហ៊ុន​និង​បុគ្គល​រង​ទណ្ឌកម្ម​នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន ហ្សាំង ហេង គ្រុប (Zheng Heng Group) នៅ​រាជធានី​ភ្នំពេញ, កាស៊ីណូ ហេង ហ័រ (Heng He Casino) នៅ​ខេត្ត​ស្វាយរៀង, សណ្ឋាគារ ខេ ប៊ី (K.B Hotel ) នៅ​ខេត្ត​ព្រះសីហនុ, ក្រុមហ៊ុន​អចលនវត្ថុ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) នៅ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន (Golden Sun Sky Entertainment) នៅ​ខេត្ត​ព្រះសីហនុ។

ចំណែក បុគ្គល​ដែល​ត្រូវ​ទណ្ឌកម្ម​វិញ​រួម​មាន​ម្ចាស់​ក្រុមហ៊ុន ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន លោក ហ៊ុំ សុវណ្ណនី (Hum Sovanny) និង លោក ឌុង លីឆេង (Dong Lecheng ) ជា​ម្ចាស់​ក្រុមហ៊ុន ​ហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន។

កាលពី​ខែ​សីហា​កន្លង​ទៅ អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​រក​ឃើញថា មាន​មនុស្ស​រាប់​សែន​នាក់​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុង​នោះ​យ៉ាងហោចណាស់​មាន​មនុស្ស​មួយ​សែន​ពីរ​ម៉ឺន​នាក់ នាក់​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើការ​សម្រាប់ «កសិដ្ឋាន​បោកប្រាស់» តាម​អ៊ីនធឺណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ម្នាក់ ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា រង​ការ​វាយដំ​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ពេល​ទៅ​លេង​ស្រុកខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។