ពលរដ្ឋ​នៅ​បុរីកីឡា​ផ្អាក​តវ៉ា​នៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ក្រោយ​អាជ្ញាធរ​សន្យា​ផ្ដល់​សំណង

ពលរដ្ឋ​បុរីកីឡា ប្រមាណ ១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា នេះ ផ្អាក​ការ​តវ៉ា​នៅ​ផ្ទះ​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ក្រោយ​ដែល​អាជ្ញាធរ​ខណ្ឌ​៧មករា ​សន្យា​ផ្ដល់​សំណង​ផ្ទះសម្បែង​នៅ​សប្ដាហ៍​ក្រោយ។

ពលរដ្ឋ​បុរីកីឡា លោកស្រី ង៉ូវ ណារី មាន​ប្រសាសន៍​ថា ពួកគាត់​បាន​តវ៉ា​ពេញ​មួយ​ព្រឹក​នៅ​ខាង​មុខ​ផ្ទះ អ្នកស្រី ស៊ុយ សុផាន ក្នុង​ខណ្ឌ​ទួលគោក ដើម្បី​ចង់​ជួប​អ្នកស្រី​ផ្ទាល់ ពីព្រោះ​កន្លង​មក​ការ​ចរចា​ជាមួយ​អាជ្ញាធរ​មិន​ត្រូវរ៉ូវ​គ្នា។ ប៉ុន្តែ​អ្នកស្រី ស៊ុយ សុផាន មិន​បាន​ចេញ​មក​ជួប​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ខណ្ឌ​៧មករា បាន​តាម​មក​ហៅ​ឲ្យ​ពួកគាត់​ត្រឡប់​ទៅ​ដោះស្រាយ​នៅ​ខណ្ឌ​វិញ។

លោកស្រី​បន្ត​ថា អ្នក​ភូមិ​ព្រម​តាម​សំណើ​របស់​អាជ្ញាធរ​នៅ​ពេល​នេះ ព្រោះ​អាជ្ញាធរ​បាន​សន្យា​យក​សំណូមពរ​ពួកគាត់​ដែល​នៅ​សេសសល់ ១០​គ្រួសារ ទៅ​ប្រជុំ​ជាមួយ​សាលាក្រុង នឹង​ផ្ដល់​ដំណោះស្រាយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ៖ «ខ្ញុំ​យល់​ថា អា​នេះ​ជា​វិធី​ពន្យារ​ពេល​ពួក​ខ្ញុំ គាត់​លើក​ឧទាហរណ៍​ថា គេ​មើល​មក​ថា​ប្រទេស​យើង​អត់​សន្តិភាព។ ខ្ញុំ​សួរ​ថា​ចេះ​គិត​ឃើញ​អ៊ីចឹង​ម៉េច​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទៅ? ខ្ញុំ​ទៅ​ផ្ទះ​យាយ ផាន់ ព្រោះ​គាត់​អ្នក​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ពួក​ខ្ញុំ បើ​ដឹង​ថា រដ្ឋាភិបាល​ខ្លាច​អាប់​មុខ​មាត់​គួរ​ណា​តែ​ដោះស្រាយ​បញ្ចប់​ឲ្យ​ពួក​ខ្ញុំ​ទៅ។ អភិបាល​ខណ្ឌ​លោក លឹម សុភា គាត់​ថា អភិបាល​ក្រុង​គាត់​កំពុង​ស្វែង​ប្រជុំ​ដើម្បី​ទាមទារ​ឲ្យ​ថ្នាក់​លើ​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ គាត់​សុំ​ឲ្យ​ពលរដ្ឋ​ទុក​ពេល​ឲ្យ​គាត់​ប្រជុំ​ចប់​ត្រឹម​ថ្ងៃ​ច័ន្ទ។ ពួក​ខ្ញុំ​ទុក​ពេល​តែ​ម្ដង​ហ្នឹង​ទេ បើ​ថ្ងៃ​គាត់​ហៅ​ខ្ញុំ​មក​ដដែលៗ ខ្ញុំ​អត់​មក​ទេ ខ្ញុំ​នៅ​ផ្ទះ​យាយ​ផាន់ រហូត​ដល់​គាត់​ចេញ»

កាល​ពី​ថ្ងៃ​ទី​១៧ មករា ពួកគាត់​បាន​ទៅ​លើក​បដា​ស្រែក​តវ៉ា នៅ​មុខ​ផ្ទះ អ្នកស្រី ស៊ុយ សុផាន ម្ដង​ហើយ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជា​ឲ្យ​អ្នក​បើក​រថយន្ត​ចេញ​មក​ជួប​ពលរដ្ឋ​ដោយ​ប្រាប់​អ្នក​ភូមិ​ទៅ​ចរចា​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ​វិញ ពីព្រោះ អ្នកស្រី ស៊ុយ សុផាន បាន​ប្រគល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ។ ទោះ​ជា​បែប​នេះ​ក្ដី កាល​ពី​ថ្ងៃ​ទី​១៥ មករា អាជ្ញាធរ​ខណ្ឌ​៧មករា បាន​យល់​ព្រម​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ១​ម៉ឺន ៥​ពាន់​ដុល្លារ។ ពួកគាត់​អះអាង​ថា ក្នុង​ចំណោម​អ្នក​ភូមិ ១០​គ្រួសារ​ដែល​នៅ​សេសសល់ ទាមទារ​ទៅ​តាម​ស្ថានភាព​ឯកសារ​ក្នុង​គ្រួសារ​នីមួយៗ។

គ្រួសារ​ខ្លះ​ទាមទារ​ផ្ទះ​បុរីកីឡា ជាន់​ទី​១ ខ្លះ​ជាន់​ទី​២ គ្រួសារ​ខ្លះ​យក​ផ្ទះ​នៅ​ភូមិ​អណ្ដូង ដែល​ជា​គោលការណ៍​ដោះស្រាយ និង​សុំ​ឲ្យ​ថែម​លុយ ៥​ពាន់​ដុល្លារ និង​គ្រួសារ​ខ្លះ​លុយ ២​ម៉ឺន​ដុល្លារ រហូត​ដល់ ២​ម៉ឺន ៥​ពាន់​ដុល្លារ។ ថ្វី​ត្បិត​តែ​ខកខាន​មិន​បាន​ជួប អ្នកស្រី ស៊ុយ សុផាន ជា​ម្ចាស់​អភិវឌ្ឍន៍​តំបន់​បុរីកីឡា អ្នក​ភូមិ​អះអាង​ថា ពួកគាត់​នឹង​ទៅ​ផ្ទះ​អ្នកស្រី​ម្ដង​ទៀត បើ​សិន​ជា​សប្ដាហ៍​ក្រោយ​អាជ្ញាធរ​មិន​គោរព​ពាក្យ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។