សហគមន៍​ខេត្ត​ព្រះវិហារ​ជាង ៣០០​គ្រួសារ​ស្នើ​រក​ដោះស្រាយ​ជម្លោះ​ដីធ្លី បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​ផ្អាក​ដំណើរការ

ដោយ អាស៊ីសេរី
2020-02-07
Share
ហេង ហ្វូ ៩២២ ក្រុមហ៊ុន ហេង ហ្វូ (Hengfu Group Sugar Industry) នៅខេត្តព្រះវិហារ។ រូបថត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។
Photo Provided

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ៣០០​គ្រួសារ (៣៦៧) រស់នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ រវាង​ជនជាតិ​ដើម​ភាគតិច និង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន រ៉ូយ ហ្វេង (Rui Feng) បន្ទាប់​ពី​ក្រុមហ៊ុន​ដ៏​ធំ​នេះ ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង។ សហគមន៍​ថា ជម្លោះ​ដីធ្លី​នេះ​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​អ្នកភូមិ​រាប់​រយ​គ្រួសារ រង​ទុក្ខ​វេទនា បាត់បង់​ដី​កសិកម្ម ព្រៃ​ជំនឿ ទឹក ​បឹង​ធម្មជាតិ និង​ដើមឈើ​ផលិត​ជ័រទឹក​ជាដើម។

ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ៣០០​គ្រួសារ (៣៦៧) រស់នៅ​ភូមិ​ប្រមេរ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត ដោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន រ៉ូយ ហ្វេង ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ទទួល​បាន​ដី​កសិកម្ម​ពី​ក្រុមហ៊ុន​មកវិញ បង្កបង្កើនផល​ចិញ្ចឹម​ជីវិត។ ការ​អំពាវនាវ​នេះ ធ្វើឡើង បន្ទាប់​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ឈ្មោះ រ៉ូយ ហ្វេង (Rui Feng) ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ៤​ផ្សេងទៀត ក្នុង​ខេត្ត​ព្រះវិហារ បាន​បិទ​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់ ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត លោកស្រី ស៊ីង សាំ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ កុម្ភៈ​ថា ក្រុមហ៊ុន​ស្ករអំពៅ​ចិន បាន​រំលោភ​យក​ដីស្រែ​របស់​គ្រួសារ​លោកស្រី​អស់ ៧​ហិកតារ តាំង​ពី​ឆ្នាំ ២០១២ មក​ទល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​នៅឡើយ​ទេ ហើយ​សហគមន៍​ភូមិ​ប្រមេរ បាន​ស្រែក​តវ៉ា និង​ផ្តិត​មេដៃ​ប្តឹង​ដាក់​ញត្តិ សុំ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​គ្រប់​ស្ថាប័ន តែ​គ្មាន​លទ្ធផល​។ លោកស្រី​បន្ថែម​ថា ក្រុមហ៊ុន​ចិន រ៉ូយ ហ្វេង បាន​ផ្អាក​ដំណើរការ​ប្រហែល ជាង ២​ខែ​មក​ហើយ មិន​ឃើញ​កម្មករ​ក្រុមហ៊ុន​ឈូស​ឆាយ ដាំ​អំពៅ និង​ស្រូវ​ទៀត​ទេ ហើយ​លោកស្រី ចង់​ឱ្យ​អាជ្ញាធរ​ប្រគល់​ដី ដែល​ក្រុមហ៊ុន​រំលោភ​យក ជូន​សហគមន៍​អាស្រ័យ​ផល​វិញ​៖ «គ្មាន​ដោះស្រាយ​ទេ តាំងពី​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ ២០២០​ហ្នឹង​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ​។ អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ទេ​។ ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល និង​អង្គការ​ពាក់ព័ន្ធ​នានា ជួយ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​កាត់​ដី​ពី​ក្រុមហ៊ុន​ឱ្យ​ពលរដ្ឋ​វិញ ឱ្យ​បាន​យើងខ្ញុំ​ធ្វើស្រែ ព្រោះ​សព្វថ្ងៃ​ពួក​ខ្ញុំ​គ្មាន​រំពឹង​អី​ទេ មានតែ​ដី​ធ្វើស្រែ មានតែ​ចម្ការ​ហ្នឹង បើ​អត់​ដី​ធ្វើស្រែ ចម្ការ​ហើយ គ្មាន​ចេះ​រក​អី​ទេ»

ទីប្រឹក្សា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ អ្នកស្រី ទេព ទឹម ធ្លាប់​បាន​លើកឡើង​ថា ជនជាតិ​ដើម​ភាគតិច​កួយ ក្នុង​ឃុំ​ប្រមេរ ជាង ៧០០​គ្រួសារ ស្មើ​និង​ជាង ២​ពាន់ ៤​រយ​នាក់ (២៤២៤) បាន​បាត់បង់​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ជា​សមូហភាព ការ​គ្រប់គ្រង​ដី និង​ធនធាន​ធម្មជាតិ ជាច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ ពី​សំណាក់​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​។ អ្នកស្រី​បន្ថែម​ថា ដី​ព្រៃ​ឈើ ដីភ្នំ ខឿន​ប្រាសាទ​បុរាណ ទឹក​បឹង និង​អូរ​ធម្មជាតិ​ជា​កន្លែង​ពួកគេ​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ បាន​ក្លាយ​ជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​។ ហេតុនេះ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ទាំងនោះ ដើម្បី​ចុះបញ្ជី​សមូហភាព​ជូន​សហគមន៍​ប្រើប្រាស់​៖ «រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះស្រាយ វិវាទ​ដីធ្លី​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ ផលិត​ស្ករស នាំចេញ​ទេ​។ ពលរដ្ឋ​ប្រឈម ជាមួយ​ក្រុមហ៊ុន​ចិន​ទូទាំង​ឃុំ​ទាំងអស់​គ្នា​តែម្ដង ប៉ះពាល់​ព្រៃ​ជំនឿ ឈូស​ឆាយ​ខឿន ប្រាសាទ លុប​ត្រពាំង​បឹងបួរ ធ្វើ​ឱ្យ​បាត់បង់​ភូមិ​បុរាណ និង​ធនធានធម្មជាតិ​ជាច្រើន​»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ នាយ​រដ្ឋបាល​សាលាខេត្ត លោក យ៉ុង គឹមហឿង និង​ប្រធាន​មន្ទីរ​កសិកម្ម លោក ពឹង ទ្រីដា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី៦ កុម្ភៈ។ ចំណែក​ភាគី​ក្រុមហ៊ុន​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

មេឃុំ​ប្រមេរ លោក ធាង ហេង ប្រាប់​អាស៊ីសេរី​ថា ក្រុមហ៊ុន​ស្ករអំពៅ​ចិន បាន​ផ្អាក​ដំណើរការ​មួយ​រយៈ​ហើយ មិន​ឃើញ​កម្មករ​ធ្វើការ​ក្នុង​ការដ្ឋាន​ទេ។ លោក​ថា ដើម​អំពៅ​ភាគច្រើន​ក្នុង​ផ្ទៃដី​របស់​ក្រុមហ៊ុន ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ស្ទើរ​ទាំងស្រុង ហើយ​អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​បញ្ហា​នេះ​ជូន​ថ្នាក់លើ​រួចហើយ​។ ចំណែក​ជម្លោះដីធ្លី​រវាង​សហគមន៍ និង​ក្រុមហ៊ុន ជា​ភារកិច្ច​ដោះស្រាយ​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​៖ «ខ្ញុំ​គ្រាន់តែ​រាយការណ៍​ទេ យើង​មិនមែន​ជា​អ្នកគ្រប់គ្រង​កន្លែង​គេ​។ វា​ដូច​ដាច់​គ្នា យើង​រាយការណ៍​ទៅលើ​ហើយ​ទៅលើ​ថា វា​ឆេះ​ចម្ការ មិនដឹង​ថា ក្រុមហ៊ុន​ដុត ឬមួយ​ពលរដ្ឋ​ដុត​អាជ្ញាធរ​មិន​ដឹង​ដែរ»

និមិត្ត​សញ្ញាក្រុមហ៊ុន ហេង ហ្វូ (Hengfu Group Sugar Industry) នៅខេត្តព្រះវិហារ។ រូបថត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។
និមិត្ត​សញ្ញាក្រុមហ៊ុន ហេង ហ្វូ (Hengfu Group Sugar Industry) នៅខេត្តព្រះវិហារ។ រូបថត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។
Photo Provided

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ (Hengfu Group Sugar Industry) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤២.០០០​ហិកតារ តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ​។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥​ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) ក្រុមហ៊ុន រួយ ហ្វេង (Rui Feng) ក្រុមហ៊ុន ហេង ណុង (Heng Non) ក្រុមហ៊ុន ហេង រួយ (Heng Rui) និង​ក្រុមហ៊ុន ហេង យូ (Heng Yue)

មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ថ្លែង​ថា ក្រុមហ៊ុន​ស្ករអំពៅ​ចិន រ៉ួយ ហ្វេង (Rui Feng) បាន​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន និង​មាន​ការដ្ឋាន​ខ្លះ លក់​សម្ភារៈ​អស់​មួយ​ចំនួន​ហើយ​។ រីឯ​កម្មករ ក៏​មិន​ឃើញ​មាន​វត្តមាន​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​ដែរ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​គួរ​ពិនិត្យឡើងវិញ ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន ដើម្បី​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ជូន​សហគមន៍ ដែល​ទាមទារ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​៖ «អាជ្ញាធរ ឬក៏​រដ្ឋាភិបាល លោក​គួរ​ពិនិត្យ​ឡើង​វិញ មើល​ពី​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​ហ្នឹង អាច​ដោះស្រាយ​បាន​ដោយ​វិធី​ណា ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ​សហគមន៍​ជាពិសេស​ជនជាតិ​ដើម​ភាគតិច​ដែល​គាត់​ទាមទារ​ជាច្រើន​ឆ្នាំ​ហើយ​មក​ហើយ​នោះ​។ អ៊ីចឹង​គួរតែ​ពិនិត្យមើល ដើម្បី​ផ្ដល់​ដី​ហ្នឹង​ឱ្យ​គាត់​វិញ»

មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​មាន​វត្តមាន​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ តាំងពី​ឆ្នាំ ២០១១​មក ជម្លោះ​ដី​ធ្លី បាន​ផ្ទុះឡើង រវាង​ក្រុមហ៊ុន និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់​គ្រួសារ រស់នៅ​ក្នុង​ស្រុក​ចំនួន​៣ គឺ​ស្រុក​ជ័យសែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ។ សហគមន៍​ថា ភូមិកំណើត​របស់​ពួកគេ​ភាគច្រើន ដែល​ធ្លាប់​គ្រប់​ដណ្ដប់​ដោយ​ព្រៃស្រោង​ផ្ដល់​ម្លប់​បៃតង​ស្រស់​ស្អាត បាន​ប្រែ​ក្លាយ​ជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ហ៊ុមព័ទ្ធ សូម្បីតែ​វាលស្មៅ​សម្រាប់​ឃ្វាលគោ​ក្របី ក៏​បាត់បង់​ស្ទើរ​ទាំងស្រុង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល