ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ទី ឲ្យដឹងអាស៊ីសេរីដឹងនៅថ្ងៃសុក្រ ទី១៤ កុម្ភៈថា អាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានប្រគល់លិខិតឆ្លងដែន ថ្វាយព្រះអង្គវិញហើយ ក្រោយមានការអន្តរាគមន៍ពីគ្រប់ភាគី ខ្មែរកម្ពុជាក្រោម និងស្ថានទូតកម្ពុជា ប្រចាំក្រុងហាណូយ។
ព្រះអង្គ សឺន ទី មានថេរដីកាថា មន្ត្រីស្ថានទូតខ្មែរនៅក្រុងហាណូយ បានទូរស័ព្ទមកប្រាប់ព្រះអង្គ នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ឲ្យទៅទទួលយកលិខិតឆ្លងដែន នៅសាលាឃុំ ដែលអាជ្ញាធរវៀតណាម បានដកហូត និងសន្យា ធានាសុវត្ថិភាពថ្វាយព្រះអង្គ។
ព្រះតេជព្រះគុណ សឺន ទី ឲ្យដឹងថា ក្នុងពេលទៅទទួលយកលិខិតឆ្លងដែននោះ អាជ្ញាធរវៀតណាម មិនបានរករឿង និងមិនបានបង្កភាពតឹងតែង ដូចមុនទៀតទេ ដោយអាជ្ញាធរវៀតណាម បានដូរមន្ត្រីថ្មី យកលិខិតឆ្លងដែនថ្វាយព្រះអង្គ ជំនួសមន្ត្រី ដែលបានចាប់ដកហូតលិខិតឆ្លងដែន លើកមុន។
ព្រះអង្គថា អាជ្ញាធរវៀតណាម ក៏បានឲ្យព្រះអង្គចុះហត្ថលេខាលើលិខិតកំណត់ហេតុមួយដែរ តែព្រះអង្គមិនព្រមចុះទេ។ កំណត់ហេតុនោះ ជាភាសាវៀតណាម បានកត់ត្រាពីទីតាំងព្រះអង្គស្នាក់នៅបណ្ដោះអាសន្ន នៅខេត្តឃ្លាំង និងខ្លឹមសារ ដែលព្រះអង្គចែកបន្តផ្សាយ តាមហ្វេសប៊ុក (facebook) អំពីសិទ្ធិរបស់ជនជាតិដើមខ្មែរកម្ពុជាក្រោម តែមិនបានដាក់ពិន័យ ឬព្រមានព្រះអង្គទៀតឡើយ។
បើទោះ យ៉ាងណា ព្រះអង្គ សឺន ទី អះអាងនៅក្រោយទទួលបានលិខិតឆ្លងដែន ថា នឹងនៅតែបន្តសកម្មភាព បញ្ចេញមតិរិះគន់ ដោយមិនប្រើភាសាជេរប្រមាថ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដដែល។
ព្រះតេជព្រះគុណ សឺន ទី ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តឃ្លាំង បានដកហូតយកលិខិតឆ្លងដែន កាលពីថ្ងៃទី២ ខែកុម្ភៈ ពេលដែលព្រះអង្គ បានទៅលេងស្រុកកំណើត បានមួយសប្ដាហ៍។
ព្រះតេជព្រះគុណ សឺន ទី អះអាងអំពីមូលហេតុថា អាជ្ញាធរវៀតណាម បានចោទថា ព្រះអង្គចែករំលែកព័ត៌មាន ដែលមានខ្លឹមសារទាក់ទងនឹងសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅក្រៅប្រទេស ហើយស្ដាប់វិទ្យុសំឡេងកម្ពុជាក្រោម វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។