អាជ្ញាធរវៀតណាមហាមឃាត់ពលរដ្ឋខ្មែរក្រោមដាក់ទង់ខ្មែរក្រោមនៅសាលាឆទានដែលអាជ្ញាធរកម្ទេច
2024.05.06

អាជ្ញាធរវៀតណាមមួយក្រុមបានហាមឃាត់ និងគំរាមកំហែងមិនឱ្យពលរដ្ឋខ្មែរក្រោមលើកទង់ជាតិខ្មែរក្រោមនៅលើទីតាំងដីសាលាឆទានដែលខ្លួនបានឈូសកម្ទេច។ ពលរដ្ឋខ្មែរក្រោមចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាមទាំងនេះថា ជាសកម្មភាពរំលោភលើសិទ្ធិជនជាតិដើមខ្មែរក្រោម។
អាជ្ញាធរវៀតណាមខេត្តលង់ហោរដែលវៀតណាមហៅថា ខេត្តវិញឡុង (Vinh Long ) ចំនួន៦នាក់ នៅថ្ងៃទី៦ ខែឧសភា បានបង្កការរំខាន និងគំរាមកំហែងដល់ការជួបជុំរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទៅពិនិត្យមើលទីតាំងសាលាឆទាននៅភូមិកន្រែង ដែលត្រូវបានអាជ្ញាធរឈូសកម្ទេចកាលពីថ្ងៃទី១ ខែមេសា។
ពលរដ្ឋខ្មែរក្រោមមកពីខេត្តព្រះត្រពាំង លោក ថាច់ គឹមចេង ឱ្យដឹងថា មូលហេតុដែលលោក និងពលរដ្ឋខ្មែរក្រោមជិត ១០នាក់ផ្សេងទៀតនាំគ្នាយកទង់ខ្មែរក្រោមទៅដោតនៅទីតាំងដីសាលាឆទានគឺដើម្បីបង្ហាញការសោកស្ដាយចំពោះធនធានរបស់ពលរដ្ឋខ្មែរក្រោម ចូលរួមកសាងសាលាឆទាន តែបែរជាត្រូវបំផ្លាញយ៉ាងព្រៃផ្សៃពីសំណាក់អាជ្ញាធរវៀតណាម។
លោក ថាច់ គឹមចេង៖ «អាជ្ញាធរវៀតណាមគេមកគំរាមកំហែងយើងខ្ញុំថា ខ្ញុំគ្មានសិទ្ធិទៅថតរូបដាក់ទង់បីពណ៌នៅលើសាលាឆទានទេ ព្រោះថាកន្លែងហ្នឹងគេកំពុងទំនាស់ដីធ្លី គេមកចោទយើងខ្ញុំថាទៅឆ្លងមិនសុំច្បាប់គេ ប៉ុន្តែសាលាឆទានសាធារណៈទេ យើងខ្ញុំទៅតែគេរារាំង គេថាហេតុផលអីមិនផ្ដល់ដំណឹងឱ្យគេដឹង»។
លោក ថាច់ គឹមចេង យល់ថា សកម្មភាពរបស់អាជ្ញាធរវៀតណាមនេះ គឺដូចគ្នានឹងសកម្មភាពរបស់ពួកគេកន្លងមក ដែលធ្វើឡើងក្នុងគោលដៅបំបាត់សំឡេងជនជាតិដើមខ្មែរក្រោម។
លោក ថាច់ គឹមចេង៖ «គេមិនចង់ឱ្យកូនខ្មែរដឹង យល់នូវអ្វីដែលជារបស់ខ្មែរ គេតែងតែកៀបសង្កត់ ហើយខ្លាចខ្មែរដឹងឮច្រើន ហើយកៀបសង្កត់ខ្មែរ ជាការមួយដែលអាជ្ញាធរវៀតណាមកំពុងព្យាយាមៗកំពុងវាយបំបាក់ស្មារតីខ្មែរ ហើយមិនឱ្យខ្មែរងើបឡើងបាន ហ្នឹងហើយជាការមួយដែលអាជ្ញាធរវៀតណាមកំពុងភ័យខ្លាច យើងខ្ញុំធ្វើហ្នឹងតាមច្បាប់អង្គការសហប្រជាជាតិសិទ្ធិជនជាតិដើម ពួកខ្ញុំខំប្រឹងប្រែង»។
