សង្គម​ស៊ីវិល​ខេត្ត​បន្ទាយ​មាន​ជ័យ ស្នើ​សុំ​​ឲ្យ​ស៊ើប​អង្កេត​ព្រះរាជ​អាជ្ញា​រង​ម្នាក់ ដែល​បញ្ជា​ឲ្យ​បង្ខាំង​​​តំណាង​ពលរដ្ឋ​​ជម្លោះ​ដីធ្លី​ម្នាក់​​ដោយ​ខុស​ច្បាប់

ដោយ ស្ងួន អមរា
2019-07-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តុលាការ​ខេត្ត​បន្ទាយមានជ័យ
តុលាការ​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​មនុស្ស នៅ​ខេត្ត​បន្ទាយ​មានជ័យ ស្នើ​សុំ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​តំណាង​​អយ្យការ​​ម្នាក់ ដែល​​សង្ស័យ​​ថា បាន​បញ្ជា​សមត្ថកិច្ច​ឲ្យ​ចាប់​ និង​ឃុំ​ខ្លួន តំណាង​ពលរដ្ឋ​​​មាន​ជម្លោះ​ដីធ្លី​ នៅ​ស្រុក​អូរជ្រៅ ដាក់​ពន្ធនាគារ។​ តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ដែល​រង​ការ​ឃុំ​ខ្លួន ​ចាត់​ទុក​ទង្វើ​ របស់​ព្រះ​រាជ​អាជ្ញា​រង ដែល​បញ្ជា​ឲ្យ​ឆ្មាំ​ពន្ធនាគារ​ខេត្ត ឃុំ​ខ្លួន​លោក​ទាំង​គ្មាន​កំហុស​ជា​រឿង​ខ្លោចផ្សា​សតិ​អារម្មណ៍​ សម្រាប់​គ្រួសារ និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ទាំង ៣៥គ្រួសារ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​បន្ទាយ​មានជ័យ ហៅ​ការ​ចាប់ និង​ឃុំ​ខ្លួន តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី លោក សៀន វី ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ និង​មាន​បំណង​ចង់ ​បំភិត​បំភ័យ ​គំរាម​កំហែង​ សហគមន៍​ជម្លោះ​ដីធ្លី កុំ​ឲ្យ​ហ៊ាន​ចេញ​តវ៉ា។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ិន គង់ជិត យល់​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ ត្រូវ​ចាត់​វិធាន​ការ​ស៊ើប​អង្កេត​ ព្រះ​រាជ​អាជ្ញា​រង លោក តេង សាម៉ៃ លើ​ករណី​នេះ ព្រោះ​ជា​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ លោក​ ថា ប្រសិន​មាន​ស៊ើប​អង្កេត នោះ​ទើប​ជា​ដំណោះស្រាយ​ និង​ជា​វិធានការ​សម្រាប់​មន្ត្រី​តុលាការ​ផ្សេង​ទៀត កុំ​ឲ្យ​ប្រើ​អំណាច​រំលោភ​​ច្បាប់ ឃុំ​មនុស្ស​តាម​តែ​អំពើ​ចិត្ត៖ «ករណី​នេះ យើង​ឃើញ​វា​អាច​មាន​ភាព​មិន​ប្រក្រតី​ អ៊ីចឹង​ថ្នាក់​លើ​នៅ​ខាង​អធិការ​កិច្ច​នៃ​ក្រសួង​យុត្តិធម៌ គួរ​តែ​ធ្វើការ​ស៊ើប​អង្កេត​ករណី​ហ្នឹង​ណា ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​មាន​ករណី​ហ្នឹង​ទៀត​នៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ផ្សេងៗ»

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ លោក​ព្រះរាជ​អាជ្ញា​រង តេង សាម៉ៃ បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន លោក សៀន វី ដាក់​ពន្ធនាគារ​ ឃុំ​២​យប់ នៅ​យប់​ថ្ងៃ​ទី២៧ និង ២៨ មិថុនា ទាំង​ដឹង​ថា លោក សៀន វី មាន​ដីកា​ព្យួរ​ទោស​របស់​សាលា​ឧទ្ធរណ៍ ចេញ​កាល​ពី​ខែ​មេសា។ មុន​ការ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ខេត្ត លោក សៀន វី ត្រូវ​បាន​ប៉ូលិស​ស្រុក​អូរជ្រៅ ឃុំ​ខ្លួន​លោក មួយ​យប់​នៅ​ក្នុង​អធិការដ្ឋាន​ស្រុក​អូរ​ជ្រៅ គឺ​មុន​ពេល​បញ្ជូន លោក សៀន វី ទៅ​ស្នងការ​ខេត្ត។

លោក សៀន វី ត្រូវ​លោក តេង សាម៉ៃ ប្រើ​ឋានៈ​ជា​ព្រះរាជ​អាជ្ញា​ស្ដីទី​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ដោះលែង​វិញ នៅ​ថ្ងៃ​ទី២៩ មិថុនា ដោយ​ចេញ​ដីកា​ថ្មី​មួយ​ទៀត គឺ​ដីកា​ដោះ​លែង​ទណ្ឌិត ហើយ​សម្រេច​ព្យួរ​ទោស​ធម្មតា និង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក សៀន វី គឺ​ជា​តំណាង​ពលរដ្ឋ​ចំនួន ៣៥គ្រួសារ មាន​ជម្លោះ​ដីធ្លី​ ជាមួយ​អ្នក​មាន​ទ្រព្យ​ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ម្នាក់ ឈ្មោះ ស៊ុន ឈីវ។ ដី​មាន​ទំនាស់​ទំហំ​សរុប ១១៣​ហិកតារ ឈ្លោះ​ទាស់​ទែង​គ្នា​ តាំង​ពី​ឆ្នាំ២០១១ គឺ​តាំង​ពី​មិន​ទាន់​កកើត​ជា​ដី​ភូមិ។ បច្ចុប្បន្ន​ ដី​ជម្លោះ ត្រូវ​បាន​អាជ្ញាធរ​បង្កើត​ជា​ភូមិ​ដាក់​ឈ្មោះ​ថា ភូមិ​អូរ​ស្វា​រអិល ស្ថិត​នៅ​ឃុំ​និម្មិត​ ស្រុក​អូរជ្រៅ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​រូប​នេះ រៀប​រាប់​ថា កាល​ឆ្នាំ២០១៦ ចៅក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឈ្មោះ ជួន វណ្ណៈ បាន​សម្រេច​ឲ្យ​លោក និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត ​ចាញ់​ក្ដី​ភាគី​ជម្លោះ​ដីធ្លី​ជា​អ្នក​មាន​ទ្រព្យ។ ពេល​នោះ ចៅក្រម​ ជួន វណ្ណៈ បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក ២ខែ និង​ពិន័យ​ប្រាក់ ១០ម៉ឺន​រៀល។ ក្រោយ​មក ព្រះ​រាជ​អាជ្ញា​រង លោក តេង សាម៉ៃ នៅ​ខែ​វិច្ឆិកា ចុង​ឆ្នាំ២០១៨ បាន​ចោទ​ប្រកាន់​លោក​ម្ដង​ទៀត និង​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក ពី​បទ​មិន​គោរព​តាម​សាលក្រម ចេញ​ដោយ​ចៅក្រម​ ជួន វណ្ណៈ ដោយ​នៅ​តែ​បន្ត​ដឹកនាំ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ចូល​ទៅ​កាន់កាប់ និង​ដាំ​ដំណាំ​លើ​ដី​មាន​ជម្លោះ។ ប៉ុន្តែ​ លោក​បាន​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ហើយ​នៅ​ពាក់​កណ្ដាល​ខែ​មេសា សាលា​ឧទ្ធរណ៍​បាន​សម្រេច​ព្យួរ​ទោស​លោក។

លោក​ សៀន វី សង្ស័យ​ថា ព្រះ​រាជអាជ្ញា​រង​ លោក តេង សាម៉ៃ ទទួល​សំណូក​ទើប​មាន​ការ​ចាប់​ខ្លួន លោក យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​បំពាន​ច្បាប់ បើ​ទោះ​ជា​បាន​ដឹង​ថា មាន​ដីកា​ព្យួរ​ទោស​របស់​សាលា​ឧទ្ធរណ៍​ហើយ​ក៏​ដោយ។ លោក​ថា សមត្ថកិច្ច​​ស្រុក​អូរជ្រៅ ៤នាក់ បាន​ចូល​ចាប់​ខ្លួន​លោក ដល់​ក្នុង​ផ្ទះ នៅ​ព្រលប់​ថ្ងៃ​ទី២៦ មិថុនា។ នៅ​ដំណាក់​កាល​សមត្ថកិច្ច​ស្រុក និង​ខេត្ត ប្រពន្ធ​លោក បាន​បង្ហាញ​សាលដីកា​ព្យួរ​ទោស​របស់​សាលា​ឧទ្ធរណ៍ តែ​សមត្ថកិច្ច​នៅ​តែ​បន្ត​យក​លោក ទៅ​តុលាការ។ ក្រោយ​មក​ទៀត អនុរក្ស​ពន្ធនាគារ បាន​ប្រកែក​ជាមួយ​សមត្ថកិច្ច ដែល​នាំ​ខ្លួន​លោក ទៅ​ពន្ធនាគារ​ថា មិន​ហ៊ាន​ឃុំ​ខ្លួន​លោក​ទេ ព្រោះ​មិន​ត្រូវ​​ច្បាប់។ តែ​ក្រោយ​ទទួល​ទូរស័ព្ទ​របស់​លោក​ព្រះរាជ​អាជ្ញា​រង តេង សាម៉ៃ រួច​ ទើប​ឆ្មាំ​ពន្ធនាគារ ចាប់​បញ្ជូន​លោក​ទៅ​ឃុំ​​ក្នុង​បន្ទប់​មួយ ជាមួយ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម៖ «ខាង​ពន្ធនាគារ គាត់​ថា មិន​ចង់​ហ៊ាន​ទទួល​ដែរ។ តែ​ដល់​ពេល​ខាង​លោក តេង សាម៉ៃ ព្រះ​រាជ​អាជ្ញា​ស្ដីទី​ហ្នឹង​គាត់​តេ (Call) ទៅ​ ស្រាប់​តែ​យក​ខ្ញុំ​ទៅ​ដាក់។ មុន​ដំបូង​គាត់​ប្រកែក​ថា អត់​ហ៊ាន​ទទួល​អ៊ីចឹង​ណា ព្រោះ​ទទួល​មនុស្ស​អត់​មាន​ដីកា​ឃុំ​ខ្លួន អ៊ីចឹង វា​ខុស​ច្បាប់។ គាត់​និយាយ​អ៊ីចឹង​ណា​ លោក​គ្រូ។ គាត់​និយាយ​នៅ​មុខ​ខ្ញុំ។ មុន​ដំបូង​អត់​ទទួល​ទេ ដល់​ពេល​ តេង សាម៉ៃ គេ​តេ​មក មិន​ដឹង​ថា​ ត្រូវ​ស្នេហ៍​គេ​យ៉ាង​ម្ដេច​ គេ​បញ្ជូន​ខ្ញុំ​ចូល​គុក គ្មាន​ឃុំ​ខ្លួន​ឯណា ដាក់​ក្នុង​គុក​ជាមួយ​អា​ក្មេង​ស្ទាវ។ អ៊ីចឹង​មាន​តែ​សំណូម​ពរ​ទៅ​ដល់​មន្ត្រី​ថ្នាក់​លើ ដូចជា សម្ដេច​នាយក សូម​ពិនិត្យ​មើល​កូន​ចៅ​នៅ​ខាង​ក្រោម​ផង កុំ​ឲ្យ​គាត់​ចេះ​តែ​ធ្វើ​ នឹក​ឃើញ​ធ្វើ​អ៊ីចឹង ងាប់​អស់​ហើយ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់។ សំណូម​ពរ​ទៅ​ដល់​លើៗ ឲ្យ​គាត់​បាន​ពិនិត្យ​កូនចៅ​នៅ​ក្រោម​ផង ព្រោះ​នៅ​ក្រោម​នេះ ចេះ​តែ​ទៅ​ហើយ ចេះ​តែ​ចាប់​មនុស្ស​ដាក់​គុក​ អ៊ីចឹង មិន​កើត​ទេ»

លោក សៀន វី ថា​នេះ​ជា​លើក​ទី១ ហើយ តាំង​ពី​ចេញ​តវ៉ា​ដីធ្លី​មក ដែល​លោក​រង​ការ​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ ព្រោះ​កន្លង​មក​ លោក​ធ្លាប់​រង​ការ​ចាប់​ខ្លួន​រឿង​ជម្លោះ​ដីធ្លី​ដែរ តែ​ឃុំ​ខ្លួន​ត្រឹម​ប៉ុស្តិ៍​ប៉ូលិស។ លោក​ថា ការ​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធនាគារ ជា​ការ​ប្រមាថ និង​ធ្វើ​ឲ្យ​បាត់​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រួសារ​លោក​​ទាំង​មូល។ លោក សៀន វី សុំ​អង្វរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ថ្នាក់​លើ ពិនិត្យ​មើល​ករណី​នេះ និង​ចាត់​វិធានការ​ធានា​កុំ​ឲ្យ​មាន​រឿង​អយុត្តិធម៌​បែប​នេះ​កើត​ឡើង​ទៀត៖ «អា​ផ្លូវ​ចិត្ត​ហ្នឹង វា​ដូច​ធ្វើ​បាប​អ៊ីចឹង។ ធ្វើ​ខុស​ទំនង​ពេក​ បើ​ត្រឹម​តែ​ឃុំ​ខ្លួន​នៅ​កន្លែង​ក្រៅ​មិន​អ្វី​ទេ ព្រោះ​ខ្ញុំ​ត្រូវ​គេ​ចាប់​ឆ្នាំ២០១៧ មួយ​សារ​ហើយ តែ​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ធម្មតា​សិន គេ​មិន​យក​ទៅ​ដាក់​គុក។ នេះ​ចាប់​ភ្លាម​យក​ទៅ​ដាក់​គុក​ជាមួយ​ក្មេង​ស្ទាវ​​អ៊ីចឹង​ណា។ យើង​អ្នក​ជាប់​គុក​ហ្នឹង ការ​រើស​អើង​វា​មាន​ហើយ ព្រោះ​មនុស្ស​ជាប់​គុក លោកគ្រូ​ដឹង​ហើយ មនុស្ស​ជាប់​គុក​អ៊ីចឹង​ណា តាំង​ពី​អើយ​មក តែ​មាន​ឈ្មោះ​ថា ជាប់​គុក​ហើយ គេ​ថា មនុស្ស​អត់​ល្អ​ហើយ។ ប៉ះពាល់​ដល់​កិត្តិយស​ក្រុម​គ្រួសារ​ ។ ពិត​ហើយ​ រឿង​ហ្នឹង ព្រោះ​ប្រពៃណី​ខ្មែរ​យើង​ គាត់​ថា មនុស្ស​ធ្លាប់​មាន​ទោស។​តាម​ពិត​យើង​មិន​មាន​ទោស​អ្វី​ផង ដល់​ពេល​យក​ទៅ​ដាក់​គុក​អ៊ីចឹង ខូច​កិត្តិយស​ ខូច​អ្វី»

លោក សៀន វី អាយុ ៤៩ឆ្នាំ រស់​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរជ្រៅ ស្រុក​អូរជ្រៅ គឺ​ជា​អ្នក​បង់​សំណាញ់ ​រក​ត្រី ចិញ្ចឹម​ជីវិត។ នៅ​ពេល​សមត្ថកិច្ច ចាប់​ខ្លួន​លោក នៅ​ពេល​ព្រលប់​ថ្ងៃ​ទី២៦ មិថុនា គឺ​នៅ​ពេល​លោក​ទើប​មក​ពី​បង់​សំណាញ់​រក​ត្រី​វិញ។ លោក​ថា ការ​ឃុំ​ខ្លួន​លោក​ទាំង​បំពាន​នៅ​អធិការ​ស្រុក និង​នៅ​ក្នុង​ពន្ធនាការ​ប៉ុន្មាន​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ប្រពន្ធ និង​កូន​លោក ពិបាក​ក្នុង​ជីវភាព​ធ្ងន់ធ្ងរ។

អាស៊ី​សេរី បាន​ទូរស័ព្ទ​ សុំ​ការ​បំភ្លឺ​ពី​ព្រះ​រាជអាជ្ញា​រង លោក តេង សាម៉ៃ ច្រើន​​​​ថ្ងៃ​ហើយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី២៧ មិថុនា​មក ប៉ុន្តែ​លោក​ចុច​បិទ​ពេល​ទូរស័ព្ទ​ចូល។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​អាស៊ី​សេរី ថា បើ​ពលរដ្ឋ ឬ​ភាគី​ពាក់ព័ន្ធ​ មាន​ភស្តុតាង​ត្រឹមត្រូវ​ អាច​ប្ដឹង​ករណី​នេះ ទៅ​ក្រសួង​យុត្តិធម៌ និង​ឧត្ដម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ បាន៖ «នីតិវិធី​របស់​តុលាការ ប្រសិន​បើ​ភាគី​ពាក់ព័ន្ធ​​មាន​ភស្តុតាង​ច្បាស់​លាស់ មាន​មូលដ្ឋាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​របស់​ព្រះរាជ​អាជ្ញា​ ចៅក្រម​ណា​មួយ យើង​អាច​ប្ដឹង​មក​ក្រសួង​យុត្តិធម៌​ក៏​បាន​ ប្ដឹង​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម​ក៏បាន។ គេ​នឹង​ពិនិត្យ​មើល​បណ្ដឹង​របស់​យើង តើ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដែរ​ឬ​ទេ បើ​មាន​គេ​នឹង​ធ្វើ​អធិការ​កិច្ច»

អ្នក​សម្រប​សម្រួល​សមាគម អាដហុក ខេត្ត​បន្ទាយ​មានជ័យ លោក ស៊ុំ ចាន់គារ ហៅ​ការ​ឃុំ​ខ្លួន ​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ជា​បទល្មើស​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ សង្គម​ស៊ីវិល​រូប​នេះ អះអាង​ថា ព្រះរាជ​អាជ្ញា​រង លោក តេង សាម៉ៃ បាន​បញ្ជា​ឲ្យ​ចាប់​មនុស្ស​ និង​បង្ខាំ​មនុស្ស​ខុស​ច្បាប់ ហើយ​ការ​ចេញ​ដីកា​ដោះ​លែង​វិញ ក៏​ធ្វើ​ឡើង​ទាំង​មាន​កំហុស​ដែរ។ លោក ស៊ុំ ចាន់គារ គ្មាន​ជំនឿ​ថា ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បើក​ការ​ស៊ើប​អង្កេត ឬ​ចេញ​មុខ​អន្តរាគមន៍​ជូន​ផ្ដល់​ភាព​ស្អាតស្អំ ជូន ​ពលរដ្ឋ​រង​គ្រោះ លោក សៀន វី ទេ៖ «បើ​សិន​ជា​បាន​ជួយ​មែន​ជា​រឿង​ចម្លែក​មួយ​ហើយ អភូតហេតុ​ហើយ​នៅ​កម្ពុជា ប្រហែល​ជា​និទ្ទណ្ឌភាព ការ​ទទួល​បាន​យុត្តិធម៌ ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​នូវ​សន្លឹក​ដុះ​ឡើង​វិញ ឬ​មួយ​វា​លេច​ត្រួយ​បន្តិចៗ មក​វិញ​ហើយ ព្រោះ​ថា រាល់​ថ្ងៃ​ភាព​អយុត្តិធម៌​ច្រើន ហើយ​និង​អំពើ​និទ្ទណ្ឌភាព អ្នក​ដែល​មាន​លុយ មាន​អំណាច មាន​តួនាទី អាច​និយាយ​ចេញ​មក​ គឺ​ច្បាប់ៗ ទាំង​អស់។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​វិញ គាត់​ចេះ​ច្បាប់ និយាយ​ចេញ​​មក ក៏​គេ​ចាត់​ទុក​ថា សំរាម​ដែរ»

មាត្រា ១៣៣ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ ចែង​ក្នុង​ន័យ​ថា ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម​ មាន​សិទ្ធិ​ដាក់​វិន័យ​លើ​ចៅក្រម ឬ​ព្រះ​រាជ​អាជ្ញា ​ដែល​បាន​ប្រព្រឹត្ត​ខុស។

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី លោក សៀន វី ប្រាប់​ថា ទោះ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌ ប៉ុន្តែ​លោក នឹង​ព្យាយាម​សុំ​ពឹង​ពាក់​មេធាវី​របស់​អង្គការ​មនុស្ស​ធម៌ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ព្រះរាជ​អាជ្ញា​រង លោក តេង សាម៉ៃ ទាមទារ​ភាព​ស្អាត​ស្អំ​មក​វិញ។ លោក សៀន វី ថា ធ្លាប់​ពឹង​ពាក់​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត លោក ហ៊ុន សែន ដែរ តែ​គេ​បដិសេធ និង​ប្រាប់​ថា ទទួល​ជួយ​តែ​រងគ្រោះ​ក្រីក្រ​ជា​ស្ត្រី​កំពុង​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ។ លោក សៀន វី ប្រាប់​ថា មក​ដល់​ថ្ងៃ​ទី២ កក្កដា លោក​កំពុង​ពិចារណា​ រក​ការ​ពឹង​ពាក់​ពី​មេធាវី​របស់​អង្គការ ដើម្បី​ប្ដឹង​លោក​ព្រះ​រាជអាជ្ញា​រង តេង សាមៃ វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល