អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ករណី​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​ជាង ៣០០គ្រួសារ​ជា​មួយ​ឧកញ៉ា សង ថន នៅ​ខេត្ត​បាត់ដំបង

ដោយ សេក បណ្ឌិត
2020-07-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈប្រតិភូ​ចម្រុះ​ខេត្ត​បាត់ដំបង ចុះ​ពិនិត្យ ស្វែង​យល់​អំពី​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ឧកញ៉ា សង ថន នៅ​ស្រុក​គាស់ក្រឡ ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ២០២០។
គណៈប្រតិភូ​ចម្រុះ​ខេត្ត​បាត់ដំបង ចុះ​ពិនិត្យ ស្វែង​យល់​អំពី​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ឧកញ៉ា សង ថន នៅ​ស្រុក​គាស់ក្រឡ ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង ៣០០គ្រួសារ​នៅ​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង ​សាទរ​ចំពោះ​ការ​ឃាត់​ខ្លួន​ឧកញ៉ា​ម្នាក់ និង​អភិបាល​រង​ខេត្ត​នេះ​​​​ម្នាក់​ទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ ទោះ​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​វាស់វែង​ដី​ធ្វើ​ប័ណ្ណ​ជូន​ពួក​គាត់ ដើម្បី​ពួកគាត់​​ដាំដុះ​នៅ​លើ​ដី​របស់​ខ្លួន​កុំ​ឱ្យ​មាន​ការ​ភ័យ​ព្រួយ​បន្ត​ទៀត។ ប្រជាពលរដ្ឋ​អះអាង​ថា​ ទំនាស់​ដី​ធ្លី​របស់​ពួកគាត់​ជា​មួយ​ឧកញ៉ា សង ថន បាន​អូស​បន្លាយ​ពេល​ជាង ៥ឆ្នាំ​ហើយ តែ​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​រួច​នៅ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​ព្រះផុស ស្រុក​គាស់ក្រឡ លោក ស៊ឹប ពូ ថ្លែង​ថា ថ្វីត្បិត​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​អភិបាល​រង​ខេត្ត​បាត់ដំបង​លោក ស៊ូ អារ៉ាហ្វាត់ និង​ឧកញ៉ា សង ថន យក​ទៅ​សាកសួរ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​ដែរ។ លោក​បញ្ជាក់​ថា ទំនាស់​ដី​របស់​ពួក​លោក អាច​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​​ទៀត​នៅ​​ពីក្រោយ​ខ្នង ​ពី​ព្រោះ​ទំនាស់​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ទាន់​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ​។​ លោក​បន្ត​ថា​ ​ចាប់​ពី​ថ្ងៃ​ទី២៨ មិថុនា​មក ​អាជ្ញាធរ​ខេត្ត​នេះ​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ដល់​កន្លែង​ដី​ជម្លោះ​ជា​បន្ត​បន្ទាប់​ដែរ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បែងចែក​ដី​ជូន​ពួកគាត់ ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​ដោយ​ស្រប​ច្បាប់​នៅ​ឡើយ​ទេ​។​លោក​បន្ថែម​ថា ការ​អូស​បន្លាយ​ពេល​យូរ​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ការ​រក​ប្រាក់​ចំណូល​របស់​​ពួកគាត់ ព្រោះ​មិន​មាន​សិទ្ធិ​ពេញលេញ​ចូល​ទៅ​ដាំដុះ​នៅ​លើ​ដី​ទំនាស់​នោះ​ឡើយ៖ «អត់​ទាន់​គ្រប់​គ្រាន់​ទេ​នៅ​មាន​ទៀត​ ព្រោះ​មិន​មែន​មាន​តែ​គាត់​មួយ​ទេ​ នៅ​មាន​មន្ត្រី​ផ្សេង​ទៀត​ពាក់ព័ន្ធ​រឿង​នេះ។ ខ្ញុំ​ចង់​ឱ្យ​​វែក​មុខ​មន្ត្រី​​ពុករលួយ​ផ្សេង​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​រស់​នៅ​ដោយ​សុខសប្បាយ។ ខ្ញុំ​ត្រេក​អរ​ច្រើន​ ដោយសារ​មាន​លោក​ឧកញ៉ា​មួយ​ដូច​​មាន​អ្វី​មួយ​មក​រារាំង​​ប្រជាពលរដ្ឋ មិន​ត្រឹម​តែ​មួយ​ស្រុក​នេះ​ទេ​ គាត់​មាន​ដី​ច្រើន​ស្រុក​ណាស់​ ហើយ​មាន​បណ្ដឹង​ច្រើន​នៅ​ក្នុង​តុលាការ​ឮ​សូ​តែ​គាត់​ម្នាក់»

ចំណែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​គាស់ក្រឡ​ម្នាក់​ទៀត លោក ម៉ម កាត់ ឱ្យ​ដឹង​ថា ដី​របស់​លោក​ចំនួន ៧ហិកតារ​នៅ​ឃុំ​ឆ្នាល់​មាន់​ស្រុក​គាស់ក្រឡ មាន​ទំនាស់​ជា​មួយ​លោក​ឧកញ៉ា សង ថន​ តាំង​ពី​ឆ្នាំ​២០១៥ មក​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា កាល​ពី​ឆ្នាំ២០០៩ ដោយសារ​តែ​ជីវភាព​ក្រីក្រ លោក​បាន​កាប់​ឆ្ការ​ព្រៃ​យក​ដី​ទាំង​នោះ មក​ដាំ​ដំឡូង​មី​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ឧកញ៉ា សង ថន ប្ដឹង​លោក​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ទៅ​តុលាការ​​ខេត្ត​បាត់ដំបង​មក​​ ធ្វើ​ឱ្យ​លោក​ដាំដុះ​​​មិន​បាន​ពេញលេញ ពីព្រោះ​លោក​ឧកញ៉ា​រូប​នេះ តែងតែ​ទៅ​រារាំង​ពួក​លោក​រហូត​មក៖ «ពួក​ខ្ញុំ​ជីវភាព​មាន​តែ​មួយ​គាត់​គឺ​ដាំ​ដំបូង​មី​តែ​ប៉ុណ្ណឹង​ទេ​ នៅ​ស្រុក​គាស់ក្រឡ​នេះ​ប្រជាពលរដ្ឋ​គ្មាន​អី​ផ្សេង​ទេ បើ​ក្រៅ​ពី​ហ្នឹង​ដូច​ស្រូវ​អី​​អត់​មាន​ទេ ធ្វើ​អត់​បាន​ផង អត់​មាន​ប្រព័ន្ធ​ទឹក បើ​សិន​ជា​មាន​ប្រព័ន្ធ​ពួក​ខ្ញុំ​រស់​ចេះ​តែ​មាន​ការ​រីក​ចំរើន​ដែរ។ នេះ​កុំ​តែ​បាន​ច្បាប់​អំពើ​ពុករលួយ​រដ្ឋាភិបាល​គាត់​​ដឹង​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​កុំ​អី​ បើ​បណ្ដែតបណ្ដោយ​ពូក​នេះ​ប្រហែល​ជា​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​​ក្នុង​តុលាការ​ខេត្ត​បាត់ដំបង​ហើយ​ ព្រោះ​ពួក​គាត់​មិន​ប្រើ​ពាក្យ​ដូច​អាជ្ញាធរ​មុខ​ទេ អាជ្ញាធរ​ក្រោយ​នេះ វា​ខុស​ពី​អាជ្ញាធរ​មុខ​ អាជ្ញាធរ​មុន​​ថា ដី​រដ្ឋ​អាជ្ញាធរ​ក្រោយ​ថា​ដី​គេ»

ទំនាស់​ដីធ្លី​ប្រមាណ ១ពាន់​ហិកតារ​រវាង​ពលរដ្ឋ​នៅ ភូមិ​តា​នួត​ឃុំ​ព្រះផុស និង​ភូមិ​សំរោង ឃុំ​ឆ្នាល់មាន់ ​ស្រុក​គាស់ក្រឡ​ ជាង ៣០០ គ្រួសារ ​ជា​មួយ​លោក​ ឧកញ៉ា សង ថន ផ្ទុះឡើងចាប់​តាំង​ពី​ឆ្នាំ២០១៥ រហូត​មក។ អ្នក​ភូមិ​ចោទ​ប្រកាន់​ឧកញ៉ា​រូប​នេះ​ថា​បាន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ដើម្បី​រំលោភ​យក​ដី​​ទាំង​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

កន្លង​ទៅ ​ក្រុម​ប្រជាពលរដ្ឋ​បាន​តវ៉ា​​តាំង​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ជាតិ​ដើម្បី​ឱ្យ​ជួយ​​អន្តរាគមន៍​ពួកគាត់​ជា​បន្តបន្ទាប់​ ក៏​ប៉ុន្តែ​ពុំ​​ទទួល​បាន​លទ្ធផល​នោះ​ទេ ​ទើប​តែ​ថ្មីៗ នេះ​ទេ ដែល​​​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​​​​ឃាត់​ខ្លួន​ឧកញ៉ា សង ថន និង​អភិបាល​រង​ខេត្ត​បាត់ដំបង​លោក ស៊ូ អារ៉ាហ្វាត់ យក​ទៅ​សាកសួរ។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជា​ពលរដ្ឋ។

អាស៊ី​សេរី​​មិន​អាច​ទាក់​ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ុន​ទៀង​ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​​ជុំ​វិញ​បញ្ហា​នេះ​ ​បាន​ទេ​នៅ​ថ្ងៃ​ទី២ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​​ពុំ​មាន​​អ្នក​ទទួល។

អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​ឧកញ៉ា សង ថន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​​​​នេះ​បាន​ដែរ តែ​លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដី​ទំនាស់​នោះ​ជា​កម្មសិទ្ធិ​របស់​លោក ហើយ​លោក​ចោទ ក្រុម​ប្រជាពលរដ្ឋ​ជាង ៣០០គ្រួសារ​នោះ​ថា បាន​ដាំដុះ​រំលោភ​យក​ដី​របស់​លោក​​ដោយ​ខុស​ច្បាប់។

ចាប់​តាំង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​ឧកញ៉ា សង ថន មក​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​បណ្ដាក់​គ្នា​ចុះ​​ជួប​​សម្របសម្រួល​ជា​មួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ដី​ទំនាស់​ជា​បន្ត​បន្ទាប់។ គេហទំព័រ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី២៩ មិថុនា​ថា អភិបាល​ខេត្ត​បាត់ដំបង​លោក ងួន រតនៈ បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​នៅ​ក្នុង​​ខេត្ត​នេះ ចុះ​ជួប​ពលរដ្ឋ​ ដោយ​បាន​​វាស់វែង​កំណត់​អត្តសញ្ញាណកម្ម​ក្បាល​ដី​បាន​ចំនួន ៣៣៥ ក្បាល​ដី។ ក្នុង​ការ​វាស់វែង​ក្បាល​ដី​នោះ ​លោក ងួន រតនៈ បាន​ពន្យល់​អំពី​នីតិវិធី​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ​ដល់​ពលរដ្ឋ និង​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​សម្បទាន​ដី​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្នុង​តំបន់​នោះ។

អាស៊ីសេរីបាន​ទាក់ទង​លោក ងួន រតនៈ ដើម្បី​សាកសួរ​រឿង​នេះ​បន្ថែម​ដែរ តែ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់៖ ខ្ញុំ​នៅ​ឃុំ​តាគ្រាម​​នៅ​ភ្នំ​ខ្ញុំ​មក​មើល​កម្មវិធី​ក្មេងៗ​គេ​ទាត់បាល់»

ទាក់ទង​វិវាទ​ដីធ្លី​នេះ​ដែរ កាល​ថ្ងៃ​ទី២៧ ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​អភិបាល​ស្រុក​គាស់ក្រឡ លោក ម៉ៅ សុចាន់ ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្ត​បាត់ដំបង​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី សាទរ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់​វិធាន​ការ​លើ​ជម្លោះ​ដី​ធ្លី​នេះ ក៏​ប៉ុន្តែ​លោក​សំណូមពរ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៣នាក់ ដើម្បី​ឱ្យ​ពួកគាត់​មាន​សេរីភាព​ឡើង​វិញ។ លោក​បន្ថែម​ថា តំណាង​ពលរដ្ឋ​ទាំង​នេះ ត្រូវ​បាន​សាលាដំបូង​ខេត្ត​បាត់ដំបង​ផ្ដន្ទាទោស​ដាក់​គុក ១ឆ្នាំ​និង​ឱ្យ​រួម​គ្នា​ផ្ដល់​សំណង ១ម៉ឺន​ដុល្លារ (១០.០០០) អាមេរិក​ដល់​ឧកញ៉ា សង ថន ប៉ុន្តែ​ត្រូវ​បាន​ពលរដ្ឋ​​ប្ដឹង​​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ៖ «កន្លង​ទៅ​គឺ​យើង​ឃើញ​ថា​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ដែរ​ តែ​គ្រាន់​តែ​ថា​ការ​ធ្វើ​យឺត​ ហើយ​មួយ​ទៀត​អាជ្ញាធរ​ខេត្ត​មិន​បាន​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​រឿង​ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​ទេ។ នេះ​ជា​បញ្ហា​ តែ​រយៈ​ចុង​ក្រោយ​នេះ គឺ​នៅ​ដើម​ឆ្នាំ២០២០ នេះ យើង​ឃើញ​ថា ខេត្ត​បាន​បង្កើន​សកម្មភាព​ជា​ច្រើន​ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​ហ្នឹង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា នៅ​ខេត្ត​បាត់ដំបង មាន​បញ្ហា​ជម្លោះ​ដីធ្លី​ធំៗ ចំនួន ៦ករណី​ទៀត រវាង​ពលរដ្ឋ​ជា​មួយ​អ្នក​មាន​លុយ ​និង​មាន​អំណាច ដែល​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ ដូច​ជា ទំនាស់​ដី​នៅ​ឃុំ​បឹង​ប្រាំ ស្រុក​បវេល​ជា​ដើម។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចាត់​វិធាន​ការ​លើ​សំណុំ​ទាំង​នោះ​បន្ត​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដី​យក​ទៅ​បង្កបង្កើនផល​ដោយ​ស្របច្បាប់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល