សហជីព​ស្នើ​ហែ​ក្បួន​កម្មករ​ជាង​២​ពាន់​នាក់​ទៅ​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​ពលកម្ម​អន្តរជាតិ​និង​ដាក់​ញត្តិ

ដោយ មួង​ ណារ៉េត
2019-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Leng Maly

ក្រុម​សហជីព​ធំៗ​ជិត​១០ ដាក់​លិខិត​ស្នើសុំ ជួបជុំ​កម្មករ​គ្រប់​វិស័យ ជាង​២​ពាន់​នាក់ នៅមុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​មន្ទីរ​រដ្ឋសភា ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ខួប​ទី​១៣៣​ខាងមុខ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ​ឱ្យ​ដឹង​ថា សហជីព​គ្រប់​វិស័យ​ចំនួន​៨ បាន​ដាក់​លិខិត​រួមគ្នា​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​រួចហើយ កាលពី​ថ្ងៃ​ទី​០៧ មេសា​។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ណា​ទេ​។ លោក ថា គោលបំណង ដើម្បី​ផ្ដល់​ឱកាស​​ឱ្យ​កម្មករ​គ្រប់​វិស័យ មាន​ទាំង វិស័យ​កាត់ដេរ ចំណីអាហារ សេវាកម្ម ទេសចរណ៍ សំណង់ ដឹកជញ្ជូន កសិកម្ម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាដើម បាន​ដាក់​ញត្តិ​រួមគ្នា​មួយ ជូន​រដ្ឋសភា ដើម្បី​ទាមទារ​ផលប្រយោជន៍​​ឱ្យ​កម្មករ៖ «យើង​មិនទាន់​ដឹង​ទេ (​លទ្ធផល​) ព្រោះ​ធម្មតា​វា​មិន​ស្រួល​ទេ។ តែ​ទោះ​បី​យ៉ាងណា យើង​ត្រូវ​ធ្វើ​ណា»

លិខិត​ដែល​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ គឺ​ក្រុម​សហជីព ជូនដំណឹង​អំពី​ទិវា​ពលកម្ម​អន្តរជាតិ ដែល​ជា​ទិវា​របស់​កម្មករ និយោជិក និង​ពលរដ្ឋ​ទូទាំង​ពិភពលោក ដូច្នេះ ដើម្បី​អបអរ​ទិវា​នេះ។ លោក​បញ្ជាក់​ថា ក្រុម​សហជីព និង​សមាគម ក្នុង​វិស័យ​ការងារ នឹង​ដាក់​សំណើ​ពាក់ព័ន្ធ​វិស័យ​ការងារ ទៅ​រដ្ឋាភិបាល និង​រដ្ឋសភា ដូច​រាល់ៗ​ឆ្នាំ​ដែរ។

នៅ​ឆ្នាំ​២០១៩​នេះ ជា​ទិវា​ពលកម្ម​អន្តរជាតិ ខួប​ទី​១៣៣ (១៨៨៦-២០១៩)​។ ក្រុម​សហជីព​នឹង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ និយោជិក​គ្រប់​វិស័យ។ កម្មករ​ជាង ២​ពាន់​នាក់ នឹង​ជួបជុំគ្នា នៅមុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្មករ (CDC) ក្បែរ​វត្តភ្នំ។ បន្ទាប់​មក កម្មករ​នឹង​នាំគ្នា​ហែ​ញត្តិ ទៅ​ដាក់​មុខ​រដ្ឋសភា ហើយ​រៀបចំ ពិធី​នៅ​ទីនោះ រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ទើប​យក​ញត្តិ​ដាក់​ជូន​រដ្ឋសភា ហើយ​បិទ​បញ្ចប់​កម្មវិធី។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បានទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (Vodhotnews.com) ថា លោក​មិនទាន់​ទទួល​បាន​លិខិត​ស្នើសុំ​របស់​តំណាង​សហជីព​ទេ។

ថ្វីបើ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន បាន​ខិតខំ​ប្រមូល​កម្មករ​តាម​រោងចក្រ ​ឱ្យ​មក​ស្ដាប់​ការ​បញ្ចុះ​បញ្ចូល​របស់​លោក តែ​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រឹតត្បិត​សេរីភាព​របស់​កម្មករ​ខ្លាំង ដោយ​ហាម និង​រារាំង​មិន​​ឱ្យ​កម្មករ ប្រមូល​ផ្ដុំ​គ្នា និង​ហែ​ក្បួន​ដាក់​ញត្តិ​ឡើយ។

