ទូតអាមេរិក និងសម្ព័ន្ធអ្នកសារព័ត៌មានទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់អ្នកយកព័ត៌មានអាស៊ីសេរី ២រូប
2019.11.14
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងអង្គការមនុស្សជាតិ និងអន្តរជាតិ ទាមទារឱ្យរបបក្រុង ភ្នំពេញទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ។ ការទាមទារនេះ ធ្វើឡើងចំខួប២ឆ្នាំការចាប់ខ្លួនពួកគេ ដែលអង្គការសិទ្ធិមនុស្សចាត់ទុកថា អ្នកទាំងពីរ គ្មានកំហុសដូចការចោទប្រកាន់។
អង្គការជាតិ និងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍សំដែងការសោកស្ដាយដែលអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ដែលជាអ្នកកាសែតក្លាហាន នៅតែជាប់ចោទ និងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ ទាំងតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ ដែលជាមូលដ្ឋានយកមកចោទប្រកាន់ប្រឆាំងអ្នកទាំងពីរទេនោះ។
ស្ថានទូតអាមេរិក បង្ហោះសារនៅលើហ្វេសប៊ុកនៅថ្ងៃទី១៤ ខែវិច្ឆិកាថា ការចាប់ខ្លួន និងការឃុំខ្លួនដ៏យូរ និងដំណើរការកាត់ក្តីដែលអូសបន្លាយពេលវែង លើអ្នកសារព័ត៌មានទាំងពីររូបនេះ គឺជាការ បំផ្លាញសេរីភាពសារព័ត៌មាន និងធ្វើឱ្យអ្នកដទៃទៀត មិនចង់ធ្វើការងារដ៏សំខាន់ផ្នែកសារព័ត៌មាននេះទៀត។ ស្ថានទូតអាមេរិក ទាមទារឱ្យទម្លាក់ចោលការចោទប្រកាន់លើអ្នកយកព័ត៌មានទាំងពីរ នាក់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញ ឱ្យពួកគេវិញ គឺជាការកែមត្រូវឡើងវិញនូវអំពើអយុត្តិធម៌ គោរពតាមរដ្ឋធម្មនុញ្ញ និងជាសញ្ញានៃការប្តេជ្ញាចិត្ត ចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃអ្នកសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសប្រជាធិបតេយ្យ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ក៏បានចេញសេចក្ដី ថ្លែងការណ៍ទាមទារឱ្យតុលាការកម្ពុជា ទម្លាក់ចោលការប្រកាន់លើលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទចារកម្ម ដែលអង្គការអន្តរជាតិមួយនេះ ពិនិត្យឃើញថា គ្មានភស្តុតាងពិតប្រាកដ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទទួលបន្ទុកតំបន់អាស៊ី និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ករណីចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីនេះ គួរតែត្រូវបានទម្លាក់ចោលតាំងពីយូរមកហើយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាមានចេតនាប្រើប្រាស់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ជាការព្រមានទៅអ្នកសារព័ត៌មានឯករាជ្យដទៃទៀត ។ លោក ហ្វីល រ៉ូប៊ឺតសុន ចាត់ទុកថា ការមិនបញ្ចប់សំណុំរឿងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបំបិទសំឡេងរិះគន់នានានៅក្នុងប្រទេសកម្ពុជា។ទន្ទឹមគ្នានេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដែរនៅថ្ងៃទី១៤ ខែវិច្ឆិកា ដោយស្នើសុំតុលាការកម្ពុជាឱ្យទម្លាក់ចោលទាំងស្រុងនូវបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់។ ខេមបូចា ពិនិត្យឃើញថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកទាំងពីរបានរស់នៅដោយមិនមានសិទ្ធិសេរីភាពពេញលេញ អស់រយៈពេល២ឆ្នាំមកហើយ ដោយសារការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីខែសីហា ឆ្នាំ២០១៨។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ម៉ៃ ទិត្យថារ៉ា ថ្លែងថា ការបន្តចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគ្មានមូលដ្ឋាននេះ បានបង្កក្តីព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់អតីតអ្នកសារព័ត៌មានទាំងពីរនាក់ និងជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាននៅកម្ពុជាទាំងមូល៖ «ការបន្តធ្វើទុក្ខបុកម្នេញលើអតីតអ្នកសារព័ត៌មានទាំងពីររូបនេះ គឺជាការបន្តបំភិតបំភ័យដល់អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ជាពិសេសអតីតអ្នកយកព័ត៌មានអាស៊ីសេរី ដែលអ្នកខ្លះមិនហ៊ានបន្តអាជីពជាអ្នកសារព័ត៌មាន ហើយអ្នកខ្លះទៀតបន្តលាក់ខ្លួន ដោយសារភាពភ័យខ្លាច។ ដូច្នេះហើយទើបបានយើងស្នើសុំឱ្យតុលាការពិចារណាក្នុងការទម្លាក់បទលើអ្នកទាំងពីរនេះដើម្បីឱ្យមានលំហសេរីភាពសារព័ត៌មាន និងប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មានបាន»។
លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពី «បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» និង បទ «ផលិត និងកាន់កាប់រូបភាពអាសអាភាស»។ តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតុលាការបានបន្តរក្សាទុកវត្ថុចាប់យក និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែល ធ្វើឱ្យអ្នកទាំងពីរគ្មានសេរីភាពដើរហើរពេញលេញឡើយ។ ក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ បានចាត់តាំង និងបង្គាប់ឱ្យចៅក្រមស៊ើបសួរ យកសំណុំរឿងអ្នកទាំងពីរស៊ើបអង្កេតបន្ថែមទៀត ដែលមិនបានកំណត់ពេលវេលាជាក់លាក់ ក្រោយពីតុលាការបើកសវនាការជំនុំជម្រះហើយនោះ ដែលជាហេតុធ្វើឱ្យសំណុំរឿងនេះត្រូវអូសបន្លាយតទៅមុខទៀត ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ បង្ហាញក្ដីរីករាយដែលស្ថានទូតអាមេរិក ព្រមទាំងអង្គការជាតិនិងអន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍គាំទ្រ ខ្វាយខ្វល់ពីសុខទុក្ខរបស់លោក ទាំងពីរ និងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើលោកទាំងពីរផងដែរ៖ «ខ្ញុំយល់ថា ការទាមទារឱ្យទម្លាក់ចោលបទនេះ គឺដូចអ្វីដែលពួកខ្ញុំកំពុងតែទាមទារដែរ។ យើងឃើញថា រយៈពេល២ឆ្នាំនៃការចាប់ខ្លួនពួកយើងនិងដាក់ពួក យើងទាំងពីរនាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ រហូតមកដល់ពេលនេះ តុលាការ មិនអាចរកភស្តុតាងដាក់បន្ទុកលើពួកខ្ញុំ និងមិនបានរកភស្តុតាងបង្ហាញថា ពួកខ្ញុំបានធ្វើព័ត៌មាន ឬបញ្ជូនព័ត៌មានឱ្យរដ្ឋបរទេសដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិនោះទេ។ ដូច្នេះនៅ ពេលដែលតុលាការមិនមានសមត្ថភាពបញ្ជាក់ភស្តុតាងជាទូទៅថា ពួកខ្ញុំបានប្រព្រឹត្តបទល្មើស តើហេតុអីតុលាការនៅតែបន្តដាក់ពួកខ្ញុំឱ្យបន្តឋិតនៅក្រោមការត្រួតពិនិត្យដែលគួរណាតែទម្លាក់ចោល ការចោទប្រកាន់លើពួកខ្ញុំទាំងពីរ»។
លោក យាង សុធារិន្ទ បន្តថា ការបន្តសំណុំរឿងរបស់លោកបែបនេះ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត និងសេដ្ឋកិច្ចគ្រួសាររបស់លោកយ៉ាងធ្ងន់ធ្ងរ៖ «យើងពិបាកចិត្តនិងបារម្ភថា មិនដឹងថា វាយ៉ាងម៉េចទៀតទៅថ្ងៃខាងមុខ ហើយដោយឡែកមួយទៀត ពីក្រុមគ្រួសារខ្ញុំវិញមានការលំបាកក្នុងជីវភាពខណៈដែលជីវភាពគ្រួសាររបស់យើងលំបាកស្រាប់ហើយ។ ការរឹតត្បិតលើពួកយើងធ្វើឱ្យពួកយើងពិបាកក្នុងការបន្តអាជីពដែលយើងស្រលាញ់ ឬប្រកបមុខរបរចិញ្ចឹមជីវិត។ សម្រាប់ខ្ញុំវិញ សូម្បីតែចង់ទៅលែងឪពុក ម្ដាយចាស់ៗនៅកម្ពុជាក្រោមក៏មិនបាន សូម្បីតែសាច់ញាតិរបស់ខ្ញុំដែលស្លាប់ ក៏មិនអាចទៅចូលរួមបុណ្យសពបានផង។ នេះគឺជារឿងមួយដែលរំខានញាំញីដោយផ្លូវចិត្តរបស់ខ្ញុំមែនទែន»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតបថា ការទម្លាក់ចោលការចោទប្រកាន់និង មិនទម្លាក់ចោលសម្រាប់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប គឺមានតែតុលាការនោះទេ ដែល មានសិទ្ធិសម្រេចដោយផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត និងការស្រាវជ្រាវ៖ «ពីព្រោះសំណុំរឿងនេះ ត្រូវបានចៅក្រមចាត់របៀបឱ្យមានការស៊ើបសួរ និងស៊ើបអង្កេតបន្ថែមដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសន្និដ្ឋាន និងសម្រេចដើម្បីធានានូវភាពយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
នៅមុននេះមួយថ្ងៃ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានចេញសេចក្ដី ថ្លែងការណ៍ស្នើសុំឱ្យតុលាការកម្ពុជា ទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីជាបន្ទាន់។
នាយកប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ លោក នីកូឡាស បេឃឺលីន (Nicholas Bequelin) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ថា កាលពីពីរឆ្នាំកន្លងមក ជារឿងគួរឱ្យសោកស្ដាយបំផុត ដែលអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ដែលជាអ្នកកាសែតក្លាហាន នៅតែជាប់ចោទ និងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការទាំងតុលាការមិនមានភស្តុតាងគ្រប់គ្រាន់ទាល់តែសោះ។ លោកបន្ថែមថា នេះជាការចោទប្រកាន់ទាំងអយុត្តិធម៌ ដែលស្ដែងឱ្យឃើញកាន់តែច្បាស់ ចំពោះការប៉ុនប៉ងឥតលាក់លៀម ដើម្បីរារាំងសេរីភាពបញ្ចេញមតិ និងការព្រមាន ឬធ្វើទុក្ខបុកម្នេញយ៉ាងច្បាស់ដល់អ្នកសារព័ត៌មានឯករាជ្យនៅក្នុងប្រទេសកម្ពុជា៕