សហភាពសហជីពកម្ពុជាអំពាវនាវឲ្យពលរដ្ឋចូលរួមប្រារព្ធខួប ១៩ឆ្នាំ នៃថ្ងៃឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា
2023.01.21
សហភាពសហជីពកម្ពុជាអំពាវនាវដល់ពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករក្នុងថ្ងៃប្រារព្ធខួប ១៩ឆ្នាំនៃឃាតកបាញ់សម្លាប់លោក ជា វិជ្ជា នៅថ្ងៃទី២២ មករានេះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីថា កាលពី១៩ឆ្នាំមុនឃាតករ បានបាញ់សម្លាប់វីរជនទាមទារសិទ្ធិការងារ និងទាមទារដំឡើងប្រាក់ខែជូនកម្មករ ដូច្នេះ ពលរដ្ឋ កម្មករ និងសហជីព គួរតែចូលរួមប្រារព្ធខួបឲ្យបានច្រើន ដើម្បីសម្ដែងការដឹងគុណ និងរំលឹកវីរភាពព្រមទាំងទាមទារយុត្តិធម៌ជូនមេដឹកនាំសហជីពដ៏ល្បីរូបនេះ។
កម្មវិធីរំលឹកខួប ១៩ឆ្នាំ នៃអំពើឃាតកម្មលើលោក ជា វិជ្ជា នឹងប្រារព្ធនៅកន្លែងរូបសំណាកលោក នៅខាងលិចវិមានឯករាជ្យ។ ជារៀងរាល់ឆ្នាំសាច់ញាតិ មិត្តភ័ក្ដិ ក្រុមសហជីព និងកម្មករ តែជួបជុំគ្នាដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក និងថ្លែងសាររួមគ្នាទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។
នៅមុនការប្រារព្ធខួបនេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា នៅលើទំព័រហ្វេសប៊ុកជាបន្តបន្ទាប់។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះសាររៀបរាប់ថា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្នុងសំណុំរឿងនេះអាជ្ញាធរធ្លាប់បានចាប់ខ្លួនបុរសពីរនាក់ ដែលជាឃាតកសិប្បនិមិត្តមកផ្ដន្ទាទោស គឺ ប៊ន សំណាង និង សុខ សំអឿន។ មជ្ឈដ្ឋាននានា និងក្រុមគ្រួសារលោក ជា វិជ្ជា រួមទាំងអតីតព្រះមហាក្សត្រ សម្ដេច នរោត្តម សីហនុ មានព្រះតម្រិះថា ឃាតកសិប្បនិមិត្តទាំងពីរ គឺលោក ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតកពិតនោះទេ។ ជាងនេះសម្ដេច សីហនុ គាំទ្រលោក ជា មុនី ប្អូនប្រុសបង្កើតលោក ជា វិជ្ជា ស្នើឲ្យរដ្ឋាភិបាលស្វែងរកឃាតកពិតដែលសម្លាប់លោក ជា វិជ្ជា (ព្រះរាជសារឆ្នាំ២០០៥)។ ប្រមាណ ៨ឆ្នាំក្រោយ តុលាការកំពូលបានសម្រេចឲ្យឃាតកសិប្បនិមិត្តទាំងពីររួចផុតពីបទចោទឃាតកម្មគិតទុកជាមុនលើរូបលោក ជា វិជ្ជា និងដោះលែងជនជាប់ចោទទាំងពីរ។
សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បន្តថា បន្ទាប់ពីនោះមករឿងក្ដីនេះ ពុំមានតម្រុយពីការចាប់ខ្លួនឃាតកពិតប្រាកដឡើយ ហើយថ្ងៃស្អែកនេះ ជាថ្ងៃគំរប់ខួប១៩ឆ្នាំ នៃការទន្ទឹងរង់ចាំយុត្តិធម៌របស់ក្រុមគ្រួសារលោក ជា វិជ្ជា។ ទោះជាយ៉ាងណា សាច់ញាតិ និងមិត្តរបស់លោក ជា វិជ្ជា ធ្លាប់ចោទថា មូលហេតុដែលរកឃាតកពិត និងអ្នកពាក់ព័ន្ធមិនឃើញ ដោយសារតែពួកគេ ជាមនុស្ស ដែលមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។