ស្ត្រី​សកម្មជន​ដីធ្លី​ខេត្ត​កំពង់ធំ​ម្នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន និង​មួយ​ចំនួន​គេចខ្លួន

ដោយ យន់ សាមៀន
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ធំ។
ផែនទី​ខេត្ត​កំពង់ធំ។
Photo: RFA

ស្ត្រី​មាន​ជម្លោះដីធ្លី​ម្នាក់ រស់នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បាល្ល័ង្ក​ខេត្ត​កំពង់ធំ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាលពី​ថ្ងៃទី៣១ ខែ​ឧសភា។ ចំណែក​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​មួយ​ចំនួន​ទៀត បាន​ភៀស​គេចខ្លួន​ដោយសារ​ភ័យខ្លាច ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គំរាមកំហែង​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ។

ពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​ភូមិ​ចំនួន ៤​ភូមិ ជិត ប្រាំង​រយ​គ្រួសារ (៤៧០) ក្នុង​ឃុំ​ដូង ស្រុក​ប្រាសាទបាល្ល័ង្ក កំពុង​ដេក​ភ័យ ពី​សុវត្ថិភាព ដោយសារ​សមត្ថកិច្ច​ខេត្ត​នេះ នៅតែ​បន្ត​តាមដាន និង​ឃ្លាំមើល​ពួកគាត់​ដល់​លំនៅឋាន ក្នុង​គោលដៅ គំរាមកំហែង មិន​ឱ្យ​ងើប​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន ដែល​ត្រូវ​បាន​អាជ្ញាធរ​ដកហូត បំណង​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច។

អ្នកភូមិ​ថា កាលពី​ចុងខែ​ឧសភា ស្ត្រី​មាន​ជម្លោះដីធ្លី​ម្នាក់​ឈ្មោះ អ៊ាង សុម៉េង វ័យ ៣១ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដល់​ផ្ទះ នៅ​គ្រា​ដែល​កំពុង​បញ្ចុក​បាយ ឪពុក​ចាស់ជរា​ដែល​ដេក​ឈឺ​នៅផ្ទះ ហើយ​មក​ទល់​ពេល​នេះ​ស្ត្រី​នោះ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ។

តំណាង​ពលរដ្ឋ​ម្នាក់​ត្រូវជា​សាច់ញាតិ​ស្ត្រី​ដែល​អាជ្ញាធរ​ចាប់ខ្លួន​គឺ លោកស្រី ម៉ុក ហេង ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ជា​រឿង​អយុត្តិធម៌​មួយ​កម្រិត​ទៀត ស្រប​ពេល​ដែល​ពួកគាត់​បាន​ប្ដឹង​តវ៉ា ទាមទារ​ដីស្រែ​របស់​ខ្លួន​ជាច្រើន​ហិកតារ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ត្រឹមតែ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ទេ តែ​ផ្ទុយទៅវិញ ពលរដ្ឋ​ជា​ម្ចាស់​ដី បែរជា​ជាប់គុក។ លោកស្រី​ថា អ្នកភូមិ​មួយ​ចំនួន បាន​រត់​ភៀស​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​គំរាមកំហែង​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «គេ​ដើរ​តាម​ផ្ទះ​មាន​ការ​លាក់​ខ្លួន​អី គឺ​គេ​ឡើង ជំរិត​តែម្ដង ហើយ​ខ្ញុំ​គេច​ខ្លួន ខ្ញុំ​រត់​ចេញ​ពី​ស្រុក​ភូមិពួកគាត់​ធ្វើ​បែប​ហ្នឹង​បិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា បិទ​សិទ្ធិពលរដ្ឋ​មិន​ឱ្យ​អាស្រ័យផល សូម្បី​តែ​ចូល​ទៅ​រក​ឧស​ដុត និង​ឃ្វាលគោ ក៏​គាត់​មិន​ឱ្យ​ចូល​ដែរ»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់​ទៀត លោកស្រី អ៊ាង ហួង ត្រូវជា​បងស្រី​បង្កើត ស្ត្រី​ដែល​អាជ្ញាធរ​ចាប់ខ្លួន​អះអាង​ថា មក​ទល់​ពេល​នេះ​ប្អូនស្រី​របស់​លោក​ស្រី ត្រូវ​បាន​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទ​ពី​បទ បង្ក​របួស​ស្នាម​ដោយ​ចេតនា លើ​តៃកុង​ត្រាក់ទ័រ ៣​នាក់ ដែល​បាន​ប្រើ​គ្រឿងចក្រ​បំផ្លាញ​ដីធ្លី​ពលរដ្ឋ។ លោកស្រី​ថា សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ បាន​ឃាត់ខ្លួន ប្អូនស្រី​របស់​លោក​ស្រី គឺ​គ្មាន​ដីកា​ពី​តុលាការ​នោះ​ទេ៖ «អយុត្តិធម៌​ដោយសារ ទាក់ទង​រឿង​ហ្នឹង បងស្រី​របស់​ខ្ញុំ​គាត់​អត់​បាន​ចូលរួម គាត់​នៅ​ផ្ទះ ហើយ​គេ​ចោទ​ប្រកាន់​លើ​គាត់​អីចឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កំពង់ធំ លោក សេង ប៊ុនណា ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី១ មិថុនា​។ ចំណែក​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មិន​លើក​ទូរស័ព្ទ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ខេត្ត​កំពង់ធំ លោក សុក រដ្ឋា ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ជា​ទង្វើ​ខុសច្បាប់ និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ​។ លោក​ថា ពលរដ្ឋ​គ្រាន់តែ​ប្រើ​សិទ្ធិ​តវ៉ា ទាមទារ​ទ្រព្យ​របស់​ខ្លួន​បែរជា​អាជ្ញាធរ​ចាប់ខ្លួន លោក​ចាត់ទុកថា ពុំ​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​តាម​បន្ទាត់​ច្បាប់​ទេ៖ «ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ឃ្លាំ​មើល តាម​ដាន រារាំង ក្នុង​ការ​ចេញ​តវ៉ា ក្នុង​ការ​តស៊ូ​មតិ រហូត​ដល់​ចាប់​ខ្លួន​ពលរដ្ឋ​មក​ឃុំខ្លួន ពន្ធនាគារ ជា​អំពើ​មួយ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ឃោរឃៅ ជាក់ស្ដែង​មែនទែន​ទៅ សកម្មភាព​ទាំងអស់​នេះ អាជ្ញាធរ​មិន​គួរ​ធ្វើ​ទេ »

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​នេះ ជា​រូបភាព​គំរាមកំហែង ពលរដ្ឋ​ផ្សេងទៀត មិន​ឱ្យ​ងើប​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន ដែល​ត្រូវ​បាន​អាជ្ញាធរ​ឈូស​ឆាយ​យក បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​បែង​ចែក​ជូន​ពលរដ្ឋ​ផ្សេងទៀត។ លោក​បារម្ភ​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត៖ «ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ​ហ្នឹង វា​អត់​ចំណេញ​ទេ កាលណា​ចាប់​ពួកគាត់​ចេញ​ពី​ពន្ធនាគារ ដើម្បី​ជា​រូបភាព​មួយ​បង្ហាញ​ថា ជា​ការ​គំរាម​ដល់​អ្នក​តំណាង​ផ្សេង​ទៀត។ អ្នក​ដែល​បាន​ចាប់​មក គាត់​មាន​ឪពុកម្ដាយ ចាស់​ជរាដែល​គាត់​ត្រូវ​បីបាច់​ថែរក្សា។ គាត់​ជា​ស្ត្រី​ភេទ ត្រូវ​មើល​ថែ​កូន​ក្នុង​គ្រួសារ ហើយ​គាត់​មាន​ជីវភាព​ក្រីក្រ»

ចាប់ពី​ចុងខែ ឧសភា មក​ទល់​ពេល​នេះ សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់ នៅតែ​បន្ត​រារាំង​ពលរដ្ឋ​៤​ភូមិ មិន​ឱ្យ​ធ្វើ​កសិកម្ម​លើ​ដី​របស់​ពួកគេ ដែល​បាន​អាស្រ័យ​ផល​តាំងពី​ដូនតា​មក ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​មក​ធ្វើស្រែ​លើ​ដី​របស់​រដ្ឋ និង​ជា​ដី​ព្រៃ ពុំ​មែន​ជា​ដី​កម្មសិទ្ធិឯកជន​ទេ។ លើស​ពី​នេះ តំណាង​ពលរដ្ឋ​មួយ​ចំនួន​ប្ដេជ្ញា​ថា សុខចិត្ត​ស្លាប់​ការពារ​ដីស្រែ​របស់​ពួកគេ បើ​ទោះ​បី​ជា​ទទួលរង​ការ​គំរាមកំហែង និង​ចាប់ខ្លួន​ក្តី ព្រោះ​អ្នកភូមិ សុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ មាន​ជីវភាព​ពឹងផ្អែក​លើ​ផល​កសិកម្ម​ជាច្រើន​ជំ​នាក់​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល