លោក គង់ រ៉ៃយ៉ា បញ្ឈប់​ពហិការ​អត់​អាហារ​ក្នុង​ពន្ធនាគារ​ក្រោយ​បាន​ការ​សម្រួល​ខ្លះ​ពី​មន្ត្រី

ដោយ សុ ជីវី
2019-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
យុវជន គង់ រ៉ៃយ៉ា និង​ភរិយា​គឺ​លោកស្រី សុខ ស្រីនិច បង្ហោះ​រូប​អាវ​មាន​រូប និង​បណ្ដាំ​បណ្ឌិត កែម ឡី នៃ​ខួប​៣​ឆ្នាំ។
Photo courtesy

យុវជន កែម ឡី និយម គឺ​លោក គង់ រ៉ៃយ៉ា បាន​ចាប់ផ្ដើម​ទទួលទាន​អាហារ​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដោយ​មន្ត្រី​ពន្ធនាគារ​ទៅ​តាម​អ្វី ដែល​លោក​បាន​ទាមទារ។

ភរិយា​លោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច ឱ្យ​ដឹង​ថា លោក គង់ រ៉ៃយ៉ា បាន​ចាប់ផ្ដើម​ហូប​អាហារ​ឡើងវិញ កាល​ពី​ថ្ងៃ​ទី​២១ ខែកក្កដា ក្រោយ​មន្ត្រី​ពន្ធនាគារ​ផ្ដល់​ឱ្យ ២​ចំណុច​ក្នុងចំណោម​៣​ចំណុច ដែល​បាន​ទាមទារ គឺ​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឱ្យ​ចេញពី​បន្ទប់​ឃុំឃាំង​ដើម្បី​ហាត់ប្រាណ​គឺ​៣​ម៉ោង ក្នុង​មួយថ្ងៃ និង​អាច​ទទួល​សៀវភៅ​ពី​ខាងក្រៅ​ឱ្យ​យក​ទៅ​អាន​បាន៖ «កាលពី​ថ្ងៃ​ទី​១៥ ចាប់ផ្ដើម​លេចឮ ដល់​មន្ត្រី​ពន្ធនាគារ​គាត់​ឱ្យ​ចេញ​មក​បាន ៣​ម៉ោង កាលពី​ថ្ងៃ​ទី​១៥ ហ្នឹង ដល់​ថ្ងៃទី​១៨ ខ្ញុំ​ទៅ​មើល​គាត់ គាត់​អត់​អាហារ​ទៀត។ គាត់​ថា​ដោយសារ​ថ្ងៃ​ទី​១៥ គេ​បាន​ឆ្លើយ​តប​ការ​ទាមទារ​របស់​គាត់ តែ​ក្រោយ​មក​ទៀត​គេ​ដូច​បិទ​សិទ្ធិ​គាត់​អត់​ចង់​ឱ្យ​គាត់​ចេញ​ក្រៅ អ៊ីចឹង​គាត់​ចាប់ផ្ដើម​ពហិការ​អត់​អាហារ ២​ទៅ ៣​ថ្ងៃ​ទៀត ខ្ញុំ​ក៏​ទាក់ទង​ទៅ​អ្នក​គេ​ស្គាល់​មន្ត្រី​ពន្ធនាគារ​សុំ​គេ​ឱ្យ​ជួយ​សម្រួល​ទៀត​ទៅ​បាន​គាត់​ព្រម​ហូបបាយ​វិញ​កាលពី​ថ្ងៃ​ទី​២១។ សំនួរ៖ អ៊ីចឹង​គាត់​អាច​ចេញ​ខាងក្រៅ​៣​ម៉ោង និង​អាច​ទទួល​សៀវភៅ​ទៅ​អាន​បាន​? ចាស សៀវភៅ​អាច​អាន​បានតែ​ខ្លះ​ទេ​ទៅតាម​ការកំណត់​របស់​គេ»

លោក គង់ រ៉ៃយ៉ា ចាប់ផ្ដើម​ពហិការ​ទទួលទាន​អាហារ​ក្នុង​ពន្ធនាគារ​ចាប់តាំង​ពី​ថ្ងៃ​ដែល​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ដោយ​ទាមទារ​បី​ចំណុច​ពី​មន្ត្រី​ពន្ធនាគារ គឺ​មាន​ពេលវេលា​ហាត់ប្រាណ អាច​អាន​សៀវភៅ​គ្រប់គ្រាន់ ព្រមទាំង​មាន​កន្លែង​គេង​ល្មម​អាច​ធ្វើ​វិបស្សនា​បាន។

លោក គង់ រ៉ៃយ៉ា អាយុ​ ២៨​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​៤៩៤ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ក្រោយ​បាន​ផ្សព្វផ្សាយ​លក់​អាវយឺត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) សម្រាប់​ខួប​បី​ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ អាវយឺត​នោះ​មាន​រូប និង​ទស្សនៈ​លោក​បណ្ឌិត កែម ឡី ដែល​ថា «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»

លោកស្រី សុខ ស្រីនិច លើកឡើង​ថា ដ្បិត​ថា ការ​ចាប់​ឃុំខ្លួន​ប្ដី​លោកស្រី ជា​រឿង​អយុត្តិធម៌ ហើយ​ត្រូវ​ស្នាក់​ក្នុង​បន្ទប់​ចង្អៀត​ណែន​ខ្វះ​អនាម័យ​មែន​ពិត តែ​លោកស្រី​មិន​ចង់​ឃើញ​ប្ដី​បង្អត់​អាហារ​ខ្លួនឯង​ក្នុង​ពន្ធនាគារ​ទៀត​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ព្រោះ​លោក គង់ រ៉ៃយ៉ា មាន​ជំងឺ​ក្រពះ​ដែល​ត្រូវ​ទទួល​ទាន​អាហារ​ទៀងទាត់​ពេលវេលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

តាសាន

ពី LA

គាត់មិនស៊ីបាយទេ កុំខ្វល់អី តែវាឃ្លានវាស៊ីបាត់ហើយ តែបើវាចង់ងាប់ដោយអត់បាយនោះ អោយវាងាប់ទៅ

Aug 01, 2019 01:33 PM

គេហទំព័រ​ទាំងមូល