សកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ លួន សុវ៉ាត អះអាងថា អាជ្ញាធរបានប្រឌិតបទល្មើសដោយកាត់តរូបភាព និងធ្វើត្រាប់តាមសំឡេងព្រះអង្គដើម្បីធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ក្នុងចេតនាចង់ចាប់ព្រះអង្គផ្សឹក ប៉ុន្តែតំណាងក្រសួងធម្មការ និងសាសនា អះអាងថា ព្រះភិក្ខុ លួន សុវ៉ាត មានកំហុសផ្នែកវិន័យសង្ឃ មិនពាក់ព័ន្ធរឿងនយោបាយឡើយ។
សង្ឃសកម្មជនសិទ្ធិមនុស្ស ព្រះអង្គ លួន សុវ៉ាត បដិសេធជាសាធារណៈ ចំពោះរឿងរ៉ាវដែលអង្គចាត់ទុកករណីនេះថា ជាការមួលបង្កាច់ និងប្រឌិតព័ត៌មាន ដោយយករូបភាពនិង សំឡេងអ្នកដទៃ មកកាត់តបញ្ចូលគ្នា បង្កើតជាសាច់រឿង រួចបង្ហោះលើហ្វេសប៊ុកដើម្បីចាប់ព្រះអង្គផ្សឹក។
ទោះយ៉ាងណាព្រះអង្គសរសេរនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១០មិថុនា ថា ព្រះអង្គបានភៀសទៅទីឆ្ងាយហើយ ដើម្បីបញ្ចៀសការចាប់ផ្សឹកទាំងបង្ខំ។ ព្រះអង្គទាមទារឱ្យអាជ្ញាធរផ្ដល់ភាពស្អាតស្អំនិងបញ្ឈប់ការស្វែងរកចាប់ព្រះអង្គ។ ព្រះអង្គបន្តថា អំឡុងពេលព្រះអង្គ ភៀសព្រះកាយនេះ អាជ្ញាធរខេត្តសៀមរាប បានដកហូតឡានម៉ាក Lexus 470១គ្រឿង និងកាមេរ៉ាជិត ១០គ្រឿងរបស់ព្រះអង្គ ពីក្មួយរបស់ព្រះអង្គនៅស្រុកជីក្រែង ខេត្តសៀមរាប។ ព្រះអង្គ លួន សុវ៉ាត ទាមទារឱ្យអាជ្ញាធរប្រគល់សម្ភារៈទាំងអស់ ឱ្យក្រុមគ្រួសារព្រះអង្គវិញ។
កាលពីថ្ងៃទី៣ មិថុនា គណៈសង្ឃខេត្តសៀមរាប បានប្រកាសឱ្យចាប់ផ្សឹកព្រះអង្គ លួន សុវ៉ាត ដែលគង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែងចេញពីបព្វជិត ក្រោមហេតុផលថា ព្រះអង្គបានប្រព្រឹត្តិខុសវិន័យសង្ឃដោយសេពមេថុនធម្ម ឬ ការរួមភេទ។សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយពេលថេរសភាសង្ឃខេត្តសៀមរាប បានពិនិត្យមើលវីដេអូនិងសារសំឡេង ដែលបង្ហាញ ពីកិច្ចសន្ទនាស្នេហារវាងព្រះសង្ឃ លួន សុវ៉ាត ជាមួយស្ត្រី២នាក់ជាម្ដាយនិងកូនស្រី។
គណៈសង្ឃខេត្តសៀមរាប ប្រកាសថា ក្នុងករណី ព្រះអង្គ លួន សុវ៉ាត នៅតែបន្តគ្រងស្បង់ចីវរជាបព្វជិតក្រោយថ្ងៃទី៣ មិថុនាទៀតត្រូវចាត់ទុកថាព្រះអង្គប្រព្រឹត្តក្លែងភេទជាព្រះសង្ឃ ហើយគណៈសង្ឃខេត្តសៀមរាប ស្នើសុំសមត្ថកិច្ចចាត់វិធានការតាមច្បាប់ លើព្រះអង្គ លួន សុវ៉ាត។
ចំណែក គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រគេនដំណឹងឱ្យព្រះមេគណរាជធានីខេត្តទាំងអស់សហការជាមួយសមត្ថកិច្ច ដើម្បីចាប់ព្រះសង្ឃ លួន សុវ៉ាត ផ្សឹក ព្រោះអះអាងថា ការជំនុំជម្រះរបស់ថេរសភាខេត្តសៀមរាប កាលពីថ្ងៃទី៣ មិថុនា ជារឿងត្រឹមត្រូវតាមពុទ្ធវិន័យ។អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ប្រាប់អាស៊ីសេរីថា គណៈសង្ឃមានភស្តុតាង និងសាក្សី ពិតប្រាកដ ដែលបញ្ជាក់ថា ព្រះសង្ឃ លួន សុវ៉ាត ប្រព្រឹត្តិខុសវិន័យសង្ឃ ហើយករណីនេះ គ្មានការពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
លោក សេង សុមុនី អំពាវនាវឱ្យព្រះសង្ឃ លួន សុវ៉ាត ចូលតវ៉ារកយុត្តិធម៌ ក្នុងថេរសភាសង្ឃ តាមក្រឹត្យក្រមក្នុងវិន័យសាសនា។ មន្ត្រីក្រសួងធម្មការរូបនេះ អះអាងថា ក្នុងករណីស្អាតស្អំ ក្រុមជំនុំថេរសភា ដែលមានមន្ត្រីសង្ឃ សុទ្ធតែជាអ្នកចេះដឹង ធម៌វិន័យ នឹងរកយុត្តិធម៌ជូន តែបើក្នុងករណីបានប្រព្រឹត្តិកំហុស លោក ជំរុញឱ្យព្រះសង្ឃ លួន សុវ៉ាត រកព្រះឧបជ្ឈា លាចាកសិក្ខាបទឱ្យបានត្រឹមត្រូវតាមផ្លូវព្រះពុទ្ធសាសនា៖ « ទាក់ទិននឹងរឿងនយោបាយ មិនមានទេ ចំណុចនេះ មិនមានទេ។ ខ្ញុំមើលឃើញរហូតហូរហែ មិនមានទេ ព្រោះមួយរយៈកន្លងមកហ្នឹង បុគ្គល លួន សុវ៉ាត ក៏មិនបានធ្វើនយោបាយអ្វីទេ មិនមានធ្វើនយោបាយអ្វីទេ ហើយក៏មិនប៉ះពាល់ជាមួយខាងណា។ ខាងប្រឆាំងក៏អត់ ខាងស្របក៏អត់ លោកក៏មិនមានការតវ៉ាទេ អត់មានទេណា ដូច្នេះណា »។
អាស៊ីសេរីបានព្យាយាមសុំការបញ្ជាក់ពី ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ករណីដកហូតឡាន ការឆែកឆេរផ្ទះញោមរបស់ព្រះភិក្ខុ លួន សុវ៉ាត និងការតាមចាប់ព្រះកាយ ព្រះអង្គនៅថ្ងៃទី១០ និងទី១១ មិថុនា តែមន្ត្រីប៉ូលិសរូបនេះ មិនទទួលទូរស័ព្ទ។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ជូន សុបញ្ញា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ មិថុនា ថា ព្រះរាជអាជ្ញាបានចេញដីកាឱ្យប៉ូលិសធ្វើសកម្មភាពទាំងឡាយតែលោកថា មិនទាន់អាចបញ្ជាក់ប្រភេទបទល្មើសទេ ដោយប្រាប់ថា រង់ចាំទទួលរបាយការណ៍ឆែកឆេរពីប៉ូលិសសិន៖ « ចាំមើលប៉ូលិសបញ្ជូនមកសិន ព្រោះមានហើយ គឺមានបទល្មើសច្រើនក្នុងហ្នឹង ប៉ុន្តែយើងត្រូវច្បាស់បានអាចឆ្លើយតបបាន។ អាចមានបទល្មើសច្រើន »។
នាយករងអង្គការលីកាដូ (Licadho) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត ឱ្យដឹងថា ប៉ូលិសពិតជាបានចុះឆែកឆេរផ្ទះរបស់ញោមព្រះអង្គ លួន សុវ៉ាត នៅខេត្តសៀមរាបពិតមែន។ លោក អំ សំអាត ថា ការឆែកឆេរផ្ទះសាច់ញាតិនិងរឹបអូសទ្រព្យសម្បត្តិ របស់ព្រះអង្គលួន សុវ៉ាត ជាការរំលោភសិទ្ធិមនុស្សព្រោះការរឹបអូស និងឆែកឆេរ ត្រូវធ្វើឡើងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យអាជ្ញាធរស៊ើបអង្កេតករណីនេះ ឱ្យបានច្បាស់លាស់សិនមុននឹងចេញវិធានការណាមួយលើព្រះភិក្ខុ លួន សុវ៉ាត៖ « ការអនុវត្តកន្លងមក មានចំណុចមន្ទិលសង្ស័យច្រើនណា។ ពីព្រោះ រឿងនេះ វាដូចមិនមានការបែងចែកឲ្យដាច់ថា វាជារឿងវិន័យធម៌ ឬក៏ជារឿងទាក់ទងនឹងបញ្ហារឿងព្រហ្មទណ្ឌ។ អត់មានការបែងចែកទេ សូម្បីតែរឿងទាក់ទងនឹងវិន័យសង្ឃនេះ យើងអត់ទាន់ឃើញមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទេ ហើយមានការសម្រេចចាប់ផ្សឹកអ៊ីចឹងទៅ។ ប៉ុន្តែបើវិន័យសង្ឃ វាអត់មានទាក់ទងអ្វីនឹងការរឹបអូសទ្រព្យសម្បត្តិឬក៏វត្ថុតាងហ្នឹងទេ »។
ព្រះសង្ឃ បូ បេត ដែលជាសកម្មជនព្រៃឈើ បានឲ្យដឹងថា ព្រះអង្គ លួន សុវ៉ាត បានទូរស័ព្ទប្រាប់ព្រះអង្គនៅថ្ងៃមានការចោទកាន់នោះថាឲ្យសកម្មជនសង្ឃទាំងអស់ការពារខ្លួនព្រោះមានការតាមយាយីធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ ដែលតែងជួយឈឺឆ្អាលក្នុងសង្គម។ ព្រះអង្គ បូ បេត ជឿថា ព្រះភិក្ខុ លួន សុវ៉ាត មិនប្រព្រឹត្តិកំហុសទេ និងត្រូវគេធ្វើបាបដូចករណីមន្ត្រីបក្សប្រឆាំងដែរ៖ « អាត្មា នៅតែតាំងខ្លួនឯងថា មានគេធ្វើបាបលោក ដោយសារលោក ជាព្រះសង្ឃសកម្ម ដូចចង់សកម្មជាងក្រុមអាត្មាផង ព្រោះលោកធ្វើការងារសង្គមមុនយើង ហើយលោកធ្វើល្បីល្បាញនៅលើពិភពលោក ផងដែរ »។
ព្រះសង្ឃ លួន សុវ៉ាត គឺជាសកម្មជនសង្ឃការពារសិទ្ធិមនុស្ស និងដីធ្លី។ នៅឆ្នាំ២០១២ ព្រះអង្គទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ ឈ្មោះ Martin Ennels Award ពីប្រទេសស្វីស។ព្រះអង្គធ្លាប់ត្រូវបានសមត្ថកិច្ចរុញច្រាន ចាប់ក្រៀក និងជេរប្រមាថ ដោយសារការចូលរួមឃ្លាំមើលការពារសិទ្ធិមនុស្ស ការតវ៉ាដីធ្លី និងតែងរិះគន់ភាពអវិជ្ជមានក្នុងសង្គម៕