មន្ត្រី​មូលដ្ឋាន​និង​ក្រុមហ៊ុន​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​គំរាម​អ្នក​ភូមិ​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ

ដោយ រដ្ឋា វិសាល
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​មណ្ឌលគិរី
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ជនជាតិ​ដើម​ភាគតិច​ព្នង បី​គ្រួសារ​រស់​នៅ​ភូមិ​ពូតាំង សង្កាត់​រមនា ក្រុង​សែនមនោរម្យ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់​ការ​គំរាមកំហែង រំលោភ​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​អាស្រ័យ​ផល​លើ​ដី​សមូហភាព​សហគមន៍។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ក្រោយ​ពី​ប្រជា​ការពារ​ភូមិ អនុ​ភូមិ និង​បុគ្គលិក​ក្រុមហ៊ុន បាន​ចុះ​ទៅ​ព្រមាន​មិន​ឲ្យ​អ្នក​ភូមិ​ដាំ​ដុះ​លើ​ដី​សមូហភាព​សហគមន៍ ទំហំ ១៨​ហិកតារ ដោយ​សំអាង​ថា ក្រុមហ៊ុន​បាន​ទិញ​ដី​នោះ​ពី​សមាជិក​សហគមន៍​មាន​គ្នា ៩​នាក់ កាល​ពី​ឆ្នាំ​២០១៦។

អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម ៣​នាក់ គឺ​លោក ណាន ដានី បញ្ជាក់​ថា ការ​លក់​ដូរ​ដី​សមូហភាព​សហគមន៍​រវាង​សមាជិក​សហគមន៍ និង​ក្រុមហ៊ុន គឺ​មិន​មាន​ការ​ឯកភាព​ផ្ទៃក្នុង​សមាជិក​សហគមន៍​​នោះ​ទេ។ ចំណែក​អាជ្ញាធរ​ដែនដី​ដែល​រួម​ចំណែក​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ទិញ​លក់​ដី​នោះ គឺ​ជា​អ្នក​ឃុបឃិត​លក់​ដូរ​ដី​សហគមន៍​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។

លោក​បន្ត​ថា ការ​គំរាមកំហែង​មិន​ឲ្យ​អ្នក​ភូមិ​អាស្រ័យផល​លើ​ដី​ដែល​ពួកគាត់​ដាំ​ដុះ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច៖ «ផ្អាក​ពី​ម្សិលម្ង៉ៃ ហើយ​ថ្ងៃ​ទី​១៩ គេ​រៀបចំ​ដើម្បី​ចង់​ថា វាស់វែង​ចែក​គ្នា​គេ​ប៉ុន្មាន​នាក់​ហ្នឹង។ ខ្ញុំ​ថា បើ​គាត់​មាន​ដី​លក់​ត្រង់​ណា​លក់​ទៅ តែ​ដី​នេះ​ខ្ញុំ​រក្សា​ទុក​សម្រាប់​កូន​ចៅ ខ្ញុំ​អត់​លក់​អត់​ដូរ»

​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ជនជាតិ​ដើម​ភាគ​តិច​ព្នង ២​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​អនុប្រធាន​​ភូមិ​គឺ​លោក ញើម ប៊ុនទិត សមាជិក​ក្រុមប្រឹក្សា​សង្កាត់​រមនា គឺ​លោក ក្រោន ស្រើល និង​ប្រជា​ការពារ​ភូមិ​លោក សារឿន ណារ៉ូ រួម​ទាំង​តំណាង​អ្នក​ទិញ​ដី​ឈ្មោះ ម៉ាប់ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ទាមទារ​ឲ្យ​បញ្ឈប់​គម្រោង​លក់​ដី​ភូមិ​ចាស់​របស់​សហគមន៍។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា។

ចំណែក​អភិបាលក្រុង​សែនមនោរម្យ លោក ឡុង វិបុល មាន​ប្រសាសន៍​បញ្ជាក់​ថា កន្លង​ទៅ​ការ​លក់​ដូរ​ដី​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​ឯកភាព​ពី​សមាជិក​សហគមន៍​ភាគ​ច្រើន​ដែល​បាន​យល់ព្រម​ផ្ទេរ​ដី​នេះ ទៅ​ឲ្យ​ឯកជន​រី​ឯ​ការ​លក់​ដី​នោះ​ទៀត​សោត​ភាគី​អ្នក​ទិញ និង​អ្នក​លក់​មិន​បាន​បំពេញ​ឯកសារ​ផ្លូវ​ច្បាប់​មក​អាជ្ញាធរ​នៅ​ឡើយ។

