ពលរដ្ឋមានទំនាស់ដីធ្លី ៦៩គ្រួសារនៅខេត្តបាត់ដំបង បន្តទាមទាររដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីឱ្យពួកគាត់។ មន្ត្រីអង្គការសង្គមស៊ីវិល ទទូចដល់អាជ្ញាធរឲ្យចុះវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ ៦៩គ្រួសារនោះ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត។
ពលរដ្ឋមានទំនាស់ដីធ្លី ៦៩គ្រួសារនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កំពុងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ក្រោយពីអាជ្ញាធរហាមឃាត់ពួកគេ មិនឲ្យចូលទៅអាស្រ័យផលលើផ្ទៃដីកសិកម្ម។
តំណាងពលរដ្ឋម្នាក់ គឺលោក ស្វាយ សុភាព ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ មេសាថា អាជ្ញាធរខេត្តបាត់ដំបងបានកោះហៅពលរដ្ឋ នៅចំណុចភ្នំស្នរ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ចូលរួមប្រជុំជាមួយអាជ្ញាធរ ហើយអាជ្ញាធរបានហាមប្រាមមិនឲ្យពលរដ្ឋ ចូលទៅអាស្រ័យផលលើផ្ទៃដី ដែលអាជ្ញាធរថា ជាដីកម្មសិទ្ធិរបស់រដ្ឋ។ តំណាងពលរដ្ឋរូបនេះ ទទូចដល់អាជ្ញាធរខេត្តបាត់ដំបង ឲ្យដោះស្រាយវិវាទដីធ្លីនេះ ជូនពលរដ្ឋ ដោយលោកអះអាងថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលើផ្ទៃដីកសិកម្មទាំងនោះ មុនពេលអាជ្ញាធរខេត្តបាត់ដំបង ចុះបញ្ជីដីនៅតំបន់នោះ ជាដីកម្មសិទ្ធិរបស់រដ្ឋ។
លោក ស្វាយ សុភាព៖ «ខ្ញុំសុំឲ្យអាជ្ញាធរជួយកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋ៦៩គ្រួសារហ្នឹង ហើយចេញជាប្លង់កម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំង៦៩គ្រួសារ ប៉ះពាល់ខ្លាំងណាស់ ក្មួយបើនៅតែមិនបន្តដោះស្រាយនេះទេ គឺគាត់ហាមអាជ្ញាធរហាមមិនបាច់ចាំធ្វើទេ គ្រាន់តែជាន់ ក៏មិនឲ្យជាន់ដីហ្នឹងផង»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអភិបាលខេត្តបាត់ដំបងលោក សុខ លូ ដើម្បីសុំការឆ្លើយតបបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២២ មេសា។
ពលរដ្ឋ៦៩គ្រួសារ នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ធ្លាប់ស្នើសុំអាជ្ញាធរភូមិឃុំ ស្រុក ខេត្តតំណាងរាស្ត្រ និងក្រសួងដែនដីជាដើម ដើម្បីវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លី ក៏ប៉ុន្តែពួកគាត់នៅពុំទាន់ទទួលបានការដោះស្រាយពីអាជ្ញាធរនោះទេ។ ផ្ទុយទៅវិញ តំណាងពលរដ្ឋ៣នាក់ រួមមានលោក ស្វាយ សុភាព លោក ឌុច ស្ដើង និងលោក មាស ស៊ន បែរជាទទួលរងការចោទប្រកាន់ពីអាជ្ញាធរជាច្រើនលើកថា ធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈទៅវិញ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ដែលធ្លាប់ចុះជួបពលរដ្ឋដល់មូលដ្ឋាននៅស្រុកគាស់ក្រឡ សង្កេតឃើញថា ពលរដ្ឋនៅតំបន់នោះ ភាគច្រើនរស់នៅអាស្រ័យនឹងមុខរបរកសិកម្មមួយមុខគត់។ មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះ លើកឡើងថា អាជ្ញាធរពាក់ព័ន្ធគួរតែយោគយល់ និងធ្វើប្រទានកម្ម នូវដីធ្លីកសិកម្មសម្រាប់ពលរដ្ឋដែលមានជីវភាពក្រីក្រពិតប្រាកដ ដើម្បីកុំឲ្យពួកគាត់ទល់ច្រកគ្មានចំណូលប្រចាំថ្ងៃ និងធ្លាក់ខ្លួនក្លាយជាពលរដ្ឋចំណាកស្រុកទៅប្រទេសថៃ។
លោក អ៊ិន គង់ជិត៖ «គួរតែយោគយល់ គួរតែធ្វើសម្បទាន ឬក៏ធ្វើប្រទានកម្មដល់ប្រជាពលរដ្ឋដែលគាត់ក្រីក្រខ្វះខាតដីសម្រាប់ធ្វើកសិកម្ម ហើយកន្លងមកក៏ពួកគាត់រំពឹងលើការអាស្រ័យផលនៃដីកសិកម្មដាំដំឡូងមី ដើម្បីរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារ»។
តំណាងពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល នៅតែស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបញ្ហាដីធ្លីដោយចុះវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លី ជូនពលរដ្ឋ៦៩គ្រួសារនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។