សាលាឆទានខ្មែរ ក្រោមនៅភូមិកន្រែង ត្រូវបានសាងសង់ ផ្ដួចផ្ដើមគំនិត ដោយ ព្រះចៅអធិការវត្តប្រជុំពលមង្គលបូរី ហៅវត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា នៅលើដីឯកជនរបស់ពលរដ្ឋខ្មែរក្រោមមួយគ្រួសារ ដែលផ្ដល់ដីនេះ សម្រាប់ផលប្រយោជន៍រួម។ ចាប់តាំងពីពេលសាងសង់ អាជ្ញាធរវៀតណាម បានបញ្ជូនកម្លាំងមករារាំងដំណើរការសាងសង់ និងព្យាយាមដឹកព្រះពុទ្ធរូបចេញពីសាលាឆទាន ជាច្រើនដង ប៉ុន្តែ ពុទ្ធបរិស័ទខ្មែរក្រោម ជម្នះ សាងសង់រហូតបានសម្រេចជាស្ថាពរ ដោយហេតុថា ក្នុងតំបន់នោះ គ្មានវត្តខ្មែរក្រោមនៅជិតនោះទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីឆ្លើយតប ពីបញ្ហានេះបានទេ នៅថ្ងៃទី៦ ឧសភា។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោកបណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ពលរដ្ឋខ្មែរក្រោមមានសិទ្ធិពេញលេញតាមច្បាប់អន្តរជាតិជាតិក្នុងការសម្ដែងការមិនពេញចិត្ត ឬសោកស្ដាយសាលាឆទានរបស់ពួកគាត់ ហើយអាជ្ញាធរវៀតណាមមិនត្រូវគំរាមកំហែងនោះទេ។
លោកបណ្ឌិត សឺន ជុំជួន ៖«គ្រាន់តែជាការសម្ដែង ការផ្ដុំគ្នាមួយបង្ហាញសិទ្ធិរបស់ខ្លួនដោយអហិង្សាតែផ្ទុយទៅវិញបែរជាឃ្លាំមើល ការតាមដានអីជាដើម នេះជារឿងមួយបង្ហាញអាកប្បកិរិយាជាការគំរាមកំហែង»។
ការឈូសឆាយ សាលាឆទាននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាម ខេត្តលង់ហោរ កាលពីចុង ខែមីនា បានចាប់ផ្សឹកព្រះសង្ឃ គង់នៅវត្តប្រជុំពលមង្គល បូរី ឬហៅ ថា វត្ត ទ្រនំសេក ចំនួន៥អង្គ និងចាប់ឃុំ ខ្លួនពលរដ្ឋខ្មែរ ក្រោមចំនួន ៤នាក់ក្រោមបទចោទ ប្រកាន់«កេងចំណេញ លើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និង ពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្ស ដោយខុសច្បាប់» តាម មាត្រា ១៥៧ នៃក្រម ព្រហ្មទណ្ឌ វៀតណាម។
ក្នុងរយៈពេលជិត១ឆ្នាំមកនេះ អាជ្ញាធរវៀតណាមបានចាប់ឃុំខ្លួនព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមដាក់គុកចំនួន ១៣ អង្គ/នាក់ ដោយសារសកម្មភាពទាមទារសិទ្ធិសេរីភាពក្នុងនាមជាជនជាតិដើមម្ចាស់ស្រុក។ រីឯ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៩ ខែមីនា បានជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលវៀតណាម ចំពោះសកម្មភាពរបស់អាជ្ញាធរវៀតណាម ដែលបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមនៅកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។