កាលពី​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៧ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣១ អាជ្ញាធរ​រារាំង​មិន​​ឱ្យ​កម្មករ​ហែ​ក្បួន​ពី​សួនច្បារ​ក្បែរ​វត្តភ្នំ​ទេ។ ប៉ុន្តែ​សាលាក្រុង​ភ្នំពេញ​អនុញ្ញាត​​ឱ្យ​ជួបជុំគ្នា ក្បែរ​របង​ស្ថានទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ហើយ​​ឱ្យ​ហែ​ក្បួន​ចេញពី​ទីនោះ អម​ឃ្លាំមើល​ដោយ​កងកម្លាំង​ប្រហែល​១០០​នាក់ ប្រដាប់​ដោយ​អាវុធ​វែង ខែល និង​ដំបង គ្រប់​ដៃ។ ចំណែក នៅ​ឆ្នាំ​២០១៨ ក្នុង​ខួប​លើក​ទី​១៣២ អាជ្ញាធរ​រាជធានី​ភ្នំពេញ ហាម​មិន​​ឱ្យ​ហែ​ក្បួន​គ្រប់​ទម្រង់ តែ​ផ្ដល់​ជម្រើស​ពីរ គឺ​ទី​១ នាំគ្នា​ជិះ​ឡាន​យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋសភា និង​ទី​២ អញ្ជើញ​ខាង​តំណាង​រដ្ឋសភា មក​ទទួល​ញត្តិ​ពី​កម្មករ។

ការ​រឹតត្បិត​កម្មករ មិន​​ឱ្យ​ហែ​ក្បួន ដោយ​សន្តិវិធី​បែបនេះ រង​ការ​រិះគន់​ថា រំលោភ​សិទ្ធិ​កម្មករ និង​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ស្ដីពី ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ ការរារាំង កម្មករ​ហែ​ក្បួន​បញ្ចេញមតិ ជា​ការ​បំពាន​លើ​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ ចែងថា កម្ពុជា ទទួលស្គាល់ និង គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង សិទ្ធិ​កុមារ។

ចំណែក មាត្រា​៥ នៃ​ច្បាប់​ស្ដីពី ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ចែង​ក្នុង​ន័យ​ថា ក្រុម​បុគ្គល​ណា ដែល​មាន​បំណង​រៀបចំ​បាតុកម្ម នៅ​ទី​សាធារណៈ ត្រូវ​ជូនដំណឹង ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី មិនមែន​សុំ​ការអនុញ្ញាត​ទេ។ ឯ​មាត្រា​៩ ចែងថា អាជ្ញាធរ​ត្រូវតែ​ឆ្លើយតប​វិជ្ជមាន​ទៅ​អ្នក​ស្នើសុំ លើកលែងតែ ករណី​បាតុកម្ម​ចំ​ថ្ងៃ​ពិធីបុណ្យ​របស់​ព្រះមហាក្សត្រ ដូចជា ចម្រើន​ព្រះជន្ម រាជាភិសេក បុណ្យអុំទូក បុណ្យ​ឯករាជ្យ​ជាតិ ចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ប៉ុណ្ណោះ​។​

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ចង់​ឃើញ អាជ្ញាធរ មិន​យក​សិទ្ធិ សេរីភាព​របស់​កម្មករ ទៅ​ផ្សា​ភ្ជាប់​នឹង​រឿង​នយោបាយ​ដូច​មុន​ទេ​។ តំណាង​សង្គម​ស៊ីវិល​ខាង​សិទ្ធិ​ការងារ​រូប​នេះ ចង់​​ឱ្យ​មាន​បរិយាកាស បើក​លំហ​សេរីភាព​កម្មករ ​ឱ្យ​មាន​សិទ្ធិ​បញ្ចេញមតិ ដោយ​ពេញទី និង​ហែ​ក្បួន​ឡើងវិញ ព្រោះ​ការ​ហែក្បួន ទាមទារ​ផលប្រយោជន៍​កម្មករ គេ​ប្រារព្ធ ទូទាំង​ពិភពលោក មិនមែន​តែ​កម្ពុជា។ លោក ឃុន ថារ៉ូ យល់ថា បើ​អាជ្ញាធរ នៅតែ​រឹតត្បិត​សេរីភាព​កម្មករ​ទៀត ជា​ការ​ខាតបង់​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​ទៅវិញ​ទេ៖ «ការ​រឹតត្បិត​នៅ​ក្នុង​ទម្រង់​បែបបទ​នយោបាយ​ណាមួយ ខ្ញុំ​គិត​ថា ជា​រូបភាព​អវិជ្ជមាន​សម្រាប់​រដ្ឋាភិបាល​វិញ​ទេ»

ទោះ​មាន​ការ​ដាក់​បារ៉ាស់ និង​កងកម្លាំង​រារាំង តែ​រាល់​ឆ្នាំ ក្រុម​កម្មករ​តែង​ជម្នះ ការ​រារាំង​នោះ ដើម្បី​ទៅ​ដាក់​ជូន​រដ្ឋសភា។ សហជីព តែង​ស្នើ​​ឱ្យ​សមាជិក​រដ្ឋសភា និង​អាជ្ញាធរ ជួយ​សម្រួល ​ឱ្យ​កម្មករ អាច​ជួបជុំគ្នា នៅមុខ​រដ្ឋសភា​រាល់​ឆ្នាំ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា​។ ប្រធាន​សហជីព លោក អាត់ ធន់ ថា ទោះ​មានការ​លំបាក តែ​កម្មករ​នឹង​ខំប្រឹង​ប្រារព្ធ​ទិវា​នេះ រាល់​ឆ្នាំ ព្រោះ​ជា​ការ​ទាមទារ​សិទ្ធិ​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល