ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​មួយ​ថា ឈូស​ឆាយ​ព្រៃ​អារក្ស ៥០​ហិកតារ​ថ្មី​ទៀត

ដោយ ទីន ហ្សាការីយ៉ា
2020-06-01
Share
ជម្លោះ​ដីធ្លី មេហ្គា​ហ្វើស មណ្ឌលគិរី ២០១៧ ១៤៤០ កន្លែង​ក្រុមហ៊ុន មេហ្គា ហ្វើស (Mega First) ឈូស​ឆាយ​ដី​ត្រៀម​បម្រុង​របស់​សហគមន៍​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។ រូបថត​សហគមន៍
រូបថត​សហគមន៍

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ចោទ​ក្រុមហ៊ុន​មេហ្គាហ្វើស ខបភើរ៉េសិន ប៊េហាដ (Mega First Corporation Berhad) ថា បន្ត​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន ៥០​ហិកតារ​ទៀត ធ្វើ​ឱ្យ​ប៉ះពាល់​ព្រៃ​កប់​សព ព្រៃ​អារក្ស ព្រៃ​ជំនឿ និង​បំផ្លាញ​ប្រភព​ទឹកអូរ​ធម្មជាតិ​ដែល​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​អាស្រ័យ​ផល​។ សហគមន៍​ចោទ​ថា កន្លង​ទៅ​ក្រុមហ៊ុន​នេះ អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​វិនិយោគ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេ ហើយ​នៅ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​បន្ត​ទៀត។

តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង (​ពូនង) មកពី​ឃុំ​ចំនួន ២ គឺ​ឃុំ​ប៊ូស្រា ក្នុងស្រុក​ពេជ្រាដា និង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ចាត់​ទុក​ការ​ឈូស​ឆាយ​នេះ កំពុង​ប្រមាថ​អត្តសញ្ញាណ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ធ្ងន់ធ្ងរ។

តំណាង​សហគមន៍ លោក ក្លាថ ថូល ឱ្យ​ដឹង​នៅ​ថ្ងៃទី៣១ ឧសភា ថា ក្រុមហ៊ុន​មេហ្គាហ្វើស បាន​ប្រើ​គ្រឿងចក្រ ៣​គ្រឿង ឈូស​ឆាយ​ព្រៃ​អាស្រ័យ​ផល និង​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច នៅ​ចំណុច​ភូមិ​ចាស់ និង​ចំណុច​ឡុងមាំង អស់​ប្រមាណ ៥០​ហិកតារ​ទៀត​នៅ​រយៈពេល ២​សប្ដាហ៍​ចុងក្រោយ​នេះ​។ លោក​ចាត់​ទុក​ការ​ឈូស​ឆាយ​នេះ ថា ជា​ការ​បំផ្លាញ​ព្រៃ​កប់​សព រុក្ខជាតិ​កម្រ និង​ព្រៃ​ជំនឿ​សល់​ចុងក្រោយ​៖ «ផ្នូរ​ចាស់ៗ​ពីមុន​ហ្នឹង ហើយ​ឥឡូវ​ហ្នឹង​ក្រុមហ៊ុន មិន​អនុវត្ត​តាម គោលការណ៍​របស់​រដ្ឋាភិបាល ហើយ​ចេញ​តែ​ឈូស​ឆាយ​អី អត់​មាន ឃើញ​ព្រៃ​តំណម ក៏​អត់​ឆ្វៀល ឃើញ​ព្រៃ​ខ្មោច​ក៏​អត់​ឆ្វៀល អ៊ីចឹង​គាត់​រំលោភ​សិទ្ធិ ពលរដ្ឋ​ខាង​ជនជាតិ​ដើម​ភាគ​តិចព្នង​ពួក​ខ្ញុំ។ គេ​រំលោភ​អស់​អា​លីង ថ្មីៗ ៥០​ហិកតារ»

តំណាង​សហគមន៍​រូប​នេះ បន្ថែម​ថា កាល​ពី​ឆ្នាំ ២០១៩ អ្នកភូមិ ៥០​នាក់ តំណាង​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ជាង ៥០០​គ្រួសារ បាន​ផ្តិត​មេដៃ សុំ​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​ខេត្ត ដើម្បី​ទាមទារ​ដី​ទំហំ ៣​ពាន់​ហិកតារ ពី​ក្រុមហ៊ុន​មេហ្គាហ្វើស។ ខ្លឹមសារ​លិខិត​នោះ ចោទ​ក្រុមហ៊ុន អនុវត្ត​ខុស​ពី​គោលការណ៍​វិនិយោគ ដោយ​ឈូស​ឆាយ​បំពាន​តំបន់​ព្រៃ​សក្ការៈ ជម្រក​សត្វ​កម្រ​រស់នៅ ប៉ះពាល់​ទឹកអូរ​ផ្លា​យ និង​អូរ​ពុល ដែល​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​ដែល​អ្នកភូមិ ចំនួន ៣​ស្រុក អាស្រ័យ​ផល។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង លោក គ្រើង តុលា ថ្លែង​ថា ដី​ព្រៃ​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ ពួកគេ​ធ្លាប់​ស្នើ​ទៅ​ក្រសួង​បរិស្ថាន ដាក់​បញ្ចូល​ជា​ព្រៃ​អភិរក្ស​សមូហភាព​មាន​ទំហំ ៦​ពាន់​ហិកតារ ព្រោះ​នៅ​ទីនោះ ជា​ព្រៃ​ផ្ដល់​សក្ដានុពល​ដូចជា ទឹកអូរ​ធម្មជាតិ និង​រុក្ខជាតិ​កម្រ ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​។ លោក​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​ផ្អាក​ការ​ឈូស​ឆាយ​ហើយ ក៏ប៉ុន្តែ​ក្រុម​ជនជាតិ​ដើម​ភាគតិច កំពុង​ពិភាក្សា​រឿង​នេះ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ដី​ព្រៃ​អភិរក្ស​នៅ​តំបន់​នោះ​៖ «គាត់​បំផ្លាញ​តាំងពី​ព្រៃកប់​សព ព្រៃ​តំណម រុក្ខជាតិ​កម្រ ជម្រក​សត្វ​គាត់​កំពុង​រំលោភ​លើ​វប្បធម៌ របស់​ពួក​ខ្ញុំ​ខ្លាំង​មែនទែន​។ គាត់​កំពុង​ប្រមាថ វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច តែម្ដង បាទ»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេហ្គាហ្វើស (Mega First Corporation Berhad) របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​អូរ​រាំង តាំង​ពី​ឆ្នាំ​២០១២។ តំណាង​ក្រុមហ៊ុន​ធ្លាប់​អះអាង​ថា ខ្លួន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ទំហំ ៣​ពាន់​ហិកតារ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នៅសល់​ដី​ជាង ៦​ពាន់​ហិកតារ​ប៉ុណ្ណោះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង តំណាង​ក្រុមហ៊ុន​មេហ្គាហ្វើស ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ ប៉ុន្តែ​អ្នកទទួល​ទូរស័ព្ទ​ឆ្លើយ​ថា ច្រឡំ​លេខ។

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ ពុំ​មែន​ជា ព្រៃ​កប់​សព និង​ព្រៃ​ជំនឿ​របស់​សហគមន៍​នោះ​ទេ ហើយ​កន្លង​ទៅ អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​បាន​វាស់វែង សិក្សា​ពី​ផល​ប៉ះពាល់​រួចរាល់​ហើយ និង​គ្រោង​បោះ​បង្គោល​កំណត់​ព្រំ​ឆាប់ៗ​នេះ​។ លោក​ថា ដី​ព្រៃ​នៅ​តំបន់​នោះ កន្លង​ទៅ តំណាង​ក្រុមហ៊ុន សហគមន៍ និង​អាជ្ញាធរ​បាន​ឯកភាព​ឱ្យ​ក្រុមហ៊ុន វិនិយោគ​រួចរាល់​ហើយ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ការ​ឈូស​ឆាយ​នេះ​ទេ អាច​ប្តឹង​មក​រដ្ឋបាល​ស្រុក និង​ខេត្ត​បាន​៖ «រឿង​ឈូស​ឆាយ​ដី​ព្រៃ អារក្ស​អ្នកតា គ្មាន​ទេ ដី​ហ្នឹង​គេ​កាត់​ចេញ​ហើយ និង​បាន​ឯកភាព​គ្នា នៅតែ​ថ្ងៃ​យើង​ទៅ​បោះ​បង្គោល​ឆ្វៀល​ទេ​។ ទាល់តែ​ទៅ​មើល​ទាំងអស់​គ្នា​បាន​ច្បាស់ បើ​គាត់​ថា តែ​ម្នាក់​គាត់​អ៊ីចឹង អត់​កើត​ទេ ត្រង់ណា​ថា ត្រង់ណា​ក៏​ដី​តម ដី​ព្រៃ​គាត់​អ៊ីចឹង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ចាត់​ទុក​ការ​ឈូស​ឆាយ​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​អត្តសញ្ញាណ ប្រពៃណី និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ធ្ងន់ធ្ងរ ព្រោះ​នៅ​តំបន់​នោះ ជា​ព្រៃ​ជំនឿ និង​ព្រៃ​អាស្រ័យ​ផល​របស់​ពួកគេ។ លោក​ថា កន្លង​ទៅ មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ពលរដ្ឋ​ប្ដឹង​ក្រុមហ៊ុន​ថា រំលោភ​កិច្ចសន្យា​វិនិយោគ ហើយ​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ចប់​ផង ស្រាប់តែ​ក្រុមហ៊ុន​បែរជា​ឈូស​ឆាយ​បន្ត​ទៀត ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បារ៖ «អ្នក​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​ពិចារណា ឬក៏​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​រឿង​ហ្នឹង ចៀស​វៀង​អូស​បន្លាយ​ពេល​ទុក​យូរ ធ្វើ​ពលរដ្ឋ​ម្ចាស់​អំណាច គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ​ទាំងអស់​ហ្នឹង»

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បន្ថែម​ថា ដី​ព្រៃ​ដែល​ក្រុមហ៊ុន​កំពុង​ឈូស​ឆាយ​នោះ ធ្លាប់​ជា​ព្រៃស្រោង ជម្រក​សត្វព្រៃ​រស់នៅ រុក្ខជាតិ​កម្រ ភូមិ​ចាស់ នៃ​កុលសម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច និង​ជា​ប្រភព​ចំណូល​របស់​សហគមន៍​។ លោក​ថា ពលរដ្ឋ​ចំនួន​ពីរ​ឃុំ បង្ហាញ​ឆន្ទៈ​មុតមាំ​ថា នឹង​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​នោះ ឱ្យ​គង់វង្ស ភ្ជាប់​ជាមួយ​ប្រពៃណី និង​ជីវភាព​រស់នៅ​របស់​សហគមន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។