យ៉ាង​នេះ​ក្តី លោក​ថា ទាំង​អ្នក​ទិញ​ដី​ទាំង​សហគមន៍​ត្រូវ​បញ្ឈប់​ជម្លោះ​ដណ្ដើម​ដី​គ្នា និង​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​តាម​រយៈ​អាជ្ញាធរ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ៖ «ឥឡូវ​នេះ បើ​គេ​ហាមឃាត់​អី​បាន​យើង​ព្យាយាម​ធ្វើ​សិន ដើម្បី​ទុក​ជជែក​គ្នា​ក្នុង​ការ​សម្របសម្រួល​ណា​មួយ​ដែរ ភាគី​ទាំង​សង​ខាង​អាច​ទទួល​យក​បាន»

​មន្ត្រី​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​បដិសេធ​មិន​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​របស់​សហគមន៍ ៣​គ្រួសារ​ដែល​ប្ដឹង​ករណី​ទិញ​លក់​ដី​នេះ​ទេ ក៏ប៉ុន្តែ​បាន​សម្របសម្រួល​វិវាទ​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​តាម​ការ​ព្រមព្រៀង​របស់​គូភាគី ជាពិសេស​គឺ​បែងចែក​ដី​សម្រាប់​សហគមន៍​គ្រប់ៗ​គ្នា​ប្រើប្រាស់។ យ៉ាង​ណា​ក៏ដោយ ការ​សម្របសម្រួល​នេះ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ ដោយសារ​សមាជិក​សហគមន៍​បី​គ្រួសារ​រក្សា​ជំហរ​មិន​ឲ្យ​សហគមន៍​ដទៃ​ទៀត​លក់​ដី​ភូមិ​ចាស់​ដែល​ជា​សម្បត្តិ​សមូហភាព​របស់​សហគមន៍។

​អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់​ថា ដី​ភូមិ​ចាស់​របស់​សហគមន៍ គឺ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ហេតុ​នេះ​សមាជិក​សហគមន៍ និង​អាជ្ញាធរ​មិន​មាន​សិទ្ធិ​លក់ដូរ​ដី ឬ​ចេញ​លិខិតស្នាម​ទាក់ទិន​ការ​លក់​ដី​រដ្ឋ​នោះ​ទេ។ លើស​ពី​នេះ​ទៀត ការ​គំរាមកំហែង​ទៅ​លើ​សិទ្ធិ​អាស្រ័យ​ផល​របស់​សមាជិក​សហគមន៍​លើ​ដី​សមូហភាព គឺ​ជា​ទង្វើ​បំពាន​ច្បាប់៖ «អ្វី​ដែល​យើង​បាន​រក​ឃើញ យើង​គ្រាន់​តែ​រដ្ឋ​អំណាច​មូលដ្ឋាន​ក៏​ដូចជា​ថ្នាក់​ក្រុង ថ្នាក់​ខេត្ត​ហ្នឹង គួរ​តែ​កាត់​ឆ្វៀល​ដី​របស់​ពលរដ្ឋ ៣​គ្រួសារ​ដែល​គាត់​ពុំ​ព្រម​លក់​ទៅ​ឲ្យ​ពួក​គាត់​វិញ ព្រោះ​អី​ដី​ទាំង​អស់​ហ្នឹង​មាន​ដំណាំ​ជាក់ស្ដែង»

​អាជ្ញាធរ​សង្កាត់​រមនា កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ បាន​រៀបចំ​ឯកសារ​ផ្ទេរ​កម្មសិទ្ធិ​លក់​ដី​ភូមិ​ចាស់​របស់​ជនជាតិ​ដើម​ភាគតិច ភូមិ​ពូតាំង ដោយ​សំអាង​ថា សមាជិក​សហគមន៍ ៩​គ្រួសារ ក្នុង​ចំណោម ១២​គ្រួសារ​បាន​ផ្ដិត​មេដៃ​យល់ព្រម​លក់​ដី​ទំហំ​ជិត ៣០​ហិកតារ ឋិត​នៅ​តំបន់​ជើង​ភ្នំ​រូឡាណោងយ៉ាល់ គ្រា​ដែល​សមាជិក​សហគមន៍ ៣​គ្រួសារ បាន​ដាំ​ដំណាំ​យុទ្ធសាស្ត្រ និង​ធ្វើស្រែ​លើ​ដី​នោះ​អស់​ជាង ១៨​ហិកតារ​រួច​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល