ជនរងគ្រោះ​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​មិន​ប្រក្រតី​ក្រោយ​អាជ្ញាធរ​ប្រើ​កម្លាំង​ឈូសឆាយ​យក​ដី​របស់​ខ្លួន

ដោយ ហេង រស្មី
2020-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ពុង ខៀវសែ ប្រធាន​សមាគម​​ធនាគារ​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) វិនិយោគ​កោះពេជ្រ ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
លោក ពុង ខៀវសែ ប្រធាន​សមាគម​​ធនាគារ​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) វិនិយោគ​កោះពេជ្រ ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ក្រម​ប្រតិបត្តិ​សេវា​ធនាគារ នៅ​ថ្ងៃ​ទី ១៦ កុម្ភៈ ២០១៥។
RFA/An Sithav

ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់​កំពុងស្ថិត​ក្នុង​បញ្ហា​ស្មារតី​មិន​នឹងន ក្រោយ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ប្រមាណ​ជិត ១​រយ​នាក់មក​បណ្តេញ​ចេញពី​ដី​របស់ខ្លួន​ដោយ​បង្ខំ ដើម្បី​យក​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ខៀវសែ។ មន្ត្រី​សិទ្ធិមនុស្ស​បានចាត់ទុក​ទង្វើ​របស់​សមត្ថកិច្ច​ថា ជា​សកម្មភាព​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ។

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ​ដោយ​បង្ខំ​លោកស្រី ហ៊ុល សាវឿន ប្រាប់​អាស៊ីសេរី​ថា សុខភាព​របស់លោកស្រី នៅមាន​សភាព​ទន់ខ្សោយ និង​មិន​ប្រក្រតី​ក្រោយ​ពី​អ្នកស្រី​បាន​ដួលសន្លប់​ដើម្បី​ព្យាយាម​កុំឱ្យ​អាជ្ញាធរ​មក​រុះរើ​កុងតឺន័រ ដែល​លោកស្រី​និង​ក្រុមគ្រួសារ​ស្នាក់​នៅ​ចាំ​ដី​របស់​ខ្លួន

លោកស្រី​និយាយថា អាជ្ញាធរ​ប្រមាណ​ជិត ១០០​នាក់​បាន​យក​គ្រឿងចក្រ និង​រថយន្ត​បាញ់​ទឹក​មក​បណ្ដេញ​លោកស្រី​ចេញ​ដោយ​មិន​បាន​ជួន​ដំណឹង​អ្វី​ទាំងអស់​។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើ​នេះ​ហាក់បីដូចជា​ហាក់​មនុស្សធម៌​ហួស​ហេតុដែល​លោកស្រី​មិន​អាចទទួល​យក​បាន៖ «ឈឺចាប់​ឃើញ​គេ​មក​ប្លន់​យក​ដី​យើង​ស្រស់​តែម្តង ហើយ​ឥឡូវ​ហ្នឹង​គេ​ដាក់​ការពារ​មិនឱ្យ​ចូល​ដី​របស់ខ្លួន​ទៀត។ យើង​ជា​ម្ចាស់​ដី​មិន​បាន ចូល​ទៅ​ដី​ខ្លួនឯង​ហើយ​គេ​ព័ទ្ធរបង​តាមចិត្ត​គេ។ គេ​ធ្វើ​ភ្លាមៗ​ហ៊ុំ​យក​ដី​យើង​តែម្តង»។

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា និង​សាលា​រាជធានី​ភ្នំពេញ កាល​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា បាន​យក​រថយន្ត​បាញ់​ទឹក និង​រថយន្ត​ស្ទូច យក​ទូកុងតឺន័រ ៣​គ្រឿង និង​ផ្ទះ​ឈើ​ចំនួន​ពី ២​ខ្នង​របស់​លោកស្រី ហ៊ុល សាវឿន​ចេញពី​ដី​របស់ខ្លួន​ដែល​លោកស្រី​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៩៤ ទៅ​ឱ្យ​ក្រុមហ៊ុន​អូស៊ីអាយស៊ី។

ក្រុមហ៊ុន​អូស៊ីអាយស៊ី របស់លោក​ឧកញ៉ា ពុង ខៀវ សែ មាន​គម្រោង​អភិវឌ្ឃន៍​ទៅ​ជា​ក្រុង​រណប ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ១​ពាន់ ៦​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​ទំហំ​ដី ៣៨៧​ហិកតារ។ គម្រោង​អភិវឌ្ឍន៍​នេះ​ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​ភ្នំពេញ ជាប់​ច្រាំង​ទន្លេសាប​ខាងកើត​ឆៀង​ខាងឆ្វេង ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន។

​ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាលក្រុង​ភ្នំពេញ​លោក ឃួង ស្រេង បានបញ្ជាក់​យ៉ាងខ្លី​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​នេះនោះ​ឡើយ ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​រាយការណ៍​ជូន​លោក«សួរ​ទៅ​ខណ្ឌ​ទៅ​។​ខ្ញុំ​មិន​ទាន់បាន​ទទួល​ព័ត៌មាន​នៅ​ឡើយ»។

បើទោះបីជា​សកម្មភាព​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ត្រូវបាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ព្យាយាម​គេច​ចេញ​ពី​ការ​មិន​ទទួលខុសត្រូវ​យ៉ាងណាក៏ដោយ។ ក៏​ក្រុម​អ្នកឃ្លាំមើល​រំលោភសិទ្ធិ​មនុស្ស​នៅតែ​ចាត់ទុកថា​សកម្មភាពរ​បស់​សមត្ថកិច្ច​ជា​ទង្វើ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ​រស់រានមានជីវិត។

មន្ត្រី​នៃ​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​ចុះ​ឃ្លាំមើល​ការរុះរើ​ពី​សំណាក់​អាជ្ញាធរ​នេះ​ប្រាប់​អាស៊ីសេរី​ថា ក្រុម​អាជ្ញាធរ​ធ្វើ​នេះ​គឺជា​ទង្វើ​រំលោភសិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​នៅ​តំបន់​ជ្រោយចង្វា​នៅ​មាន​ពលរដ្ឋ​ខ្លះ​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ

លោកស្រី ហ៊ុល សាវឿន ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ​ដោយ​បង្ខំ​បាន​បញ្ជាក់​ថា នៅ​មាន​ពលរដ្ឋ​ប្រមាណ ៦៥​គ្រួសារ​ទៀត ក្រុមហ៊ុន​មិនទាន់​ផ្តល់​សំណង​នៅឡើយ។ លោកស្រី​និយាយថា ក្រុមហ៊ុន​អូស៊ីអាយស៊ី សន្យា​ថា ផ្តល់ប្រាក់​សំណង ១០​ភាគរយ​នៃ​ទំហំ​ដី​ដែល​នៅ​សេសសល់​ចំនួន​ជាង ៥០​ហិកតា ដែល​ពួកគេ​មិន​អាចទទួល​យក​ដំណោះស្រាយ​នេះ​ទេ។

ក្រុមហ៊ុន​វិនិយោគទុន​ក្រៅប្រទេស​អូស៊ីអាយស៊ី ទទួល​សិទ្ធិ​វិនិយោគ​រយៈពេល ៩៩​ឆ្នាំ ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ទៅជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សម្បូរបែប ស្ថិត​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ។

គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ​លាតសន្ធឹង​ចាប់ពី​ចំណុច​ក្បាល​ទឹក​ត្រង់​ទន្លេបាសាក់ (ខាងកើត​ទីក្រុង​រណប​កោះ​ពេជ្រ​) ស្រប​តាម​មាត់ច្រាំង​ទន្លេ​មេគង្គ រហូត​ដល់​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល