សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដាក់លិខិតស្នើដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យស្វែងរកយុត្តិធម៌សម្រាប់ប្រធានសហជីពសេរីកម្មករ ប្រចាំរោងចក្រ សាន់តិច (Suntex) លោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី ១៨ឆ្នាំមុន ។ ការដាក់លិខិតនៅពេលនេះ ធ្វើឡើងនៅចំថ្ងៃគម្រប់ខួប១៨ឆ្នាំ ដែលឃាតករបានបាញ់សម្លាប់លោក ហ៊ី វុទ្ធី កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០០៧ ។
សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ដាក់ លិខិតជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើឲ្យមានការស៊ើបអង្កេត កំណត់អត្តសញ្ញាណ និងស្វែងរកឃាតករ ដែលបានបាញ់សម្លាប់អតីតប្រធានសហជីពសេរីកម្មករ ប្រចាំរោងចក្រ សាន់តិច (Suntex) លោក ហ៊ី វុទ្ធី កាលពី ១៨ឆ្នាំមុន។
ឃាតករសម្លាប់ លោក ហ៊ី វទ្ធី នៅមិនទាន់រកឃើញ
សហព័ន្ធសហជីពសេរីកម្មករឲ្យដឹងថា គិតមកទល់នឹងពេលនេះ អាជ្ញាធរនៅមិនទាន់ចាប់ខ្លួនឃាតករ និងអ្នកនៅពីក្រោយខ្នង យកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។
សហព័ន្ធសហជីពសេរីកម្មករ ស្នើដល់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងគ្រួសារ រួមទាំងលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។
ពាក់ព័ន្ធនឹងករណីឃាតកម្មលើអតីតប្រធានសហជីពសេរីកម្មករ ប្រចាំរោងចក្រ សាន់តិច (Suntex) លោក ហ៊ី វុទ្ធី និងមេសហជីព២រូបផ្សេងទៀត គឺអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) លោក ជា វិជ្ជា កាលពីខែមករា ឆ្នាំ២០០៤ និងអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរោងចក្រ ទ្រីនុងហ្គាលលោក រស់ សុវណ្ណារ៉េត ក្នុងខែឧសភា ឆ្នាំ២០០៤ រដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៥ បានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីស៊ើបអង្កេតលើករណីឃាតកម្មបាញ់សម្លាប់ប្រធានសហជីពទាំង៣នាក់ខាងលើ។
ថ្វីបើរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការនេះឡើងក៏ដោយ ក៏សហជីព និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា សំណុំរឿងឃាតកម្មលើមេសហជីពទាំង៣រូបហាក់នៅទ្រឹង ដែលបង្ហាញពីវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
អត្ថបទដែលទាក់ទង៖
អ្នកគោរពស្រលាញ់លោក ជា វិជ្ជា ប្រកាសប្តេជ្ញាបន្តទាមទារយុត្តិធម៌សម្រាប់លោក
មន្ត្រីសិទ្ធិមនុស្សថា អាជ្ញាធរមិនយកចិត្តទុកដាក់រកឃាតករ
មន្ត្រីជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យី សុខសាន្ត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែកុម្ភៈថា ដំណើរការស៊ើបអង្កេតរបស់អាជ្ញាធរលើករណីឃាតកម្មលើប្រធានសហជីព លោក ហ៊ី វុទ្ធី ហាក់ស្ថិតនៅក្នុងភាពមិនយកចិត្តទុកដាក់ ហើយបញ្ហានេះ កំពុងបន្សល់ទុកនូវវប្បធម៌និទ្ទណ្ឌភាព ឬវប្បធម៌ជនប្រព្រឹត្តរួចទោស។
លោក យី សុខសាន្ត៖«យើងមើលឃើញថា យុត្តិធម៌នៅប្រទេសកម្ពុជា ហាក់មានការរើសអើង ។ បើសិនជា សកម្មជនគណបក្សនយោបាយ ឬប្រជាពលរដ្ឋមានការទិតៀន ឬរិះគន់ដល់គណបក្សកាន់អំណាច គឺថា សមត្ថកិច្ច និងតុលាការចាត់ការភ្លាមៗ ។ ប៉ុន្តែនៅពេលដែលតំណាងសហជីពកម្មករ ឬមួយប្រជាពលរដ្ឋធម្មតា ដែលទទួលរងគ្រោះដោយអយុត្តិធម៌ ហើយប្ដឹងទៅតុលាការ ឬសមត្ថកិច្ច ហាក់មិនសូវយកចិត្តទុកដាក់ដូចជា ករណីលោក ហ៊ី វុទ្ធីនេះ បាទ»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសង្គមស៊ីវិល និងសហជីព ចំនួន១៥៥ស្ថាប័ន បានរួមគ្នាដាក់លិខិតទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីស្នើឲ្យមានការស៊ើបអង្កេត និងចាប់ខ្លួនឃាតករ ដែលបានបាញ់សម្លាប់ប្រធានសហជីព លោក ហ៊ី វុទ្ធី។
សហជីព និងមន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់អាជ្ញាធរឲ្យស្វែងរកជនដៃដល់ និងអ្នកនៅពីក្រោយខ្នងករណីឃាតកម្ម លើប្រធានសហជីព លោក ហ៊ី វុទ្ធី ដើម្បីបញ្ចប់វប្បធម៌និទ្ទណ្ឌភាព និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
ក្រៅពីមិនអាចស្វែងរកឃាតករ និងអ្នកនៅពីក្រោយ នៃអំពើឃាតកម្មលើមេសហជីពទាំងបីគឺលោក ហ៊ី វុទ្ធី លោក ជា វិជ្ជា និងលោក រស់ សុវណ្ណារ៉េត ជាដើមនោះ អាជ្ញាធរខ្មែរក៏នៅមិនទាន់អាចវែកមុខស្វែងរកឃាតករ និងមេខ្លោងពិតប្រាកដនៅពីក្រោយការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន និងអ្នកវិភាគល្បីឈ្មោះ គឺលោកបណ្ឌិត កែម ឡី បាននៅឡើយ ដែលធ្វើឱ្យមានការរិះគន់ និងចោទប្រកាន់មកលើរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយ នៃអំពើឃាតកម្មទាំងអស់នេះ ទើបរដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់រកយុត្តិធម៌ជូនជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
